ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​សម្រេច​នឹង​មិន​យក​ពន្ធ​លើ​ប្រាក់​អត្ថប្រយោជន៍​បន្ថែម​របស់​កម្មករ​និយោជិត


រូបឯកសារ៖​ កម្មករ​កាត់ដេរ​កំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ កាលពី​ខែ​ឧសភា ឆ្នាំ​២០០៤។
រូបឯកសារ៖​ កម្មករ​កាត់ដេរ​កំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ កាលពី​ខែ​ឧសភា ឆ្នាំ​២០០៤។

យោង​ទៅ​តាម​សារាចរ​របស់​លោក​ អូន​ ព័ន្ធមុនីរ័ត្ន​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ចុះ​ថ្ងៃ​ទី​៦​ ខែ​តុលា​ បាន​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​នឹង​មិន​យក​ពន្ធ​លើ​ប្រាក់​ឧបត្ថម្ភ​មួយ​ចំនួន​ដែល​កម្មករ​ និយោជិត​ទទួល​បាន​ពី​ការ​បំពេញ​ការងារ​នៅ​តាម​រោងចក្រ​ និង​សហគ្រាស​ទាំងអស់។

រដ្ឋាភិបាល​បាន​សម្រេច​ថា​ នឹង​មិន​យក​ពន្ធ​លើ​អត្ថប្រយោជន៍​បន្ថែម​ដែល​ផ្តល់​ជូន​ដោយ​រោងចក្រ សហគ្រាស​ដល់​កម្មករ ​និយោជិត​ដើម្បី​លើក​កម្ពស់​ជីវភាព​រស់នៅ​ និង​ការ​ប្រកប​ការងារ​ប្រចាំ​ថ្ងៃ​របស់​កម្មករ ​និយោជិត​ទាំង​នោះ​ទេ។​ ប្រាក់​ឧបត្ថម្ភ​មួយ​ចំនួន​ដែល​កម្មករ​ និយោជិត​ ទទួល​បាន​ពី​ការ​បំពេញ​ការងារ​ រួម​មាន​សោហ៊ុយ​ធ្វើ​ដំណើរ​ពី​ទី​កន្លែង​ស្នាក់​នៅ​ទៅ​ទីកន្លែង​ធ្វើការ​ និង​ពី​ទី​កន្លែង​ធ្វើការ​ទៅ​ទីកន្លែង​ស្នាក់​នៅ​ ប្រាក់​ថ្លៃ​បាយ ​មូលនិធិ​បេឡា​សន្តិសុខ​សង្គម​ ប្រាក់​ធានា​រ៉ាប់រង​សុខភាព​ជាដើម។

ក្រុម​មេដឹកនាំ​សហជីព​នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​ថ្លែង​ថា​ ការ​ទម្លាក់​ចោល​ពន្ធ​លើ​អត្ថប្រយោជន៍​បន្ថែម​លើ​កម្មករ​ និយោជិត​ នឹង​អាច​រួមចំណែក​មួយ​ផ្នែក​ដល់​ការ​ពង្រឹង​ស្ថានភាព​រស់នៅ​របស់​កម្មករ​ ដែល​ពួក​គេ​យល់​ថា នៅ​មាន​សភាព​លំបាក​នៅ​ឡើយ​ ទោះ​បី​កម្មករ និយោជិត ទទួល​បាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០១៧​ក៏​ដោយ។

យោង​ទៅ​តាម​សារាចរ​របស់​លោក​ អូន​ ព័ន្ធមុនីរ័ត្ន​ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ចុះ​ថ្ងៃ​ទី​៦​ ខែ​តុលា​ បាន​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​នឹង​មិន​យក​ពន្ធ​លើ​ប្រាក់​ឧបត្ថម្ភ​មួយ​ចំនួន​ដែល​កម្មករ​ និយោជិត​ទទួល​បាន​ពី​ការ​បំពេញ​ការងារ​នៅ​តាម​រោងចក្រ​ និង​សហគ្រាស​ទាំងអស់។​

​បា្រក់​ឧបត្ថម្ភ​ទាំង​នោះរួម​មាន​សោហ៊ុយ​ធ្វើ​ដំណើរ​ពី​ទី​កន្លែង​ស្នាក់​នៅ​ទៅ​ទីកន្លែង​ធ្វើការ​ និង​ពី​ទីកន្លែង​ធ្វើការ​ ទៅ​ទី​កន្លែង​ស្នាក់​នៅ​ ប្រាក់​ថ្លៃ​បាយ​ មូលនិធិ​បេឡា​សន្តិសុខ​សង្គម​ ប្រាក់​ធានា​រ៉ាប់រង​សុខភាព​ និង​បា្រក់​ឧបត្ថម្ភ​ទារក​ ឬ​ចំណាយ​ទារកដ្ឋាន ក៏​ដូច​ជា​ប្រាក់​បំណាច់​បញ្ចប់​កិច្ច​សន្យា​ដែល​បាន​បញ្ញត្តិ​ក្នុង​ច្បាប់​ការងារ។

