ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី៖ ចំនួន​អ្នក​ស្លាប់​បន្ត​កើន​ឡើង​ក្នុង​ហេតុ​ការណ៍​ភ្លើង​ឆេះ​កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត


ក្រុមអ្នកពន្លត់អគ្គិភ័យនិងជួយសង្គ្រោះបន្ទាន់កំពុងប្រតិបត្តិការ នៅសណ្ឋាគារនិងកាស៊ីណូ Grand Diamond City ដែលកំពុងឆាបឆេះដោយអគ្គិភ័យ នៅក្រុងប៉ោយប៉ែត នាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២។
ក្រុមអ្នកពន្លត់អគ្គិភ័យនិងជួយសង្គ្រោះបន្ទាន់កំពុងប្រតិបត្តិការ នៅសណ្ឋាគារនិងកាស៊ីណូ Grand Diamond City ដែលកំពុងឆាបឆេះដោយអគ្គិភ័យ នៅក្រុងប៉ោយប៉ែត នាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២។

កម្មករ​មួយ​ចំនួន​ដែល​ធ្វើ​ការ​នៅ​អគារ​កាស៊ីណូ​ក្នុង​ទីក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ​បាន​ហក់​ចុះ​ពី​លើ​អគារ​ទាំង​កណ្តាល​យប់ ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​ដោយ​សារ​ភ្លើង​បន្ត​ឆេះ​សណ្ឋាគារ ​និង​កាស៊ីណូ​ Grand Diamond​ City រហូត​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ ១៩​ នាក់​ស្លាប់ ​និង​ជាង​ ៦០​ នាក់​រង​របួស។ ​នេះ​បើ​តាម​អាជ្ញាធរ​ពាក់ព័ន្ធ។​

ចំនួន​អ្នក​ស្លាប់​អាច​បន្ត​កើន​ឡើង ​ដោយសារ​មាន​មនុស្ស​ជាប់​គាំង​ក្នុង​អគារ ​ខណៈ​បន្ទប់​ខ្លះ​ទៀត​ជាប់សោរ។​ អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា មនុស្ស​ប្រមាណ​ ៤០០​ នាក់​មាន​វត្តមាន​នៅ​ក្នុង​អគារ​ដែល​ឆាប​ឆេះ​ស្ទើរ​តែ​ទាំង​ស្រុង​នោះ។​

អ្នក​ស្លាប់ ​និង​អ្នក​របួស​ទាំង​នោះ​ជា​ពលរដ្ឋ​ចម្រុះ​ជាតិ​សាសន៍ ​ដែល​ជា​អ្នក​បម្រើ​ការ​នៅ​កាស៊ីណូ​ជាប់​ព្រំដែន​ប្រទេស​ថៃ ​និង​ជា​ភ្ញៀវ​ដែល​ស្នាក់​នៅ​ទីនោះ។​ កាស៊ីណូ​នោះ​មាន​ម្ចាស់​គ្រប់គ្រង​ជា​ជន​ជាតិ​ថៃ។​

ហេតុ​ការណ៍​នៃ​អគ្គិភ័យ​នោះ​បាន​កើត​ឡើង​នៅ​ម៉ោង​ប្រមាណ ​១១ ​និង ​៣០ ​នាទី​យប់ ​ថ្ងៃ​ពុធ ​ទី​ ២៨​ ខែ​ធ្នូ ​ឆ្នាំ​ ២០២២​ ដោយ​មន្ត្រី​នានា​បញ្ជាក់​ថា ​ដោយ​សារ​ឆ្លង​ចរន្ត​អគ្គិសនី។

លោក ​សេក សុខុម ​អ្នក​នាំពាក្យ​សាលា​ខេត្ត​បន្ទាយមានជ័យ​ ប្រាប់​វីអូអេ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា អាជ្ញាធរ​កំពុង​ជួយ​សង្រ្គោះ​មនុស្ស​ផ្សេង​ទៀត។ ​ប៉ុន្តែ​លោក​បញ្ជាក់​ប្រាប់​វីអូអេ​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ថា ​មនុស្ស​ ១៩​ នាក់​បាន​ស្លាប់ ​និង​របួស​ប្រមាណ​ ៦០​ នាក់ ​គិត​ត្រឹម​រសៀល​ថ្ងៃ​ព្រហស្បតិ៍។ ​លោក​បន្ថែម​ថា ដោយ​សារ​ការ​រៀបចំ​ច្រើន​សម្រាប់​ព្រឹត្តិ​ការណ៍​ចុង​ឆ្នាំ ​ដូច្នេះ​វា​ត្រូវ​ការ​ថាម​ពល​អគ្គិសនី​ច្រើន។ ហេតុ​នេះ​ វា​បណ្តាល​ឲ្យ​ផ្ទុះ​ចរន្ត​អគ្គិសនី។​

