ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ត្រៀម​មន្ត្រី​​ជាង​២.០០០​នាក់​​​​តាមដាន​ជងឺ​រលាក​សួត​​​ថ្មី​ក្នុង​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ចិន​ខាង​មុខ


អ្នក​ដំណើរ​តាម​ផ្លូ​វ​ក្នុង​ទី​តូក្យូ​ ប្រទេស​​ជប៉ុន ពាក់​ម៉ាស់​ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២០។ រដ្ឋាភិបាល​ជប៉ុន​និយាយ​ថា បុរស​ម្នាក់ ​ក្រោយ​ពី​ត្រឡប់​ពី​ប្រទេស​ចិន​វិញ ​មាន​ផ្ទុក​មេរោគ​​ដែល​​អាច​ជា​មេរោគ​រលាក​សួត​ថ្មី​​ដែល​រាលដាល​ពី​ទីក្រុង​វូហាន។
អ្នក​ដំណើរ​តាម​ផ្លូ​វ​ក្នុង​ទី​តូក្យូ​ ប្រទេស​​ជប៉ុន ពាក់​ម៉ាស់​ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២០។ រដ្ឋាភិបាល​ជប៉ុន​និយាយ​ថា បុរស​ម្នាក់ ​ក្រោយ​ពី​ត្រឡប់​ពី​ប្រទេស​ចិន​វិញ ​មាន​ផ្ទុក​មេរោគ​​ដែល​​អាច​ជា​មេរោគ​រលាក​សួត​ថ្មី​​ដែល​រាលដាល​ពី​ទីក្រុង​វូហាន។

មក​ទល់​ពេល​នេះ​ អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិបាល​ បានឲ្យដឹងថា​ នៅ​ក្នុងប្រទេស​កម្ពុជា​គេ​ពុំ​ទាន់​​ឃើញ​​មាន​សញ្ញាណ​សង្ស័យ​​ណា​មួយ​ត្រូវ​បាន​គេ​រាយការណ៍​ពាក់​ព័ន្ធ​នឹង​ការ​ឆ្លង​ជំងឺ​រលាក​សួត​ថ្មី​នេះ​ នៅ​ឡើយ​ទេ។

ខណៈ​អាជ្ញាធរ​សុខាភិបាល​នៃ​ប្រទេស​ចិន​រាយការណ៍​ថា​ មនុស្ស​ជាង​២០០​នាក់​ហើយ​ បាន​ឆ្លង​ជំងឺ​រលាក​សួត​មួយ​ប្រភេទ​មិន​ស្គាល់អត្តសញ្ញាណ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ខ្លួន​កំពុង​បន្ត​តាមដាន​ជំងឺ​ដែល​បង្ក​ដោយមេរោគ​ណូវែល​កូរ៉ូណា​នេះ។

អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិបាល ​និង​ជា​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​លោក​ លី​ សូវ៉ាន់ ​បាន​ប្រាប់ ​VOA​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ថា​ មានមន្ត្រី​ជាង​ ២.០០០ ​នាក់​ ត្រូវ​ប្រចាំ​ការ​នៅ​រដូវ​បុណ្យ​ចូលឆ្នាំ​ចិន​ ​ជា​ពេល​វេលា​ ដែល​គេ​រំពឹង​ថា​ ​ប្រជាជន​និង​អ្នក​ជំនួញ​ចិន​វិល​ទៅ​លេង​ស្រុក​កំណើត​ និង​ត្រឡប់​មក​កម្ពុជា​វិញ​ក្រោយ​ចប់​ពិធី​បុណ្យ​នេះ។

លោក​ លី សូវ៉ាន់​និយាយថា៖ «ចូលឆ្នាំ​ចិន​ហ្នឹង​ មន្ត្រី​យើង​អត់​មាន​ឈប់​ទេ​ គឺ​យើង​នៅ​ប្រចាំ​ការ​តាម​ព្រំដែន​ហ្នឹង​ ក៏​ដូចជា​ នៅ​ក្នុង​ស្រុក​ហ្នឹង​យើង​ប្រចាំការ​ដើម្បីឃ្លាំ​មើល​ជំងឺ​ថ្មី​ហ្នឹង»។​