លិខិត​លោក​ អូន​ ព័ន្ធមុនីរ័ត្ន​ បាន​បញ្ចាក់​ថា៖​

«ដើម្បី​លើក​កម្ពស់​ជីវភាព​រស់​នៅ​ និង​ការ​ប្រកប​ការងារ​ប្រចាំ​ថ្ងៃ​របស់​កម្មករ​ និយោជិត​ នៃ​រោងចក្រ​ សហគ្រាស​ទាំង​អស់​ ប្រាក់​ឧបត្ថម្ភ​មួយ​ចំនួន​ដែល​កម្មករ ​និយោជិត ​ទទួល​បាន​ពី​ការ​បំពេញ​ការងារ​ ត្រូវ​បាន​អនុគ្រោះ​ដោយ​មិន​គិត​បញ្ចូល​ទៅ​ក្នុង​មូលដ្ឋាន​គិត​ពន្ធ​លើ​ប្រាក់​បៀវត្សរ៍»។

រូបឯកសារ៖ លោក អាត់ ធន់ (ឆ្វេង) និង​អ្នកស្រី យ៉ាង សោភ័ណ (ស្តាំ) ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​រួមគ្នា​អំពី​គោលជំហរ​សហជីព​ក្រោយពី​កិច្ចបញ្ចប់​ការប្រជុំ​ត្រីភាគី​ចរចា​ការដំឡើង​ប្រាក់ឈ្នួល​កម្មករ​រោងចក្រ​សម្រាប់​ឆ្នាំ​២០១៧ នៅ​ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០១៦។
រូបឯកសារ៖ លោក អាត់ ធន់ (ឆ្វេង) និង​អ្នកស្រី យ៉ាង សោភ័ណ (ស្តាំ) ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​រួមគ្នា​អំពី​គោលជំហរ​សហជីព​ក្រោយពី​កិច្ចបញ្ចប់​ការប្រជុំ​ត្រីភាគី​ចរចា​ការដំឡើង​ប្រាក់ឈ្នួល​កម្មករ​រោងចក្រ​សម្រាប់​ឆ្នាំ​២០១៧ នៅ​ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០១៦។

លោក ​អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ ប្រាប់ VOAនា​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា សារាចរ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ទាមទារ​របស់​ក្រុម​មេដឹកនាំ​សហជីព​ ដើម្បី​បន្ធូរ​បន្ថយ​បន្ទុក​ពន្ធ​ និង​សម្រួល​ដល់​ការ​ចំណាយ​របស់​កម្មករ​ នៅ​ក្នុង​ស្ថានភាព​ទំនិញ​ចេះ​តែ​បន្ត​ឡើង​ថ្លៃ​នោះ។​ លោក​បន្ត​ថា​ ការ​សម្រេច​របស់​រដ្ឋាភិបាល​នេះ​ជា​ការ​ទាញ​ចំណេញ​ផលប្រយោជន៍នយោបាយ​ពី​កម្មករ​ផង​ដែរ។

លោក​បញ្ជាក់​ថា៖

«នៅ​ក្នុង​ន័យ​ហ្នឹង​ គឺ​វា​មាន​ន័យ​ថា​ ន័យ​ទី​មួយ​គឺ​គេ​បាន​គិត​គូរ​ដំឡើង​ប្រាក់​ខែ​ ឬ​អត្ថប្រយោជន៍​ផ្សេងៗ។​ គេ​នឹង​បន្ត​គិតគូរ​អ្វី​ដែល​សំណូមពរ​របស់​យើង គឺ​គោល​បំណង​ទី១​ គឺ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​របស់​កម្មករ​ហ្នឹង​ ហើយ​បើ​កាត់​បន្ថយ​ការ​ចំណាយ​របស់​កម្មករ​គឺ​ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ផ្នែក​នយោបាយ​ហ្នឹង​ឯង»។

មេដឹកនាំ​សហជីព​ដែល​នៅ​ជាប់​ក្នុង​រឿង​ក្តីក្តាំ​ពាក់ព័ន្ធ​ការ​ជួយ​កម្មករ​រូប​នេះ​ បាន​បញ្ជាក់​បន្ថែម​ថា​ ​ក្រុម​សហជីព​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​លើ​ការ​មិន​យក​ពន្ធ​ប្រាក់​ឈ្នួល​កម្មករ ក្រោម​មួយ​លាន​រៀល​ផង​ដែរ​ តែ​លោក​ថា​ មកដល់​ពេលនេះ​ រដ្ឋាភិបាល​មិន​ទាន់​ឆ្លើយ​តប​នឹង​ការ​ទាមទារ​នោះ​ទេ។

