ព្រឹត្តិការណ៍កម្ពុជាសំខាន់ខ្លះៗក្នុងឆ្នាំ២០១៨ តាមរយៈរូបភាព
ខែមករា
រាជធានីភ្នំពេញ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨
គ្រឿងអលង្ការធ្វើពីមាសនិងសំរិទ្ធិតាំងពីសម័យអង្គរ ត្រូវបានប្រគល់ឲ្យប្រទេសកម្ពុជាវិញ ដោយក្រុមហ៊ុនមួយនៅចក្រភពអង់គ្លេស។ គ្រឿងអលង្ការមួយចំនួន ត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរជាតិ ចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០១៨។
(រូបថតដោយ ទុំ ម្លិះ នៃ វីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨
ប្រទេសកម្ពុជា និងប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយនិងកញ្ចប់វិនិយោគសរុបចំនួន១៩ ក្នុងពិធីចុះហត្ថលេខាពង្រឹងទំនាក់ទំនងរបស់ប្រទេសទាំងពីរ នៅពេលប្រទេសកម្ពុជាងាកចេញឆ្ងាយពីប្រទេសលោកខាងលិចដែលផ្តល់ជំនួយ។ កិច្ចព្រមព្រៀងនេះរួមមានកិច្ចព្រមព្រៀងរវាងសារជីវកម្មវិនិយោគបរទេសនៅកម្ពុជា Overseas Cambodia Investment Corporation និងធនាគារអភិវឌ្ឍន៍ចិន China Development Bank សម្រាប់ការផ្តល់ប្រាក់កម្ចីធ្វើអាកាសយានដ្ឋានថ្មីនៅសៀមរាប និងកិច្ចព្រមព្រៀងមួយទៀតដើម្បីធ្វើផ្លូវ highway ល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុ ដែលជាបណ្តុំវិនិយោគទុនរបស់ចិន។
(រូបថតឯកសារដោយ AP)
រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨
របាយការណ៍ដែលមានចំណងជើងថា «សេរីភាពក្នុងពិភពលោកឆ្នាំ២០១៨៖ លទ្ធិប្រជាធិបតេយ្យកំពុងជួបវិបត្តិ» ឬ Freedom in the World 2018: Democracy in Crisis បានបង្ហាញថា ឆ្នាំ២០១៧ គឺជាឆ្នាំទី១២ហើយ ដែលសេរីភាពនៅជុំវិញពិភពលោក បានធ្លាក់ចុះជាប់ៗគ្នារហូតក្នុងរយៈពេលជាង១ទសវត្សរ៍មកនេះ។ ក្នុងនោះ ប្រទេសចំនួន៧១រួមទាំងកម្ពុជាផង ក្នុងចំណោមប្រទេស១៩៥នៅលើពិភពលោក បានទទួលរងការធ្លាក់ចុះនូវសិទ្ធិនយោបាយនិងសេរីភាពរបស់ពលរដ្ឋ ហើយប្រទេសតែ៣៥ប៉ុណ្ណោះ ដែលមានការកើនឡើងខាងសិទ្ធិសេរីភាពនេះ។
(រូបថតដោយ ខាន់ សុគុំមនោ នៃ វីអូអេ)
ឃុំរកា ខេត្តបាត់ដំបង ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨
កាលពីចុងឆ្នាំ២០១៤ មានករណីផ្ទុះការឆ្លងមេរោគអេដស៍ដ៏ច្រើននៅក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានអ្នកភូមិជិត៣០០នាក់បានឆ្លងមេរោគអេដស៍។ នៅបីឆ្នាំក្រោយមក អ្នកបានឆ្លងមេរោគអេដស៍២៩នាក់បានស្លាប់ ហើយសព្វថ្ងៃនេះ អ្នកនៅរស់រានកំពុងប្រឈមបញ្ហាជីវភាពធ្ងន់ធ្ងរ។
(រូបថតដោយ ស៊ុន ណារិន នៃ វីអូអេ)
ខេត្តសៀមរាប ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨
ភ្ញៀវទេសចរនាំគ្នាទស្សនាប្រាង្គប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ដ៏ធំមួយរបស់ប្រទេសកម្ពុជា។ នៅខែមករានេះ ក្រសួងទេសចរណ៍ និងអាជ្ញាធរអប្សរា បានឲ្យដឹងថា ចំនួនទេសចរដែលមកទស្សនាប្រទេសកម្ពុជា បានកើនឡើងដល់ទៅ៥លាន៦សែននាក់ នៅក្នុងឆ្នាំ២០១៧ គឺកើនជិត១២ភាគរយធៀបនឹងឆ្នាំមុន ហើយបានទាញយកចំណូលរួមដែលមានប្រមាណ ៣,៦ ពាន់លានដុល្លារសហរដ្ឋអាមេរិក គឺកើនប្រមាណ១៣ភាគរយធៀបនឹងឆ្នាំ២០១៦។
(រូបថតឯកសារដោយ AP)
ខែកុម្ភៈ
រាជធានីភ្នំពេញ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨
មេធាវីម្នាក់របស់លោក កឹម សុខា បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅក្រៅសាលាឧទ្ធរណ៍ បន្ទាប់ពីសវនាការសុំនៅក្រៅឃុំរបស់លោក កឹម សុខា បានបញ្ចប់។ សាលាឧទ្ធរណ៍បានសម្រេចបន្តឃុំខ្លួនលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិទៅតាមសេចក្តីសម្រេចរបស់តុលាការភ្នំពេញ បើទោះជាក្រុមមេធាវីរបស់លោក កឹម សុខា បញ្ជាក់ថា អតីតប្រធានគណបក្សប្រឆាំងរូបនេះកំពុងមានជំងឺដែលចាំបាច់ត្រូវព្យាបាលនៅក្រៅពន្ធនាគារក៏ដោយ។
(រូបថតដោយលោក អូន ឆេងប៉រ នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិប្រកាស បានថ្លែងនៅក្នុងពិធីសន្និបាទសរុបកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គមប្រចាំឆ្នាំ២០១៧ ថា ការរំលាយគណបក្សសង្គ្រោះជាតិ និងការចាប់ខ្លួនអតីតប្រធានគណបក្សនេះដាក់ពន្ធនាគារ គឺជាជោគជ័យដ៏ធំធេងដែលនគរបាលជាតិកម្ពុជាសម្រេចបានក្នុងឆ្នាំ២០១៧ ដើម្បីរក្សាសុខសន្តិភាពជូនប្រជាជនកម្ពុជា។
(រូបថតដោយលោក អូន ឆេងប៉រ នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨
ស្ត្រីសកម្មជនដីធ្លីនៅតំបន់បឹងកក់ ជួបជុំគ្នាតវ៉ាឲ្យមានការដោះលែងអ្នកស្រី ទេព វន្នី ឲ្យនៅក្រៅឃុំ បន្ទាប់ពីតុលាការដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនអ្នកស្រីកាលពីខែសីហា ឆ្នាំ២០១៦។ នៅថ្ងៃពុធនេះ តុលាការកំពូលបានសម្រេចតម្កល់សាលដីការបស់តុលាការភ្នំពេញ ដែលបានកាត់ទោសអ្នកស្រី ទេព វន្នី សកម្មជនដីធ្លីនាំមុខនៅសហគមន៍បឹងកក់ ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និង៦ខែ។
