ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិនិងក្នុងប្រទេសកម្ពុជាបានស្នើសុំឲ្យប្រធានាធិបតីបារាំង François Hollande ប្រាប់នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យបញ្ឈប់ការរំលោភសិទ្ធិមនុស្សហើយដោះលែងសកម្មជនការពារសិទ្ធិមនុស្ស ៤នាក់និងសកម្មជនគណបក្សជំទាស់ ១៤នាក់ ព្រះសង្ឃ២អង្គ ហើយនឹង សមាជិកព្រឹទ្ធសភាម្នាក់។ លោកហ៊ុន សែនគ្រោងនឹងបំពេញទស្សនកិច្ច ក្នុងប្រទេសបារាំងចាប់ពីចុងសប្ដាហ៍នេះ។
នៅក្នុងលិខិតចំហរួមគ្នាមួយច្បាប់របស់ក្រុមអង្គការសិទ្ធិមនុស្សមកពីអង្គការសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស អង្គការសិទ្ធិមនុស្សលីកាដូ អង្គការសិទ្ធិមនុស្សអាដហុក ដែលចេញផ្សាយនៅថ្ងៃសុក្របានទទូចឲ្យលោក Hollande ធ្វើអន្តរាគមន៍ដោយបញ្ជាក់ថា៖
«យើងសុំទទូចដល់លោកប្រធានាធិបតីដើម្បីទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបញ្ជាឲ្យដោះលែងជាបន្ទាន់និងដោយឥតលក្ខខណ្ឌចំពោះសកម្មជនទាំង ២១អង្គនាក់ ដែលជាប់ឃុំឃាំងតាំងពីខែកក្កដាមក»។
ក្នុងលិខិតដដែលនោះ ក្រុមអង្គការសិទ្ធិមនុស្សបានទាមទារឲ្យបារាំងត្រៀមថ្កោលទោសការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ហើយបន្ថែមថាក្រុមសកម្មជនទាំងនោះត្រូវចាប់ខ្លួនដោយអាជ្ញាធរតាមទំនើងចិត្តដោយសារ តែពួកគេគ្រាន់តែអនុវត្តសេរីភាព បញ្ចេញមតិដូចមានចែងក្នុងច្បាប់សិទ្ធិមនុស្សជាអន្តរជាតិប៉ុណ្ណោះ។ លិខិតរួមដដែលនោះបានទទូចដល់ប្រធានាធិបតីបារាំងដែរថា៖
«យើងសុំជំរុញដល់លោកប្រធានាធិបតីឲ្យលើកឡើងបញ្ហាដែលបាន បញ្ជាក់ ខាងលើក្នុងពេលជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងទាមទារឲ្យរដ្ឋបាលរបស់លោកគោរព លើកកម្ពស់ និងអនុវត្តគោលការណ៍សិទ្ធិមនុស្សស្រប តាមកាតព្វកិច្ចជាអន្តរជាតិរបស់កម្ពុជា និងអនុសាសន៍មួយចំនួនដែលបានធ្វើដោយ ស្ថាប័នសិទ្ធិមនុស្សរបស់អ.ស.ប»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនគ្រោងនឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសបារាំងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៥ តុលា។ ក្នុងដំណើរទស្សនកិច្ចនោះ កិច្ចព្រមព្រៀងមួយចំនួនរួមទាំងការធ្វើបត្យាប័នរវាងប្រទេសទាំងពីរនឹងត្រូវចុះហត្ថលេខា។
ក្រុមអង្គការសង្គមស៊ីវិលបានយកថ្ងៃគោរពសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីសខួបទី២៤ឆ្នាំក្នុងប្រទេសកម្ពុជាថ្ងៃសុក្រនេះ បង្ហាញពីក្តីបារម្ភពីការបិទសិទ្ធសេរីភាព និង ការគាបសង្កត់ ដោយសារតែច្បាប់អង្គការដែលទើបតែអនុម័តដោយសភានិងសេចក្ដីព្រាងច្បាប់ សហជីពជាដើម៕