ក្រសួង​កំពុង​តាមដាន​និង​ ឃ្លាំមើល​អ្នកដំណើរ​ចេញ​ចូល​កម្ពុជាតាម​ផ្លូវគោក​ និង​ផ្លូវ​អាកាស​ ដោយ​មាន​ការ​ដាក់មាន​ម៉ាស៊ីន​ស្គែន​កម្ដៅ​ នៅ​អាកាសយានដ្ឋានភ្នំពេញ​ ក្រុង​ព្រះសីហនុ​ និង​ខេត្ត​សៀមរាប​ និង​ព្រំដែន​កម្ពុជា-ថៃ។​ កាល​ពី​ឆ្នាំ​២០១៩​ កន្លង​ទៅ​ យ៉ាង​ហោច​ភ្ញៀវ​ទេស​ចរ​ចិន​ជាង​ ២លាន​នាក់​មក​ទស្សនា​នៅ​ប្រទេស​កម្ពុជា។​

លោក លី សូវ៉ាន់​ ថា ​កម្ពុជា​ធ្លាប់មាន​បទ​ពិសោធន៍​ជោគជ័យ​ជាង​១០ឆ្នាំ​ ក្នុង​ការ​ការពារ​និង​ទប់ស្កាត់​នឹង​ជំងឺ​រាតត្បាត​នានា​ ដូច​ជា​ជំងឺ​រលាក​សួត​បង្ក​ដោយ​កូរ៉ូណាវីរុស សារស៍ ​(SARS) ជំងឺ​រលាក​សួត​បង្ក​ដោយ​កូរ៉ូណាវីរុសមើរស៍ (MERS)​ និង ​ជំងឺ​ផ្ដាសាយ​បក្សី​ជាដើម។​ ដូច្នេះ​ លោកមាន​ទំនុកចិត្ត​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​ដែល​បង្ក​មេរោគ​ថ្មីនេះ។

លោក លោក​ លី សូវ៉ាន់​ មានប្រសាសន៍​ថា៖ ​

​«ជំងឺ​នេះ​មិន​ទើបតែ​ថ្មី​ចំពោះ​យើង​ទេ។​ តាមពិត​កន្លង​មក​យើង​ធ្លាប់​ទប់ស្កាត់​ជំងឺ​សារស៍ ​២០០២​ ​ទៅ ​២០០៣​ ធ្លាប់​ផ្ទុះ​ជំងឺ​ផ្តាសាយ​បក្សី​នោះ​ យើង​ទប់ស្កាត់​ពី​ ២០០៤ ​ដល់​ ២០១៥​ ហើយ​ធ្លាប់​មាន​ផ្ទុះ​ជំងឺ​មើស​ MERS ​២០១៥​ ហើយ​យើង​ធ្លាប់​តតាំង​ជំងឺ​ផ្តាសាយ​រាតត្បាត​សាកល​ឆ្នាំ២០០៩​ ហ្នឹង​ អញ្ចឹង​មានន័យ​ថា​យើង​មាន​បទ​ពិសោធន៍​ក្នុង​ការ​ទប់ស្កាត់​ហើយ»។​

ជំងឺ​រលាក​សួត​ដែល​មិនទាន់​ដឹង​ពី​មូលហេតុ​នេះ​ បង្ក​ដោយ​វីរុស​ កូរ៉ូណា​ប្រភេទ​ថ្មី​ ឬ​ណូវែល​កូរ៉ូណាវីរុស​-2019។​ ជំងឺ​នេះ​ ត្រូវ​គេ​បាន​រាយការណ៍​ដំបូង​នៅ​ថ្ងៃ​ទី៣១​ ខែធ្នូ ​ឆ្នាំ​២០១៩ ​នៅ​ទី​ក្រុង​វូហាន (Wuhan) ខេត្ត​ហ៊ុយបេ (Hubei) ប្រទេស​ចិន។

មក​ទល់​ពេល​នេះ​ អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិបាល​ បានឲ្យដឹងថា​ នៅ​ក្នុងប្រទេស​កម្ពុជា​គេ​ពុំ​ទាន់ឃើញមាន​សញ្ញាណ​សង្ស័យណា​មួយ​ត្រូវ​បាន​គេ​រាយការណ៍​ពាក់​ព័ន្ធ​នឹង​ការ​ឆ្លង​ជំងឺ​រលាក​សួត​ថ្មី​នេះ​ នៅ​ឡើយ​ទេ។