(រូបថតឯកសារដោយលោក ហ៊ុល រស្មី នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨
លោក Carl C. Risch ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការកុងស៊ុល ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅរាជធានីភ្នំពេញ បន្ទាប់ពីលោកបានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសកម្ពុជាដោយបានជួបពិភាក្សាជាមួយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្រោយបញ្ចប់កិច្ចប្រជុំបិទទ្វាររវាងលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក Carl C. Risch កម្ពុជាបានឯកភាពតាមការស្នើក្នុងការបន្តអនុវត្តការធ្វើមាតុភូមិនិវត្តន៍ជនជាតិខ្មែរពីសហរដ្ឋអាមេរិកមកវិញ។
(រូបថតដោយលោក អូន ឆេងប៉រ នៃវីអូអេ)
ខេត្តកោះកុង ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨
លោក ឌឹម គុនឌី (ឆ្វេង) និងលោក ហ៊ុន វណ្ណៈ (ស្តាំ) រួមទាំងក្រុមគ្រួសារ ថតរូបនៅមុខសាលាដំបូងខេត្តកោះកុង បន្ទាប់ពីអ្នកទាំងពីរ ដែលជាសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ ត្រូវបានតុលាការខេត្តដោះលេងឲ្យនៅក្រៅឃុំ។ សកម្មជនទាំងពីររូបត្រូវបានឃុំខ្លួន និងបានរងការចោទប្រកាន់ពីបទ «ប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល» និង «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ហើយដែលបានទទួលការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួនមួយឆ្នាំកាលពីចុងខែមករាឆ្នាំ ២០១៨ តែទោសរបស់ពួកគេត្រូវបានព្យួរ។
(រូបថតផ្តល់ឲ្យដោយ CCHR)
អូស្ត្រាលី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨
ភរិយាលោក កែម ឡី អ្នកស្រី ប៊ូ រចនា និងកូនៗ បន្ទាប់ពីបានទៅដល់ប្រទេសអូស្រ្តាលី ក្រោយពីទទួលបានសិទ្ធិជ្រកកោន។ អ្នកស្រី រចនា និងកូនទាំងប្រាំនាក់ បានភៀសខ្លួនទៅរស់នៅបណ្តោះអាសន្ននៅប្រទេសថៃរយៈពេលជិត១៨ខែ បន្ទាប់ពីស្វាមីរបស់អ្នកស្រី គឺលោកបណ្ឌិត កែម ឡី ត្រូវបានឃាតករធ្វើឃាតនៅកណ្តាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
(រូបថតដោយ SK Media Inc.)
រាជធានីភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨
ប្រទេសអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានផ្អាកទិដ្ឋាការអាទិភាពសម្រាប់ការធ្វើដំណើរឯកជនដោយសមាជិករដ្ឋាភិបាលកម្ពុជា រួមទាំងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បន្ទាប់ពីការបង្ក្រាបរបស់រដ្ឋាភិបាលកម្ពុជាលើគណបក្សប្រឆាំង សង្គមស៊ីវិលនិងបណ្តាញព័ត៌មានឯករាជ្យ។
(រូបថតឯកសារដោយ Reuters)
រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨
មន្ត្រីក្រុមប្រឹក្សាសង្កាត់មួយរូប កំពុងបោះឆ្នោតនៅការិយាល័យបោះឆ្នោតព្រឹទ្ធសភាមួយកន្លែងនៅក្រុងភ្នំពេញ។ ការបោះឆ្នោតព្រឹទ្ធសភាសម្រាប់នីតិកាលទី៤ ឆ្នាំ២០១៨នេះ ត្រូវបានធ្វើឡើងដោយគ្មានការប្រកួតប្រជែងពីគណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយកាលពីឆ្នាំ២០១៧។ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានឈ្នះអាសនៈទាំងអស់នៅព្រឹទ្ធសភា។ ជ័យជម្នះគណបក្សប្រជាជនក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បង្ហាញជាផ្លូវការថា គណបក្សកាន់អំណាចកាន់កាប់ស្ថាប័នរដ្ឋម្នាក់ឯង។
(រូបថតដោយលោក អូន ឆេងប៉រ នៃវីអូអេ)
វ៉ាស៊ីនតោន ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨
បន្ទាប់ពីការបោះឆ្នោតព្រឹទ្ធសភាឆ្នាំ២០១៨ បានប្រព្រឹត្តទៅដោយគណបក្សប្រជាជនកម្ពុជារបស់លោកនាករដ្ឋមន្ត្រី ហ៊ុន សែន បានឈ្នះភ្លូកទឹកភ្លូកដីមក នៅថ្ងៃទី២៧ ខែកុម្ភៈ រដ្ឋាភិបាលអាមេរិកបានសម្រេចកាត់ជំនួយទៅកម្ពុជា គឺកម្មវិធីជំនួយរបស់ក្រសួងរតនាគារ កម្មវិធីជំនួយអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (USAID) និងជំនួយយោធា។ បើតាមទីភ្នាក់ងារ AFP រាយការណ៍ឱ្យដឹងថា ជំនួយដែលត្រូវប៉ះពាល់មានទឹកប្រាក់ប្រហែល៨,៣លានដុល្លារ។
(រូបថតដោយ Reuters)
ខែមីនា
អូស្ត្រាលី ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨
ពលរដ្ឋខ្មែរអូស្រ្តាលី បាននាំគ្នាដុតរូបរបស់លោក ហ៊ុន សែន ហើយលោក ហ៊ុន សែន បានប្រាប់ឲ្យអ្នកដុតរូបរបស់លោក ប្តូរទៅដុតរូបនាគ ឬវាយកម្ទេចរូបនាគនៅតាមវត្តអារាមនានាវិញ។
(រូបថតដោយ SK Media Inc.)
