ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហជី​ពកម្មករ​បារម្ភ​អំពី​ការ​អនុវត្ត​​ច្បាប់​សហជីព​ ដែល​​មាន​ភាព​រឹតត្បិត


រូបឯកសារ៖ ក្រុម​កម្មករ​ និង​ក្រុម​បណ្ដាញ​យុវជន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ខួប​លើកទី​១៣០​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ ក្រោម​ប្រធាន​បទ​«​សិទ្ធិ​កម្មករ​ និងសេរីភាព​​សមាគម»​ នៅ​ថ្ងៃទី​១ ​ឧសភា​ នៅ​ទីក្រុង​ភ្នំពេញ។​ កម្មករ​ប្រមូល​ផ្ដុំ​គ្នាដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​តម្លើង​ប្រាក់​ឈ្នូល​អប្បបរិមា​ លក្ខខណ្ឌ​ការងារ​និង​សិទ្ធិ​សហជីព។ ​(​ឡេង ឡែន/VOA)
រូបឯកសារ៖ ក្រុម​កម្មករ​ និង​ក្រុម​បណ្ដាញ​យុវជន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ខួប​លើកទី​១៣០​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ ក្រោម​ប្រធាន​បទ​«​សិទ្ធិ​កម្មករ​ និងសេរីភាព​​សមាគម»​ នៅ​ថ្ងៃទី​១ ​ឧសភា​ នៅ​ទីក្រុង​ភ្នំពេញ។​ កម្មករ​ប្រមូល​ផ្ដុំ​គ្នាដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​តម្លើង​ប្រាក់​ឈ្នូល​អប្បបរិមា​ លក្ខខណ្ឌ​ការងារ​និង​សិទ្ធិ​សហជីព។ ​(​ឡេង ឡែន/VOA)

លោក​ស្រី​យ៉ាង សោភ័ណ្ឌ៖​ ច្បាប់​ស្តី​ពី​សហជីពមាន​លក្ខណៈ​រឹតត្បិត​សិទ្ធិ​ប្រមូល​ផ្តុំ​របស់​កម្មករ​និង​ការ​បញ្ចេញ​មតិ​របស់​ពួក​គាត់​ ​ជាពិសេស​ទៀត​ ​ការ​អនុម័ត​ច្បាប់​ក៏​ដូច​ជា​ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៃ​ច្បាប់​នេះ​ហាក់​ដូច​ជា​មាន​ល្បឿន​លឿន​​ ​ទោះ​បីជា​សហជីព​ស្នើ​ឲ្យ​មាន​ការ​ពន្យារ​ពេល​នៃ​ការ​អនុវត្ត​ក៏​ដោយ។

សហជីព​ក្នុង​ប្រទេស​កម្ពុជា​សម្តែង​ក្តី​បារម្ភ​ចំពោះ​ការ​ដាក់​សម្ពាធ​លើ​សិទ្ធិ​សេរីភាព​របស់​ខ្លួន​និង​កម្មករ​កាត់​ដេរ​ ក្នុង​ការ​ប្រមូល​ផ្តុំគ្នា ​ខណៈ​ពេល​ក្រសួង​ការងារ​ប្រកាស​ពី​ការ​ចាប់​ផ្តើម​អនុវត្ត​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​ស្តី​ពី​សហជីព។​

ក្តី​បារម្ភ​របស់​សហជីព​ក្នុង​ប្រទេស​កម្ពុជា​គឺ​ធ្វើ​ឡើង​មិន​ប៉ុន្មាន​ថ្ងៃ​ផង​ក្រោយ​ពី​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈប្រកាស​ពី​ការ​ចូល​ជា​ធរមាន​ និង​ការចាប់​ផ្តើម​អនុវត្តច្បាប់​សហជីព​ ​ដែល​ក្រុម​សហជីព​និង​មន្ត្រី​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជាយល់​ថា​ មាន​ល្ខណៈ​រឹតត្បិត​សិទ្ធិ​សេរី​ភាព​របស់​សហជីព​និង​កម្មករ​កាត់​ដេរ​ រួម​ទាំង​សេរីភាពចងក្រង​បង្កើត​សហជីព​ថ្មី​ ការ​ធ្វើ​កូដកម្ម​បាតុ​កម្ម​ និង​ការ​បំពេញ​បែប​បទ​រដ្ឋបាល​មួយ​ចំនួន។​