លោក​ថ្លែង​ថា៖​ «មូល​ហេតុ​ផ្លូវ​ការ​ក៏​មិន​ទាន់​បាន​បញ្ជាក់​ដែរ ​ប៉ុន្តែ​តាម​ការ​សន្និដ្ឋាន​របស់​បច្ចេកទេស​បង្ហាញ​ថា​ ការ​សន្និដ្ឋាន​ក្រៅ​ផ្លូវ​ការ ​ដោយ​សារ​តំបន់​កាស៊ីណូ​ហ្នឹង​ប្រើ​ប្រាស់​ថាមពល​ច្រើន​នៅ​ក្នុង​ការ​រៀបចំ ​រូបភាព​លម្អ​ដោយ​អគ្គិសនី ​ដោយ​ប្រើ​ប្រាស់​រូប​ដើម ​Christmas ​និង​រូប​លម្អ​ផ្សេងៗ​សម្រាប់​ឆ្លង​ឆ្នាំ»។ ​

ភ្លើងកំពុងឆាបឆេះ ខណៈមនុស្សដែលជាប់គាំងក្នុងអគារព្យាយាមរត់រកទីសុវត្ថិភាព នៅសណ្ឋាគារនិងកាស៊ីណូ Grand Diamond City ដែលកំពុងឆាបឆេះដោយអគ្គិភ័យ នៅក្រុងប៉ោយប៉ែត នាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២។
ភ្លើងកំពុងឆាបឆេះ ខណៈមនុស្សដែលជាប់គាំងក្នុងអគារព្យាយាមរត់រកទីសុវត្ថិភាព នៅសណ្ឋាគារនិងកាស៊ីណូ Grand Diamond City ដែលកំពុងឆាបឆេះដោយអគ្គិភ័យ នៅក្រុងប៉ោយប៉ែត នាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២។

បើ​តាម​វីដេអូ​ដែល​បង្ហោះ​តាម​គណនី​ហ្វេសប៊ុក​របស់​ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ គេ​ឃើញ​មាន​មនុស្ស​លោត​ចុះ​ពី​អគារ​ខ្ពស់ៗ ​ដើម្បី​គេច​ពី​ភ្លើង​ឆេះផង​ដែរ។​

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន​ក្នុង​ស្រុក​ លោក​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ ក៏​កំពុង​ស្ថិត​នៅ​ទី​នោះ ​ខណៈ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រមាណ​ ៣០០​ នាក់ ​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ ១១ ​គ្រឿង​ ប្រតិបត្តិ​ការ​នៅ​កន្លែង​កើត​ហេតុ។ ​ដំណើរ​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ និង​ជួយ​សង្គ្រោះ​នេះ​ក៏​មាន​ការ​ចូលរួម​ពីភាគី​ថៃ​ផង​ដែរ។​

លោក ​ស៊ុំ ចាន់គា ​មន្ត្រី​អាដហុក​ប្រចាំ​នៅ​ខេត្ត​បន្ទាយមានជ័យ​ ប្រាប់​វីអូអេ​ថា​ ពាក់​ព័ន្ធ​ករណី​នេះ ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ច្រើន​ពី​សំណាក់​អាជ្ញាធរ​ និង​ភាគី​ផ្សេងៗ​ទៀត។ ប៉ុន្តែ​លោក​ថា ​វា​មិន​មាន​អ្វី​ក្រៅ​ពី​ការ​បាញ់​ទឹក​ពន្លត់​ពី​ខាង​ក្រោម​ទៅ​លើ​ឡើយ។​

បើ​តា​ម​មន្ត្រី​អាដហុក​រូប​នេះ ​នៅ​ក្នុង​កាស៊ីណូ​គួរ​តែ​មាន​សញ្ញា​ដើម្បី​ប្រកាស​ភាព​អាសន្ន ​និង​មាន​បច្ចេកទេស​ខ្ពស់​ក្នុង​ការ​ធានា​សុវត្ថិភាព ​នៅ​ពេល​មាន​អគ្គិភ័យ​កើត​ឡើង។​

លោក​ថ្លែង​ថា៖​ «តួនាទី​របស់​រដ្ឋ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទៅ​លើ​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ទាំង​អស់​ហ្នឹង ​ត្រូវ​តែ​ទទួល​របៀប​ណា​ ធ្វើ​របៀប​ណា ​ដើម្បី​ឱ្យ​ជាក់​ច្បាស់។ តួនាទី​របស់​រដ្ឋ​នៅ​តែ​មាន​កាតព្វកិច្ច​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ទៅ​លើ​សំណង​ទៅ​លើ​ប្រជា​ពលរដ្ឋ ​និង​ទៅ​លើ​អ្វីៗ​ផ្សេងៗ​ទាំង​អស់​ហ្នឹង»។​

គួរ​បញ្ជាក់​ថា​ ទីក្រុង​ប៉ោយ​ប៉ែត​ជា​តំបន់​មួយ​ដែល​សម្បូរ​ទៅ​ដោយ​ជន​បរទេស​ផង​ដែរ​ ដោយសារ​ទីនោះ​មាន​ការ​ប្រកប​របរ​កាស៊ីណូ៕

XS
SM
MD
LG