នៅលើឆាកពិសេសមួយនៅខេត្តកណ្តាលគ្រូរបាំដែលពាក់ខ្មុកបានសម្តែងសិល្បៈបុរាណមួយគឺល្ខោនខោល។
នៅប្រទេសកម្ពុជាសព្វថ្ងៃមានគ្រូរបាំល្ខោនខោលសល់ពីសម័យ ប៉ុល ពត តែប្រាំនាក់ប៉ុណ្ណោះដែលកំពុងព្យាយាមផ្ទេរចំណេះដឹងខាងរបាំល្ខោនខោលដល់ក្មេងជំនាន់ក្រោយ បន្ទាប់ពីរបាំនេះត្រូវបានលុបបំបាត់ស្ទើរតែទាំងស្រុងដោយពួកខ្មែរក្រហមនៅទសវត្សរ៍១៩៧០។
គ្រូរបាំនេះនៅក្នុងក្រុមសិល្បៈល្ខោនខោលវត្ដស្វាយអណ្តែត។ កាលពីខែវិច្ឆិកាឆ្នាំ២០១៨ ល្ខោនខោលត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូដែលតម្រូវឲ្យមានការការពារជាបន្ទាន់។
សិល្បៈល្ខោនខោលខ្មែរចំណាស់ច្រើនសតវត្សរ៍មកហើយនេះ មានចារនៅលើជញ្ជាំងប្រាសាទអង្គរ។ អ្នករាំល្ខោនខោលច្រើនជាបុរស ទាំងតួប្រុស ទាំងតួស្រី។ ចំណេះដឹងអំពីសិល្បៈល្ខោនខោលត្រូវបានបង្រៀនតៗគ្នាពីឪពុកទៅកូនដោយការនិយាយប្រាប់។
កំឡុងរបបខ្មែរក្រហមពីឆ្នាំ១៩៧៥ដល់១៩៧៩ សិល្បករ សិល្បការិនី តន្ត្រីករ និងអ្នកផលិតខ្សែភាពយន្តជាច្រើនត្រូវបានសម្លាប់ក្នុងចំណោមរងគ្រោះរវាងពី១លាន៧សែននាក់ទៅ២លាន២សែននាក់ក្នុងអំពើប្រល័យពូជសាសន៍។
ក្នុងចំណោមសិល្បៈល្ខោនខោល៨ក្រុម មានតែក្រុមសិល្បៈល្ខោនខោលវត្តស្វាយអណ្តែតមួយទេដែលនៅសល់ក្រោយសម័យខ្មែរក្រហម។
លោក ស៊ុន រិទ្ធី អាយុ៤៨ឆ្នាំឆ្នាំជាគ្រូបង្ហាត់និងជាអ្នកសម្តែងម្នាក់នៅក្រុមសិល្បៈល្ខោនខោលវត្តស្វាយអណ្តែត។ លោកកំពុងព្យាយាមផ្ទេរចំណេះដឹងឲ្យទៅក្មេងជំនាន់ក្រោយ។
លោកនិយាយថា៖ « ជីដូនជីតារបស់ខ្ញុំបានថែរក្សាល្ខោនខោលបន្តពីជីតារបស់គាត់។ ឥឡូវនេះដល់វេនខ្ញុំត្រូវខំបង្រៀនកូនសិស្សដើម្បីកុំឲ្យសិល្បៈនេះបាត់បង់»។
លោកបន្ថែមថា ជីតានិងឪពុករបស់លោកជាអ្នករាំល្ខោនខោលនៃក្រុមសិល្បៈដែលមានសមាជិកជាង២០នាក់ ដែលមានអ្នករាំនិងក្មេងៗអាយុរវាងពី៦ឆ្នាំទៅ១៥ឆ្នាំ។
លោក ស៊ុន រិទ្ធី ដែលបានរៀនរាំល្ខោនខោលតាំងពីអាយុ១៤ឆ្នាំបានឲ្យដឹងថា៖ «នៅសម័យខ្មែរក្រហម ខ្ញុំនៅក្មេង។ គេមិនឲ្យរៀនរាំងទេ ដូននេះល្ខោនខោលត្រូវសាបសូន្យ»។
លោក ស៊ុន រិទ្ធី និងគ្រូរបាំបួននាក់ទៀតមានភារកិច្ចសំខាន់មួយគឺបង្រៀនកូនសិស្សវ័យក្មេង៦ម៉ោងក្នុងមួយថ្ងៃពីរថ្ងៃក្នុងមួយសប្តាហ៍ដោយសង្ឃឹមថា ពួកគេនឹងបន្តថែរក្សាកេរតំណែលល្ខោនខោលតទៅទៀត។
កូនសិស្សម្នាក់ឈ្មោះ ពុម មេត្តា អាយុ១១ឆ្នាំបាននិយាយររៀបរាប់ដោយរំភើពអំពីចលនាក្បាច់រាំល្ខោនខោល ដោយនិយាយថា «ដំបូងខ្ញុំរៀនពត់ដៃនិងជើងរបស់ខ្ញុំ ហើយបន្ទាប់មកខ្ញុំបានរៀនក្បាច់រាំជាតួយក្សកាន់ដំបង»។
គ្រូបង្ហាត់និងកូនសិស្សកំពុងខិតខំប្រឹងប្រែងត្រៀមទៅសម្តែងនៅតាមទីក្រុងផ្សេងៗ រួមមានរាជធានីភ្នំពេញនិងខេត្តសៀមរាប។
ក្រុមសិល្បៈល្ខោនខោលថ្មីក្រុមពីរទៀតក៏ត្រូវបានបង្កើតឡើងផងដែរនៅខេត្តកំពង់ធំនិងនៅសាលមហោស្រពជាតិ ខណៈរបាំនេះត្រូវបានបង្រៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ៕