នៅប្រទេសកម្ពុជា គ្រឹះស្ថានឧត្តមសិក្សាច្រើនតែប្រមូលផ្តុំនៅទីក្រុងភ្នំពេញ ហេតុដូច្នេះហើយសិស្សានុសិស្សដែលបញ្ចប់មធ្យមសិក្សាទុតិយភូមិនៅតាមបណ្តាខេត្តត្រូវមកបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅរាជធានីភ្នំពេញ។ ស្របពេលដែលនិស្សិតទាំងនេះចូលរៀននៅមហាវិទ្យាល័យនៅភ្នំពេញ ពួកគេតែងតែជួបប្រទះនូវបញ្ហាជីវភាព។ ដូច្នេះការស្វែងរកការងារធ្វើបន្ទាប់បន្សំគឺជាការចាំបាច់សម្រាប់ពួកគេ។
យុវតីម្នាក់កំពុងលើកតុកៅអីមកតម្រៀបជាជួរៗ ញាប់ដៃញាប់ជើងយ៉ាងស្ទាត់ជំនាញ។
កែវ ដារីយ៉ា រៀបចំតុកៅអីទាំងនេះដើម្បីរង់ចាំទទួលអតិថិជនមកទិញប្រហិតនៅកន្លែងយ៉ាងពេញនិយមមួយនៅពីមុខវិទ្យាស្ថានភាសាបរទេសនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ស្ថិតក្នុងវ័យ២៤ឆ្នាំ ដារីយ៉ា ជានិស្សិតអក្សរសាស្រ្តខ្មែរឆ្នាំទី២នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះ។
ដោយសាររស់នៅដាច់ឆ្ងាយពីក្រុមគ្រួសារនៅឯខេត្តតាកែវ ដារីយ៉ាបានសម្រេចចិត្តរកការងារបន្ទាប់បន្សំធ្វើដើម្បីបានប្រាក់កម្រៃសម្រាប់បន្តការរៀនសូត្រ។
«ខ្ញុំធ្វើការនៅទីនេះគឺជួយបានច្រើន ទី១ខ្ញុំមិនសូវយកលុយពីផ្ទះមកច្រើន ហើយគាត់ក៏មិនបានផ្តល់ឲ្យច្រើន ជួយសម្រាលបន្ទុកគ្រួសារ»។
ដារីយ៉ាគ្រាន់តែជានិស្សិតជនបទម្នាក់ក្នុងចំណោមនិស្សិតរាប់ម៉ឺននាក់ដែលមកបន្តឧត្តមសិក្សានៅទីក្រុងភ្នំពេញ។
ជារៀងរាល់ព្រឹក មុនម៉ោងចូលរៀន យឿន ស្រីម៉ៅ តែងតែដើរជាក្រុមជាមួយនិស្សិតស្រីៗផ្សេងទៀតឆ្ពោះទៅកាន់ថ្នាក់រៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីពីកណ្តាលក្រុងភ្នំពេញឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិក្រុងភ្នំពេញ។ ស្រីម៉ៅ និងមិត្តភក្ត្ររបស់នាងជានិស្សិតដែលស្នាក់នៅឯអន្តេវាសិកដ្ឋានដែលនៅមិនឆ្ងាយពីថ្នាក់រៀនរបស់ពួកនាង។
ចាកចេញពីខេត្តកំពតកាលពីឆ្នាំ២០១១ យឿន ស្រីម៉ៅ សព្វថ្ងៃជានិស្សិតអាហារូបករណ៍មុខវិជ្ជាអក្សរសាស្រ្តខ្មែរឆ្នាំទី៣នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ដោយសារឪពុកម្តាយជាកសិករ ស្រីម៉ៅមិនអាចពឹងផ្អែកលើការឧបត្ថម្ភពីពួកគាត់ទាំងស្រុងបានទេ ពីព្រោះមានតែខែប្រមូលផលទេ ទើបឪពុកម្តាយរបស់នាងមានលទ្ធភាពផ្ញើលុយកាក់សម្រាប់ការចាយវាយ។
