ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​បើក​ការដ្ឋាន​សាងសង់​ព្រែក​ជីក​ហ្វូណន បើ​ទោះ​មាន​ការ​ព្រួយ​បារម្ភ


លោក​នាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែតនិងភរិយាចុចប៊ូតុងបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជាខេត្ត​កណ្តាលថ្ងៃទី៥សីហាឆ្នាំ​២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)
លោក​នាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែតនិងភរិយាចុចប៊ូតុងបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជាខេត្ត​កណ្តាលថ្ងៃទី៥សីហាឆ្នាំ​២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)

រដ្ឋាភិបាល​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​៥​ ខែ​សីហា​នេះ ​បាន​បើក​ការដ្ឋាន​ចាប់​ផ្តើម​សាងសង់​ព្រែក​ជីក​ហ្វូណន​តេជោ​យ៉ាង​អធិក​អធម​ ក្នុង​ស្រុក​កៀនស្វាយ ​ខេត្ត​កណ្តាល ​ដែល​ជា​ចំណុច​ផ្តើម​នៃ​ការ​ជីក​ព្រែក​ដើម្បី​ឱ្យ​ទឹក​ហូរ​កាត់​ពី​ទន្លេ​មេគង្គ។​

ពិធី​សម្ពោធ​នេះ​ធ្វើ​ឡើង​នៅ​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ ដោយ​មាន​ការ​ចូលរួម​ពី​មនុស្ស​ប្រមាណ​១​ម៉ឺន​នាក់។

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត ​បាន​ចុច​ប៊ូតុង​ចាប់​ផ្តើម​សាងសង់​នៅ​ម៉ោង​៩ ​និង​៩​នាទី​ព្រឹក។​ ជាមួយ​គ្នា​នោះ​ ​វត្ត​អារាម​ ក្រសួង​ស្ថាប័ន​ និង​សាលារៀន​រដ្ឋ ​និង​ឯកជន​មួយ​ចំនួន​ ក៏​បាន​ចូលរួម​ទូងស្គរ​អបអរ​ចំពោះ​ការ​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​នេះ​ផង​ដែរ។​

ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ​នា​ព្រឹក​ថ្ងៃ​ចន្ទះ​នេះ ​លោក​ ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បញ្ជាក់​ថា​ គម្រោង​មួយ​នេះ​មាន​ការ​ចូលរួម​ដាក់​ទុន​ពី​ក្រុមហ៊ុន​ខ្មែរ​ចំនួន​៥១% ​មិន​មែន​ក្រុមហ៊ុន​ចិន​តែ​មួយ​ឡើយ។ ​លោក​អះអាង​អំពី​សារៈ​ប្រយោជន៍​របស់​ព្រែកជីក​ថា​ ​នៅ​ក្នុង​ពេល​៥​ឆ្នាំ​ខាង​មុខ​ទៀត​ តំបន់​ព្រែកជីក​នេះ​នឹង​ក្លាយ​ជា​តំបន់​មាន​សក្ដានុពល​សេដ្ឋកិច្ច​ ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ឱ្យមាន​ភាព​ប្រសើរ​ឡើង។​

នាយករដ្ឋ​មន្ត្រីកម្ពុជា​លោក ហ៊ុន ម៉ាណែត ថ្លែង​អំឡុង​ពិធី​បើក​ការដ្ឋាន​ចាប់​ផ្តើម​សាងសង់​ព្រែក​ជីក​ហ្វូណននៅខេត្ត​កណ្តាល​ ថ្ងៃទី៥ សីហា​ ឆ្នាំ២០២៤។ឲ
នាយករដ្ឋ​មន្ត្រីកម្ពុជា​លោក ហ៊ុន ម៉ាណែត ថ្លែង​អំឡុង​ពិធី​បើក​ការដ្ឋាន​ចាប់​ផ្តើម​សាងសង់​ព្រែក​ជីក​ហ្វូណននៅខេត្ត​កណ្តាល​ ថ្ងៃទី៥ សីហា​ ឆ្នាំ២០២៤។ឲ