​សារាចរ​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​កើតមាន​ឡើង បន្ទាប់​ពី​កាល​ពី​ចុង​ខែ​កញ្ញា​ រដ្ឋាភិបាល​ប្រកាស​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ ​តាម​រយៈ​ការ​បោះឆ្នោត​នៃ​ភាគី​ពាក់ព័ន្ធ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​ពី​១៤០​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​ឆ្នាំ​២០១៦​ ដល់​១៥៣​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៧។

លោក​ស្រី​ យ៉ាង​ សោភ័ណ្ឌ​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ និយាយ​ថា​ កម្មករ​នឹង​មាន​ភាព​ធូរស្រាល​ក្នុង​ការ​ទូទាត់​បន្ទុក​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ប្រសិន​បើ​រដ្ឋាភិបាល​បង្កើត​គោលនយោបាយ​ថ្មី​ បន្ថែម​លើ​សារាចរ​នោះ​ ដូច​ជា​ការ​មិន​យក​ពន្ធ​ទាំង​ស្រុង​លើ​ប្រាក់​ឈ្នួល​កម្មករ​ដែល​នៅ​មាន​ចំនួន​តិច​តួច​នោះ។

រូបភាពឯកសារ៖ កម្មករ កម្មការនី រោងចក្រកាត់ដេរក្រោយពេលចេញពីធ្វើការរោងចក្រ ក្នុងសង្កាត់ឬស្សីកែវ ជាយរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦។
រូបភាពឯកសារ៖ កម្មករ កម្មការនី រោងចក្រកាត់ដេរក្រោយពេលចេញពីធ្វើការរោងចក្រ ក្នុងសង្កាត់ឬស្សីកែវ ជាយរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦។

អ្នកស្រី​ថ្លែង​ថា៖

«តាម​ពិត​កម្មករ​ ​ឬក៏​ប្រជាពលរដ្ឋ​ទូទៅ​ មិន​មែន​គេច​ផុត​ គេច​ពី​ក្នុង​ការ​បង់​ពន្ធ​ទេ​ ប៉ុន្តែ​ដោយសារ​អា​ចំណូល​របស់​កម្មករ​ វា​ជា​ចំណូល​មួយ​កម្រិត​ទាប​ណាស់​ ដល់​អញ្ចឹង​ហើយ​បាន​យើង​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ថា​ គួរ​តែ​បាន​កុំ​យក​ពន្ធ​គាត់​ ពីព្រោះ​ធម្មតា​អា​ចំណូល​ហ្នឹង​ គឺ​គាត់​រក​បាន​ក្នុង​មួយ​ថ្ងៃ​ហ្នឹង​គឺ​គាត់​អត់​អាច​យក​ទៅ​ផ្គត់​ផ្គង់​គ្រួសារ​របស់​គាត់​បាន​ បាន​ជីវភាព​ថ្លៃ​ថ្នូរ​ផង​ហ្នឹង​ ដល់​អញ្ចឹង​យើង​សុំ​ទៅ​ថា​ កុំ​យក​ពន្ធ​គាត់»។

VOA​ មិន​ទាន់​អាច​ទាក់ទង​លោក ​វង្សី វិស្សុត​ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ទេ​នា​រសៀល​ថ្ងៃ​សុក្រ​នេះ។

ក្រុម​មេដឹកនាំ​សហជីព​និយាយ​ថា​ រដ្ឋាភិបាល​អាច​នឹង​ពិនិត្យ​ឲ្យ​បាន​ស៊ី​ជម្រៅ​ទៅ​លើ​ការ​គ្រប់គ្រង​កម្រិត​អតិផរណា​ ឬ​ការ​កើន​ឡើង​នៃ​តម្លៃ​ទំនិញ​ក្នុង​ទីផ្សារ​ ដែល​ពួក​គេ​ជឿ​ថា​ ពុំ​ទាន់​មាន​ការ​គ្រប់គ្រង​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ស្ថានភាព​ជាក់​ស្តែង​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កម្មករ​ និយោជិត​ ពិបាក​ក្នុង​ការ​គ្រប់គ្រង​ស្ថានភាព​លុយកាក់​របស់​ខ្លួន​ ទោះបី​ជា​មាន​សារាចរ​ចេញ​មក​រដោះ​ពន្ធ​លើ​អត្ថប្រយោជន៍​នេះ​ក្តី។

​កម្មករ​ និយោជិត​ នៅ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​ ត្រូវ​គេ​ដឹង​ថា​ នៅ​តែ​បន្ត​ចាយ​វាយ​ត្បិត​ត្បៀត​ តាមរយៈ​ការ​បរិភោគ​អាហារ​គ្មាន​ជីវជាតិ​គ្រប់គ្រាន់​ និង​ការ​ប្រើប្រាស់​មធ្យោបាយ​ដឹក​ជញ្ជូន​ហួស​ចំណុះ​ ដែល​ជា​រឿយៗ​បណ្តាល​ឲ្យ​គ្រោះថ្នាក់​និង​ស្លាប់​បាត់​បង់​ជីវិត៕

XS
SM
MD
LG