ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា អ្នកដំណើរជនជាតិជប៉ុនចេញដំណើរពីកម្ពុជាម្នាក់មានផ្ទុកវីរុសកូរ៉ូណាថ្មី ឬកូវីដ១៩ ដោយមានការបញ្ជាក់ពីមន្ត្រីការបរទេសជប៉ុន។
ប្រព័ន្ធផ្សព្វផ្សាយជប៉ុននិងវៀតណាមបានឲ្យដឹងថា អាជ្ញាធរជប៉ុន និងវៀតណាម បានបញ្ជាក់នៅថ្ងៃពុធម្សិលមិញថា ជនជាតិជប៉ុនម្នាក់ដែលបានចេញពីខេត្តសៀមរាបតាមជើងហោះហើរកាត់តាមទីក្រុងហូជីមិញនៃប្រទេសវៀតណាមទៅកាន់ទីក្រុងណាហ្កូយ៉ានៃប្រទេសជប៉ុន មានផ្ទុកមេរោគកូរ៉ូណាថ្មី ឬជំងឺកូវីដ១៩។
បុរសជនជាតិជប៉ុនរូបនេះមានអាយុជាង ៤០ឆ្នាំ។ លោកធ្វើដំណើរចេញពីជប៉ុនមកកម្ពុជានៅថ្ងៃទី ១៦ ខែកុម្ភៈ ហើយបានធ្វើដំណើរទៅហ្វីលីពីននៅថ្ងៃទី២១ ខែកុម្ភៈ។ លោករាយការណ៍ថា មិនសូវស្រួលខ្លួននៅ ថ្ងៃទី២១ ខែកុម្ភៈ។ នៅថ្ងៃទី២៨ ខែកុម្ភៈ លោកត្រឡប់មកស្នាក់នៅកម្ពុជាវិញហើយនៅថ្ងៃទី៣ ខែមីនា លោកបានទៅពេទ្យមួយនៅខេត្តសៀមរាប ។ នៅយប់ថ្ងៃដដែលលោកហោះចេញពីកម្ពុជាតាមជើងហោះហើរ VN814 កៅអី 330D ទៅអាកាសយានដ្ឋាន Tan Son Nhat ទីក្រុងហូជីមិញ រួចប្តូរជើងហោះហើរទៅ VN340 កៅអី 2C មកទីក្រុង Nagoya។ នេះបើយោងតាមលិខិត «ប្រញ៉ាប់ណាស់» របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនផ្ញើជូន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជាលោកប្រាក់ សុខុន។
មនុស្ស៥១នាក់ រួមទាំងបុគ្គលិកបម្រើលើយន្តហោះ រួមដំណើរជាមួយបុរសជនជាតិជប៉ុននោះពីសៀមរាបទៅវៀតណាម ត្រូវបានអាជ្ញាធរវៀតណាម ដាក់អោយស្ថិតដោយឡែកនៅទីក្រុងហូជីមីញ។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុករបស់វៀតណាម។
បុរសជនជាតិជប៉ុននោះបានរាយការណ៍អំពីស្ថានភាពសុខភាពរបស់ខ្លួនទៅកាន់អាជ្ញាធរភ្លាមៗ ពេលដែលរូបលោកទៅដល់ព្រលានយន្តហោះ Chubu Centrair International Airport។ លោកមានអាការៈផ្តាសាយ ឡើងកំដៅខ្លួន និងពិបាកដកដង្ហើម ហើយត្រូវបានដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យ។ ក្រោយក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆ័យ គេបញ្ជាក់ថា បុរសជប៉ុនរូបនោះមាន ជំងឺកូវីដ១៩។
អាជ្ញាធរវៀតណាមនិងជប៉ុនកំពុងស៊ើបអង្កេត ដើម្បីផ្ទៀងផ្ទាត់ប្រវត្តិដំណើររបស់អ្នកដំណើរជប៉ុននោះនៅក្នុងប្រទេសកម្ពុជា។
វីអូអេមិនទាន់ទទួលបានការបញ្ជាក់ពីក្រសួងសុខាភិបាលកម្ពុជានៅឡើយទេអំពីទំនាក់ទំនងរបស់បុរសនេះ ជាមួយពលរដ្ឋរស់នៅក្នុងប្រទេសកម្ពុជា ក្រោយការតាមសួរពីរសៀលម្សិលមកទល់ពេលថ្ងៃត្រង់។ អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលនៅព្រឹកថ្ងៃព្រហស្បតិ៍ប្រាប់ថា មិនមានព័ត៌មានទេ រង់ចាំដល់ពេលមានសន្និសីទកាសែតសិន។
នៅថ្ងៃពុធទី ៤ខែមីនាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានថ្លែង ជាលើកដំបូងអំពីវិធានការទប់ទល់នឹងជំងឺកូវីដ១៩ ដែលមន្ត្រីកម្ពុជាត្រូវរៀបគម្រោងឲ្យម៉ដ្ឋចត់ដើម្បីជួយប្រជាពលរដ្ឋខ្មែរក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះប្រសិនបើរកឃើញថា ជំងឺនេះមាននៅកម្ពុជា។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ប្រជាលរដ្ឋប្រើប្រាស់បណ្តាញសង្គមចែករំលែកព័ត៌មានជាភាសាបរទេស ផ្សាយចេញពីសារព័ត៌មានវៀតណាម និងជប៉ុន ដែលគេស្រង់ព័ត៌មានពីស្ថាប័នផ្លូវការ។
ឯរដ្ឋបាលខេត្តសៀមរាបបញ្ជាក់ថា៖ «ជប៉ុនមិនទាន់បញ្ជាក់ជាផ្លូវការចំពោះជនជាតិជប៉ុនថាកើតជំងឺ COVID-19 នៅឡើយ ហើយអភិបាលខេត្តបានចាត់វិធានការស្រាវជ្រាវ និងត្រៀមបង្ការ»៕