រាជធានីភ្នំពេញ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨
លោក យឹង យន (ស្តាំទី២) ច្រៀងនៅមុនពេលមានសនិ្នសីទកាសែតមួយ នៅរាជធានីភ្នំពេញ។ លោក យឹង យន បានទទួលការឧបត្ថម្ភពីរដ្ឋាភិបាលអាមេរិក ដើម្បីផ្សព្វផ្សាយអំពីសហរដ្ឋអាមេរិក តាមរយៈបទចម្រៀង និងតន្ត្រីរបស់លោក។
(រូបថតដោយ Reuters)
រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨
អ្នកស្រី រ៉ូណា ស្មីត (ឆ្វេង) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ធ្វើសន្និសីទព័ត៌មាន អំពីស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជា ក្នុងទីក្រុងភ្នំពេញ ដោយបានលើកឡើងថា កម្ពុជាបានមកដល់ផ្លូវបំបែក ហើយលទ្ធិប្រជាធិបតយ្យនឹងកាន់តែធ្ងន់ធ្ងរបើគ្មានបក្សប្រឆាំងចូលរួមការបោះឆ្នោត។
(រូបថតដោយលោក ហ៊ុល រស្មី នៃវីអូអេ)
ខេត្តកំពង់ស្ពឺ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨
ទាហានកម្ពុជានិងទាហានចិន ចូលរួមសមយុទ្ធយោធារួមគ្នានៅខេត្តកំពងស្ពឺ ដែលផ្តោតលើការប្រឆាំងអំពើភេរវកម្ម និងការជួយសង្គ្រោះដែលបង្ហាញពីចំណងទាក់ទងយ៉ាងរឹងមាំរវាងប្រទេសទាំងពីរ ចំពេលទំនាក់ទំនងរវាងប្រទេសកម្ពុជានិងស.រ.អា.មានសភាពតឹងតែង។
(រូបថតដោយ Reuters)
ខេត្តកំពង់ធំ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨
យុវជនកម្ពុជាកំពុងលេងកីឡាបេស្បលនៅទីលានមួយ ក្នុងឃុំបល្ល័ង ភូមិដូងស្រុកបារាយណ៍ ខេត្តកំពង់ធំ។ កីឡាបេស្បលត្រូវបានបង្កើតឡើងជាលើកដំបូងបង្អស់នៅកម្ពុជាក្នុងឆ្នាំ២០០២ នៅក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដោយលោក Joe Cook ជនជាតិខ្មែរអាមេរិកាំង។
(រូបថតដោយកញ្ញា ទុំ ម្លិះ នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨
លោក Ayumi «Sanoizm» Chisolm អ្នកជំនាញគូរគំនូលើជញ្ជាំងនៃកម្មវិធីកម្រិតបន្ទាប់ Next Level និងជាគ្រូបង្រៀនម្នាក់ផងដែរ កំពុងគូររូបអ្នកនាង កាក់ ចន្ធី តារាចម្រៀងរ៉ក់ខេនរ៉ូលខ្មែរ ដែលទើបតែបាត់បង់ជីវិតកាលពីថ្ងៃទី២០ ខែមីនាកន្លងទៅ ក្នុងសន្និសីទបើកកម្មវិធី Next Level។
(រូបថតដោយកញ្ញា ទុំ ម្លិះ នៃវីអូអេ)
ខែមេសា
រាជធានីភ្នំពេញ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨
យុវជនកម្ពុជាអាយុចាប់ពី១៣ដល់២៣ឆ្នាំ កំពុងហាត់រាំ Hip Hop រយៈពេលពីរសប្តាហ៍ជាមួយអ្នកសិល្បៈមួយក្រុមមកពីសហរដ្ឋអាមេរិក នៅក្នុងមជ្ឈមណ្ឌលច្នៃប្រឌិត Factory Phnom Penh។
(រូបថតដោយកញ្ញា ទុំ ម្លិះ នៃវីអូអេ)
ខេត្តឧត្តរមានជ័យ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨
អ្នកស្រី អ៊ឹម ចែម អតីតកម្មាភិបាលខ្មែរក្រហម ដែលបានចូលសាសនាគ្រិស្តកាលពីខែមករា ឆ្នាំ២០១៨ បានផ្តល់បទសម្ភាសន៍ដល់ VOA នៅផ្ទះរបស់អ្នកស្រីនៅក្នុងភូមិអូរអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
(រូបថតដោយលោក ស៊ុន ណារិន នៃវីអូអេ)
ខេត្តសៀមរាប ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨
នាយករដ្ឋមន្រ្តីនៃបណ្តាប្រទេសជាប់ទន្លេមេគង្គ រួមមានថៃ ឡាវ កម្ពុជា និងវៀតណាម ចូលរួមក្នុងកិច្ចប្រជុំកំពូលទន្លេមេគង្គ ដែលធ្វើឡើងនៅខេត្តសៀមរាប នៃប្រទេសកម្ពុជា នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨។
(រូបថតដោយលោក ស៊ុន ណារិន នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨
រថភ្លើងត្រៀមចេញដំណើរពីស្ថាននីយរថភ្លើងជាលើកដំបូងទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។
(រូបថតដោយលោក ហ៊ុល រស្មី នៃវីអូអេ)
ខេត្តសៀមរាប ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨
ពលរដ្ឋចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងថ្ងៃទីមួយ នៅខេត្តសៀមរាប ដែលមានភ្ញៀវទេសចរចូលរួមជាង៥លាននាក់។
(រូបថតដោយលោក ប៉ូច រាសី នៃវីអូអេ)
ទីក្រុង Silver Spring រដ្ឋម៉ារីឡែន សហរដ្ឋអាមេរិក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨
កូនស្រីជនជាតិអាមេរិកដើមកំណើតខ្មែរម្នាក់ ត្រៀមរាំរបាំប្រពៃណីខ្មែរ នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលពលរដ្ឋខ្មែររស់នៅក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោនយ៉ាងច្រើនកុកករបានចូលរួម។
(រូបថតដោយលោក ចាប ចិត្រា នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨
លោក អ៊ួន ឈិន និងលោក យាង សុធារិន អតីតអ្នករាយការណ៍របស់វិទ្យុអាស៊ីសេរី អង្គុយនៅក្នុងរថយន្តដឹកអ្នកទោស នៅពេលដែលពួកគេបានមកដល់តុលាការឧទ្ធរណ៍ នៅរាជធានីភ្នំពេញ។ សាលាឧទ្ធរណ៍ច្រានចោលបណ្ដឹងសុំនៅក្រៅឃុំរបស់អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីជាលើកទីពីរ។
(រូបថតដោយ Reuters)
រាជធានីភ្នំពេញ ថ្ងៃ២៣ ខែមេសា ឆ្នាំ២០១៨
ប្រជាពលរដ្ឋពីខេត្តក្រចេះដែលរងជម្លោះដីធ្លី ទល់នឹងក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ឡើងមកដង្ហែញាត្តិតាមដងផ្លូវនៅរាជធានីភ្នំពេញ ទាមទារសុំការដំណោះស្រាយដោយរដ្ឋាភិបាលទៅលើការបាត់បង់ដីធ្លីដែលពួកគាត់អះអាងថាជារបស់ពួកគាត់។ នេះជាលើកទី២។
(រូបថតដោយកញ្ញា ខាន់ សុគុំមនោ នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨
តុលាការរាជធានីភ្នំពេញបានសម្រេចដោះលែង លោក ញឹក ប៊ុនឆៃ ឲ្យស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្ន នៅថ្ងៃច័ន្ទ ទី៣០ ខែ មេសា ឆ្នាំ២០១៨នេះ។ លោក ញឹក ប៊ុនឆៃ ជាអតីតប្រធានគណបក្សខ្មែររួបរួមជាតិ និងធ្លាប់ជាអតីតឧបនាយករដ្ឋមន្ត្រី ត្រូវអាជ្ញាធរចាប់ឃុំខ្លួនកាលពីដើមខែសីហា ឆ្នាំ២០១៧ ពីបទពាក់ព័ន្ធនឹងការសមគំនិតរឿងគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀនកាលពីឆ្នាំ២០០៧។
(រូបថតឯកសារដោយកញ្ញា ហ៊ាន សុជាតា នៃវីអូអេ)
ខែឧសភា
រាជធានីភ្នំពេញ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨
ក្រុមកម្មករសំណង់ កាន់បដាទាមទារឲ្យមានការអនុវត្តដ៏ត្រឹមត្រូវនិងមានប្រសិទ្ធភាពនៃរបបសន្តិសុខសង្គម (បសស) នៅក្នុងពិធីជួបជុំប្រារព្ធទិវាពលកម្មអន្តរជាតិប្រចាំឆ្នាំ២០១៨។
(រូបថតដោយលោក ហ៊ុល រស្មី នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨
កុមារីម្នាក់ដែលត្រូវជាកូនរបស់ពលទាហានមួកខៀវកម្ពុជា ឈរនៅក្នុងពិធីជូនដំណើរដល់កងកម្លាំងមួកខៀវកម្ពុជាចំនួន ៤២៨នាក់ ដែលនឹងចេញដំណើរទៅចូលរួមបេសកកម្មរក្សាសន្តិភាពក្នុងប្រទេសម៉ាលី និងប្រទេសស៊ូដង់ខាងត្បូង នាមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង។
(រូបថតដោយលោក អូន ឆេងប៉រ នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨
លោក កៃ គឹមសុង (ពាក់វែនតា) និពន្ធនាយកកាសែតឌឹភ្នំពេញប៉ុស្តិ៍ និយាយទៅកាន់អ្នកសារព័ត៌មានក្រោយពីរូបលោកត្រូវបានបណ្តេញចេញពីការងារ។
(រូបថតដោយ AP)
រាជធានីភ្នំពេញ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨
លោក ឆាំង យុ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលឯកសារកម្ពុជា(DC-Cam) និងក្រុមការងារ ចាប់ផ្ដើមមើលប័ណ្ណសារផ្ទាល់ខ្លួនរបស់ឧត្ដមសេនីយ៍ ឡេះ កូសែម ដែលត្រូវបានបរិច្ចាគនាពេលថ្មីៗដល់មជ្ឈមណ្ឌលនេះ សម្រាប់ការសិក្សាស្រាវជ្រាវ។
(រូបថតដោយលោក អូន ឆេងប៉រ នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨
ម្ចាស់ថ្មីរបស់កាសែតភ្នំពេញប៉ុស្តិ៍ លោក Siva Kuma Ganapathy ធ្វើសន្និសីទសារព័ត៌មានជាលើកដំបូង ដោយច្រានចោលការចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលកម្ពុជា។
(រូបថតដោយលោក ស៊ុន ណារិន នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨
ទិដ្ឋភាពនៃការសម្តែងក្នុងទិវាជាតិនៃការចងចាំ អំពីការឈឺចាប់ពីឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម ដែលបានធ្វើឡើងកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ នៅឯមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក រាជធានីភ្នំពេញ។
(រូបថតដោយលោក ហ៊ុល រស្មី នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨
ក្រុមយុវតី Five Infinities ធ្វើបទបង្ហាញគំនិតពាណិជ្ជកម្ម នៅការប្រកួតថ្នាក់ជាតិសម្រាប់ Technovation Cambodia នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
(រូបថតដោយកញ្ញា នូវ ពៅលក្ខិណា នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨
សៀវភៅ «The Royal House of Cambodia» ទាក់ទងនឹងរាជវង្សខ្មែរ ត្រូវបាននិពន្ធ និងរៀបរៀងដោយអ្នកសរសេរប្រវត្តិរបស់រាជវង្សខ្មែរ គឺលោក Julio A. Jeldres។
(រូបថតដោយ វីអូអេខ្មែរ)
រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨
មន្ត្រីនៃគណៈកម្មាធិការរៀបចំការបោះឆ្នោត បានចាប់លេខរៀងឲ្យគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច ដោយទទួលបានលេខ២០ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអណត្តិទី៦ ដែលប្រព្រឹត្តឡើងដោយគ្មានការចូលរួមពីគណបក្សប្រឆាំងដ៏ធំមួយគឺគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយកាលពីឆ្នាំ២០១៧។
(រូបថតដោយកញ្ញា ខាន់ សុគុំមនោ នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨
រូបថតតំណាងធ្វើត្រាប់តាមការប្រគល់លិខិតឆ្លងដែន និងប្រាក់ចំនួន១១៥ដុល្លារ ដែលលើសតម្លៃកំណត់ត្រឹមតែ១០០ដុល្លារ សម្រាប់សេវាធ្វើលិខិតឆ្លងដែនធម្មតា។
(រូបថតដោយកញ្ញា ខាន់ សុគុំមនោ នៃវីអូអេ)
ខែមិថុនា
រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨
សហរដ្ឋអាមេរិកបានសម្រេចនៅថ្ងៃអង្គារនេះដាក់ទណ្ឌកម្មលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសារតែការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនិងវាយប្រហារលើជនរងគ្រោះជាច្រើនក្នុងនោះមានពលរដ្ឋអាមេរិកាំងម្នាក់ផងដែរ។
(រូបថតឯកសារដោយ Reuters)
រាជធានីភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨
រូបថតអ្នកម្នាង អ៊ុក ផល្លា ភរិយារបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ដែលបានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីថ្ងៃទី១៧ ខែមិថុនា។
(រូបថតដោយ AP)
រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨
ថ្មដែលអ្នកអវកាសសហរដ្ឋអាមេរិកយកមកពីឋានព្រះច័ន្ទត្រូវបានផ្តល់អោយប្រទេសកម្ពុជា នៅឆ្នាំ ១៩៧៣ ត្រូវបានដាក់បង្ហាញជាសារធារណនៅក្នុងសារមន្ទីរជាតិនៃកម្ពុជា។
(រូបថតដោយកញ្ញា ទុំ ម្លិះ នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨
សន្តិសុខដែលត្រូវបានស្ថានទូតសហរដ្ឋអាមេរិកបញ្ឈប់កាលពីប៉ុន្មានខែមុននិងគ្រួសាររបស់ពួកគេ បានមកធ្វើបាតុកម្មតវ៉ារកយុត្តិធម៌ដោយអហិង្សានៅខាងមុខស្ថានទូតអាមេរិករាជធានីភ្នំពេញ។
(រូបថតដោយកញ្ញា ទុំ ម្លិះ នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨
គ្រឿងញៀនដែលត្រូវបានរឹបអូស ត្រូវបានដុតបំផ្លាញនៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងនឹងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅរាជធានីភ្នំពេញ។
(រូបថតដោយ Reuters)
ខែកក្កដា
រាជធានីភ្នំពេញ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨
អ្នកចូលរួមម្នាក់ត្បាញក្រមាលើកីតម្បាញ ដែលដាក់សម្រាប់កម្មវិធីត្បាញក្រមាខ្មែរវែងជាងគេ ឲ្យបានប្រវែង ១០០០ ម៉ែត្រ ដើម្បីចុះក្នុងកំណត់ត្រាឯតទគ្គកម្មពិភពលោក សម្រាប់កម្ពុជាក្នុងឆ្នាំ២០១៨ នៅក្នុងវាលព្រះមេរុ នៅរាជធានីភ្នំពេញ។ នៅថ្ងៃទី១ ខែកុម្ភៈនេះ កម្ពុជាបានឈ្នះពានរង្វាន់កំណត់ត្រាពិភពលោក Guinness សម្រាប់ក្រមាវែងបំផុត។
(រូបថតឯកសារដោយកញ្ញា ខាន់ សុគុំមនោ នៃវីអូអេ)
ខេត្តកណ្តាល ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨
កម្មកររោងចក្រថតរូបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅខេត្តកណ្តាល មុននឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ឈានមកដល់នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។ ការចុះជួបកម្មករ កម្មការិនីក្នុងរយៈពេលជាង១០ខែមកនេះ លោក ហ៊ុន សែន បានចំណាយថវិកាជាតិអស់ជាង៣លាន៤សែនដុល្លារសហរដ្ឋអាមេរិក។
(រូបថតដោយ Reuters)
រាជធានីភ្នំពេញ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានមុនពេលចេញដំណើរនៅថ្ងៃដំបូងនៃការឃោសនាស្វែងរកសំឡេងគាំទ្រ ក្នុងការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រអាណត្តិទី៦។
(រូបថតដោយកញ្ញា ទី អូលីហ្សា នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨
អ្នកគាំទ្រគណបក្សឆន្ទ:ខ្មែរ នៅក្នុងការធ្វើសមាជ នៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅក្នុងទីស្នាក់ការគណបក្ស។
(រូបថតដោយលោក គី ម៉េងលី នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨
ក្បួនដង្ហែរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញ នៅតាមបណ្ដោយផ្លូវរដ្ឋសភា នៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦។
(រូបថតដោយកញ្ញា ទី អូលីហ្សា នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) ដង្ហែក្បួនឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតថ្នាក់ជាតិអណត្តិទី៦។
(រូបថតដោយកញ្ញា ខាន់ សុគុំមនោ នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨
កងកម្លាំងប្រដាប់អាវុធសរុបចំនួន៤៦២៥នាក់ ដែលបំពាក់កាំភ្លើងស្វ័យប្រវត្តិ បានប្រមូលផ្តុំគ្នានៅពហុកីឡាដ្ឋានអូឡាំពិក ដើម្បីត្រៀមបង្ក្រាបការតវ៉ាក្នុងអំឡុងពេលបោះឆ្នោត។ លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា កងកម្លាំងទាំងនេះនឹងត្រូវដាក់ពង្រាយនៅទូទាំងទីក្រុងដើម្បីរក្សាសន្តិសុខ នៅថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃអាទិត្យ។
(រូបថតដោយ Reuters)
រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨
ប្រទេសជប៉ុន បាននិយាយនៅថ្ងៃពុធនេះថា ខ្លួននឹងមិនបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត មកសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦នៅកម្ពុជា ដែលនឹងប្រព្រឹត្តឡើងដោយគ្មានការចូលរួមពីគណបក្សប្រឆាំងដ៏ធំមួយគឺគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយកាលពីឆ្នាំ២០១៧។
(រូបថតឯកសារដោយ AP)
រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨
ក្រុមអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ កំពុងលើទង់ជ័យអបអរសាទរចំពោះប្រសាសន៍របស់លោកខឹម វាសនា នៅលើកំណាត់ផ្លូវតេជោហ៊ុន សែន នាថ្ងៃចុងក្រោយនៃការធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ ដែលគ្មានការចូលរួមពីគណបក្សប្រឆាំងដ៏ធំមួយ គឺគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយកាលពីឆ្នាំ២០១៧។
(រូបថតដោយលោក គី ម៉េងលី នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងមុននឹងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃចុងក្រោយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី៦ ដោយសន្យានាំសន្តិភាពនិងការអភិវឌ្ឍ។
(រូបថតដោយកញ្ញា ទុំ ម្លិះ នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨
គេហទំព័រវីអូអេ និងគេហទំព័រព័ត៌មាន១៤ផ្សេងទៀត ត្រូវបានរារាំងមិនឲ្យចូលទៅមើលបាន មួយថ្ងៃមុនថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦។
(រូបថតដោយកញ្ញា ខាន់ សុគុំមនោ នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨
ពលរដ្ឋតម្រង់ជួររង់ចាំបោះឆ្នោត នៅការិយាល័យបោះឆ្នោតមួយកន្លែង ក្នុងសាលាបឋមសិក្សា ព្រះនរោត្តម រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអាទិត្យ ដែលជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ដែលធ្វើឡើងដោយគ្មានការចូលរួមពីគណបក្សប្រឆាំងដ៏ធំមួយ គឺគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយដោយតុលាការកាលពីឆ្នាំ២០១៧។
(រូបថតដោយលោក ស៊ុន ណារិន នៃវីអូអេ)
ខេត្តកណ្តាល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា បានចូលរួមការបោះឆ្នោតនៅការិយាល័យបោះឆ្នោតមួយ នៅក្រុងតាខ្មៅ។
(រូបថតដោយ Reuters)
រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨
មន្ត្រីរៀបចំការបោះឆ្នោតលើកបង្ហាញសន្លឹកឆ្នោតមិនបានការមួយសន្លឹក បន្ទាប់ពីការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសបានបិទ នៅសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
(រូបថតដោយកញ្ញា ខាន់ សុគុំមនោ នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨
បុរសម្នាក់ទម្លាក់សន្លឹកឆ្នោតរបស់លោកទៅក្នុងហិបឆ្នោត ក្នុងការិយាល័យបោះឆ្នោតមួយ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ដែលធ្វើឡើងដោយគ្មានការចូលរួមពីគណបក្សប្រឆាំងដ៏ធំមួយ គឺគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយកាលពីឆ្នាំ២០១៧។
(រូបថតដោយកញ្ញា ទី អូលីហ្សា នៃវីអូអេ)
រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨
ពលរដ្ឋខ្មែរនៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានធ្វើបាតុកម្មប្រឆាំងនឹងការបោះឆ្នោតនៅកម្ពុជា ដោយចាត់ទុកការបោះឆ្នោតនេះជាការបោះឆ្នោតក្លែងក្លាយ។
(រូបថតដោយកញ្ញា យូ សុធារី នៃវីអូអេ)
រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨
អ្នកនាំពាក្យសេតវិមាន លោកស្ត្រី Sarah Huckabee Sanders ឆ្លើយសំណួររបស់អ្នកសារព័ត៌មាន។ សេតវិមានកាលពីល្ងាចថ្ងៃអាទិត្យទី២៩ ខែកក្កដានេះ បានចេញសេចក្តីការណ៍មួយថ្កោលទោសការបោះឆ្នោតកម្ពុជា ដែលមិនមានការចូលរួមពីគណបក្សប្រឆាំងសំខាន់ជាងគេ និងព្រមានចាត់វិធានការទណ្ឌកម្មបន្ថែមទៀត។
