អ្នកសារព័ត៌មានពីរនាក់ដែលតែងតែរាយការណ៍បទល្មើសព្រៃឈើតាមបណ្តាខេត្ត បានដាក់ពាក្យបណ្តឹងទៅអធិការស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធនឹងការវាយប្រហារលើពួកគេ ដែលពួកគេចាត់ទុកថា«ជាការប៉ុនប៉ងវាយសម្លាប់»។
ពួកគេចាត់ទុកថា នេះជាការសងសឹក ក្រោយពួកគេរាយការណ៍ព័ត៌មានអំពីរថយន្តដឹកឈើមួយគ្រឿងមុនពេលពួកគេរងការវាយប្រហារក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំនេះ។
អ្នកសារព័ត៌មានទាំងពីរនាក់ដែលរងរបួសនោះមានឈ្មោះ រេន សំណាង អាយុ២៩ឆ្នាំ បំពេញការងារឲ្យសារព័ត៌មានអនឡាញឈ្មោះ PNM ឬ«ភ្នែកម្នាស់» និងលោក មួក សារ៉ែន អាយុ៤០ឆ្នាំ ដែលរាយការណ៍ឲ្យសារព័ត៌មានឈ្មោះ«ចក្រភព»។ ពួកគេទាំងពីរនាក់រាយការណ៍ជាប្រចាំក្នុងខេត្តក្រចេះ និងខេត្តមួយចំនួនទៀត។
ពួកគេបានប្រាប់VOAថា ពួកគេត្រូវបានវាយប្រហារនៅយប់អធ្រាត្រចូលថ្ងៃទី២៨ ខែកញ្ញា វេលាម៉ោងប្រមាណ១២និង៣០នាទី នៅតាមបណ្តោយផ្លូវជាតិលេខ៧ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈពួកគេទាំងពីរកំពុងគេងក្នុងរថយន្តម៉ាកកាមេរីរបស់ពួកគេ។
លោក រេន សំណាង ដែលបំពេញការងារជាអ្នកសារព័ត៌មានបានជាង១ឆ្នាំ ថ្លែងប្រាប់VOAនៅថ្ងៃពុធនេះថា លោកធ្វើដំណើរពីខេត្តក្រចេះ មករាយការណ៍បទល្មើសព្រៃឈើក្នុងខេត្តត្បូងឃ្មុំ។នៅយប់កើតហេតុ លោកថា មានរថយន្តសាំយ៉ុងមួយគ្រឿងបានជិះមក ដែលមានគ្នា៥ទៅ៦នាក់ហើយចុះមកវាយកញ្ចក់រថយន្តរបស់លោកដោយពួកគេមានប្រដាប់ដោយពូថៅ ញញួរនិងដំបងផងដែរ។
លោកមានប្រសាសន៍ថា៖ «គេវាយបែកកញ្ចក់ឡានហើយ វាយត្រូវខ្ញុំ។ខ្ញុំព្យាយាមកាច់សោរដេរ(បញ្ឆេះ)ឡាន ដើម្បីបើកគេច។ វាបានបើកឡានតាមខ្ញុំបន្តទៀតបានប្រហែលជិតមួយគីឡូដី តាមកៀរគប់ខ្ញុំត្រូវមួយពូថៅពីលើឡាន គប់តាមកញ្ចក់ឡាន»។
លោកបន្ថែមថា៖«បើសិនជាខ្ញុំដេរ(បញ្ឆេះ)ឡាន បញ្ឆេះអត់ទាន់ទេ....(គេ)ប៉ុនប៉ងសម្លាប់តែម្តង ពីព្រោះអីអ្នកដែលវាយពេលហ្នឹង វាស្រែកថាសម្លាប់ពួកអ្ហែងឲ្យអស់»។
