ថ្មីៗនេះ មេដឹកនាំកម្ពុជា បានប្រកាសប្រាប់ពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុបថា ជនជាតិចិនមកកម្ពុជា គឺដើម្បីតែការងារ និងការវិនិយោគប៉ុណ្ណោះ ហើយថា ជនជាតិចិន ក៏គ្មានមហិច្ឆតាឈ្លានពានទឹកដីខ្មែរនោះដែរ។ ក៏ប៉ុន្តែពលរដ្ឋខ្មែររស់នៅតាមសហគមន៍មួយចំនួននៅតាមបណ្ដាខេត្ត និងទីក្រុង ជាពិសេសក្រុងព្រះសីហនុនោះ បានឲ្យដឹងអំពីការផ្ដើមបំពានយកដីធ្លីរបស់ពួកគេ ដើម្បីប្រយោជន៍របស់អ្នកវិនិយោគចិន។
ក្រុមសកម្មជនដីធ្លីនៅប្រទេសកម្ពុជា បានផ្ដល់ការកត់សម្គាល់របស់ពួកគេនៅក្នុងសិក្ខាសាលាមួយស្ដីពីបញ្ហាដីធ្លី និងការអភិវឌ្ឍនៅកម្ពុជា ដែលបានរៀបចំឡើងរយៈពេលពីរថ្ងៃដោយសមាគមមួយកាលពីថ្ងៃទី២២ និង២៣ ខែតុលាថា វត្តមានរបស់ជនជាតិចិន ក៏ដូចជាវិនិយោគចិន បានក្លាយជាបន្ទុកមួយទៀតមកលើសង្គមកម្ពុជា ដែលកំពុងប្រឈមវិបត្តិដីធ្លី ដែលមិនទាន់ត្រូវបានដោះស្រាយរួចផងនោះ។
លោក យូ វាសនា សកម្មជនការពារសិទ្ធិដីធ្លីនៅខេត្តព្រះសីហនុ និងជាសមាជិករបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ហៅកាត់ថា (CCFC) បានប្រាប់អ្នកចូលរួមសិក្ខាសាលានោះ ថាមានបាតុភាពទន្ទ្រានយកដីបឹងមួយកន្លែងដែលធ្លាប់ជាប្រភពទឹកសម្រាប់ប្រើប្រាស់របស់ពលរដ្ឋ ក្នុងពេលមានវត្តមានជនជាតិចិនកាន់តែច្រើនឡើង នៅខេត្តដែលជាប់មាត់សមុទ្រមួយនេះ។
លោកបានពណ៌នាថា៖
«បឹងព្រែកទប់នៅខេត្តព្រះសីហនុនៅសង្កាត់លេខបី ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គឺនៅជិតអូតែលប្រាំពីរជាន់ បងប្អូនដែលឃើញទេ ខេត្តព្រះសីហនុបាទ។ នៅពីមុនអនុក្រឹត្យបានចេញទុកជាសម្បត្តិរដ្ឋនៅ១៦.៤៥ ហិកតា តែពេលនេះ គេក្លែងមកសល់តែបួនហិកតាទេ បាត់១២ហិកតាហើយ។ ក្នុងសម័យនេះ នៅមួយការ៉េ បើតាមខ្ញុំដឹងជិត១ម៉ឺនដុល្លារ នែ! កណ្ដាលក្រុង បាទ។ ហើយតើគេធ្វើម៉េចបាន ស.ជ.ណ ចេញមកហើយណា៎! ទើបតែពីរឆ្នាំមុនទេ ស.ជ.ណ ធ្លាក់មកនេះ។ ឃើញទេ ថាទុក១៦ហិកតា ទុកជាសម្បត្តិរដ្ឋ តែបែរជាពីរឆ្នាំក្រោយ ចិនឡើងយ៉ាងគំហុកនេះ ចង់បាត់១២ហិកតាទៅណាទៀត។ អានេះ ជាបញ្ហាធំក្នុងខេត្តព្រះសីហនុ»។