លោក​ថ្លែង​ថា៖ ​ «សម្រាប់​បង្កើត​នូវ​អាជីវកម្ម​ផ្សេងៗ ​បង្កើត​នូវ​កសិ​ឧស្សាហ​កម្ម​នៅ​តំបន់​ឧស្សា​ហកម្ម​ដែល​អាច​ឱ្យ​បង​ប្អូន​មិន​មែន​នៅ​ខ្សត់​នៅ​ឆ្ងាយ​ជាង​គេ​ទៀត​ទេ។​ ប៉ុន្តែ​ទៅ​ជា​រស់​នៅ​តាម​កន្លែង​ និង​តាម​បណ្ដាយ​ផ្លូវ​បណ្ដាយ​ផ្លូវ​ទឹក​មួយ​ ដែល​មាន​ចរាចរណ៍​លែង​ស្ងាត់​ជ្រងំ​ទៀត​ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ជីវភាព​រស់​នៅ​របស់​បងប្អូន​នឹង​ប្រែ​ប្រួល»។​

លោក ​ហ៊ុន ម៉ាណែត ​ក៏​បាន​ឆ្លើយ​តប​ទៅ​កាន់​ពលរដ្ឋ​ដែល​បាន​លើក​ឡើង​អំពី​ការ​ព្រួយ​បារម្ភ​ថា​ កម្ពុជា​នឹង​បាត់បង់​ទឹកដី​ និង​អធិប​តេយ្យ​ភាព​ ក្រោយ​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ​នេះ​រួច​រាល់។​

លោក​ថ្លែង​ថា៖​ «ពីរឿង​បាត់បង់​ទឹកដី ​ពីរឿង​បាត់បង់​អធិប​តេយ្យ​ភាព ​ហើយ​រឿង​បាត់បង់​អធិប​តេយ្យ​ភាព​នេះ​ ខ្ញុំ​សូម​បញ្ជាក់​បាត់បង់​ទឹកដី​មិន​ទៅ​រួច​ទេ ព្រោះ​នៅតែ​ជាដែន​ដី​របស់​យើង​ យើង​បោះ​បង្គោល​រួច​ហើយ។ ​ប្រជា​ពលរដ្ឋ​យើង​រស់​នៅ​រាប់​លាន​នាក់​ទៅ​ហើយ ​ហើយ​គ្មាន​គម្រោង​ទៅ​ឱ្យ​កាត់​ទៅ​ឱ្យ​ពី​ណា​គេ​ទេ​ ហើយ​គ្មាន​ពី​ណា​គេ​មក​លេប​យក​ខេត្ត​នៅ​ខាង​កើត​ ឬ​ខាង​ត្បូង​នៃ​ព្រែក​នេះ​ទេ»។​

លោក​នាយក​រដ្ឋមន្រ្តី​ក៏​ថ្លែង​កុំ​ឱ្យ​ប្រជា​ពលរដ្ឋ​ព្រួយ​បារម្ភ​ថា​ ព្រែកជីក​មួយ​នេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​យោធា​បរទេស។ ​លោក​បន្ថែម​ថា​ ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ ​ព្រែកជីក​មួយ​នេះ​ត្រូវ​សាងសង់​ឱ្យ​ខាង​តែ​បាន។​

រដ្ឋាភិបាល​កម្ពុជា​បាន​ពន្លឿន​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​មួយ​នេះ ​នៅ​ថ្ងៃ​ទី​៥​ ខែ​សីហា​ ដែល​ជា​ខួប​កំណើត​របស់​អតីត​នាយក​រដ្ឋមន្រ្តី ​លោក​ ហ៊ុន សែន​ បើ​ទោះ​មាន​ការ​ព្រួយ​បារម្ភ​ពី​ភាគី​វៀតណាម​អំពី​ផល​ប៉ះពាល់​លើ​ទន្លេ​មេគង្គ ​និង​ឥទ្ធិពល​របស់​ចិន​លើ​ការ​ប្រើប្រាស់​ផ្លូវ​ទឹក​មួយ​នេះ។​

