ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋបាល​រាជធានី​ភ្នំពេញ​បន្ត​រឹត​ត្បិត​ការ​ធ្វើ​ដំណើរ​និង​ការ​លក់​ដូរ​ដែល​មាន​ហានិ​ភ័យ​ខ្ពស់​ឆ្លង​កូវីដ​១៩


រូប​ឯកសារ៖ សកម្មភាពអាជ្ញាធររឹតបន្តឹងចរាចរតាមដងផ្លូវអំឡុងបំរាមគោចរក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)
រូប​ឯកសារ៖ សកម្មភាពអាជ្ញាធររឹតបន្តឹងចរាចរតាមដងផ្លូវអំឡុងបំរាមគោចរក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​បន្ត​ដាក់​បម្រាម​គោចរ​ក្នុង​ភូមិ​សាស្រ្ត​រាជធានី​ភ្នំពេញ ចំនួន​១​សប្តាហ៍​ទៀត គឺ​រហូត​ទៅ​ដល់​ថ្ងៃ​ទី​១៩ ខែ​សីហា។ ចំណែក​វិធាន​ការ​រឹត​ត្បិត​ការ​ជួប​ជុំ​និង​អាជីវ​កម្ម​ដែល​មាន​ហានិភ័យ​ឆ្លង​ខ្ពស់ ត្រូវ​ផ្អាក​ក្នុង​រយៈ​ពេល​២​សប្តាហ៍។ នេះ​បើ​យោង​តាម​សេច​ក្តី​សម្រេច​ថ្មី​មួយ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា។

បើ​តាម​សេចក្តី​សម្រេច រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​ចំពោះ​សកម្ម​ភាព​ការងារ មុខរបរ ឬ​អាជីវ​កម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ការ​ជួប​ជុំ ឬ​ការ​ប្រមូល​ផ្ដុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន រយៈ​ពេល​១​៤​ថ្ងៃ គិត​ចាប់​ពី​ម៉ោង​សូន្យ នា​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២១។

​សេចក្តី​សម្រេច​បន្ថែម​ថាត្រូវ​បន្តអនុវត្ត​បម្រាម​គោ​ចរ​រយៈ​ពេល​១​សប្តាហ៍​ទៀត ប៉ុន្តែធ្វើ​ឡើង​នៅ​ចន្លោះ​ម៉ោង​១០​យប់ ដល់​ម៉ោង​៣​ទៀប​ភ្លឺ ដែល​ពី​មុន​ចាប់​ផ្តើម​ពី​ម៉ោង​៩​យប់។

អាជ្ញាធរ​ក៏​ហាម​ឃាត់​ការ​ជួប​ជុំ ដើម្បី​សេព​គ្រឿង​ស្រវឹង​និង​ហាម​ការ​ប្រមូល​ផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​ដែល​មាន​មនុស្ស​លើស​ពី​១៥​នាក់ រយៈ​ពេល​២​សប្តាហ៍​ដែរ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​ក្នុង​សេចក្តី​សម្រេច​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ក្នុង​ករណី​រក​ឃើញ​ថា​បុគ្គល​ទាំង​ឡាយ​ណា​បំពាន​វិធាន​ការ​នេះ ត្រូវ​អនុវត្ត​ទណ្ឌកម្ម​រដ្ឋបាល និង​ទណ្ឌកម្ម​ច្បាប់ រួម​ទាំង​ការ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​ចំពោះ​បុគ្គល​ល្មើស ស្រប​តាម​ច្បាប់​ស្តី​ពី​ជំងឺ​កូវីដ១៩ ដោយ​គ្មាន​ការ​លើក​លែង​ឡើយ៕

XS
SM
MD
LG