សកម្មជនការពារសិទ្ធិដីធ្លីរូបនេះ បានឲ្យដឹងទៀតថា ការលោភបំពានដីធ្លីនៅខេត្តព្រះសីហនុ មិនមែនកើតឡើងតែទៅលើ ដីដែលជាសម្បត្តិរដ្ឋប៉ុណ្ណោះទេ វាថែមទាំងបានកើតឡើងទៅលើដីរបស់ពលរដ្ឋនៅតំបន់ជើងភ្នំ និងក្នុងទីប្រជុំជនទៀតផង។
លោកអះអាងថា មានករណីដែលមិនគួរឲ្យជឿនោះ គឺមានការធ្វើប្លង់កម្មសិទ្ធិថ្មី រំលោភលើប្លង់កម្មសិទ្ធិចាស់លក់ទៅឲ្យឈ្មួញចិនផងដែរ។
លោកនិយាយថា៖
«សូម្បីតែដីហ្នឹង មានប្លង់ជាង២០ឆ្នាំទៅហើយ រស់នៅប្លង់រឹង កន្លែងហ្នឹងជាតំបន់ត្រូវប៉ាន់បំផុត ដែលចិនគេចង់បាន អ៊ីចឹងគេធ្វើប្លង់មួយទៀត ជាន់ចំពីកន្លែងហ្នឹងទៀត ឥឡូវក្នុងសព្វថ្ងៃនេះ គេអនុវត្តន៍បាត់ទៅហើយដីហ្នឹង ២០[គុណនឹង]៣០ នៅក្នុងខេត្តព្រះសីហនុ នៅសង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ អាហ្នឹងប្លង់រឹងផង ក្នុងខេត្តព្រះសីហនុ ប្រើប្លង់រឹងផង មិនបាច់ចាំប្លង់ទន់ ដូចយើងទទួលតែភូមិឃុំផង ឃើញទេ គេយកបានបាត់ទៅហើយ ហើយយើងមិនដឹងថាគេយកតាមរបៀបណាទេ ឥឡូវនេះ កំពុងតែប្ដឹងផ្ដល់គ្នាទៀត»។
សិក្ខាសាលាសហគមន៍ថ្នាក់ជាតិ ដែលបានរៀបចំឡើងកាលពីថ្ងៃទី២២ និង២៣តុលានោះ មានការចូលរួមរបស់ពលរដ្ឋរងគ្រោះដីធ្លីមកពីខេត្តព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ កំពត ព្រះសីហនុ កោះកុង កំពង់ស្ពឺ ព្រះវិហារ និងរាជធានីភ្នំពេញ។
តាមទិន្នន័យដែលប្រមូលបានចុងក្រោយរបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) មានពលរដ្ឋប្រមាណជិត២ម៉ឺនគ្រួសារ បានជួបប្រទះនឹងជម្លោះដីធ្លី រាប់គិតចាប់តាំងពីឆ្នាំ២០០៣មក។ មានករណីជម្លោះដីធ្លីជាច្រើនត្រូវបានរដ្ឋាភិបាល និងភាគីពាក់ព័ន្ធដោះរួចរាល់ ហើយជម្លោះខ្លះនៅបន្តរ៉ាំរ៉ៃ ដោយជម្លោះដែលមិនទាន់ត្រូវបានដោះស្រាយទាំងអស់នោះ មានអាយុកាលមិនតិចជាង១០ឆ្នាំនោះទេ។ ជម្លោះរ៉ាំរ៉ៃទាំងនោះទៀតសោត គឺមួយចំនួនមានជាប់ពាក់ព័ន្ធនិងក្រុមហ៊ុនដែលមានម្ចាស់ជាជនជាតិខ្មែរនិងចិន។
លោក សំ សុភី តំណាងពលរដ្ឋម្នាក់មកពីឃុំតានូន ស្រុកបុទុមសាគរ ខេត្តកោះកុង បានលើកឡើងថាក្រុមប្រជាពលរដ្ឋក្នុងឃុំលោកកំពុងមានទំនាស់ជាមួយ ក្រុមហ៊ុនចិនមួយឈ្មោះ Union Development Group (UDG) ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចមានចំនួនដល់ទៅជាងបួនម៉ឺនហិកតា។