តាម​សេចក្តី​ជូន​ដំណឹង​ពី​ក្រសួង​ការងារ​ដែល​ចេញ​ផ្សាយ​នៅ​ដើម​សប្តាហ៍​នេះ​បាន​ឲ្យ​ដឹង​ថា​ ​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​នេះ​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​ ​ដោយ​ព្រះ​រាជក្រម​ ​ចាប់​តាំង​ពីថ្ងៃ​ទី​១៧​ខែ​ឧសភា​កន្លង​មក​នេះ។​

ក្នុង​សេចក្តី​ប្រកាស​ដដែល​នោះ​ ​ក្រសួងការងារ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​ «ក្រសួង​សុំ​ឲ្យសហជីព​ និង​សមាគម​និយោជក​ ​ដែល​មាន​បញ្ជីការ​រួច​ ​ក៏​ដូច​ជា​សហជីព​និង​សមាគម​និយោជក​ដែល​កំពុង​ស្នើ​សុំ​បញ្ជីការ ​បំពេញ​តាម​លក្ខខណ្ឌ​និង​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​នូវ​រាល់​កាតព្វ​កិច្ច​ ​ដូច​មាន​ចែង​ក្នុង​ច្បាប់​ស្តីពី​សហជីព»។​

ក្រសួង​ការងារ​ក៏​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​ដែល​ចេញ​នាដើម​សប្តាហ៍​នេះ​ថា ​ការ​អនុវត្ត​ច្បាប់​ស្តីពី​សហជីព​នេះ​គឺ​ «ដើម្បី​ធានា​នូវ​ការ​ការពារ​សិទ្ធិ​និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​ជន​ទំាង​ឡាយ»​ រួម​ទាំង​សហជីព​និង​និយោជក​ផង​ដែរ។​

យ៉ាង​ណា​ក៏​ដោយ​ លោក​ស្រី​យ៉ាង សោភ័ណ្ឌ​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ ​ហៅ​កាត់​ថា ​(CATU)​ បាន​បញ្ជាក់​ពី​ក្តី​បារម្ភ​ថា​ ច្បាប់​នេះ​មាន​លក្ខណៈ​រឹតត្បិត​សិទ្ធិ​ប្រមូល​ផ្តុំ​របស់​កម្មករ​និង​ការ​បញ្ចេញ​មតិ​របស់​ពួក​គាត់​ ​ជាពិសេស​ទៀត​ ​ការ​អនុម័ត​ច្បាប់​ក៏​ដូច​ជា​ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៃ​ច្បាប់​នេះ​ហាក់​ដូច​ជា​មាន​ល្បឿន​លឿន ​ទោះ​បីជា​សហជីព​ស្នើ​ឲ្យ​មាន​ការ​ពន្យារ​ពេល​នៃ​ការ​អនុវត្ត​ក៏​ដោយ។​

លោកស្រី​យ៉ាង សោភ័ណ្ឌ​បញ្ជាក់​ប្រាប់​ VOA ​ថា៖​

«ខ្ញុំ​សង្កេត​ឃើញ​ថា​ ចំណុច​ធំៗ​ ​ដែល​ជា​ស្នូល​សំខាន់ៗ​ ពាក់​ព័ន្ធ​ជាមួយ​សិទ្ធិ​របស់​សហជីព​ហ្នឹង​ គឺ​ត្រូវ​បាន​គេ​រឹតត្បិត​មិន​អាច​ឲ្យ​សហជីព​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ឯង​ហ្នឹង​ ពាក់ព័ន្ធ​ជាមួយ​សិទ្ធិក្នុង​ការ​ធ្វើ​កូដកម្ម ​និង​បាតុកម្ម​ដោយ​សន្តិវិធី​អីអីចឹង។ ដូចជា​មាត្រា​មួយ​ដែល​គេ​និយាយ​ថា​ កម្មករ​ទាំង​អស់​ ក្នុង​ការ​សម្រេច​ចិត្ត ​ធ្វើ​កូដកម្ម​ ​ទាល់​តែ​មាន​ការឯកភាព​គ្នា​ពី​កម្មករ​ដែល​មាន​សំឡេងលើស​ពី៥១​ភាគ​រយ​ឡើង​ទៅ​ ​ទើប​កម្មករ​អាច​ចូល​រួម​ក្នុង​ការ​ធ្វើ​កូដកម្ម​ ​បាតុកម្ម​បាន។ ​អីចឹង​យើង​ឃើញ​ថា ​កន្លែង​នេះ​មួយ​គឺ​ហាក់​ដូច​ជា​មាន​ភាព​រឹតត្បិត​លើ​សេរីភាព​របស់​ពួក​គាត់​ហើយ»។​

