អាជ្ញាធរកម្ពុជានៅថ្ងៃសុក្រនេះ បានចាប់ជនសង្ស័យ៣៦នាក់ ដែលជាជនជាតិខ្មែរ ចិនតៃវ៉ាន់ និងថៃ ដែលជាប្រទេសជិតខាង ដោយជាប់សង្ស័យថា ប្រព្រឹត្តអំពើទុច្ចរិត លួចបន្លំ ទារប្រាក់ពីជនរងគ្រោះនៅបរទេស។ នេះបើតាមមន្ត្រីកងរាជអាវុធហត្ថ។
ការចាប់ខ្លួនអ្នកឆបោកតាមអ៊ីនធើណិតនៅថ្ងៃសុក នៅទីក្រុងភ្នំពេញ និងនៅក្រុងព្រះសីហនុដែលជាមូលដ្ឋានវិនិយោគទុនរបស់ចិន បាននាំឲ្យមានការចាប់ខ្លួនជនសង្ស័យខ្លះ ជាលើកដំបូងទាក់ទងនឹងការឆបោក ឬលួចបន្លំប្រាក់ពីជនរងគ្រោះនៅប្រទេសថៃ។ នេះបើតាមលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស ដែលបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters។ លោក សៅ សុខា និយាយថា គេប្រើប្រទេសកម្ពុជាជាកន្លែងឆបោក ជម្រិតទារប្រាក់ពីជនរងគ្រោះនៅបរទេស រួមមានប្រទេសថៃ។
ជនសង្ស័យទាំងនោះរួមមានជនជាតិថៃ២៦នាក់ ចិនមកពីកោះតៃវ៉ាន់៦នាក់ ៤នាក់ជាជនជាតិខ្មែរ។ ជនបរទេសទាំងនេះនឹងត្រូវបណ្តេញចេញពីកម្ពុជា បើមិនមានភស្តុតាងអំពីឧក្រិដ្ឋកម្មនៅកម្ពុជា។ ការឆែកឆេរនេះធ្វើឡើងជាបន្តបន្ទាប់ ដោយមានកិច្ចសហការជាមួយប៉ូលិសថៃ ហើយតុលាការថៃបានចេញដីកាចាប់ខ្លួនជនជាតិថៃខ្លះនៃជនជាតិថៃទាំង២៦នាក់នេះ។
ប្រទេសកម្ពុជាដែលស្និទ្ធនឹងប្រទេសចិន បានបណ្តេញជនជាតិចិនដីគោកនិងចិនកោះតៃវ៉ាន់ច្រើនរយនាក់ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ នៅក្នុងការបង្ក្រាបការប្រើប្រាស់បណ្តាញអ៊ីនធើណិត និងទូរគមនាគមន៍ ប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជានៅតាមកន្លែងជាច្រើន រួមមានរាជធានីភ្នំពេញ។ ប្រទេសចិនបានប្រឆាំងនឹងការលួចបន្លំតាមអ៊ីនធើណិតនេះច្រើនឆ្នាំមកហើយ ហើយការលួចបន្លំនេះបាននាំឲ្យបាត់បង់ថវិកាច្រើនពាន់លានដុល្លារ។ នេះបើតាមអាជ្ញាធរចិនដែលបានប្រកាសឲ្យដឹងនៅក្រុងប៉េកាំងកាលពីពេលថ្មីៗនេះ។
ប្រទេសចិនដីគោកបានចោទកោះតៃវ៉ាន់ថា ផ្តល់ជម្រកដល់ក្រុមឧក្រិដ្ឋជនដែលអំពើទុច្ចរិតតាមអ៊ីនធើណិត ជម្រិតទារប្រាក់លួចលុយតាមអ៊ីនធើណិត។
ប្រទេសកម្ពុជាក៏ដូចប្រទេសចិនដែរ មិនទទួលស្គាល់កោះតៃវ៉ាន់ជារដ្ឋឯករាជ្យទេ។ កោះតៃវ៉ាន់បានបង្ហាញការខកចិត្តអំពីការដែលប្រទេសកម្ពុជាបានបញ្ជូនជនជាតិតៃវ៉ាន់ជាច្រើនទៅឲ្យរដ្ឋាភិបាលចិនប៉េកាំង ហើយចោទថា ប្រទេសកម្ពុជាធ្វើតាមបញ្ជារដ្ឋាភិបាលក្រុងប៉េកាំង។
ការបញ្ជូនជនជាតិចិនតៃវ៉ាន់ទៅប្រទេសចិនដីគោកធ្វើឡើងនៅពេលទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងតៃប៉ិនិងរដ្ឋាភិបាលក្រុងប៉េកាំងមានសភាពធ្ងន់ធ្ងរ ក្រោយពីលោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ជំរុញឲ្យមានឯករាជ្យភាពសម្រាប់កោះតៃវ៉ាន់។ លោកស្រីនិយាយថា លោកស្រីចង់រក្សាសន្តិភាពជាមួយប្រទេសចិន ប៉ុន្តែលោកស្រីនឹងការពារសន្តិសុខនិងប្រជាធិបតេយ្យរបស់កោះតៃវ៉ាន់៕