លោកបានរៀបរាប់ថា អាជ្ញាធរមូលដ្ឋាន មិនដែលជម្រាបពលរដ្ឋក្នុងឃុំឲ្យដឹងពីគម្រោងវិនិយោគរបស់ខ្លួននោះទេ ហើយដីមួយផ្នែកដែលបានផ្ដល់ជូនក្រុមហ៊ុននេះ គឺជាន់គ្នាលើដីរបស់ពលរដ្ឋ។
លោកបានបន្ថែមថា តាំងពីការចូលមកដល់របស់ក្រុមហ៊ុននេះ ក្នុងឆ្នាំ២០១០នោះមក ជម្លោះជាច្រើនបានកើតឡើង ហើយនៅតែមិនទាន់អាចរកដំណោះស្រាយបាននៅឡើយ។
លោកបានពណ៌នាអំពីការកកើតជម្លោះយ៉ាងដូច្នេះ៖
«គាត់ចូលមកវិនិយោគហ្នឹង អត់មានបានជជែកជាមួយប្រជាពលរដ្ឋទេ គាត់អត់មានថា ហៅតំណាងប្រជាពលរដ្ឋ ឬក៏តំណាងសហគមន៍ ឬក៏ជាមួយនឹងរាជរដ្ឋាភិបាល មិនដឹងគាត់និយាយភាសា ពីភាសាអីទេ តែគ្រាន់ថា ឲ្យពួកខ្ញុំហ្នឹងចុះបញ្ជីក្បាលដី ចុះជាមួយខាងក្រុមហ៊ុនហ្នឹង ដល់ពេលចុះ បញ្ជីផ្ទៃដីហើយ រួចហើយ ស្រាប់តែហៅ ប្រជាពលរដ្ឋហ្នឹងទៅវាស់វែង មិនដឹង មិនដឹង ម៉េចគាត់ ហៅទៅចុះវាស់វែង វាស់វែងហើយ ចោទប្រជាពលរដ្ឋរស់នៅលើដីក្រុមហ៊ុនទៀត»។
លោកថ្លែងបន្ថែមថា៖
«ហេតុអ្វីបានថា អ៊ីចឹង ឡើងរស់នៅលើដីក្រុមហ៊ុន តាំងពីប្រជាពលរដ្ឋហ្នឹងអត់មានសិទ្ធិនៅទេ កន្លែងហ្នឹង ដីហ្នឹងប្រជាពលរដ្ឋរស់នៅតាំងពីដូនតាម្ល៉េះ»។
មកទល់សព្វថ្ងៃនេះ លោក សំ សុភី និងពលរដ្ឋជាច្រើនគ្រួសារផ្សេងទៀត នៅបន្តរកដំណោះស្រាយពីក្រុមហ៊ុនចិននេះនៅឡើយ ហើយបើទោះជាមានការសន្យាពីមន្ត្រីរដ្ឋាភិបាលមួយចំនួនថា នឹងបញ្ចប់រឿងនេះ ក៏ពលរដ្ឋនៅតែប្រឹងប្រែងមកតវ៉ានៅទីក្រុងភ្នំពេញដដែល។
ក្រុមហ៊ុនចិន UDG ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលទំហំជាង៤ម៉ឺនហិកតា តាំងពីឆ្នាំ២០០៨ដើម្បីសង់ទីក្រុងទេសចរណ៍ធំមួយគិតជាទឹកប្រាក់ជិត៤ពាន់លានដុល្លារអាមេរិក។ គម្រោងនេះកំពុងធ្វើនៅក្នុងស្រុកចំនួនពីរគឺស្រុកគីរីសាគរ និងបុទុមសាគរ ដែលនៅចំកណ្ដាលសួនឧទ្យានជាតិបុទុមសាគរ ខេត្តកោះកុង។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ប្រាប់ VOA ថាការចូលមកវិនិយោគរបស់ចិន ដោយការជួលឬទិញដីធ្លីនេះ គឺជាបញ្ហាប្រឈមមួយបន្ថែមទៀត ដល់ពលរដ្ឋខ្មែរម្ចាស់ស្រុក។
លោកថា បញ្ហាប្រឈមនោះ នឹងជាន់ទៅលើវិបត្តិដីធ្លីដែលកើតមានជាយូរមកហើយនៅកម្ពុជា។
លោកនិយាយថា៖