លោក ​ស៊ុន ចាន់ថុល ​ឧប​នាយក​រដ្ឋមន្រ្តី​ដែល​ទទួល​បន្ទុក​គម្រោង​នេះ ​អះអាង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា​ គម្រោង​ព្រែកជីក​ត្រូវ​បាន​សិក្សា​យ៉ាង​ហ្មត់​ចត់ ​ដើម្បី​ធានា​មិន​មាន​ផល​ប៉ះពាល់ ​ដូចជា​ទីតាំង​ភូមិសាស្រ្ត​ សង្គម ​និង​សេដ្ឋកិច្ច ​បញ្ហា​ជល​សាស្រ្ត ​និង​កករដី​ការ​សិក្សា​លើ​ចលនា​ការ​ប្រែប្រួល​កម្ពស់​ទឹក ​ដោយ​បាន​ធានា​មិន​ឱ្យ​ប៉ះពាល់​ទៅ​លើ​បរិស្ថាន​ទាំង​ក្នុង ​និងក្រៅ​ប្រទេស។​

រូបថត​ពីលើ​អាកាស​បង្ហាញ ​ការដ្ឋានសាងសង់​ព្រែក​ជីក​ហ្វូណននៅ​ខេត្ត​កណ្តាល​ថ្ងៃទី​០៥ សីហា ឆ្នាំ២០២៤។
រូបថត​ពីលើ​អាកាស​បង្ហាញ ​ការដ្ឋានសាងសង់​ព្រែក​ជីក​ហ្វូណននៅ​ខេត្ត​កណ្តាល​ថ្ងៃទី​០៥ សីហា ឆ្នាំ២០២៤។

លោក​ថ្លែង​ថា៖​ «តាម​រយៈ​ការ​សិក្សា​លម្អិត​អំពី​ទិដ្ឋភាព​ផ្លូវ​ច្បាប់​គម្រោង​នេះ​ពិត​ជា​អាច​អនុវត្ត​បាន។ ​ដោយ​ភាគី​កម្ពុជា​បាន​ជូន​ដំណឹង​ជា​ផ្លូវ​ការ​ទៅ​គណៈ​កម្មការ​ទន្លេ​មេគង្គ ​កាលពី​ថ្ងៃ​ទី៨​ ខែ​សីហា​ ឆ្នាំ​២០២៣​ យោង​តាម​ខ្លឹម​សារ​នៃ​មេត្រា​៥​ នៃ​កិច្ច​ព្រមព្រៀង​មេគង្គ​ឆ្នាំ​១៩៩៥​ ស្ដីពី​ការ​ប្រើប្រាស់​ទឹក​ដោយ​សម​ហេតុផល​ និង​សមធម៌​នៅ​ក្នុង​ដែនដី​រៀងៗ​ខ្លួន»។​

អ្នក​វិភាគ​នយោបាយ ​និង​សង្គម​ លោក​បណ្ឌិត ​មាស នី ​យល់​ឃើញ​ថា​ ការ​បើក​ការដ្ឋាន​សាងសង់​នា​ពេល​នេះ​មាន​ទិដ្ឋភាព​នយោបាយ​ច្រើន​ជាង ​ព្រោះ​វា​អាច​ត្រូវ​ចំណាយ​ទុន​ច្រើន​ ដើម្បី​ជីក​ព្រែក​នា​រដូវ​វស្សា។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​យើង​មើល​ទៅ​ការ​បើក​នេះ ​ខ្ញុំ​គិត​ថា​ ជា​ទិដ្ឋភាព​នយោបាយ​ច្រើន​ជាង ​ដើម្បី​ចង់​ជម្នះ​នូវ​មតិ​មហាជន​ដែល​មាន​អ្នក​ខ្លះ​ក៏​ប្រឆាំង ​អ្នក​ខ្លះ​ក៏​គាំទ្រ។​ អ៊ីចឹង​នេះ​វា​ជា​ចរិត​នយោបាយ​ធម្មតា ​ដែល​យើង​ឃើញ​ពីមុនៗ​មក»។​

