ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កញ្ញា ​សេង ធារី​ ត្រូវ​​បញ្ជូន​​ទៅ​ឃុំ​ខ្លួន​នៅ​ខេត្ត​ព្រះវិហារ​


កញ្ញា សេង ធារី មេធាវីខ្មែរ-អាមេរិកាំង តែងខ្លួនជាស្រ្តីនៃសេរីភាព ឈរថ្លែងនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ មុនពេលត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
កញ្ញា សេង ធារី មេធាវីខ្មែរ-អាមេរិកាំង តែងខ្លួនជាស្រ្តីនៃសេរីភាព ឈរថ្លែងនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ មុនពេលត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

​មេធាវី​ខ្មែរ​អាមេរិកាំង​ កញ្ញា ​សេង ធារី ដែល​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​៦​ឆ្នាំ នៅ​ក្នុង​សំណុំ​រឿង «រួម​គំនិត​ក្បត់» ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ ក្នុង​ខេត្ត​ព្រះវិហារ​ ជាប់​ប្រទេស​ថៃ។ នេះ​បើ​តាម​មេធាវី​របស់​កញ្ញា គឺ​លោក ជូង ជូងី ដែល​បាន​ទៅ​សួរ​នាំ​អាជ្ញាធរ​ពន្ធនាគារ​ព្រៃស កាល​ពី​រសៀល​ថ្ងៃ​សុក្រ។

លោក ជូង ជូងី ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​ថា ​បើ​តាម​មន្រ្តី​ពន្ធនាគារ ​កញ្ញា សេង ធារី ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ខេត្ត​ព្រះវិហារ​ ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា មក​ម៉្លេះ ​គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​កញ្ញា​ត្រូវ​បាន​ចាប់​ខ្លួន ក្រោយ​តុលាការ​ប្រកាស​សាលក្រម។ លោក​បន្ថែម​ថា​ ការ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ឆ្ងាយ​បែប​នេះ បង្ក​ការ​លំបាក​សម្រាប់​រូប​លោក​ក្នុង​ការ​ទៅ​ជួប និង​ផ្តល់​ការ​ប្រឹក្សា​ដល់​កូន​ក្តី​របស់​លោក។

លោក​ថ្លែង​ថាមន្រ្តី​ពន្ធនាគារ​មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​បញ្ជូន​កញ្ញា សេង ធារី ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​ឡើយ។

កញ្ញា សេង ធារី ត្រូវ​បាន​កាត់​ទោស​ជាប់​ពន្ធនាគារ​ចំនួន​៦​ឆ្នាំ​ ពី​បទ​រួម​គំនិត​ក្បត់​ ដែល​មាន​ទំនាក់ទំនង​នឹង​ផែន​ការ​មាតុភូមិនិវត្តន៍​មិន​ជោគជ័យ​របស់​លោក ​សម រង្ស៊ី​ កាល​ពី​ឆ្នាំ​២០១៩។

ការ​កាត់​ទោស​លើ​កញ្ញា សេង ធារី ក៏​នាំ​ឱ្យ​មាន​ក្តី​បារម្ភ​ពី​ក្រសួង​ការ​បរទេស​អាមេរិក​ផង​ដែរ។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ លោក Ned Price បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «សហរដ្ឋ​អាមេរិក​មាន​ការ​បារម្ភ​ជា​ខ្លាំង ចំពោះ​ការ​កាត់​ទោស​ទ្រង់ទ្រាយ​ធំ​មួយ​កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​មិថុនា​កន្លង​ទៅ​នេះ​ទៅ​លើ​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ក្នុង​ចំណោម​នោះក៏​មាន​មេធាវី​ខ្មែរ​អាមេរិកាំង​កញ្ញា សេង ធារី ​ម្នាក់​ផង​ដែរ»។

លោក​ Price ​បន្ថែម​ទៀត​ថាការ​កាត់​ទោស​នេះ «គឺ​ជា​ឧទាហរណ៍​ចុង​ក្រោយ​បង្អស់​នៃ​ការ​គំរាមកំហែង​ ការ​បំភិតបំភ័យ​ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​គណបក្ស​និង​មេដឹកនាំ​នយោបាយ​ប្រឆាំង»៕

XS
SM
MD
LG