«នេះគឺចំណុចមួយ ឬក៏ជាបញ្ហាមួយប្រឈមដែរ។ កសិករហ្នឹង អាចប្រឈមហ្នឹងបញ្ហាថ្មី ខណៈដែលចិនមកតម្រូវការដីធ្លីសម្រាប់ធ្វើកសិកម្ម ដីធ្លីសម្រាប់វិនិយោគ ហើយអាចនឹងរុញឲ្យប្រជាពលរដ្ឋ កាន់តែរងផលប៉ះពាល់។ មួយវិញទៀត គឺថាដូចតំបន់មួយចំនួននៅព្រះសីហនុអ៊ីចឹង នៅពេលដែលចិនមកអ្នករំលោភដីប្រជាពលរដ្ឋអាចអះអាងថាដីរបស់ខ្លួនហើយលក់ឲ្យចិនអ៊ីចឹង អ៊ីចឹងវិវាទពេលនោះ គឺវិវាទប្រជាពលរដ្ឋ គឺកាន់វាមានតង់តទៅទៀតហើយ មានខ្សែបណ្ដាញទៅ គឺត្រូវវិវាទជាមួយចិន ដែលជាម្ចាស់ក្រុមហ៊ុនវិញម្ដងហើយ»។
ការធ្វើបទបង្ហាញរបស់ប្រធានសមាគមរូបនេះ កាលពីថ្ងៃទី២២ ខែតុលា គឺក្នុងពេលនៃការធ្វើសិក្ខាសាលាស្ដីពីបញ្ហាដីធ្លី និងការអភិវឌ្ឍកន្លងទៅនោះ បានឲ្យដឹងថា ជម្លោះដីធ្លីដែលបានក្លាយជាវិបត្តិនោះ មានឫសគល់មកពីការផ្ដល់ដីសម្បទានរបស់រដ្ឋាភិបាល និងការអភិវឌ្ឍវិនិយោគមិនស្របតាមច្បាប់នៅក្នុងប្រទេសកម្ពុជា។
កសិករនៅតាមតំបន់ជនបទ មិនអាចទទួលបានព័ត៌មានអំពីការអភិវឌ្ឍគម្រោងរបស់ក្រុមហ៊ុនទេ។ ប្រជារាស្ត្រខ្មែរដែលជាកសិករ បាត់បង់ដីសម្រាប់ធ្វើស្រែនិងធ្វើលំនៅឋាន។ ពួកគេប្រឈមនឹងកង្វះស្បៀងអាហារ ហើយក៏បានក្លាយជាកូនបំណុលរបស់ធនាគារ និងក្រោយមកគឺចំណាកស្រុក។ នេះបើយោងតាមអ្នកតាមដានការអភិវឌ្ឍក្នុងប្រទេសកម្ពុជា។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវខាងការអភិវឌ្ឍសង្គម ដែលបានចូលរួមក្នុងសិក្ខាសាលារយៈពេលពីរថ្ងៃនោះ បានប្រាប់ក្រុមអ្នកកាសែតថា ការដោះស្រាយបញ្ចប់វិវាទដីធ្លី ទំនងជាមិនអាចបញ្ចប់បានឆាប់ៗនោះឡើយ នៅគ្រាដែលប្រព័ន្ធយុត្តិធម៌កម្ពុជា នៅមិនមានឯករាជ្យភាពនៅឡើយ សម្រាប់មនុស្សរាល់គ្នានៅកម្ពុជានោះ។
«ខ្ញុំទទួលស្គាល់ថា រដ្ឋាភិបាលបានខំប្រឹងធ្វើការកំណែទម្រង់ហ្នឹងច្រើន ក៏ប៉ុន្តែ ការកំណែទម្រង់នេះ ខ្ញុំគិតថា នឹងមានការពិបាក បើសិនជា ការកំណែទម្រង់ធ្វើឡើង មិនផ្ដល់នូវឯករាជ្យភាពដល់ប្រព័ន្ធយុត្តិធម៌ ទុកបណ្ដោយឲ្យប្រព័ន្ធយុត្តិធម៌នៅតែមិនអាចបំពេញតួនាទី ដោយឯករាជ្យខ្លួនឯងបានទេ ពេលនោះ គឺអ្នកមានអំណាចហ្នឹងតែងតែយកប្រព័ន្ធយុត្តិធម៌ មកប្រើប្រាស់ ហើយពេលនោះហើយ ដែលពលរដ្ឋជាអ្នកដែលត្រូវរងគ្រោះបាទ។ ហើយការកំណែទម្រង់ ស៊ីជម្រៅរបស់រដ្ឋាភិបាលណាមួយនោះ វាអាស្រ័យទៅលើការពង្រឹងប្រព័ន្ធដែលពាក់ព័ន្ធជាមួយគ្នាហ្នឹង ជាជាងការផ្ដោតការយកអំណាចហ្នឹងយកមកដាក់ដោះស្រាយនៅថ្នាក់កណ្ដាល ដូចជាការបង្កើតគណៈកម្មការដោះស្រាយដីធ្លី អីហ្នឹង ខ្ញុំគិតថា មិនមានប្រសិទ្ធភាព បើមាន ក៏មានតែមួយប្រាវអ៊ីចឹងទៅរួចហើយក៏ស្ងាត់ទៅវិញ»។
