ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​កាន់​អំណាច​គាំទ្រ​ជំហរ​លោក​ហ៊ុន សែន​អំពី​សមុទ្រ​ចិន​ខាងត្បូង


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅក្នុង​សន្និសីទ​សន្តិសុខ​ Xiangshan Forum លើក​ទី​៦ ទៅ​កាន់​អ្នក​វិភាគ មេដឹកនាំ​យោធាន​និង​មេដឹកនាំ​ផ្សេង​ទៀត​​ពី​ទូទាំង​ពិភពលោក​ដែល​ពិភាក្សា​គ្នា​អំពី​សន្តិសុខ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ទី​ក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​សុក្រ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៥។ (AP Photo/Ng Han Guan)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅក្នុង​សន្និសីទ​សន្តិសុខ​ Xiangshan Forum លើក​ទី​៦ ទៅ​កាន់​អ្នក​វិភាគ មេដឹកនាំ​យោធាន​និង​មេដឹកនាំ​ផ្សេង​ទៀត​​ពី​ទូទាំង​ពិភពលោក​ដែល​ពិភាក្សា​គ្នា​អំពី​សន្តិសុខ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ទី​ក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​សុក្រ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៥។ (AP Photo/Ng Han Guan)

ការ​ខកខាន​លើក​ចុងក្រោយ​​ និង​ការ​ខកខាន​លើក​មុនអំពី​ការ​ចេញ​សេចក្តី​ថ្លែង​ការ​រួម​របស់​អាស៊ាន​ ត្រូវ​បណ្តាញ​ព័ត៌មាន​រាយ​ការណ៍​ថា​ កើតមាន​ដោយ​សារ​សម្ពាធ​ពី​ប្រទេស​ចិន។​ តែ​កម្ពុជា​ប្រតិកម្ម​ចំពោះ​ការ​ចោទ​ប្រកាន់​ទាំង​នោះ​ ដោយ​លើក​ឡើង​ថា​ ជា​រឿង​អយុត្តិ​ធម៌។

គណបក្ស​គ្រប់គ្រង​ប្រទេស​កម្ពុជា​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បន្ទរ​តាម​ជំហររបស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ទាក់​ទង​នឹង​ជម្លោះនៅដែន​សមុទ្រ​ចិន​ខាង​ត្បូង​ ទាក់ទង​នឹង​សេចក្តី​ថ្លែង​ការណ៍​រួម​និង​ការ​មិន​គាំទ្រ​ដល់​សាល​ដីកា​របស់​តុលាការ​អន្តរ​ជាតិ​មួយ​ពាក់​ព័ន្ធ​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។​ ​គណ​បក្ស​ប្រជាជន​កម្ពុជា​យក​គោល​ការណ៍​មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​សមាជិក​អាស៊ាន​ដទៃ។​

គោល​ការណ៍​មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​សមាជិក​អាស៊ាន​ដទៃ​មាន​ន័យ​ថា​ ទុក​ឲ្យ​ប្រទេស​ដែល​មាន​ជម្លោះ​រឿង​ដណ្តើម​កម្ម​សិទ្ធិ​នៅ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​នីមួយៗ​ក្នុង​ប្លុក​នេះ​ ដោះ​ស្រាយ​តាម​រយៈ​ទ្វេភាគី​ដោយ​ផ្ទាល់​ជាមួយ​ចិន។​ ការ​ប្រកាន់​ជំហរ​យ៉ាង​ដូច្នេះ​របស់​កម្ពុជា​អាច​ធ្វើ​ឲ្យ​អាស៊ាន​ទាំង​មូល​គ្មាន​សាមគ្គីភាព ​និង​គ្មាន​ការ​មូលមតិ​គ្នា ​ហើយ​ធ្វើ​ឲ្យ​អាស៊ាន​ទាំងមូល​មិន​អាច​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា​បាន។​ នេះ​ជា​ជំហរ​ដែល​ចិនចង់​បានគឺ​ការ​ដោះស្រាយ​បញ្ហា​ទ្វេ​ភាគី។​

