អាជ្ញាធរកម្ពុជានៅថ្ងៃអង្គារនេះ ព្យាយាមមិនធ្វើអត្ថាធិប្បាយចំពោះការបង្ក្រាបលើជនជាតិចិនដែលត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសបច្ចេកវិទ្យាជាច្រើនកន្លែង នៅក្នុងខេត្តតាកែវ ខណៈអ្នកឃ្លាំមើលសង្គម ជំរុញឲ្យសមត្ថកិច្ចកម្ពុជាប្តូរយុទ្ធសាស្រ្តក្នុងការអនុវត្តលើជនជាតិចិនដែលយកកម្ពុជាធ្វើជាទីតាំងប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា ជាជាងគ្រាន់តែចាប់បញ្ជូនត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ។
បើតាមអត្ថបទព័ត៌មានដែល ចេញផ្សព្វផ្សាយលើគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិកាលពីយប់ថ្ងៃចន្ទឲ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា កម្លាំងជំនាញជាង១០០នាក់ ដឹកនាំដោយ លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងលោក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដោយសហការជាមួយសមត្ថកិច្ចនគរបាលចិន បានបង្ក្រាបទីតាំងចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិតចំនួន៤ទីតាំងផ្សេងគ្នា ក្នុងខេត្តតាកែវ។ ក្នុងការបង្រ្កាបនោះ សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនបានចំនួន២៣៥នាក់ ស្រី៣៦នាក់ និងបានបញ្ជូនជនល្មើស ព្រមទាំងវត្ថុតាងពាក់ព័ន្ធទាំងនោះ យកទៅក្រសួងមហាផ្ទៃ។
VOA បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយពីលោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងលោក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន តែរហូតមកដល់ល្ងាចថ្ងៃអង្គារនេះ មិនមានការឆ្លើយណាមួយនៅឡើយ។
ចំណែកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃសុំមិនធ្វើអត្ថាធិប្បាយ ដោយបានបង្វែរឲ្យទៅសួរខាងកងរាជអាវុធហត្ថ។
យ៉ាងណាក្តី លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធ បដិសេធមិនធ្វើអត្ថាធិប្បាយ ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា៖
«អានេះគឺការសហការ សួរខ្ញុំខ្ញុំមិនអាចឆ្លើយបានទេ ព្រោះការសហការរបស់ខាងនេះ បើចង់ច្បាស់ អាហ្នឹងសួរទៅខាងខេត្តតែម្តង»។
ដោយឡែក លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ប្រាប់ VOA នាល្ងាចថ្ងៃអង្គារនេះថា ការដែលជនជាតិចិនយកកម្ពុជាជាទីតាំងក្នុងការប្រព្រឹត្តបទល្មើសបច្ចេកវិទ្យាទាំងនោះ គឺដោយសារកម្ពុជាមានការគ្រប់គ្រង និងអនុវត្តច្បាប់ធូររលុង។ លោកបន្ថែមថា ការចាប់បានជនជាតិចិនដែលប្រព្រឹត្តបទល្មើសបច្ចេកវិទ្យាដដែលៗ ជាច្រើនករណី គួរតែជាមេរៀនគ្រប់គ្រាន់ក្នុងការអាចឲ្យសមត្ថកិច្ចស្វែងរកយន្តការថ្មីក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាព ជាជាងការដែលគ្រាន់តែចាប់ខ្លួនហើយបញ្ជូនត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ។
លោកបញ្ជាក់ថា៖
«រដ្ឋាភិបាលគួរមានវិធានការថ្មី ទី១ពិនិត្យលើលក្ខណៈសម្បត្តិ ឬក៏ស្ថានភាពនៃជនជាតិចិន ឬក៏ប្រវត្តិនៃក្រុមជនជាតិចិនហ្នឹង ហើយមើលទៅលើស្ថានភាពដែលពួកគេរស់នៅក្នុងប្រទេសកម្ពុជា ថាតើគេរស់នៅក្នុងទម្រង់ជាទេសចរណ៍ ឬមួយក៏អ្នកមកស្វែងរកការងារធ្វើ? ក៏អ្នកដែលត្រូវបានក្រុមហ៊ុនចិនបញ្ជូនមក? ត្រួតពិនិត្យដើម្បីរកឲ្យឃើញថា ការរស់នៅរបស់ពួកគេមានអ្វីជាមធ្យោបាយសម្រាប់គាំទ្រការរស់នៅ»។
លោក សន ជ័យ បន្ថែមថា ករណីជនជាតិចិនដែលប្រព្រឹត្តបទល្មើសទាំងនោះ អាចមានពាក់ព័ន្ធនឹងអំពើពុករលួយរបស់សមត្ថកិច្ចកម្ពុជា ប្រសិនបើពួកគេចូលមកកម្ពុជាតាមរយៈការឆ្លងដែនដោយខុសច្បាប់។
លោកបញ្ជាក់ថា៖
«រដ្ឋាភិបាលត្រូវតែមានវិធានការដាក់ឈ្មោះជនជាតិចិនដែលប្រព្រឹត្តបទល្មើស ហ្នឹងនៅក្នុងបញ្ជីខ្មៅ ដើម្បីធានាថាពួកគេពិតជាមិនបានត្រឡប់មកវិញក្រោមរូបភាពណាមួយនោះទេ។ ហើយរឿងសំខាន់មួយទៀតដែរ ថាតើការរស់នៅរបស់ជនជាតិចិនហ្នឹង គឺមកដោយស្របច្បាប់ ឬក៏ដោយខុសច្បាប់? បើសិនជារកឃើញថាពួកគេមកដោយខុសច្បាប់ គួរតែមានការស៊ើបអង្កេតទ្រង់ទ្រាយធំមួយរកប្រភពដែលនាំឲ្យមានការរស់នៅដោយខុសច្បាប់នៅកម្ពុជាហ្នឹង ពីព្រោះថាវាអាចជាបទល្មើសពុករលួយដែរ»។
នេះមិនមែនជាករណីទី១នៃការបង្ក្រាបជនជាតិចិនដែលប្រើប្រាស់កម្ពុជា ជាទីតាំងប្រព្រឹត្តបទល្មើសទារប្រាក់តាមអ៊ីនធឺណិតនោះទេ។ កាលពីដើមខែកក្កដានេះ កម្លាំងនគរបាលអន្តោប្រវេសន៍បានចាប់បញ្ជូនជនជាតិចិនជាង៧០នាក់ ដែលពាក់ព័ន្ធបទល្មើសជំរិតទារប្រាក់តាមអ៊ីនធឺណិតឲ្យត្រឡប់ទៅកាន់ប្រទេសចិនវិញ។ ហើយកាលពីចុងឆ្នាំ២០១៥ សមត្ថកិច្ចក៏បានបណ្តេញជនជាតិចិនចំនួន១៦៨នាក់ ដែលប្រព្រឹត្តបទល្មើសដូចគ្នា ព្រមទាំងបង្រ្កាបបានករណីដូចគ្នានេះជាច្រើនទៀតក្នុងឆ្នាំកន្លងៗទៅ៕