ពាក់ព័ន្ធនឹងការវិនិយោគរបស់ក្រុមហ៊ុនចិន អ្នកវិភាគរូបនេះ កត់សម្គាល់ឃើញថា ការអនុវត្តច្បាប់ដែលមិនប្រាកដប្រជារបស់រដ្ឋាភិបាលខ្មែរ បានធ្វើឲ្យអ្នកវិនិយោគចិនមួយចំនួនចាកចេញពីកម្ពុជាផងដែរ។
ក្នុងបញ្ហាវិបត្តិដីធ្លីនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ប្រាប់ VOA កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលបានខិតខំបញ្ចប់ជម្លោះដីធ្លីដែលមានដល់ទៅជិត២ម៉ឺនករណីនោះ ស្ទើរជិតអស់ទៅហើយដែរ ហើយថា បញ្ហាដែលមានសេសសល់នោះ គឺបណ្ដាលមកពីចរន្តនៃក្រុមចាប់យកដីអនាធិបតេយ្យ។
លោកមានប្រសាសន៍ថា៖
«ចំពោះបងប្អូននៅដីមូលដ្ឋាននោះពីខេត្តនានា មិនមែនខ្វះដីទេ វាតែជាគេហៅថា ចរន្ត ជាបាតុភាពដែលបង្កើតឡើង ដោយជនអនាធិបតេយ្យ មានមេខ្យល់ អ្នកដឹកនាំហ្នឹង ចាប់ដីកន្លែងនោះបាន ដោយយកគោល គោលនយោបាយបានលុយទៅចាប់កន្លែងផ្សេងទៀត។ អ៊ីចឹងអាការដោះស្រាយនេះមិនងាយនឹងចប់ទេ។ អ៊ីចឹងបានរាជរដ្ឋាភិបាលលោកមានការម៉ឺងម៉ាត់ ក្នុងការដោះស្រាយ។ បើប្រជាជន ដែលអត់ដីធ្លីពិតប្រាកដ អាហ្នឹងប្រគល់ដីសង្គមកិច្ច សម្បទានសង្គមកិច្ចឲ្យ ក៏ប៉ុន្តែសុំកុំឲ្យលក់! ក៏ប៉ុន្តែមានបងប្អូនមួយចំនួនបានហើយ អាហ្នឹងទៅ ទៅលក់យកលុយចាយអស់ទៅ ទៅកន្លែងផ្សេងទៀត វាបង្កើតបញ្ហាទៀត»។
ចំណែកឯរឿងវត្តមានជនជាតិចិននៅកម្ពុជានោះ មេដឹកនាំកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងកាលពីពេលថ្មីៗនេះថា លំហូររបស់ជនជាតិចិនមកកម្ពុជា គឺដោយសារតែគម្រោងសាងសង់នានារបស់អ្នកវិនិយោគចិនខ្វះកម្មករដែលមានជំនាញខ្ពស់។
លោកបានប្រាប់ក្រុមពលរដ្ឋនៅខេត្តព្រះសីហនុកុំឲ្យមានការបារម្ភចំពោះកំណើនជនជាតិចិននៅទីនោះ។ លោកថា ក្រុមជនជាតិចិនទាំងនោះ នឹងចាកចេញពីខេត្តព្រះសីហនុ នៅពេលពួកគេបញ្ចប់ការងារឬគម្រោងវិនិយោគរបស់ពួកគេ។ ក៏ប៉ុន្តែលោក ហ៊ុន សែន មិនបានថ្លែងដល់វិវាទដីធ្លីណាមួយ ដែលមានក្រុមហ៊ុនចិនពាក់ព័ន្ធនោះឡើយ៕