សេចក្តី​រាយ​ការណ៍​បណ្តាញ​ព័ត៌មាន​បរទេស​នានា​បាន​និយាយ​ថា​ សមាគម​អាស៊ាន​បាន​យល់​ព្រម​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួមគ្នា​ក្រោយ​ពីកិច្ច​ប្រជុំ​ក្រុមរដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ជា​មួយ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ កាលពី​សប្តាហ៍​មុន​នៅ​ គុនមីង​ (Kunming) ​ប្រទេស​ចិន។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​បាន​រាយ​ការណ៍​ថា ​នៅ​នាទី​ចុង​ក្រោយ​ ​ប្រទេស​កម្ពុជា​ ឡាវ ​ហើយនឹង​ភូមា​ ដែលគេ​ដឹង​ថា​ ស្និទ​នឹង​ប្រទេស​ចិន​ ហើយ​ទទួល ជំនួយ​ពីចិន​ជាច្រើន​ដើម្បី​ការ​អភិវឌ្ឍ​ប្រទេស​នោះ​ បាន​ប្តូរជំហរ​របស់​ខ្លួន​វិញ​ ដែល​ធ្វើ​ឲ្យ​ការចេញ​សេចក្តី​ថ្លែង​ការណ៍​រួម ដែល​តែង​តែ​ធ្វើរួមគ្នា​ជាច្រើន​ទសវត្សរ៍​មក​នោះ​ ត្រូវ​ខក​ខាន​ ​ដូចកាល​ពីឆ្នាំ​២០១២​ដែរ​ ​នៅពេល​កម្ពុជា​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។​ ការ​ខកខាន​លើក​ចុងក្រោយ និង​ការ​ខកខាន​លើក​មុន​នោះ​ ត្រូវ​បណ្តាញ​ព័ត៌មាន​រាយ​ការណ៍​ថា​ កើតមាន​ដោយ​សារ​សម្ពាធ​ពី​ប្រទេស​ចិន។​ តែ​កម្ពុជា​ប្រតិកម្ម​ចំពោះ​ការ​ចោទ​ប្រកាន់​ទាំង​នោះ​ ដោយ​លើក​ឡើង​ថា​ ជា​រឿង​អយុត្តិ​ធម៌។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​បញ្ជាក់​ជំហរ​កម្ពុជា​ជាថ្មី​បន្ថែម​ទៀត​ថា​ បញ្ហា​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាងត្បូង​ជា​បញ្ហា​ជម្លោះ​ទ្វេភាគី ​មិនមែន​ជា​បញ្ហា​អាស៊ាន​ទេ។ ​លោក​ថា​ ជំហរ​កម្ពុជា​តាំងពី​ដើម​ទី​ គឺ​ប្រើ​ប្រាស់​យន្តការ​អាស៊ាន-ចិន ​ដើម្បី​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​គឺ​សេចក្តី​ថ្លែង​ការណ៍​ភាគី​សមុទ្រ​ចិន​ខាងត្បូង​ DOC ​និង​ការ​ខិតខំ​រវាង​អាស៊ាន​និង​ចិន​បង្កើត​ឲ្យ​ចេញ​នូវ​ក្រម​ប្រតិបត្តិ​ដែល​ហៅ​ថា​ COC ​ហើយ​នឹង​ចុង​ក្រោយ​គឺ​ប្រទេស​ដែល​មាន​បញ្ហា​ជាមួយ​គ្នា​គឺ​ត្រូវ​ដោះស្រាយ​បញ្ហា​ជាមួយ​គ្នា។

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​ជា​ប្រធាន​ផង​នោះ​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​បន្ថែម​ថា៖​

«ក្នុង​នាម​ជា​សមាជិក​អាស៊ាន​ កម្ពុជា​គោរព​គោល​ការណ៍​មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង ​ស្មារតី​សហគមន៍​ (គោល​ការណ៍​មូលមតិ​គ្នា) ​សមាហរណ​កម្ម​សេដ្ឋ​កិច្ច ​ការ​អភិវឌ្ឍ ​និង​ការ​ត​ភ្ជាប់​និង​ការ​ប្រើប្រាស់​អាស៊ាន​ជា​ច្រក​ការទូត​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​តំបន់​និង​ក្នុង​ពិភព​លោក»។​