អ្នកស្រី​យ៉ាង​ សោភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហ​ជីព​កម្ពុជា ផ្ទុះ​ហិង្សាជាមួយ​សមត្ថកិច្ច​ប៉ូលិស​ខ័ណ្ឌ​ដូនពេញ​នៅ​មុខ​រដ្ឋសភា​ជាតិ​នៅ​ព្រឹកថ្ងៃច័ន្ទនេះនៅ​ពេលតំណាង​កម្មករ​ប្រមាណ​១០០នាក់​តវ៉ា​កុំឲ្យមាន​ការ​អនុម័ត​ច្បាប់​សហជីព​នៅ​ខណៈពេល​តំណាងរាស្រ្ត​មកពី​គណបក្សកាន់​អំណាច​និង​គណបក្ស​ប្រឆាំង​កំពុង​អង្គុយ​នៅ​អង្គប្រជុំ​សភា។ ( ឡេង ឡែន/VOA)
អ្នកស្រី​យ៉ាង​ សោភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហ​ជីព​កម្ពុជា ផ្ទុះ​ហិង្សាជាមួយ​សមត្ថកិច្ច​ប៉ូលិស​ខ័ណ្ឌ​ដូនពេញ​នៅ​មុខ​រដ្ឋសភា​ជាតិ​នៅ​ព្រឹកថ្ងៃច័ន្ទនេះនៅ​ពេលតំណាង​កម្មករ​ប្រមាណ​១០០នាក់​តវ៉ា​កុំឲ្យមាន​ការ​អនុម័ត​ច្បាប់​សហជីព​នៅ​ខណៈពេល​តំណាងរាស្រ្ត​មកពី​គណបក្សកាន់​អំណាច​និង​គណបក្ស​ប្រឆាំង​កំពុង​អង្គុយ​នៅ​អង្គប្រជុំ​សភា។ ( ឡេង ឡែន/VOA)

ស្រប​គ្នា​នោះ​ដែរ​ លោក​គង់ អាទិត្យ​ ​អគ្គលេខាធិការ​នៃ​សហភាព​ការងារ​កម្ពុជា​ យល់​ថា​ ច្បាប់​នេះមិន​ត្រឹម​តែ​មាន​ការ​រឹត​បន្តឹង​លើ​សហជីព​ប៉ុណ្ណោះ​ទេ​ តែ​វា​ក៏​បាន​រឹតបន្តឹងចំពោះ​កម្មការកាត់​ដេរ​ ហើយ​ធ្វើ​ឲ្យ​ពួក​គាត់​ពិបាក​ក្នុង​ការ​ប្រមូល​ផ្តុំ ​ចង​ក្រងគ្នា​ជា​សហជីព​ថ្មីៗ​ ​ព្រោះ​ថា​ វា​ត្រូវ​មាន​ការ​យល់​ព្រម​ពី​ម្ចាស់រោង​ចក្រ​ជាដើម ដែល​ជា​និយោជក។​

