ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​ខ្មែរ​អាមេរិកាំង​ឈាន​ទៅ​កាន់​តំណែង​ចៅហ្វាយ​ក្រុង ​Livermore


លោក​ Mony Nop បេក្ខជន​ខ្មែរ​អាមេរិកាំង​សម្រាប់​តំណែង​ជា​ចៅហ្វាយ​ក្រុង​ Livermore​ រដ្ឋ​ California ថ្លែង​ក្នុង​អំឡុង​​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​។ (Mony Nop Campaign)
លោក​ Mony Nop បេក្ខជន​ខ្មែរ​អាមេរិកាំង​សម្រាប់​តំណែង​ជា​ចៅហ្វាយ​ក្រុង​ Livermore​ រដ្ឋ​ California ថ្លែង​ក្នុង​អំឡុង​​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​។ (Mony Nop Campaign)

លទ្ធផល​ឆ្នោត​បឋម​នៃ​ការ​បោះឆ្នោត​ក្នុង​ទីក្រុង Livermore​ រដ្ឋ​ California ​(កាលីហ្វ័រញ៉ា) កាល​ពី​ថ្ងៃ​អង្គារ​ទី​៨​ ខែ​វិច្ឆិកា​បាន​បង្ហាញ​ថា​ លោក​ Mony Nop ​បេក្ខជន​ខ្មែរ​អាមេរិកាំង​កំពុង​នាំ​មុខ​គូ​ប្រជែង​របស់​លោក​បន្តិច​បន្តួច​សម្រាប់​តំណែង​ជា​ចៅហ្វាយ​ក្រុង។

តួលេខ​បឋម​ដែល​ផ្តល់​ដោយ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ស្រុក ​Alameda ​ដែល​គ្រប​ដណ្តប់​ក្រុង​ជាច្រើន​ក្នុង​នោះ​មាន​ក្រុង ​Livermore​ ផងដែរ​បាន​បង្ហាញ​ថា​ត្រឹម​ថ្ងៃទី៩​ ខែ​វិច្ឆិកា​នេះ​ លោក​ Mony Nop បាន​នាំមុខ​លោក​ John Marchand ​ដោយ​សំឡេង​៦.៥២៧ ​ទល់​នឹង​៦.៣១២​ដែល​ត្រូវ​ជា​៥១​ទល់​នឹង​៤៩​ភាគរយ​នៃ​សន្លឹកឆ្នោត​សរុប។ លទ្ធផល​នេះ​ផ្អែក​លើ​ការ​រាប់​សន្លឹកឆ្នោត​១០០%​នៅ​តាម​មណ្ឌល​បោះឆ្នោត​ទាំង​១៥។

ក៏ប៉ុន្តែ​គេ​នៅ​មិនទាន់​អាច​ប្រកាស​លទ្ធផល​ជា​ផ្លូវការ ​ដោយសារ​ការ​រាប់​សន្លឹកឆ្នោត​របស់​អ្នកបោះឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍​នៅ​មិនទាន់​ចប់​សព្វគ្រប់។

រដ្ឋ California ​នៅ​តែ​ទទួល​អ្នកបោះឆ្នោត​តាម​សំបុត្រ​រហូតដល់​ថ្ងៃទី១៥​ ខែ​វិច្ឆិកាដរាប​ណា​សន្លឹក​ឆ្នោត​នោះ​ផ្ញើ​ចេញ​នៅ​មុន​ឬ​នៅ​ថ្ងៃ​បោះឆ្នោត។ គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​មាន​ពេល​រហូត​ដល់​ថ្ងៃទី៨ ​ខែ​ធ្នូ​ ដើម្បី​បញ្ជាក់​លើ​លទ្ធផល​ចុងក្រោយ។ ​

នៅ​ក្នុង​សារ​ផ្ញើ​មក​ VOA ​លោក ​Mony Nop ​ថ្លែង​ថា ​បើ​សិន​ជា​លទ្ធផល​ចេញ​ជា​ផ្លូវ​ការ​ហើយ​លោក​ជាប់​តំណែង​ជា​ចៅហ្វាយ​ក្រុង​គឺ​លោក​នឹង​ដឹកនាំ​ដោយ​ប្រកាន់​ជំហរ​«បើកចំហ»​ដែល​នឹង​ចំណាយ​ពេល​ស្តាប់​មតិ​នានា​បើ​ទោះបី​ជា​មិន​យល់​ស្រប​នឹង​លោក​ក៏ដោយ។