នាយក​រដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន (ឆ្វេង) និង​ប្រធានាធិបតី​ចិន លោក ហ្ស៊ី ជីនពីង (ស្តាំ) ចាប់​រលាក់ដៃគ្នា​មុន​បើក​ពិធី​នៅ​ឯ​សន្និសីទ​«អន្តរសកម្មភាព​និង​វិធានការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី»​ហៅ​កាត់​ថា​ CICA ក្នុង​ទីក្រុង​ស៊ៀងហៃ​ នៅ​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤។
នាយក​រដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន សែន (ឆ្វេង) និង​ប្រធានាធិបតី​ចិន លោក ហ្ស៊ី ជីនពីង (ស្តាំ) ចាប់​រលាក់ដៃគ្នា​មុន​បើក​ពិធី​នៅ​ឯ​សន្និសីទ​«អន្តរសកម្មភាព​និង​វិធានការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី»​ហៅ​កាត់​ថា​ CICA ក្នុង​ទីក្រុង​ស៊ៀងហៃ​ នៅ​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤។

សេចក្តី​ថ្លែង​ការណ៍​កាលពី​ល្ងាច​ថ្ងៃពុធ​ដដែល​បាន​បញ្ជាក់​ពី​ឯករាជ្យ​ភាព​ និង​អព្យាក្រិត្យ​ភាព​របស់​កម្ពុជា​ ហើយ​បានបដិសេធ​ការចោទ​ប្រកាន់​ដែល​ថា​ កម្ពុជា​ជា​អ្នក​បំផ្លាញ​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​អាស៊ាន​ ទាំង​នៅ​ទីក្រុង​គុនមីង​ ប្រទេស​ចិន ​និង​នៅភ្នំពេញ​ក្នុង​ឆ្នាំ​២០១២។​ សេចក្តី​ថ្លែង​ការណ៍នេះ​ក៏​បាន​សង្កត់ធ្ងន់​ដែរ​ថា​ កម្ពុជា​មិន​ចូលរួម​ចេញ​សេចក្តី​ថ្លែង​ការណ៍​ណា​មួយ ​ដែល​គាំទ្រ​ដល់​សាល​ដីកា​របស់​តុលាការ​មជ្ឈត្តការ​ពាក់ព័ន្ធ​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ។​

ទាំង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ទាំង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​អះអាង​ជា​ឯកតោ​ភាគី​ថា​ ប្រទេស​កម្ពុជា​បាន​ដើរ​តួនាទី​យ៉ាងល្អ​ក្នុង​ការ​សម្រប​សម្រួល​លើ ​បញ្ហា​សមុទ្រចិន​ខាងត្បូង​ ដើម្បី​រក្សា​សាមគ្គី​ភាព ​និង​សុខុដម​រមនា​ក្នុង​ទំនាក់​ទំនង​អាស៊ាន​ចិន។​

ថ្វីដ្បិត​តែ​ជំហរ​កម្ពុជា​ពេលនេះ​ត្រូវគេ​ឃើញ​ថា​ ហាក់ដូច​ជា​ងាក​បែរ​ចេញ​ពី​វៀតណាម​ដែល​ជាមិត្ត​ដ៏​យូរលង់​របស់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ផង​ និង​មាន​ជំហរ​ផ្ទុយ​ពី បណ្តា​ប្រទេស​អាស៊ាន​ដែល​ចង់ដោះ​ស្រាយ​បញ្ហា​ដោយ​ពហុភាគី​ឬ​តាម​រយៈ​អាស៊ាន​ទាំង​មូល​ផងក្តី​ តែ​ជំហរ​កម្ពុជា​នេះ​ស្រប​នឹង​អ្វីដែល​ចិន​ចង់​បាន។​

លោក​យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​អះអាង​ថា​ គណបក្សរបស់​លោក​កំពុង​ពិនិត្យ​មើល​ពីរឿង​នេះ ​ហើយ​លោក​ពុំទាន់​អាច​ធ្វើ​អត្ថាធិប្បាយ​អ្វី​នៅ​ឡើយ​ទេ​ ​នៅ​ពេល​នេះ។​

តែយ៉ាង​ណា​ក៏ដោយ​ លោក​កែម ឡី ​អ្នក​វិភាគ​សង្គមមួយរូប​ បាន​អះអាង​ថា ​ជំហរ​កម្ពុជា​ងាក​បែរ​ផ្តាច់មុខ​ទៅ​រក​ចិន ​ហើយ​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍ពី​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​គឺដោយ​សារ​អ្វី​មួយ​ដែល​លោកកែម ឡី​អះអាង​ថា​នៅ​ក្នុង​គណបក្ស​ប្រជាជន​មាន​មន្ត្រី​មួយ​ចំនួន​ក៏គាំទ្រ​វៀតណាម​ដែរ។​

