អភិបាលក្រុងឡូវែលដឹកនាំអត្តពលិកសញ្ជាតិអាមេរិកាំងដើមកំណើតខ្មែរមកចូលរួមប្រកួតកីឡាបាល់ទះក្នុងស៊ីហ្គេមតំណាងឱ្យកម្ពុជា ដោយរំពឹងថា ពួកគេនឹងជំរុញឱ្យក្មេងស្រីកាន់តែក្លាហាន ហើយអាចធ្វើឱ្យទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកាន់តែប្រសើរ។
កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាផ្សេងៗក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ ដែលចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី ៥ ខែឧសភា រហូតដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។
ប្រធានក្រុមប្រឹក្សាភិបាលរបស់សមាគមកីឡាសហរដ្ឋអាមេរិកកម្ពុជា (UCSA) និងជាអភិបាលក្រុងឡូវែលដែលមានដើមកំណើតខ្មែរ លោក ចៅ សុខារី ប្រាប់វីអូអេក្នុងអំឡុងពេលនាំអត្តពលិកស្រ្តីចំនួន ៤ រូបចូលរួមប្រកួតកីឡាស៊ីហ្គេម នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ នេះថា អត្តពលិកទាំងនេះមានឪពុកម្តាយ និងជីដូនជីតាជាជនជាតិខ្មែរ ដែលបានភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិក ក្នុងអំឡុងពេលសង្គ្រាម។ លោកថា ពួកគេបានស្ម័គ្រចិត្តមកចូលរួមប្រកួតស៊ីហ្គេមផ្នែកកីឡាបាល់ទះដើម្បីតំណាងឱ្យកម្ពុជា។
លោកថ្លែងថា៖ «ពួកគេពិតជាមានមោទនភាពខ្លាំងណាស់ដែលបានតំណាងឱ្យសហរដ្ឋអាមេរិក និងកម្ពុជា ខណៈដែលពួកគេទាំងពីរជាជនជាតិខ្មែរអាមេរិកាំង ដូចឈ្មោះដែលបានស្នើឡើង ហើយយើងពិតជារំភើបខ្លាំងណាស់។ ទាំងនេះជាអត្តពលិកកំពូលៗ ខ្លះជាអត្តពលិកស្ត្រីខ្មែរអាមេរិកាំងកំពូលៗនៅសហរដ្ឋអាមេរិក។ ពួកគេមកតំណាងអាស៊ាននិងនៅកម្ពុជា»។
ការចូលលេងកីឡាដើម្បីប្រកួតប្រជែងសម្រាប់ក្មេងស្រី និងស្រ្តីនៅកម្ពុជា នៅមិនទាន់មានភាពទូលំទូលាយនៅឡើយ ដោយសារផ្នត់គំនិតក្នុងគ្រួសារមួយចំនួនមិនចង់ឱ្យកូនស្រីលេងកីឡា និងកង្វះឱកាសសម្រាប់ការជំរុញឱ្យពួកគេចូលរួម។ ចំណែកទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងកម្ពុជាក៏តែងមានភាពរកាំរកូស បន្ទាប់ពីរដ្ឋាភិបាលកម្ពុជារំលាយគណបក្សសង្គ្រោះជាតិ បិទស្ថាប័នសង្គមស៊ីវិល និងស្ថាប័នសារព័ត៌មានជាបន្តបន្ទាប់។
លោក ចៅ សុខារី បន្ថែមថា ទន្ទឹមនឹងការតំណាងឱ្យកម្ពុជា ពួកគេក៏នឹងផ្តល់ជាគំរូដល់កុមារី និងស្ត្រីក្នុងប្រទេសកម្ពុជា ក៏ដូចជាលើពិភពលោក ជាពិសេសការពង្រឹងទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក។
លោកបញ្ជាក់ថា៖ «អត្តពលិកទាំងនេះមកទីនេះដើម្បីលេង ពួកគេមកទីនេះដើម្បីឈ្នះ។ ប៉ុន្តែមានផ្នែកមួយដែលជាការទូតផ្នែកកីឡា ហើយពួកគេផ្ទាល់ ពួកគេប្រហែលជាមិនបានដឹងអំពីរូបភាពធំជាងនេះទេ។ ពួកគេកំពុងរួមចំណែកដល់ទំនាក់ទំនងការទូត [កម្ពុជា-អាមេរិក] នេះ។ ពួកគេកំពុងលើកកម្ពស់ភាពវិជ្ជមាន។ ពួកគេកំពុងតំណាងឱ្យតួនាទីដ៏មិនគួរឱ្យជឿរបស់ស្ត្រីកម្ពុជាថា តើពួកគេអាចជោគជ័យបានកម្រិតណា»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមខែឧសភានេះ បានប្រកាសស្វាគមន៍ចំពោះកីឡាករដើមកំណើតខ្មែរទាំងអស់ពីបរទេស ដែលចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ តំណាងឱ្យកម្ពុជា បើទោះបីពួកគេគ្មានសញ្ជាតិខ្មែរ។
កញ្ញា Nancy Pin អត្តពលិកកីឡាបាល់ទះសញ្ជាតិអាមេរិកាំងដើមកំណើតខ្មែរ លើកឡើងថា វាជាឱកាសដ៏ល្អដែលបានមកប្រទេសដែលជាទីកន្លែងកំណើតរបស់ឪពុកម្តាយកញ្ញា និងជាឱកាសសម្រាប់លើកទឹកចិត្តឱ្យស្រ្តីចូលរួមវិស័យកីឡាឱ្យកាន់តែច្រើន។
កញ្ញាថ្លែងថា៖ «ខ្ញុំពិតជារំភើបណាស់ដែលអាចតំណាងឲ្យប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក។ ខ្ញុំសង្ឃឹមថា យើងអាចជំរុញទឹកចិត្តស្ត្រីវ័យក្មេងឱ្យលេងកីឡា ហើយសង្ឃឹមថានឹងជំរុញឱ្យមានឱកាសកាន់តែច្រើនសម្រាប់ស្ត្រីវ័យក្មេង និងកីឡា»។
ចំណែកកញ្ញា Sabrina Touch អត្តពលិកកីឡាបាល់ទះដែលមានសញ្ជាតិអាមេកាំងដើមកំណើតខ្មែរដែរនោះ រំពឹងថា កញ្ញានឹងព្យាយាមប្រកួតឱ្យអស់ពីសមត្ថភាពដើម្បីទទួលបានមេដាយសម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល។
កញ្ញាថ្លែងថា៖ «ប្រសិនបើពួកយើងទទួលបានមេដាយមកនោះ ប្រាកដណាស់គឺសម្រាប់ប្រទេសកម្ពុជា»។
នេះជាលើកទី ១ ហើយដែលក្រុមបាល់ទះឆ្នេរខ្សាច់នារីកម្ពុជាធ្វើដំណើរពីសហរដ្ឋអាមេរិកមកប្រកួតស៊ីហ្គេមនៅកម្ពុជា។ ក្រុមនេះមានទាំងអត្តពលិកសហរដ្ឋអាមេរិក និងអត្តពលិកកម្ពុជាចូលរួមប្រកួតតំណាងឲ្យប្រទេសកម្ពុជាលើឆាកពិភពលោកក្នុងនាមជាក្រុមជម្រើសជាតិកម្ពុជា៕