ដូច្នេះនៅចន្លោះពេលដែលគ្មានការឧបត្ថម្ភពីគ្រួសារ ស្រីម៉ៅត្រូវខ្ចីប្រាក់ពីមិត្តភក្តិដើម្បីដោះស្រាយបញ្ហាជីវភាពក្នុងការសិក្សា។ កត្តាជីវភាពនេះបានបង្ខំឲ្យនាងស្វែងរកការងារក្រៅម៉ោងសិក្សា។
បច្ចុប្បន្ន និស្សិតអាយុ២១ឆ្នាំរូបនេះជាគ្រូបង្រៀននៅសាលាឯកជនមួយផ្នែកភាសាអង់គ្លេស និងជាគ្រូបង្រៀនតាមផ្ទះផ្នែកភាសាខ្មែរផងដែរ ហើយនាងបានដឹងពីឱកាសការងារទាំងពីរនេះតាមរយៈមិត្តភក្តិរបស់នាង។
មិត្តរួមថ្នាក់របស់នាងភាគច្រើនសុទ្ធតែធ្វើការងារជាគ្រូបង្រៀនក្រៅម៉ោង។
ការងារជាគ្រូបង្រៀនអក្សរសាស្រ្តខ្មែរមិនត្រឹមតែផ្តល់ជាប្រាក់ចំណួលដល់គាត់ទេ ថែមទាំងបានចូលរួមជាកត្តាជំរុញឲ្យការសិក្សារបស់នាងកាន់តែស៊ីជម្រៅទៀតផង។ ស្រីម៉ៅបានរៀបរាប់ថា ជាធម្មតា នាងមិនសូវមានចម្ងល់ចំពោះមេរៀនទេ ប៉ុន្តែក្រោយពេលបានធ្វើជាគ្រូបង្រៀនមក នាងចាប់ផ្តើមមានសំណួរក្នុងម៉ោងរៀន និងបានសំណួរពីសិស្សថែមទៀត ដែលធ្វើឲ្យនាងធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀត។
ដោយសារស្រីម៉ៅមានបំណងចង់ក្លាយជាគ្រូបង្រៀន ការបង្រៀនក្រៅម៉ោងនេះបានផ្តល់បទពិសោធន៍សម្រាប់រូបនាងត្រៀមខ្លួនសម្រាប់អាជីពអនាគត។
ក្នុងមួយខែ កញ្ញាយឿន ស្រីម៉ៅអាចរកប្រាក់ចំណូលបានសរុបចំនួន១០៥ដុល្លារ។ អង្គុយនៅពីមុខកុំព្យូទ័រយួរដៃដែលនាងទិញដោយការសន្សំប្រាក់ចំណូលរបស់នាង និសិ្សតមកពីខេត្តកំពតនេះរៀបរាប់ពីការតាំងចិត្តរបស់នាង។
«បញ្ហាទី១ គឺខ្ញុំមិនបានគិតពីអ្វីទាំងអស់ គឺខ្ញុំគិតថា ខ្ញុំត្រូវតែបានលុយ ពីព្រោះខ្ញុំត្រូវការកុំព្យូទ័រ។ នៅពេលរៀន ខ្ញុំខ្វះកុំព្យូទ័រសម្រាប់ធ្វើឯកសារ ឬsearch (ស្រាវជ្រាវ)មេរៀនអីៗហ្នឹង។ វាពិបាក»។
ដោយសារការងារពេញម៉ោងនៅកន្លែងផ្សេងៗសុទ្ធតែទាមទារកុងត្រាចាប់ពីបីខែឡើងទៅ ហើយរយៈពេលវិស្សមកាលរបស់នាងមានមិនដល់៣ខែផង ដូចនេះហើយទើបនាងសម្រេចចិត្តធ្វើការនៅឃ្លាំងរោងចក្រ ក្រោមការណែនាំរបស់អ្នកមីងរួមស្រុកដែលធ្វើការនៅរោងចក្រនោះដែរ។
ការស្នាក់នៅអន្តេវាសិកដ្ឋានតម្រូវឲ្យនិស្សិតបង់ថ្លៃចំនួន៣០ដុល្លារក្នុងមួយឆ្នាំ។ប៉ុន្តែចំពោះនិស្សិតមកពីខេត្តមួយចំនួនទៀតដែលមិនមានឱកាសស្នាក់នៅក្នុងអន្តេវាសិកដ្ឋានត្រូវស្វែងរកទីលំនៅផ្សេងទៀត ដូចជានៅតាមផ្ទះជួល ឬតាមទីវត្តអារាម។
បច្ចុប្បន្នជានិស្សិតឆ្នាំទី២នៅសាកលវិទ្យាល័យមេគង្គកម្ពុជា យួង វិចិត្រមកពីខេត្តកំពង់ស្ពឺ។ លោកកំពុងស្នាក់នៅក្នុងវត្តអង្គតាមិញជាមួយមិត្តភក្តិ។ ប៉ុន្តែជីវិតក្នុងវត្តមិនសូវមានសុវត្ថិភាពប៉ុន្មានទេ។