លោកបន្តថា នៅក្នុងខេត្តត្បូងឃ្មុំ លោកមិនមានទំនាស់ពាក្យសម្តីជាមួយអ្នកណានោះទេ។លោកថា មុនកើតហេតុមួយថ្ងៃ គឺនៅថ្ងៃទី២៦ ខែកញ្ញា លោក និងអ្នកសារព័ត៌មានផ្សេងទៀតបានរាយការណ៍ទៅកាន់កងរាជអាវុធហត្ថស្រុកមេមត់អំពីករណីរថយន្តសាំយ៉ុងមួយគ្រឿងដឹកឈើ ហើយសមត្ថកិច្ចក៏បានចុះមកឃាត់ និងចាត់វិធានការផងដែរ។
លោក សំណាង ដែលរបួសឆ្អឹងជំនីរផ្នែកខាងធ្វេង បានបញ្ជាក់ថា៖ «ខ្ញុំថា ការដែលគេធ្វើមកលើរូបខ្ញុំបែបនេះ ខ្ញុំថាទីមួយអាចជាការសងសឹក ហើយទីពីរអាចជាការគំរាមកំហែងដល់អ្នកសារព័ត៌មានដទៃទៀត»។
ចំណែកលោកមួក សារ៉ែន ដែលជាជនរងគ្រោះម្នាក់ទៀត និងរងរបួសដោយសារកញ្ចក់រថយន្តបែកថ្លែងដូចគ្នាថា នេះជាការប៉ុនប៉ងសម្លាប់ពួកលោកទាំងពីរនាក់ដែលសម្រាកនៅក្នុងរថយន្តក្រោយពួកគេរាយការណ៍អំពីបទល្មើសព្រៃឈើ ហើយកងរាជអាវុធហត្ថបានចុះមកចាត់វិធានការឃាត់រថយន្ត។
លោកថ្លែងប្រាប់ VOAថា៖ «ដល់ថ្នាក់វាយ កាប់សុទ្ធតែពូថៅ ....គប់ចូលក្នុងឡានទៀត .....មានតែប៉ុនប៉ង(សម្លាប់) ព្រោះ(ពួកគេ)ចុះវាយយកៗ។ បើគំរាម គេមិនវាយដល់ថ្នាក់ហ្នឹងទេ។វាយនេះ វាយប្រុងសម្លាប់ចោលហ្មង»។លោកបន្ថែមថា៖ «សំណាងហើយដែលដេរ(បញ្ឆេះ)ឡានឆេះ។បើដេរ(បញ្ឆេះ)ឡានមិនឆេះ មានតែងាប់ទាំងពីរ។ ចេញពីឡានអត់រួចទេ»។
លោកមួក សារ៉ែន ដែលបំពេញការងារជាអ្នកសារព័ត៌មានជាង៣ឆ្នាំមកហើយមានប្រសាសន៍ថា អ្នកសារព័ត៌មានតាមខេត្តដែលរាយការណ៍ពីបទល្មើសព្រៃឈើផ្សងព្រេងច្រើន ហើយពួកគេត្រូវតែប្រុងប្រុងប្រយ័ត្នជាប់ជានិច្ច។
អធិការនគរបាលស្រុកមេមត់ លោក ហុង គឹមហឿន មានប្រសាសន៍ថា នគរបាលបានទទួលពាក្យបណ្តឹងពួក គេហើយលោកបញ្ជាក់ថា ហេតុការណ៍វាយប្រហារលើអ្នកសារព័ត៌មាននេះបានកើតឡើងពិតប្រាកដមែន។ លោកបន្តថា សមត្ថកិច្ចកំពុងស៊ើបអង្កេតរឿងនេះ។
លោកមានប្រសាសន៍ថា៖ «ហ្នឹងហើយយើងកំពុងតែបំពេញនីតិវិធី គ្រាន់តែថា ខ្ញុំបានចាប់ផ្តើមផ្តុំសំណុំរឿង។ ចាំមើលឃើញនៅតុលាការបែបម៉េចអាហ្នឹងរឿងហ្នឹងហើយ»។
ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ លោក ស ស៊ីណា មានប្រសាសន៍ថា ពួកគេទាំងពីរជាអ្នកកាសែតឆ្លងកាត់ មិនមែននៅក្នុងខេត្តត្បូងឃ្មុំនេះទេ។ លោកបានបញ្ជូនព័ត៌មានអំពីការវាយប្រហារនេះទៅក្រសួងព័ត៌មាន។លោកបន្តថា អ្នកសារព័ត៌មានតាមបណ្តាខេត្តបានចូលរួមយ៉ាងសំខាន់ក្នុងការរាយការណ៍អំពីភាពអសកម្មផ្សេងៗនៅតាមបណ្តាខេត្ត។