(រូបថតដោយ AP)
រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨
គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ខ្លួនឈ្នះបាន ១២៥អាសនៈនៅរដ្ឋសភា ក្រោយលទ្ធផលបឋមនៃការបោះឆ្នោតថ្នាក់ជាតិចជ្រើសតាំងតំណាងរាស្រ្តអណត្តិទី៦ ត្រូវបានប្រកាស។
(រូបថតដោយកញ្ញា ខាន់ សុគុមនោ និងលោក អូន ឆេងប៉រ នៃវីអូអេ)
ខែសីហា
រាជធានីភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨
អ្នកជំងឺខូចតម្រងនោម ឬជំងឺខូចគ្រលៀន លាងឈាមក្នុងមជ្ឈមណ្ឌលមួយនៅទីក្រុងភ្នំពេញ។ ការលាងឈាម ជាការត្រងកាកសំណល់នានា ដើម្បីបន្សុទ្ធឈាម ដោយប្រើម៉ាស៊ីន ពីព្រោះតម្រងនោម មិនអាចបំពេញមុខងាររបស់វាបាន។
(រូបថតដោយកញ្ញា ខាន់ សុគុំមនោ នៃវីអូអេ)
ខេត្តពោធិ៍សាត់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨
ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកក្រគរថតរូបជាមួយលោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងភរិយាគឺលោកស្រី សុទ្ធី ហៃដ៍ រួមទាំងមន្រ្តីផ្សេងៗ បន្ទាប់ពីពិធីកាត់ខ្សែបូរនៅមជ្ឈមណ្ឌលសុខភាពក្រគរ ក្នុងខេត្តពោធិ៍សាត់។
(រូបថតដោយកញ្ញា ទុំ ម្លិះ នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨
លោក James Ricketson អ្នកផលិតភាពយន្តឯកសារជនជាតិអូស្ត្រាលី បានលើកដៃ នៅពេលដែលលោកត្រូវបាននាំខ្លួនមកដល់សាលាដំបូងរាជធានីភ្នំពេញ។ តុលាការបានចេញសេចក្តីសម្រេចបន្តឃុំខ្លួនលោករង់ចាំដំណើរការកាត់សេចក្តីបន្តទៀត ពីបទចោទប្រកាន់ពីបទចារកម្ម ដែលបានចែងក្នុងមាត្រា៤៤៦នៃក្រមព្រហ្មទណ្ឌកម្ពុជា។
(រូបថតដោយ Reuters)
រាជធានីភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨
សិស្សស្រីពីរនាក់កំពុងបរិភោគអាហារថ្ងៃត្រង់ បន្ទាប់ពីបានចូលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិប្រចាំឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ។
(រូបថតដោយកញ្ញា ទី អូលីស្សា នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨
អ្នកស្រី ទេព វន្នី សកម្មជនសិទ្ធិដីធ្លី សំពះអរគុណអ្នកគាំទ្រអ្នកស្រី ក្រោយពេលដែលអ្នកស្រីត្រូវបានដោះលែងពីពន្ធនាគារតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី។
(រូបថតដោយ Reuters)
រាជធានីភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨
លោក អ៊ួន ឈិន និងលោក យាង សុធារិន អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី កំពុងនិយាយទូរស័ព្ទ ក្រោយពេលដែលអ្នកទាំងពីរត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន បន្ទាប់ពីជាប់ពន្ធនាគាររយៈពេលជាង៩ខែ ពីបទចោទប្រកាន់ចារកម្ម។
(រូបថតដោយកញ្ញា ខាន់ សុគុំមនោ នៃវីអូអេ)
ឥណ្ឌូនេស៊ី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨
កីឡាការិនីកូនខ្មែរអាមេរិកឈ្មោះ ខាត់ ចេសា អាយុ១៦ឆ្នាំ បានផ្តួលគូប្រកួត ដោយឈ្នះទទួលបានមេដាយមាស ក្នុងការប្រកួតកីឡាបោកចំបាប់និងក្លេ ជឺជីតស៊ូ (Ju Jitsu) ក្នុងការប្រកួតកីឡាអាស៊ីលើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី។
(រូបថតដោយ Reuters)
រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨
សកម្មជន និងសមាជិកគណបក្សប្រឆាំងទាំង១៤នាក់ ដែលត្រូវបានព្រះរាជទានទោសដោយព្រះមហាក្សត្រ បានមកធ្វើស្រោចទឹកប្រោះព្រំ មួយថ្ងៃក្រោយពីត្រូវបានដោះលែង។
(រូបថតដោយកញ្ញា ទុំ ម្លិះ នៃវីអូអេ)
ខែកញ្ញា
រាជធានីភ្នំពេញ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨
តំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ទាំង១២៥រូប រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថតរូបអនុស្សាវរីយ៍ជាមួយព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី នៅក្នុងសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធនេះ។
(រូបថតដោយកញ្ញា ទុំ ម្លិះ នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨
ការសម្តែងល្ខោនខោល នាល្ងាចសៅរ៍នៅក្នុងសមាគមសុវណ្ណភូមិ នៅរាជធានីភ្នំពេញ។ ថ្មីៗនេះ មានការខ្វែងគំនិតគ្នារវាងពលរដ្ឋថៃ និងពលរដ្ឋខ្មែរ អំពីម្ចាស់កម្មសិទ្ធិ និងប្រភពនៃរបាំល្ខោនខោលនេះ ដែលប្រទេសទាំងពីរអះអាងថា ជាកម្មសិទ្ធិរៀងៗខ្លួន។
(រូបថតដោយលោក ណឹម សុភ័ក្រ្តបញ្ញា នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨
លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានដោះលែងពីឃុំក្នុងពន្ធនាគារ ក៏ប៉ុន្តែត្រូវដាក់ឱ្យស្ថិតក្នុងការឃុំឃាំងក្នុងផ្ទះជំនួសវិញ ដោយមិនអនុញ្ញាតឱ្យមានការប្រាស្រ័យទាក់ទងអ្នកគាំទ្រ ឬចូលរួមសកម្មភាពនយោបាយអ្វីនោះទេ។
(រូបថតឯកសារដោយ Reuters)
រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨
អ៊ុំ ដារ៉ូ ណែនាំសមាជិកក្រុមលេងឧបករណ៍ត្រុំប៉ុង ក្នុងការហាត់សមដើរព្យុហយាត្រាមួយ។ ដារ៉ូ គឺជាសមាជិកម្នាក់នៃសមាជិកសរុបចំនួន២៥នៃក្រុមតន្ត្រីព្យុហយាត្រាភ្នំពេញ។
(រូបថតដោយលោក រិទ្ធី ឧត្តម នៃវីអូអេ)
ទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨
ប្រធានាធិបតីចិនលោកស៊ី ជីនពីង និងភរិយារបស់លោកគឺលោកស្រី ប៉េង លីយួនកាលពីថ្ងៃពុធ បានចូលគាល់ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តមសីហមុនី និង ព្រះមហាក្សត្រិយានី សម្តេចម៉ែ នរោត្តម មុនីនាថសីហនុ មុនពិធីបុណ្យសែនព្រះខែ នៅក្រុងប៉េកាំង។
(រូបថតដោយ AP)
រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨
ប្រជាពលរដ្ឋខ្មែរថ្វាយបង្គំព្រះ នៅថ្ងៃកាន់បិណ្ឌទីពីរនៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តកោះ ក្នុងក្រុងភ្នំពេញ។
(រូបថតដោយលោក ណឹម សុភ័ក្រ្តបញ្ញា នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨
អ្នកស្រីលឹម មុនី ឱបភរិយាលោកនី ចរិយា ក្រោយចេញពីស្តាប់តុលាការប្រកាសសាលក្រមកាត់ទោសរូបលោកស្រី និងមន្រ្តីអាដហុកកម្ពុជា៤នាក់ផ្សេងទៀត ឲ្យជាប់ពន្ធនាគារប្រាំឆ្នាំ ពីបទសូកបាន់សាក្សីពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហារបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។
(រូបថតដោយកញ្ញា កាន់ វិច្ឆិកា នៃវីអូអេ)
ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨
ពលរដ្ឋមកពីបណ្តារដ្ឋនានាក្នុងសហរដ្ឋអាមេរិក និងកាណាដា បានចូលរួមស្វាគមន៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីក្រុងញូវយ៉ក នៅពេលលោកហ៊ុន សែន មកចូលរួមមហាសន្និបាតនៃអង្គការសហប្រជាជាតិ។
(រូបថតដោយលោក សុខ ខេមរា នៃវីអូអេ)
ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងសុន្ទរកថានៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣។
(រូបថតដោយលោក ស៊ុន ណារិន នៃវីអូអេ)
ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨
ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិករាប់រយនាក់ ប្រមូលផ្តុំគ្នានៅក្បែរទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក ដើម្បីតវ៉ាប្រឆាំងនឹងវត្តមានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅអង្គការសហប្រជាជាតិ។
(រូបថតដោយលោក ស៊ុន ណារិន នៃវីអូអេ)
ខែតុលា
រាជធានីភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨
ភ្ញៀវជាតិនិងអន្តរជាតិ កំពុងមើលស្នាដៃថតរូបដែលត្រូវបានដាក់បង្ហាញនៅតាមជញ្ជាំងស្ថានទូតបារាំង នៅក្នុងមហោស្រពរូបថតភ្នំពេញ ឆ្នាំ២០១៨ លើកទី៩។
(រូបថតដោយកញ្ញា ទុំ ម្លិះ នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨
ពុទ្ធសាសនិកនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ ក្នុងវត្តមួយនៅជាយក្រុងភ្នំពេញ។ ពុទ្ធសាសនិកខ្មែរ បានយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅឯវត្តដើម្បីឧទ្ទិសកុសលដល់ជីដូនជីតា និងញាតិមិត្តដែលបានចែកឋាន។ បុណ្យភ្ជុំបិណ្ឌ គឺពិធីបុណ្យផ្នែកព្រះពុទ្ធសាសនាដ៏សំខាន់មួយក្នុងចំណោមពិធីបុណ្យប្រពៃណីជាតិរបស់កម្ពុជា។
(រូបថតដោយលោក ណឹម សុភ័ក្រ្តបញ្ញា នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨
រូបថតថតដោយលោក Michael Vickery ដែលត្រូវបានដាក់បង្ហាញនៅក្នុងពិពរណ៌រូបថតនៅមជ្ឈមណ្ឌលបុប្ផាណា កាលពីថ្ងៃព្រហស្បតិ៍នេះ។
(រូបថតដោយលោក ណឹម សុភ័ក្រ្តបញ្ញា នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨
លោក ធុល រិទ្ធី សហស្ថាបនិកនៃកុំព្យូទ័រយួរដៃម៉ាក Koompi ថ្លែងនៅក្នុងពិធីសម្ពោធកុំព្យូទ័រយួរដៃថ្មីនេះនៅក្នុងសន្និសីទបច្ចេកវិទ្យា BarCamp ASEAN ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២០ដល់២១ ខែតុលា ឆ្នាំ២០១៨។ Koompi គឺជាកុំព្យូទ័រយួរដៃដំបូងគេបង្អស់ដែលត្រូវបានផលិតដោយយុវជនកម្ពុជា គឺលោក ធុល រិទ្ធី។
(រូបថតផ្តល់ឲ្យដោយ Koompi)
ខេត្តបាត់ដំបង ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨
សាសនិក Baha'i កំពុងតែអង្គុយក្នុងពេលសម្រាកពីការប្រជុំប្រចាំខែនៅក្នុងបរិវេណទីសក្ការៈគោរពបូជា ដែលមានទីតាំងនៅខេត្តបាត់ដំបង។ សាសនានេះមានសាសនិកប្រមាណ ១២០០០ នាក់នៅក្នុងខេត្តបាត់ដំបង។
(រូបថតដោយលោក រិទ្ធី ឧត្តម នៃវីអូអេ)
ខេត្តបាត់ដំបង ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨
អ្នកចូលរួមទស្សនាកំពុងតែអងេ្កតមើលរូបថត និងរឿងរ៉ាវពិតរបស់អ្នកតស៊ូមតិដើម្បីសន្តិភាពនៅកម្ពុជា នៅសាលតាំងពិព័រណ៍សន្តិភាពនៅកម្ពុជា ប្រចាំខេត្តបាត់ដំបង។
(រូបថតដោយលោក ហោ ស៊ិញហ៊ួរ នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះបានប្រកាសរៀបចំសម្ពោធវិមានឈ្នះ-ឈ្នះក្នុងខណ្ឌជ្រោយចង្វារ រយៈពេល៣យប់៣ថ្ងៃ ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី២០នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជាតាមរយៈគោលនយោបាយឈ្នះ-ឈ្នះរបស់លោក។
(រូបថតហ្វេសប៊ុកនៃ Win-Win Memorial)
ខែវិច្ឆិកា
រាជធានីភ្នំពេញ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨
កងទ័ពមួកខៀវធ្វើការស្បថស្បែរក្នុងពិធីជូនដំណើរកងវិស្វកម្មលេខ៥៩៤ ទៅចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមស្លាកអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
(រូបថតដោយកញ្ញា ទុំ ម្លិះ នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨
កងកម្លាំងមកពីគ្រប់អង្គភាព នៃក្រសួងការពារជាតិ ឈរនៅខាងមុខព្រះបរមរាជវាំងដើម្បីអបរអរពិធីបុណ្យឯករាជ្យជាតិលើកទី៦៥។
(រូបថតដោយកញ្ញា ទុំ ម្លិះ នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨
ព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណាព្រះបរមនាថ នរោត្តម សីហមុនី ឈរក្នុងព្រះទីនាំង ខណៈដែលព្រះអង្គយាងចេញដំណើរទៅកាន់ព្រះបរមរាជវាំង បន្ទាប់ពីបានប្រទានភ្លើងជ័យនៅក្នុងវិមានឯករាជ្យ ក្នុងពិធីបុណ្យឯករាជ្យជាតិខួបលើកទី៦៥។ ក្នុងឱកាសនេះ ព្រះអង្គអំពាវនាវឲ្យមានការសាមគ្គី និងការបង្រួបបង្រួមជាតិ ។
(រូបថតដោយកញ្ញា ទុំ ម្លិះ នៃវីអូអេ)
កញ្ញា សំ ថារ័ត្ន (កណ្តាល) ជាតួរអង្គម្នាក់ក្នុងខ្សែភាពយន្តឯកសារ Surviving Bokator ដែលនឹងត្រូវដាក់បញ្ចាំងនៅទីក្រុង Philadelphia សហរដ្ឋអាមេរិក នៅខែវិច្ឆិកានេះ។
(រូបថតផ្តល់ឲ្យ)
រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨
អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា នួន ជា រង់ចាំចៅក្រមប្រកាសសាលក្រមលើសំណុំរឿង០០២/០២ នៅតុលាការខ្មែរក្រហម។ នៅព្រឹកថ្ងៃសុក្រនេះ សាលាក្តីខ្មែរក្រហមកាត់ទោស នួន ជា អាយុ៩២ឆ្នាំ ឱ្យជាប់ទោស១ជីវិតចំពោះអំពីប្រល័យពូជសាសន៍។
(រូបថតដោយ AP)
រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨
ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ នៅពេលចៅក្រមប្រកាសសាលក្រមលើសំណុំរឿង០០២/០២ នៅតុលាការខ្មែរក្រហម។ នៅព្រឹកថ្ងៃសុក្រនេះ សាលាក្តីខ្មែរក្រហមកាត់ទោស ខៀវ សំផន អាយុ៨៧ឆ្នាំ ឱ្យជាប់ទោស១ជីវិតចំពោះអំពីប្រល័យពូជសាសន៍។
(រូបថតដោយ AP)
រាជធានីភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក William A. Heidt (ឆ្វេង) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបពិភាក្សាគ្នាដើម្បីជំរុញទំនាក់ទំនងល្អរវាងសហរដ្ឋអាមេរិកនិងកម្ពុជា មុននឹងលោកឯកអគ្គរដ្ឋទូត Heidt បញ្ចប់បេសកកម្មរបស់លោកនៅកម្ពុជា។
(រូបថតដោយ US Embassy of Phnom Penh)
រាជធានីភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨
កីឡាករចែវទូកហាត់សម មុនព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកានេះ នៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។
(រូបថតដោយកញ្ញា ខាន់ សុគុំមនោ នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨
ពលរដ្ឋនៅរាជធានីភ្នំពេញគយគន់មើលប្រទីបរដ្ឋសភា ដាក់តាំងនៅមុខព្រះបរមរាជវាំងពេលរាត្រី ក្នុងឱកាសអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ ដែលនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣។
(រូបថតដោយកញ្ញា ខាន់ សុគុំមនោ នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨
ការសម្តែងល្ខោនខោលនាល្ងាចសៅរ៍នៅក្នុងសមាគមសុវណ្ណភូមិ នៅរាជធានីភ្នំពេញ។ នៅថ្ងៃពុធនេះ ល្ខោនខោលខ្មែរត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌របស់អង្គការយូណេស្កូ។
(រូបឯកសារដោយលោក ណឹម សុភ័ក្រ្តបញ្ញា នៃវីអូអេ)
ខេត្តស្ទឹងត្រែង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨
ផ្ទះរបស់ប្រជាពលរដ្ឋដែលត្រូវបានលិចលង់ ដោយសារទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង។
(រូបថតដោយលោក ស៊ុន ណារិន នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨
លោកស្រី ម៉ែន សុភី អាយុ៣៨ឆ្នាំ ជាក្រុមប្រឹក្សាឃុំឃ្លាំងមាស ខេត្តបាត់ដំបង មកពីគណបក្សប្រជាជនកម្ពុជា បានចូលរួមក្នុងគម្រោង«ស្រ្តីក្នុងវិស័យនយោបាយ» ដែលបានទទួលការឧបត្ថម្ភពីសហភាពអឺរ៉ុប។ ចំនួនស្រ្តីនៅក្នុងវិស័យនយោបាយនៅមានកម្រិតនៅឡើយ បើគិតមកដល់ពេលនេះ បើទោះជាមានការជំរុញជាបន្តបន្ទាប់ក៏ដោយ។ ឃុំសង្កាត់រាប់រយក្នុងចំណោមឃុំជាង១៦០០នៅទូទាំងប្រទេស មិនមានវត្តមានស្រ្តីជាក្រុមប្រឹក្សា ឬមេឃុំនោះទេ។
(រូបថតដោយលោក ស៊ុន ណារិន នៃវីអូអេ)
ខែធ្នូ
រាជធានីភ្នំពេញ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨
អ្នកចូលរួមម្នាក់ កំពុងអានសៀវភៅ នៅក្នុងការតាំងពិព័រណ៍សៀវភៅកម្ពុជាលើកទី៧ នៅបណ្ណាល័យជាតិ ក្រុងភ្នំពេញ។
(រូបថតដោយលោក ណឹម សុភ័ក្រ្តបញ្ញា នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨
អង្គការសង្គមស៊ីវិល ក្រុមសហជីព និងសកម្មជន និងប្រជាពលរដ្ឋនានា ចូលរួមប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូលើកទី៧០ នៅទីលានប្រជាធិបតេយ្យ នៅរាជធានីភ្នំពេញ។
(រូបថតដោយលោក អូន ឆេងប៉រ នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨
នេះជាប្រភេទអង្ករដែលបានដាក់លក់នៅតូបមួយក្នុងផ្សារអូរឬស្សី រាជធានីភ្នំពេញ។ ថ្មីៗនេះ គណៈកម្មការសហភាពអឺរ៉ុប កំពុងបន្តនីតិវិធីក្នុងការសម្រេចដាក់វិធានការគាំពារមកលើការនាំចូលអង្កររបស់កម្ពុជាទៅក្នុងទីផ្សាររបស់សហគមន៍ដ៏ធំមួយនេះ បន្ទាប់ពីមានប្រទេសសមាជិកនៃសហភាពអឺរ៉ុបចំនួនពីរ បានប្តឹងថា ប្រទេសកម្ពុជាបាននាំចូលអង្ករចំនួនច្រើន និងមានតម្លៃថោក ដែលបានបង្កការលំបាកដល់កសិកររបស់ខ្លួន។
(រូបថតឯកសារដោយលោក ប៉ាង ចំណាន នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨
លោករ៉ាត់ រ័ត្នមុន្នី អ្នកបកប្រែជនជាតិកម្ពុជាម្នាក់ដែលជួយបកប្រែភាពយន្តឯកសារអំពីការជួញដូរផ្លូវភេទឲ្យបណ្តាញសារព័ត៌មាន Russia Today ឬ RT ដែលឧបត្ថម្ភដោយរដ្ឋាភិបាលរុស្ស៊ី ត្រូវបានចាប់បញ្ជូនពីប្រទេសថៃត្រឡប់ទៅកម្ពុជាវិញតាមការស្នើរបស់អាជ្ញាធរកម្ពុជា ក្រោមបទចោទថា បានជួយបង្កើតព័ត៌មានក្លែងក្លាយ។
(រូបថតហ្វេសប៊ុក រ៉ាត់ រ័ត្នមុន្នី)
ខេត្តកណ្តាល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨
ភ្លុកដំរី១០២៦ដុំ ទម្ងន់ជិត៣តោនកន្លះ ត្រូវបានអាជ្ញាធររឹបអូសពីកុងតឺន័រមួយដែលត្រូវបានរក្សាទុក គ្មានម្ចាស់មកយកជាង១ឆ្នាំមកហើយនៅកំពង់ផែរាជធានីភ្នំពេញ។
(រូបថតដោយ AFP)
រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨
ពលរដ្ឋដើរកាត់គំនរសម្រាមនៅក្នុងរាជធានីភ្នំពេញមួយថ្ងៃ បន្ទាប់ពីបុគ្គលិកក្រុមហ៊ុនស៊ីនទ្រី មិនមកប្រមូលក្នុងបាតុកម្មទាមទារតម្លើងប្រាក់បៀវត្ស។
(រូបថតដោយកញ្ញា ទុំ ម្លិះ នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨
កងកម្លាំងទាហានស្លៀកពាក់សកំពុងឈរនៅខាងក្រោមវិមាននយោបាយឈ្នះ-ឈ្នះ ក្នុងពិធីសម្ពោធវិមាននយោបាយឈ្នះ-ឈ្នះ។
(រូបថតដោយលោក គី ម៉េងលី នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨
លោកនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន និងភរិយា ដើរជាមួយនឹងរដ្ឋមន្រ្តីការពារជាតិវៀតណាម លោក Ngo Xuanlich (កណ្តាល) និងរដ្ឋមន្រ្តីការពារជាតិកម្ពុជាលោក ទៀ បាញ់ បន្ទាប់ពីកាត់ខ្សែបូររួចក្នុងទិវានយោបាយឈ្នះៗនិងសម្ពោធវិមានឈ្នះ-ឈ្នះ។
(រូបថតដោយកញ្ញា ទុំ ម្លិះ នៃវីអូអេ)
រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨
កម្មករប្រមាណជាង២០០០នាក់នៅរោងចក្រកាត់ដេរសេឌូណូ ខេមបូ នីតធីង(Seduno Cambo Knitting Co., Ltd) ក្នុងស្រុកបាទី ខេត្តតាកែវ បានធ្វើកូដកម្មដោយមិនចូលធ្វើការ និង បិទកំណាត់ផ្លូវជាតិលេខជាតិ២ ដើម្បីទាមទារប្រាក់អតីតភាពការងារ។
(រូបថតដោយលោក ហ៊ុល រស្មី នៃវីអូអេ)