ខ្សែភាពយន្តឯកសារ «The Donut King» ឬស្តេចដូណាត់ ដែលតាមដានដំណើរជីវិតមិនទៀងទាត់របស់ជនអន្តោប្រវេសន៍ខ្មែរម្នាក់ដែលបានកសាងអាណាចក្រនំដូណាត់នៅរដ្ឋកាលីហ្វ័រញ៉ា បានចាប់ផ្តើមបញ្ចាំងកាលពីថ្ងៃសុក្រសប្តាហ៍មុន នៅតាមរោងភាពយន្តនិងតាមបណ្តាញអ៊ីនធឺណិត។
លោក Ted Ngoy បានភៀសខ្លួនចេញពីប្រទេសកម្ពុជាជាមួយប្រពន្ធនិងកូន ៣នាក់ក្នុងអំឡុងពេលនៃការងើបឡើងនៃរបបកុម្មុយនិស្តខ្មែរក្រហម ដែលបានសម្លាប់មនុស្សប្រហែល ១,៧លាននាក់ នៅចុងទសវត្សរ៍ឆ្នាំ ១៩៧០។ លោកបានមកដល់សហរដ្ឋអាមេរិកនៅឆ្នាំ ១៩៧៥ ហើយមួយទសវត្សរ៍ក្រោយមក លោកបានក្លាយជាម្ចាស់ហាង លក់នំដូណាត់ជាច្រើនកន្លែងនិងបានធានាប្រជាជនខ្មែររាប់រយនាក់ពីប្រទេសកម្ពុជាឲ្យមកធ្វើការនៅក្នុងបណ្តាហាងរបស់លោក។
ជីវិតរបស់លោក Ted Ngoy គឺជាសាច់រឿងជោគជ័យនៃការតស៊ូរបស់ជនអន្តោប្រវេសន៍និងការសម្រេចក្តីសុបិនក្នុងទឹកដីសហរដ្ឋអាមេរិក។ បណ្តាញសារព័ត៌មាននានាដូចជា កាសែត LA Times កាសែត Wall Street Journal កាសែត California Sunday និងកាសែត Phnom Penh Post ធ្លាប់បានចុះផ្សាយពីសាច់រឿងជីវិតរបស់លោក។ ប៉ុន្តែអ្នកផលិតខ្សែភាពយន្តជនជាតិអាមេរិកាំងដើមកំណើតចិនឈ្នោះ Alice Gu គឺជាមនុស្សដំបូងដែលប្រែក្លាយសាច់រឿងជីវិតរបស់លោកឱ្យទៅជាខ្សែភាពយន្តឯកសាររយៈពេល ៩០នាទីមួយ។
អ្នកស្រី Alice Gu ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ VOA ថា៖ «វាជាសាច់រឿងអំពីក្តីសង្ឃឹម សុទិដ្ឋិនិយមនិងសេចក្ដីសប្បុរស»។
អ្នកស្រី Alice Gu បន្តថា៖ «ខ្ញុំភ្ញាក់ផ្អើលណាស់ ហាងដូណាត់ទាំងអស់នោះគឺកើតចេញមកពីបុរសតែម្នាក់ ហើយបុរសម្នាក់នេះអាចជួយប្រជាជនទាំងអស់នោះ ជនភៀសខ្លួនទាំងអស់នោះឲ្យទទួលបានជំហរនៅអាមេរិក ហើយបុរសម្នាក់នេះ បានជួយសម្រចក្តីសុបិនក្នុងទឹកដីសហរដ្ឋអាមេរិកសម្រាប់ជនភៀសខ្លួនទាំងអស់នោះ»។
