អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល នៅថ្ងៃចន្ទនេះ បានប្រកាសថា រដ្ឋាភិបាលសន្យាផ្តល់សំណងសមរម្យដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារគម្រោងព្រែកជីកហ្វូណន ខណៈពលរដ្ឋទាំងនោះបង្ហាញក្តីព្រួយបារម្ភ ដោយសារពួកគេមិនទាន់ទទួលបានព័ត៌មានអ្វីឡើយអំពីផលប៉ះពាល់។
លោក ស៊ុន ចាន់ថុល អតីតរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រែកជីក ថ្លែងបែបនេះនៅក្នុងពិធីបើកការដ្ឋានចាប់ផ្តើមសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។
នៅចំពោះមុខអ្នកចូលរួមរាប់ពាន់នាក់ និងនាយករដ្ឋមន្រ្តី លោក ស៊ុន ចាន់ថុល បញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិការនឹងគិតគូរ សិក្សាយ៉ាងលម្អិត និងវាស់វែងច្បាស់លាស់ដើម្បីដោះស្រាយបញ្ហាផលប៉ះពាល់នេះ សំដៅធានាក្នុងការផ្តល់សំណងយ៉ាងសមស្របជូនដល់បងប្អូនប្រជាពលរដ្ឋ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋជឿទុកចិត្តលើរដ្ឋាភិបាល និងកុំមានការព្រួយបារម្ភលើបញ្ហាប៉ះពាល់នេះ»។
ឧបនាយករដ្ឋមន្ត្រីរូបនេះក៏បានប្តេជ្ញានៅក្នុងការអនុវត្តគម្រោងព្រែកជីកហ្វូណននេះឱ្យបានជោគជ័យនៅឆ្នាំ២០២៨ខាងមុខ ដោយចំណាយរយៈពេល៤ឆ្នាំក្នុងការស្ថាបនាផ្លូវទឹកដែលភ្ជាប់ពីទន្លេមេគង្គក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ទៅសមុទ្រក្នុងខេត្តកែប។
ប្រជាពលរដ្ឋមួយចំនួនដែលរងផលប៉ះពាល់អះអាងថា ពួកគេមិនទាន់មានព័ត៌មានអំពីការផ្តល់សំណងឡើយ។ ពលរដ្ឋដែលរងផលប៉ះពាល់មិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកនោះឡើយ។ នេះបើតាមពលរដ្ឋមួយចំនួនដែលប្រាប់វីអូអេ។
ពលរដ្ឋអះអាងថា ការមិនអញ្ជើញនេះប្រហែលអាជ្ញាធរបារម្ភអំពីការតវ៉ា ឬការបង្ហាញភាពមិនពេញចិត្តអ្វីមួយនៅក្នុងពិធីបើកការដ្ឋាននោះ។
បើតាមការសិក្សារបស់រដ្ឋាភិបាលកម្ពុជា គម្រោងព្រែកជីកនេះនឹងប៉ះពាល់ផ្ទះប្រជាពលរដ្ឋប្រមាណ១៥០០ខ្នង ស្ពានចំនួន៣កន្លែង រោងចក្រចំនួន១ ដីស្រែជិត៣ម៉ឺនហិកតា និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។
អ្នកស្រី សុខ រ៉េត ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា មកទល់ពេលនេះ អ្នកស្រីកំពុងតែរង់ចាំព័ត៌មានពីអាជ្ញាធរ ពាក់ព័ន្ធនឹងរឿងសំណង ខណៈនៅមិនទាន់មានព័ត៌មានអ្វីឡើយ។ អ្នកស្រីជំរុញឱ្យរដ្ឋាភិបាលផ្តល់សំណងសមរម្យដើម្បីអាចទៅរស់នៅកន្លែងថ្មីបាន។
អ្នកស្រីបញ្ជាក់ថា៖ «គាំទ្រធ្វើម៉េចអង្គការគេត្រូវហើយ ជាតិគេត្រូវហើយ មីងគាំទ្រ ឱ្យតែផ្តល់សំណងដល់កូនចៅឱ្យបានច្រើនៗអ៊ីចឹងណា៎ ជួយទិញដី ទិញផ្ទះនៅត្រឹមត្រូវដូចបច្ចុប្បន្ន»។
នាយកទទួលបន្ទុកទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា ការបើកការដ្ឋានព្រែកជីកហ្វូណនជាប្រវត្តិសាស្ត្រមួយដែលមានការសាទរពីប្រជាពលរដ្ឋ។ លោកជំរុញអាជ្ញាធរផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីសំណង ដើម្បីឱ្យមានតម្លាភាពនៅក្នុងការស្ថាបនាគម្រោងមួយនេះ។
លោកបញ្ជាក់ថា៖ «ការចូលរួមរបស់ប្រជាពលរដ្ឋជារឿងសំខាន់ ហើយការដែលទទួលបានសំណងសមរម្យពីរដ្ឋាភិបាលសម្រាប់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ក៏ជារឿងមួយសម្រាប់ការជួយជ្រោមជ្រែងដល់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍដូចគ្នាផងដែរ»។
រដ្ឋាភិបាលកម្ពុជាបានពន្លឿនបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនមួយនេះ នៅថ្ងៃទី៥ ខែសីហា ដែលជាខួបកំណើតរបស់អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បើទោះមានការព្រួយបារម្ភពីភាគីវៀតណាមអំពីផលប៉ះពាល់លើទន្លេមេគង្គនិងឥទ្ធិពលរបស់ចិនលើការប្រើប្រាស់ផ្លូវទឹកមួយនេះ។
គួរបញ្ជាក់ថា ព្រែកជីកដែលមានតម្លៃប្រមាណ១៧០០លានដុល្លារអាមេរិក និងមានប្រវែង១៨០គីឡូម៉ែត្រ នឹងចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គក្នុងតំបន់កំពង់ផែស្វយ័ត ស្រុកកៀនស្វាយឆ្លងកាត់ស្រុកអង្គរបូរី ខេត្តតាកែវ និងបន្តរហូតដល់ឆ្នេរអង្កោល ក្នុងខេត្តកែប៕
វេទិកាបញ្ចេញមតិ