វិចិត្រនិយាយថា តែងតែមានក្រុមក្មេងទំនើងមកជំរិតយកលុយ ឬរបស់មានតម្លៃពីពួកគាត់ជារឿយៗ។
មុននឹងប្រឡងជាប់ជានិស្សិតអាហារូបករណ៍ វិចិត្រធ្លាប់ធ្វើជាកម្មករសំណង់ហើយក្រោយមកជីវិតរបស់លោកនៅភ្នំពេញត្រូវពឹងផ្អែកលើការឧបត្ថម្ភពីអ្នកផ្ទះខ្លះ និងការស្វែងរកការងារធ្វើខ្លះ ដូចជាបម្រើតាមតុការ លាងឡាន និងការងារនៅ Tela Mart ជាដើម ដែលគាត់បានដឹងព័ត៌មានពីមិត្តភក្តិរបស់គាត់។ ពីរខែមុន វិចិត្រទើបតែទទួលបានឱកាសការងារជាអ្នករត់ឯកសារនៅតំបន់សេដ្ឋកិច្ចពិសេសនៅផ្លូវជាតិលេខ៤ដែលគាត់បានស្វែងរកតាមអ៊ីនធើណេត ហើយការងារនេះផ្តល់ប្រាក់កម្រៃ១៦០ដុល្លារក្នុងមួយខែ។
ក្រៅពីការទ្រទ្រង់ខាងសេដ្ឋកិច្ច ការងារនេះក៏បានផ្តល់ជាបទពិសោធន៍ដល់គាត់ដែរ។
«បទពិសោធន៍ន៍គឺយើងអាចស្គាល់ឯកសារនាំចេញនាំចូល ហើយទំនិញអ្វីដែលនាំចូលមកគួរតែកត់ត្រា»។
យ៉ាងណាមិញ ដោយសារការងារនេះមិនត្រូវនឹងជំនាញរបស់វិចិត្រ ដូចនេះវាមិនបានផ្តល់ផលវិជ្ជមានច្រើនដល់ការសិក្សារបស់គាត់ទេ ដូចនេះគាត់មានបំណងស្វែងរកការងារដែលត្រូវនឹងជំនាញហិរញ្ញវត្ថុរបស់គាត់ ក្រោយពីបានបទពិសោធន៍ន៍ការងារ២ទៅ៣ខែ។
ការធ្វើការក្រៅម៉ោងសិក្សារបស់និស្សិតមួយចំនួនគឺជាកត្តាល្អមួយដែលផ្តល់ជូនពួកគេនូវបទពិសោធន៍ការងារខ្លះៗ និងអាចរកប្រាក់ចំណូលដើម្បីបន្ធូរបន្ទុកគ្រួសារផងដែរ។ ក៏ប៉ុន្តែអ្វីដែលពួកគេប្រឈមនោះគឺគុណភាពនៃការសិក្សា។
លោកសាស្រ្តាចារ្យ សោមច័ន្ទ សុវណ្ណតារា អនុប្រធាននៃដេប៉ាតឺម៉ង់ចិត្តវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឲ្យដឹងថា ការឆ្លៀតរកកម្រៃក្រៅម៉ោងធ្វើការ ក្រុមនិស្សិតជាទូទៅធ្វើឲ្យការសិក្សារបស់ពួកគេចុះខ្សោយ។
«មានរហូតដល់ខ្លះ គាត់មកដេកគងជើងលើកៅអី។ ខ្ញុំសួរគាត់ថា អូន ម៉េចអូនឯងដេកអញ្ចឹង? តែពួកម៉ាកជិតដិតគាត់ឆ្លើយថា គ្រូឯងមិនដឹងទេ គេធ្វើការយប់»។
យោងតាមលោកសាស្រ្តាចារ្យសោមច័ន្ទ សុវណ្ណតារាឲ្យដឹងថា និស្សិតមកពីបណ្តាខេត្តនៅមានការប្រឈមមួយចំនួនទៀត ដូចជាចំណេះដឹងផ្នែកភាសាបរទេស មានភាសាអង់គ្លេស និងបារាំងជាដើម ដែលធ្វើឲ្យពួកគេបាត់ឱកាស ទទួលបានសំណាងដណ្តើមយកអាហារូបករណ៍ទៅបន្តការសិក្សានៅបរទេស។
លោកកែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមមានពន្យល់ថា ទោះបីជាការងារក្រៅម៉ោងដែលក្រុមនិសិ្សតមួយចំនួនកំពុងធ្វើមិនមានទំនាក់ទំនងជាមួយជំនាញផ្ទាល់ខ្លួនរបស់ពួកគេក៏ដោយ ក៏និស្សិត នៅតែអាចសិក្សាដោយសង្កេតមើលបរិយាកាសការងារទាំងនោះបានដែរ។ មួយវិញទៀត ពួកគេគួរ តែចាប់យកមុខវិជ្ជាជាក់លាក់ណាមួយ ហើយសិក្សាឲ្យស៊ីជម្រៅ។
«ប្រសិនគាត់ខុសជំនាញមែន ប៉ុន្តែគាត់បានរៀនអំពីប្រព័ន្ធទាំងមូលនៅក្នុងភោជនីយដ្ឋាន នៅក្នុងក្រុមហ៊ុន នៅក្នុងហាងកាហ្វេមួយ ខ្ញុំគិតថា ទោះបីយ៉ាងណាក៏វាទាក់ទិនច្រើនដែរ»។
ដោយសារសមាហរណកម្មអាស៊ានបានឈានចូលបន្តិចម្តងៗ លោកកែម ឡីក៏បានណែនាំឲ្យនិស្សិតមកពីបណ្តាខេត្តសិក្សាបន្ថែមពីភាសា ប្រព័ន្ធបច្ចេកវិទ្យា និងវប្បធម៌បរទេសដើម្បីជាការត្រៀមខ្លួនប្រកួតប្រជែងនឹងលំហូរធនធានមនុស្សពីប្រទេសសមាជិកអាស៊ាន។
លោករស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា និស្សិតដែលមកពីបណ្តាខេត្តមានការលំបាក ព្រោះពួកគាត់គ្មានទីលំនៅ និងគ្មានអ្នកផ្គត់ផ្គង់ជីវភាពនៅទីក្រុងភ្នំពេញទេ។ ដូច្នេះគឺពួកគាត់ត្រូវស្វែងរកទីលំនៅ ដូចជាវត្តអារាម អន្តេវាសិកដ្ឋាន ឬពួកគាត់អាចសុំអាស្រ័យបងប្អូនសាច់ញាតិនៅភ្នំពេញ។ ចំពោះនិស្សិតមកពីគ្រួសារដែលមានកម្រិតជីវភាពមធ្យម គ្រួសាររបស់ពួកគេអាចជួយផ្តល់ជាប្រាក់ឧបត្ថម្ភដល់គាត់ ប៉ុន្តែសម្រាប់និស្សិតមានជីវភាពក្រីក្រវិញ គាត់ត្រូវស្វែងរកការងារក្រៅម៉ោងដើម្បីបានប្រាក់កម្រៃបន្ថែមទ្រទ្រង់ជីវភាពនៅទីក្រុង។ ហើយជាទូទៅ ការងាររបស់ពួកគេមិនស្របទៅនឹងជំនាញដែលពួកគេកំពុងសិក្សានោះទេ។
លោករស់ សាលីនមានទស្សនៈប្រហាក់ប្រហែលនឹងលោកកែម ឡីដែរ។
«ទោះបីជាគាត់ធ្វើការមុខជំនាញដែលក្រៅពីមុខវិជ្ជាគាត់ ក៏គាត់អាចទីមួយបង្កើនចំណេះក្នុងការធ្វើទំនាក់ទំនង បង្កើនចំណេះការយល់ដឹងអំពីកិច្ចការងារ របៀបរបបរដ្ឋបាល របៀបក្នុងការចរចា របៀបក្នុងការដោះស្រាយបញ្ហាអ្វីផ្សេងៗ»។
លោកសាលីនបានឲ្យដឹងទៀតថា ក្រសួងអប់រំ យុវជន និងកីឡាមានគោលការណ៍បង្កើនចំនួនអន្តេវាសិកដ្ឋាននៅភ្នំពេញដើម្បីជួយសម្រួលដល់ការស្នាក់នៅរបស់ក្រុមនិស្សិត និងដំឡើងចំនួនទឹកប្រាក់អាហារូបករណ៍ដល់កម្រិតមួយដែលអាចឲ្យនិស្សិតមកពីបណ្តាខេត្តអាចពឹងផ្អែកលើប្រាក់ឧបត្ថម្ភនោះបាន។ ប្រាក់អាហាររូបករណ៍សម្រាប់និស្សិតបច្ចុប្បន្នគឺចំនួន៩០០រៀលក្នុងមួយខែឬស្មើនឹងជាងពីរសេនគិតជាប្រាក់ដុល្លារ៕