លោក​គង់ អាទិត្យ​បញ្ជាក់​ថា៖

«យើង​មាន​ការ​បារម្ភ​ខ្លះ​ដែរ​ទាក់​ទិន​នឹង​ច្បាប់​ហ្នឹង​ ​ស្តីអំពី​ការ​អនុវត្ត​ជាក់​ស្តែង​ ​និង​ការ​បំពេញ​បែប​បទ​រដ្ឋបាល​ ហើយ​នឹង​ការ​ទាមទារ​លក្ខខណ្ឌ​មួយ​ចំនួន​ ដែល​ក្រសួង​ហើយ​នឹង​រដ្ឋាភិបាល​ ក៏​ដូច​ជា​ច្បាប់​នេះតម្រូវឲ្យ​ធ្វើ​ ​ដូច​ជា​ផ្តល់​របាយ​ការណ៍​ហិរញ្ញវត្ថុ​ ដូច​ជា​ត្រូវឲ្យ​កម្មករ​ហ្នឹង​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន​ ​ហើយ​មុន​នឹង​អាច​ចងក្រង​ជា​សហជីព​ថ្មី​បាន​ ​ត្រូវ​មាន​សមាជិក​ប៉ុណ្ណេះ​ ​ត្រូវមាន​វិភាគទាន​ប៉ុណ្ណេះ​ ​ដើម្បី​អាច​ចងក្រង​សហជីព​ ​ឬ​ការ​ចង​ក្រង​សហ​ជីព​សាជា​ថ្មី​ អីចឹង។ អីចឹង​វា​មាន​ការ​លំបាក​អីចឹង​ហ្អា​បង»។​

អ្នក​ការពារ​សិទ្ធិ​កម្មករ​រូប​នេះ​ក៏បាន​ឲ្យ​ដឹង​ផង​ដែរថា​ បន្ទាប់​ពី​ច្បាប់​នេះត្រូវដាក់​ឲ្យ​ដំណើរ​ការ​មក ​សហជីព​របស់​លោក​មិន​ទាន់​ឃើញមាន​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ណា​មួយ​នៅ​ឡើយ។

VOA​ មិន​អាច​ទំនាក់​ទំនង​មន្ត្រី​នៃ​ក្រសួង​ការងារ ​រួមទាំង​អ្នក​នាំពាក្យ​ក្រសួង​គឺ​លោក​ហេង សួរ​ ​ដើម្បី​សុំការ​អធិបាយ​បន្ថែម​បាន​ទេ​ នា​ថ្ងៃ​សុក្រ​នេះ។

ច្បាប់​ស្តីពី​សហជីព​ដែលមាន​១៧​ជំពូក​និង​១០០​មាត្រា​នេះ​ ត្រូវ​បាន​រដ្ឋ​សភា​ជាតិអនុម័ត​ ​ដោយ​គ្មាន​ការ​កែប្រែ​ តាំង​ពី​ខែ​មេសា​កន្លង​ទៅ​ បើ​ទោះ​ជា​មាន​ការ​តវ៉ា​ពី​សំណាក់​កម្មករ​និង​សហជីព​ធំៗ​មួយ​ចំនួន​ក្នុង​ពេលសភា​ជាតិ​កំពុង​ពិភាក្សា​ច្បាប់​នេះ​យ៉ាងណា​ក៏ដោយ។​

មិន​បាន​ប៉ុន្មាន​ម៉ោងផង​បន្ទាប់​ពី​ការ​អនុម័ត​នៅ​រដ្ឋ​សភា​ជាតិ​កម្ពុជា​ អង្គការ​សិទ្ធិ​ពលកម្ម​អន្តរជាតិ​ ហៅ​កាត់​ថា​ ​ILO​ ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ពី​ក្តី​បារម្ភ​ចំពោះ​កង្វះ​ការ​ការពារ​សិទ្ធិ​កម្មករ​ខ្មែរ។​ ​លើស​ពី​នោះ​ទៀត​អង្គការ​ ​ដែល​ជា​ផ្នែក​មួយរបស់​អង្គការ​សហប្រជាជាតិ​ ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ​មតិ​យោបល់​របស់​ខ្លួន​មួយ​ចំនួន​ ​មិន​ត្រូវ​បាន​គេ​បញ្ចូល​ទៅក្នុង​ច្បាប់​ថ្មី​នេះ​ទេ។​

ប្រទេស​កម្ពុជា​មាន​សហជីព​ចំនួន​៣.២១៤​ដែល​បាន​ចុះ​បញ្ជី​បច្ចុប្បន្ន​នេះ​ ​ក៏​ប៉ុន្តែ​មាន​តែ​សហជីព​ជាង​១​ពាន់​ប៉ុណ្ណោះ​ ​ដែល​មាន​សកម្ម​ភាព​ជួយ​កម្មករ។​ ​សហជីព​ឯករាជ្យ​មួយ​ចំនួន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​កម្មករ​ ជាពិសេស​គឺ​កម្មករ​ដែល​កំពុង​ធ្វើ​ការ​ក្នុង​ឧស្សាហ​កម្ម​កាត់​ដេរ៕

XS
SM
MD
LG