នៅចន្លោះឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៩៤ ប្រជាជនកម្ពុជាប្រមាណ ១៦ម៉ឺន នាក់ត្រូវបានទទួលឲ្យចូលរស់នៅក្នុងសហរដ្ឋអាមេរិកជាជនភៀសខ្លួន។ ពួកគេខ្លះដោយមានជំនួយពីលោក Ted Ngoy បានត្រួតត្រាជំនួញនំដូណាត់ស្ទើរតែទាំងស្រុងនៅរដ្ឋកាលីហ្វ័រញ៉ា។ អ្នកស្រី Alice Gu បាននិយាយថា លោក Ted Ngoy បានបង្កើត «ប្រអប់នំដូណាត់ពណ៌ផ្កាឈូក» ដែលគេគ្រប់គ្នាស្គាល់ ហើយអ្នកស្រីថា លោក Ted Ngoy ក៏បានរារាំងមិនឲ្យក្រុមហ៊ុនអាមេរិកាំងដូចជា Dunkin’ Donuts អាចចូលប្រកួតប្រជែងក្នុងទីផ្សារភាគខាងលិចសហរដ្ឋអាមេរិកបាន។
អ្នកស្រី Alice Gu បាននិយាយថា៖ «នំដូណាត់ត្រូវបានឆ្លាក់ជាប់យ៉ាងជ្រាលជ្រៅក្នុងវប្បធម៌អាមេរិកាំង។ វាត្រូវបានគេចាត់ទុកជាអាហារមួយដែលអាមេរិកាំងចូលចិត្តបំផុតហើយអ្វីដែលគួរឲ្យអស់សំណើចនោះគឺ នៅភាគខាងលិចនៃទន្លេ Mississippi ស្ទើរតែទាំងស្រុង ប្រសិនបើអ្នកញ៉ាំនំដូណាត់ដែលជាអាហារដែលអាមេរិកាំងចូលចិត្តបំផុតមួយនេះ ភាគច្រើននំដូណាត់នោះជានំដែលខ្មែរធ្វើ»។
នៅក្នុងការផ្លាស់ប្តូរមិននឹកស្មាន លោក Ted Ngoy ដែលធ្លាប់ទទួលបានរង្វាន់ប្រធានាធិបតីសហរដ្ឋអាមេរិកសម្រាប់ការជោគជ័យក្នុងអាជីវកម្មនៅអាមេរិកនិយាយថា លោកបានបាត់បង់ទ្រព្យសម្បត្តិទាំងស្រុង ដោយសារល្បែងស៊ីសង។ អ្នកស្រី Alice Gu បាននិយាយថារឿងរ៉ាវនេះ មួយផ្នែកគឺជា «រឿងប្រៀនប្រដៅ» ប៉ុន្តែខ្សែភាពយន្តឯកសារអំពីសាច់រឿងជីវិតរបស់លោក Ted Ngoy នេះ កើតឡើងចំពេលដែលមានភាពតានតឹងជាច្រើនក្នុងសង្គមអាមេរិកាំងសព្វថ្ងៃ។
អ្នកស្រី Alice Gu ពន្យល់ថា៖ «មូលហេតុដែលខ្សែភាពយន្តឯកសារនេះ មានសារៈសំខាន់នៅពេលនេះគឺដោយសារតែខ្ញុំមានអារម្មណ៍ថា ប្រទេសនេះមានការបែកបាក់ខ្លាំងពេក។ វាពិតជាផ្តោតលើគំនិត «ពួកយើងប្រឆាំងពួកគេ»។ តែនៅក្នុងរឿងនេះ វាពិតជាបង្ហាញពីការអាណិតអាសូរ ភាពជាអ្នកដឹកនាំពីសំណាក់បណ្តាប្រធានាធិបតីរបស់យើងអំពីរបៀបដែលយើងគួរប្រព្រឹត្តខ្លួននៅលើពិភពលោក និងការណ៍ដែលយើងគួរធ្វើ ចំពោះអាកប្បកិរិយារបស់យើងលើជនអន្តោប្រវេសន៍»។
ខ្សែភាពយន្តឯកសារ «ស្តេចដូណាត់ ឬ The Donut King» នឹងមានចេញលក់តាមអ៊ីនធឺណិតនៅថ្ងៃទី ២០ ខែវិច្ឆិកា៕