លោកមានប្រសាសន៍ថា៖ «និយាយទៅគាត់ល្អម្យ៉ាងដែរ។អ្វីដែលយើងមិនដឹងពួកគាត់ដឹង។គាត់ផ្តល់ព័ត៌មាន។ គាត់ផ្តល់ព័ត៌មានឲ្យយើងបានដឹងដើម្បីធ្វើការរឿងហ្នឹង»។
លោកអ៊ិត សូធឿត នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមានប្រសាសន៍ថា អ្នកសារព័ត៌មាននៅតាមបណ្តាខេត្តដែលសំបូរព្រៃឈើ ដើរតួនាទីសំខាន់ក្នុងការរាយការណ៍ព័ត៌មានទាំងនេះទៅអាជ្ញាធរ។
លោកបញ្ជាក់ថា៖ «អ៊ីចឹងវាអាចថាជាការគំរាមកំហែងមួយដែលនឹងរារាំងពួកគាត់ក្នុងការអនុវត្តតួនាទីពួកគាត់ក្នុងការឃ្លាំមើលព្រៃឈើទៅមុខបន្តទៀត»។
លោកបន្ថែមថា៖ អ្នកសារព័ត៌មាននៅតាមបណ្តាខេត្តគឺគាត់ពិតជាមានបញ្ហាប្រឈមខ្លាំងណាស់ ជាពិសេសក្នុងករណីដែលគាត់រាយការណ៍ទៅលើបញ្ហាដែលរសើបដូចជាករណីព្រៃឈើអីអ៊ីចឹង។ យើងដឹងហើយថា ឈ្មួញជួញដូរព្រៃឈើ វាអាចមានជាលក្ខណៈបុគ្គលខ្លះ ក៏ប៉ុន្តែភាគច្រើនករណីដែលធំៗ គឺសុទ្ធតែអ្នកដែលមានឥទ្ធិពល ឬក៏មានអំណាចនៅពីក្រោយ»។
នៅថ្ងៃពុធនេះផងដែរ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) បានបង្ហាញក្តី«ព្រួយបារម្ភយ៉ាងខ្លាំងអំពីការប្រើអំពើហិង្សាលើអ្នកសារព័ត៌មាន»។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ខេមបូចាបាន«ថ្កោលទោសចំពោះជនល្មើសដែលមិនខ្លាចញញើតនឹងច្បាប់»ដែលបានវាយដំលើអ្នកសារព័ត៌មាន។ ខេមបូចាបញ្ជាក់ថា៖ «នេះមិនមែនជាករណីលើកទី១ទេ ដែលអ្នកសារព័ត៌មានដែលកំពុងដើរតួនាទីសំខាន់ក្នុងការរាយការណ៍ពីបទល្មើសព្រៃឈើ និងបទល្មើសផ្សេងៗទៀតនៅក្នុងសង្គម ត្រូវទទួលរងនូវការគំរាមកំហែង និងវាយដំ»។
ខេមបូចាបានឲ្យដឹងទៀតថា ក្នុងរយៈពេល៣ខែចុងក្រោយនេះ គឺចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២០ ខេមបូចារកឃើញថាមានអ្នកសារព័ត៌មានសរុប១៥នាក់ក្នុងខេត្ត-ក្រុង ចំនួន៨រួមមានខេត្តកណ្តាល តាកែវ កំពង់ឆ្នាំង ព្រះសីហនុ មណ្ឌលគិរី សៀមរាប ក្រចេះ និងភ្នំពេញ បានទទួលរងនូវការធ្វើទុក្ខបុកម្នេញតាមរូបភាពផ្សេងៗ រួមមានការប្រើអំពើហិង្សា ការចាប់ខ្លួន និងពាក្យបណ្តឹងពីតុលាការ៕