លោក​បាន​បន្ថែម​ថា លោក​នឹង​ផ្តល់​តម្លៃ​ដល់​អ្នក​ទាំង​ឡាយ​ណា​ដែល​មាន​អារម្មណ៍​ថា​«ត្រូវ​បាន​គេ​មិន​ឱ្យ​តម្លៃ​និង​គោរព»​ក្នុង​រយៈពេល​ពីរបី​ឆ្នាំ​កន្លង​មកនេះ។

លោក​ Mony Nop ​គឺ​ជា​ខ្មែរ​អាមេរិកាំង​ដំបូង​ដែល​ឈរ​ឈ្មោះ​ប្រកួតប្រជែង​យក​តំណែង​ចៅហ្វាយ​ក្រុង​ Livermore។ លោក​បាន​បម្រើ​ការងារជាមន្ត្រី​ប៉ូលិស​ក្នុង​ក្រុងរយៈពេល​១៧​ឆ្នាំ។ បច្ចុប្បន្ន​លោក​គឺ​ជា​អ្នកជំនួញ​អចលនទ្រព្យ​ដ៏​ជោគជ័យ។​ លោក​សង្ឃឹម​ថា​បទពិសោធ​នេះ​នឹង​ជួយ​លោក​ដឹកនាំ​ក្រុង​បាន​ល្អ។

លោក ​Mony ​មាន​គោលនយោបាយ​អាទិភាព​ដែល​ផ្តោត​លើ​លំនៅដ្ឋាន​ សុវត្ថិភាព​សាធារណៈ​ ដោះស្រាយ​បញ្ហា​គ្មាន​លំនៅដ្ឋាន​ បង្ក​លក្ខណៈ​ឱ្យ​ពលរដ្ឋ​អាច​ទិញ​ផ្ទះ​បាន​ និង​នាំ​យក​ការងារ​ដែល​មាន​ប្រាក់ខែ​ខ្ពស់​មក​ទីក្រុង​ Livermore។

ទីក្រុង​ Livermore​ មាន​ពលរដ្ឋ​រស់នៅ​ចំនួន​ជាង​៩០.០០០ ​នាក់​ដោយ​មាន​ពលរដ្ឋ​អាស៊ី​រស់នៅ​ចំនួន​១៣%​ប៉ុណ្ណោះ។ អ្នកបោះឆ្នោត​ស្បែក​ស​មាន​៥៩%​ និង​ក្រៅ​ពី​នោះ​ជា​អាមេរិក​ឡាទីន​និង​សាសន៍​ដទៃ​ទៀត។ ទីក្រុង​តូច​មួយ​នេះ​មាន​ចម្ងាយ​៧០​គីឡូម៉ែត្រ​ពី​ទីក្រុង​ San Francisco។​

គូ​ប្រកួត​របស់​លោក ​Mony Nop​ គឺ​លោក ​John Marchand ​អតីត​ចៅហ្វាយក្រុង​ដែល​បាន​ត្រឡប់​មក​ប្រកួត​ប្រជែង​ជាថ្មី។ លោក​ ​Mony ​ធ្លាប់​ធ្វើ​ជា​អ្នកគ្រប់គ្រង​យុទ្ធនាការ​របស់​លោក​ Marchand ​ក្នុង​ឆ្នាំ​២០១៨​ ដែល​ជួយ​ឱ្យ​លោក​ Marchand ជាប់​ឆ្នោត​ជាថ្មី។

លោក​មុន្នី​កើត​នៅ​ខេត្ត​បាត់​ដំបង។ ក្រុមគ្រួសារ​របស់​លោក​បាន​រត់​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ​និង​ហ្វីលីពីន​មុន​ពេល​មក​ដល់​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ១៩៨៣​ នៅ​ពេល​ដែល​លោក​មាន​អាយុ​១០​ឆ្នាំ។ពេល​មក​ដល់​ដំបូង​គ្រួសារ​លោក​បាន​រស់​នៅ​ទីក្រុង​ Tempe ​រដ្ឋ Arizonaណា​មុន​ផ្លាស់ទី​មក​នៅ​ទីក្រុង​ Stockton (ស្តុកតុន)​ រដ្ឋ California។ លោក​បាន​ផ្លាស់​មក​នៅ​ទីក្រុង ​Livermore ​ក្នុង​ឆ្នាំ​២០០៤៕

XS
SM
MD
LG