អ្នកវិទ្យា​សាស្ត្រ​កំពុង​បន្ត​អង្កេត​មើល​ថា តើ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ ​អាច​ចម្លង​ពីមនុស្ស​ទៅ​មនុស្ស​ម្នាក់ទៀត​ដែរឬទេ​ ។ ​បច្ចុប្បន្ន​នេះ​ គេ​ពុំ​ទាន់​មាន​ភស្តុតាង​វិទ្យាសាស្ត្រ​ជាក់លាក់​មក​ពន្យល់​អំពី​ការ​ឆ្លង​បែប​នេះ​ទេ។​

អ្នកស្រី ​Maria Van Kerkhove ​ ប្រធាន​ស្តី​ទី​នៃ​អង្គភាព​ទប់ស្កាត់​ជំងឺ​កើត​ថ្មីនៃ​អង្គការ​សុខភាព​ពិភពលោក ​(WHO’s ​Emerging ​Diseases​ Unit)​ បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ ​ថ្ងៃ​ទី​១៥ ​មករា​ នៅ​ទី​ក្រុង​ហ្សឺណែវ ​នៃ​ប្រទេស​ស្វីស​ ក្នុង​ន័យ​ដើម​ថា៖ «តាម​ព័ត៌មាន​ដែល​យើង​មាន​កន្លងមក​ យើង​ឃើញ​ថា​ វា​អាច​នឹង​មានការ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នៅ​ក្នុង​កម្រិត​ណាមួយ ​ហើយ​ជាពិសេស​គឺ​នៅ​ក្នុង​ចំណោម​ក្រុម​គ្រួសារ។ ក៏ប៉ុន្តែ​ឥឡូវ​នេះ​អ្វី​ដែល​ច្បាស់​គឺថា​ យើង​នៅ​មិន​ទាន់​ឃើញ​មាន​ការ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នៅឡើយ​ទេ»។

កាល​ពី​ឆ្នាំ​ ២០០២ ​និង​២០០៣​ ជំងឺ​សារស៍​ ​ដែល​បង្ក​ឡើង​ដោយ​វីរុស​ស្រដៀងគ្នា​ នឹង​វីរុស​កូរ៉ូណា​ថ្មី​នេះ​បាន​សម្លាប់​មនុស្ស​ប្រមាណ ៨០០​នាក់ ​ទូទាំង​សាកលលោក។

អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ថា​ ខ្លួន​នឹង​បន្ត​តាមដាន​ស្ថានភាព​នៃ​ជំងឺ​នេះ ​ហើយ​ត្រៀម​ធ្វើការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ និង​ផ្តល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ដល់​ប្រទេស​ចិន ​ដើម្បី​ស៊ើប​អង្កេត​ ទៅលើ​ជំងឺ​រាតត្បាត​មួយ​នេះ។

ចំពោះ​ប្រជា​ពលរដ្ឋ​កម្ពុជា​ដែល​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​នៅ​ក្នុង​អំឡុង​ពេល​ដែល​វីរុស​នេះ​កំពុង​ផ្ទុះ​ឡើង​ ក្រសួង​សុខាភិបាល​កម្ពុជា​ បានណែនាំ​ថា ពួកគេ​គួរ​ចៀសវាង​ទៅ​ក្បែរ​តំបន់​នោះ​ ​ចៀស​វាង​ប៉ះពាល់​សត្វ​រស់​ដោយ​ដៃ​ ឧស្សាហ៍​លាង​សម្អាត​ដៃ​ គួរ​បរិភោគ​អាហារ ឬសាច់​ដែល​ដែល​ចម្អិន​ឆ្អិនល្អ​ ពេល​ក្អក ​ឬ​ កណ្តាស​ ត្រូវប្រើ​ក្រដាស​ឬ​កន្សែង​ខ្ទប់មុខ។ ​ហើយ​ប្រសិន​បើមាន​រោគសញ្ញា​គ្រុន​ក្តៅ​ ឬ​ប្រវត្តិ​គ្រុនក្តៅ​ ក្អក ​ករណី​ធ្ងន់ធ្ងរ​មាន​ហត់ ​ឬ​ពិបាក​ដកដង្ហើម​ ត្រូវ​រាយ​ការណ៍​ឲ្យ​បាន​ឆាប់រហ័ស​ ដើម្បី​ក្រសួង​តាមដាន​ប្រវត្តិ​ជំងឺ​ និង​អត្តសញ្ញាណ៕

XS
SM
MD
LG