អគ្គមេបញ្ជាការកងទ័ពកម្ពុជានាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាឲ្យមានការចល័តរថក្រោះនិងរថពាសដែក ចំនួន២២គ្រឿង ពីខេត្តកំពតចូលមកកាន់បន្ទាយនៅជាយក្រុងភ្នំពេញវិញ ចាប់ផ្តើមពីថ្ងៃសុក្រនេះ។ នេះបើតាមបទបញ្ជាមួយដែល VOA ទទួលបានចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។
នៅក្នុងបទបញ្ជាដែលចុះហត្ថលេខា ដោយលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន ដដែលបានបញ្ជាក់ឲ្យដឹងថា៖
«យោងតាមសេចក្តីត្រូវការចាំបាច់ចំពោះមុខ «បញ្ជា» មេបញ្ជាការកងទ័ពជើងគោកត្រូវធ្វើការចល័តរថក្រោះប្រភេទ T 55 ចំនួន១០គ្រឿង និងរថពាសដែកប្រភេទ BMP-1 ចំនួន ១២គ្រឿង ពីសាលាហ្វឹកហ្វឺនតេជោសែនជុំគីរី ស្ថិតនៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត មកទីបញ្ជាការកងពលតូចលេខ ៧០ ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីវិលចូលអង្គភាពដើមវិញ»។
ការបរិច្ឆេទនៃការចល័តរថក្រោះនេះ គឺចាប់ពីថ្ងៃទី១០ ដល់ ថ្ងៃទី១១ ខែមេសា។ ការចល័តរថក្រោះចូលបន្ទាយវិញនេះ គឺក្រោយពេលដែលសមយុទ្ធយោធានាគមាស ឬ Golden Dragon ដើម្បីប្រយុទ្ធប្រឆាំងនឹងភេរវកម្មចំនួន ២សប្តាហ៍ រវាងកងទ័ពចិននិងកម្ពុជាបានបញ្ចប់ កាលពីថ្ងៃទី៣០ ខែមីនា ក្នុងពេលវីរុសកូរ៉ូណាកំពុងឆ្លងរាលដាលពាសពេញពិភពលោក។
បទបញ្ជានៃការចល័តរថក្រោះនេះដែរក៏កើតឡើងដំណាលគ្នា ដែលមានបទបញ្ជារបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានការដាក់កំហិតនៃការធ្វើដំណើររបស់ពលរដ្ឋ និងកម្មករនៅក្នុងប្រទេសពីខេត្តមួយទៅមួយ ចាប់ពីម៉ោង១២យប់ ថ្ងៃទី៩ ខែមេសា ដល់ពាក់កណ្តាលយប់ ថ្ងៃទី១៦ ខែមេសា ក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីខ្មែរ ដែលរដ្ឋាភិបាលបានសម្រេចលុបចោល ដោយសារការទប់ស្កាត់ការបង្ការមិនឲ្យឆ្លងរាលដាលវីរុសកូរ៉ូណា ដល់ពលរដ្ឋនិងសហគមន៍៕