«ទី១​ ខ្ញុំយល់​ឃើញ​ថា​ ប្រទេស​យើង​កំពុង​តែស៊ី​ឈ្នួលចិន​ ដោយសារ​តែ​យើង​ចង់​ធានា​អំណាច​រដ្ឋ​បាន​យូរអង្វែង​ដោយ​ខ្លួន​ឯង​ ហើយ​យើង​សុខចិត្ត​ស៊ី​ឈ្នួល​ចិន​ម្តង​ទៀត​ មិនខុស​ពីមុន​ឆ្នាំ​១៩៧៥ ​ពួក​តំបន់​រំដោះ​មួយ​ចំនួន...​ ហើយ​ក្រោយ​ឆ្នាំ​១៩៧៥​ សុខចិត្ត​ស៊ីឈ្នួល​ចិន​ដើម្បី​ធ្វើឲ្យ​មាន​បញ្ហា​ផ្ទៃក្នុង​ប្រទេស​កម្ពុជា។​ ទី​២​ ខ្ញុំមើល​ឃើញ​ជា​ធម្មតាទេ​ នៅក្នុង​រដ្ឋាភិបាល​ក៏ដូច​នៅក្នុង​គណ​បក្សកាន់​អំណាច​មាន​អ្នក​គាំទ្រ​នាយក​រដ្ឋ​មន្ត្រី ​ហើយ​ក៏អាច​មាន​អ្នក​គាំទ្រ​យួន​ដែរ»។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ថ្ងៃនេះ​បាន​អះអាង​ថា​ រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា​គឺ​លោក​ប្រាក់ សុខុន​បាន​បំពេញ​ទស្សន​កិច្ច​ក្នុង​ប្រទេស​វៀតណាម​ចាប់ពី​ថ្ងៃទី​២១​ដល់​២៣​មិថុនា​ដើម្បី​រឹត​ចំណង​ទាក់ទង​ទ្វេភាគី​គ្រប់​ជ្រុង​ជ្រោយ​រវាង​ប្រទេស​ទាំងពីរ​ ដើម្បី​សន្តិភាព ​ស្ថិរភាព ​និង​ការ​អភិវឌ្ឍ។​

លោក​កែម ឡី​ ដែល​មិនចង់​ឃើញ​កម្ពុជា​មាន​ជំហរ​ផ្កាប់មុខ​ទៅ​ប្រទេស​ណាមួយ ដែល​ខុស​នឹង​រដ្ឋធម្មនុញ្ញ​នោះ​ បាន​ពន្យល់​ថា​ កម្ពុជា​នឹង​អាច​ការពារអំណាច​បាន​ក្នុង​ការ​ងាក​បែរ​ទៅ​ចិន​នោះ​ តែមិន​ធ្វើ​ឲ្យ​ពលរដ្ឋ​ និង​សេដ្ឋកិច្ច​រីក​ចម្រើន​ទេ ​ដោយសារ​តែ​បស្ចឹម​ប្រទេស​ដែល​បាន​រំដោះ​កម្ពុជា​ឲ្យរួចពីកុម្មុយនិស្ត​នឹង​មិន​អនុញ្ញាត​ឲ្យ​កម្ពុជា​ធ្លាក់​ចូល​ទៅ​ក្នុង​របប​កុម្មុយនិស្ត​ជាថ្មី​ទៀត​ទេ។​

ក្នុង​សមាគមអាស៊ាន​១០​ប្រទេស​ មាន​ប្រទេស​ចំនួនបួនដែល​មាន​ជម្លោះ​ដណ្តើម​កម្ម​សិទ្ធិ​ពីការ​គ្រប់គ្រង​របស់​ចិន​ក្នុង​តំបន់​ដែល​ជា​ច្រក​សេដ្ឋកិច្ច​ពិភព​លោក​ដ៏​ធំ​នោះ។ ​ប្រទេស​ទាំង​បួន​នេះ​មាន វៀតណាម ​ហ្វីលីពីន​ ដែល​ប្តឹង​តុលាការ​អន្តរជាតិ​កាលពី​ឆ្នាំ​២០១៣អំពី​បញ្ហានេះ​ និង​ប្រទេស​ម៉ាឡេស៊ី ​ហើយនឹង​ប្រ៊ុយណេ ​ដែល​ចង់​ឲ្យ​មាន​ការ​ដោះស្រាយ​តាម​ក្រប​ខណ្ឌ​ពហុភាគី​ ឬ​ក្រប​ខណ្ឌ​អាស៊ាន៕

XS
SM
MD
LG