អ្នក​តាម​ដាន​មួយ​ចំនួន​យល់​ឃើញ​ថា​ បើ​ទោះ​កម្ពុជា​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​ នាពេល​នេះ ​ប៉ុន្តែ​ការ​ងារ​ជីក​ធំ​ដុំ​ប្រហែល​មិន​ទាន់​ចាប់​ផ្តើម​នា​ឆ្នាំ​នេះ​ឡើយ។​

យ៉ាង​ណាមិញ ​អ្នក​ចូលរួម​មួយ​ចំនួន​បាន​បង្ហាញ​ការ​គាំទ្រ​របស់​ពួកគេ​លើ​គម្រោង​នេះ ​ហើយ​គិត​ថា​ វា​នឹង​ធ្វើ​ឱ្យ​មាន​ការ​គាំទ្រ​បន្ថែម​ដល់​នាយក​រដ្ឋមន្រ្តី​ថ្មី​លោក ​ហ៊ុន ម៉ាណែត ​ដែល​កាន់​អំណាច​បាន​ជិត​១​ឆ្នាំ។​

លោក ​បុត កុសល្យ ​និស្សិត​ឆ្នាំ​ទី៤ ​និង​ជា​ប្រជា​ពលរដ្ឋ​ម្នាក់​ដែល​ចូលរួម​ក្នុង​ពិធី​បើក​ការដ្ឋាន​ប្រាប់​វីអូអេ​ថា ​នេះ​«ពិត​ជា​ស្នាដៃ​ដ៏​ធំធេង​របស់​លោក ​ហ៊ុន ម៉ាណែត»។​

លោក​បញ្ជាក់​ថា៖​ «ស្នាដៃ​នេះ​ពិត​ណាស់​មាន​ការ​គាំទ្រ​ពី​ប្រជាជន​យើង​ច្រើន ​ដោយ​សារ​តែ​គឺ​ស្នាដៃ​មួយ​ដ៏​ធំ ​និង​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា»។​

គួរ​បញ្ជាក់​ថា​ ព្រែក​ជីក​ដែល​មាន​តម្លៃ​ប្រមាណ​១៧០០​លាន​ដុល្លារ​អាមេរិក​ និង​មាន​ប្រវែង​១៨០​គីឡូម៉ែត្រ ​នឹង​ចាប់​ផ្តើម​ពី​ព្រែក​តាកែវ​នៃ​ទន្លេ​មេគង្គ​ក្នុង​តំបន់​កំពង់ផែ​ស្វយ័ត​ស្រុក​កៀនស្វាយ​ ឆ្លង​កាត់​ស្រុក​អង្គរ​បូរី ​ខេត្ត​តាកែវ ​និង​បន្ត​រហូត​ដល់​ឆ្នេរ​អង្កោល ក្នុង​ខេត្ត​កែប។​

គម្រោង​នេះ​ជា​ការ​វិនិយោគ​ក្នុង​ទម្រង់​ BOT​(Build Operate Transfer​ ឬ​សាងសង់ ​ប្រតិបត្តិការ ​និង​ផ្ទេរ)​ ក្នុង​រយៈ​៥០​ឆ្នាំ​ ដូច​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​ព្រះ​សីហនុ​ដែរ។​ ក្រុមហ៊ុន​ដែល​ចូល​រួម​វិនិយោគ​ត្រូវ​ចំណាយ​ថវិកា​ដើម្បី​សាង​សង់​ព្រែក​ជីក​មួយ​នេះ​ដែល​គ្រោង​បញ្ចប់​ក្នុង​រយៈ​ពេល​៤​ឆ្នាំ ​ពោល​គឺ​ក្នុង​ឆ្នាំ​២០២៨។ ​បន្ទាប់​មក​ក្រុមហ៊ុន​ដែល​វិនិយោគ​ទាំង​នោះ​នឹង​ប្រមូល​កម្រៃ​សេវា​ពី​ការ​ប្រើ​ប្រាស់​ព្រែក​ជីក​នេះ ​ដូច​កិច្ច​ព្រម​ព្រៀង​ដែល​បាន​កំណត់​ រួច​ត្រូវ​ផ្ទេរ​ឱ្យ​រដ្ឋាភិបាល​គ្រប់​គ្រង​បន្ត៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG