ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​​ប្រើ​បទពិសោធន៍​ផ្ទាល់​ខ្លួន​ជួយ​លើក​តម្កើង​សហគមន៍​ខ្មែរ​នៅ​រដ្ឋ Georgia


រូប​ឯកសារ៖ ក្រុមសកម្មជនសហគមន៍នៅរដ្ឋ Georgia សហរដ្ឋអាមេរិក កំពុងតែធ្វើយុទ្ធនាការ​ជំរុញឱ្យពលរដ្ឋខ្មែរអាមេរិកាំង​ យល់ដឹងពីសារៈសំខាន់នៃជំរឿន​ឆ្នាំ​២០២០។ កញ្ញា រ៉ា ប៉ិល នៅ​ស្តាំ​បំផុត។ (រូបថតដកស្រង់ពីវីដេអូ)
រូប​ឯកសារ៖ ក្រុមសកម្មជនសហគមន៍នៅរដ្ឋ Georgia សហរដ្ឋអាមេរិក កំពុងតែធ្វើយុទ្ធនាការ​ជំរុញឱ្យពលរដ្ឋខ្មែរអាមេរិកាំង​ យល់ដឹងពីសារៈសំខាន់នៃជំរឿន​ឆ្នាំ​២០២០។ កញ្ញា រ៉ា ប៉ិល នៅ​ស្តាំ​បំផុត។ (រូបថតដកស្រង់ពីវីដេអូ)

ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ដែល​កើត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​រស់នៅ​ក្នុង​ស្ថានភាព​ក្រីក្រ​ច្រើន​ជាង​ពលរដ្ឋ​ខ្មែរ​ដែល​មកតាំង​ទីលំនៅ​ក្នុង​សហរដ្ឋ​អាមេរិក​និង​សាសន៍​អាស៊ី​ទូទៅ​ហើយ​នេះ​គឺ​ជា​ចំណុច​មួយ​ដែល​សកម្មជន​មើលឃើញ​ថា​ត្រូវតែ​កែលម្អ។​

ការ​សិក្សា​មួយ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ ​Pew​ ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ចុងខែ​មេសា​បង្ហាញ​ថា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​កើត​នៅ​សហរដ្ឋ​អាមេរិក​ចំនួន​១៤%រស់នៅ​ក្នុង​ស្ថានភាព​ក្រីក្រ។ រីឯអ្នកចំណូលថ្មី​ដែល​បាន​កើតនៅ​ប្រទេស​កម្ពុជា​មាន​តែ​ចំនួន​១២%​ទេ​ដែល​រស់​ក្នុង​ស្ថានភាព​ក្រីក្រ។ នេះ​ជា​តួលេខ​ខ្ពស់​ក្នុង​ចំណោម​សាសន៍​អាស៊ី​ទូទៅ​ដែល​មាន​ចំនួន​តែ​៩%។ ប្រាក់​ចំណូល​មធ្យម​ប្រចាំ​ឆ្នាំ​របស់​ពលរដ្ឋ​ខ្មែរ​-អាមេរិកាំង​ដែល​កើត​នៅ​អាមេរិក​គឺ​រក​បាន​តែ​៣៨.០០០ដុល្លារ​ក្នុង​ម្នាក់​ខណៈ​អ្នកចំណូល​ស្រុក​រកបាន​៤០.០០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ការ​រកឃើញ​នេះ​ជា​ការព្រួយ​បារម្ភមួយ​ដែល​សកម្មជន​សហគមន៍​ខ្មែរ​ដូចជា​កញ្ញា​រ៉ា ប៉ិល​និង​ថ្នាក់ដឹកនាំ​ដទៃទៀត​នៃ​សមាគម​ខ្មែរ​អាមេរិកាំង​នៅ​រដ្ឋ Georgia​ កំពុង​ខិតខំ​ធ្វើ​សកម្មភាព​ដើម្បី​ជួយ​កែប្រែ។

ជា​អតីត​ជនភៀសខ្លួន​ដែល​បាន​កើត​នៅ​ក្នុង​ជំរុំ​ស្រះកែវ​ក្នុង​ទឹកដី​ថៃហើយ​បាន​មក​រស់នៅ​សហរដ្ឋ​អាមេរិកនៅ​ពេល​មាន​អាយុ​៤ឆ្នាំ​កញ្ញា​រ៉ា ប៉ិល​ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​ក្នុង​រដ្ឋGeorgia​បាន​ឆ្លងកាត់​ដោយ​ផ្ទាល់​នូវ​ការខំប្រឹងប្រែង​សម្រប​ខ្លួន​ចូល​ក្នុង​សង្គម​ថ្មី​ការធំឡើង​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​និង​មើលឃើញ​ការតស៊ូ​ពុះពារ​របស់​ឪពុកម្តាយ។

កញ្ញា រ៉ា ប៉ិល​យល់ថា​យុវជន​ដែល​ធំ​ដឹងក្តី​នៅ​សហរដ្ឋ​អាមេរិក​មិន​ធ្លាប់​ឆ្លងកាត់​ការលំបាកនិង​តែងតែ​អាង​លើ​ឪពុក​ម្តាយ។ ខណៈ​អ្នកចំណូលស្រុក​ខិតខំ​ធ្វើការ​ដោយ​មិនប្រកាន់​ខ្លួន​ឡើយ។

កញ្ញា​រ៉ា ប៉ិល​បាន​បន្ថែម​ប្រាប់​វីអូអេ​ក្នុង​បទសម្ភាស​កាលពី​ខែ​ឧសភា​ថា៖ «ទោះបី​ជាខ្ញុំ​មក​តាំងពីតូច​ប៉ុន្តែ​ខ្ញុំ​បាន​ឃើញ​ឪពុក​ម្តាយ​ខ្ញុំ​ខំ​ប្រឹង​ពេល​គាត់​មាន​ពេល​គាត់​តែងតែ​ទៅ​ធ្វើការ​ផ្សេងៗ​ដូចជា​កាត់ខ្ទឹម​និង​បេះ​ផ្លែឆឺរី​គឺ​ឲ្យ​តែ​កិច្ចការ​ណាក៏ដោយ​ដែល​គាត់​អាច​ធ្វើបាន​ដើម្បី​ឧបត្ថម្ភ​កូន»។

ស្ថិតិ​ជំរឿន​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​២០២០​បង្ហាញ​ថាពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មាន​ចំនួន​៣៣៩.០០០​នាក់។ ក្នុងនោះ​អ្នក​ដែល​បាន​កើត​នៅ​ប្រទេស​កម្ពុជា​មាន​រហូតដល់​៥៦% ហើយ​អ្នកដែលបាន​មករស់នៅ​ជាង​១០​ឆ្នាំ​មាន​ចំនួន​៨៤%។ ពលរដ្ឋ​វ័យក្មេង​ដែល​កើត​នៅអាមេរិក​មាន​ច្រើន​ដោយ​អ្នកមាន​អាយុ១៨ ដល់​៣៩​ឆ្នាំ​មាន​រហូត​ដល់​ជាង​ពាក់​កណ្តាល​នៃ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​សរុប។

សកម្មជន​យល់​ថា​ចំនួនពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ពិតប្រាកដ​អាច​ច្រើន​ជាង​នេះ​ដោយសារមាន​ពលរដ្ឋ​ជាច្រើន​បាន​ខកខាន​មិន​បាន​បំពេញ​ជំរឿន​ដូច​ជា​នៅ​រដ្ឋ​កាលីហ្វញ៉ា​ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ច្រើន​អត្រា​អ្នកបំពេញ​ជំរឿន​មាន​តែ៦៩,៦​%​និង​នៅ​រដ្ឋ Georgia​ ដែល​សហគមន៍​ខ្មែរ​កំពុង​រីកធំធាត់​ក៏​អ្នកបំពេញ​ជំរឿន​ទូទៅ​មានតែ​៦២,៩ %​គឺច្រើន​ជាង​១០​ឆ្នាំ​មុន​បន្តិច​ដែល​មាន​៦២,៥%។ នេះ​បើតាម​ទិន្នន័យ​របស់​គេហទំព័រ​ជំរឿន។​

កញ្ញា​រ៉ា ប៉ិល​បាន​បន្ថែម​ថា៖​«សំឡេង​របស់​ខ្មែរ​យើង​អត់ច្រើន​ពីព្រោះ​ខ្មែរ​យើង​ច្រើន​តែ​អត់បាន​បំពេញ​ជំរឿន​ហើយ​អត់​យល់​ថា​ការធ្វើ​ជំរឿន​សំខាន់​ណាស់​ពីព្រោះ​លេខ​យើង​និង​សំឡេង​យើង​ច្រើន​គឺ​ជួយ​ខ្មែរ​យើង​ច្រើន»។​

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​រស់នៅ​តាម​រដ្ឋ​នានា​ដែល​មាន​ពលរដ្ឋ​អាស៊ី​រស់នៅ​ច្រើន​ដែល​មាន​ដូចជា​រដ្ឋកាលីហ្វញ៉ា ​(California)ម៉ាស្សាឈូសិត​(Massachusetts) ផឹនស៊ីលវេនៀ(Pennsylvania)​Georgia (Goergia) វ៉ាស៊ីនតោន​(Washington) មីនីសូតា​(Minnesota)និង​រដ្ឋ​រ៉ូដអាយឡឹន (Rhode Island)។

ដោយធ្លាប់​រស់​ក្នុងគ្រួសារ​ដែល​បាន​ពឹងពាក់​ភាគច្រើន​លើ​ជំនួយ​របស់​រដ្ឋ​កញ្ញា ​រ៉ា ប៉ិល​យល់ដឹង​ពី​សារៈសំខាន់​នៃ​ការចូលរួម​របស់​ពលរដ្ឋ​ក្នុង​ការបំពេញ​ជំរឿន​ដើម្បី​ជួយ​ដល់​ការធ្វើ​គោលនយោបាយ​ដែល​ត្រឹមត្រូវ​និង​ឆ្លើយតប​តាម​តម្រូវការ​ជាក់ស្តែង​ក្នុង​មូលដ្ឋាន។

កញ្ញា​រ៉ា ប៉ិល​រំឭកដល់​ពេល​ដែល​ទើប​មកដល់​សហរដ្ឋ​អាមេរិកដំបូង​នៅ​ក្នុង​ទីក្រុង​Cobb​រដ្ឋGeorgia​ក្នុង​ឆ្នាំ​១៩៨៥។ ពេលនោះក្រុមគ្រួសារ​ត្រូវ​រស់នៅ​ក្នុង​បន្ទប់​តូច​មួយ​ជាមួយ​នឹង​គ្រួសារ​ខ្មែរ​មួយ​ទៀត។ ឪពុក​ម្តាយ​ត្រូវ​ធ្វើការ​ជាច្រើន​ដើម្បី​ចិញ្ចឹម​កូន​ចំនួន​៥នាក់។ ឪពុក​ធ្វើការ​នៅ​ខាង​ផលិត​គ្រឿង​តាំង​លម្អ​ហើយ​ម្តាយ​ធ្វើការ​នៅ​ខាង​ជួយ​រៀបចំ​បន្លែ។​ប៉ុន្តែ​ជីវភាព​មិន​បាន​ប្រសើរ​ខ្លាំង​ទេ​គឺ​បានតែ​មួយ​គ្រប់​ប្រចាំខែ​ប៉ុណ្ណោះ។

គ្រួសារ​បាន​ជួប​ការលំបាក​ជាថ្មី​ក្រោយពី​ឪពុក​បាន​ធ្លាក់​ខ្លួន​ពិការ​ដោយសារ​គ្រោះថ្នាក់​រថយន្ត​ក្នុង​ឆ្នាំ​១៩៩០​ហើយ​លែង​អាច​ធ្វើការ​បាន។ គ្រួសារ​ទាំងមូល​ត្រូវផ្លាស់ទៅ​រស់នៅ​ទីក្រុង​ស្តុកតុន​រដ្ឋកាលីហ្វញ៉ា​ក្នុង​ឆ្នាំ​១៩៩១​ដែល​នៅទីនោះ​ត្រូវ​ពឹង​លើ​ជំនួយ​របស់​រដ្ឋ​ហើយ​កញ្ញា​ត្រូវ​ជួយ​ម្តាយ​ធ្វើការ​ខ្លះ​ដើម្បី​រកកម្រៃ​បន្ថែម។

កញ្ញា​រ៉ា ប៉ិល​បាន​បន្ថែម​ថា៖ «ពេល​ដែល​នៅ​ពី​ក្មេង​អ្វី​ដែល​ម្តាយ​ខ្ញុំ​ធ្វើ​ខ្ញុំ​លក់​ទាំងអស់​តាំងពី​ខ្វាគោ​តាំងពី​មាន់​បោក​តាំងពី​នំ​អន្សម។ អ្វី​ដែល​គាត់​ឲ្យ​ខ្ញុំ​លក់​ខ្ញុំ​ត្រូវតែ​លក់»។

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ភាគច្រើន​គឺ​ជាជនភៀសខ្លួន​ដែល​បាន​មក​នៅ​សហរដ្ឋ​អាមេរិក​ក្រោយពី​ការដួលរលំ​នៃ​របប​ខ្មែរ​ក្រហម​នៅ​ខែមករា​ឆ្នាំ​១៩៧៩។ បទពិសោធ​ជូរចត់​ក្នុង​អតីតកាល​ក៏​មាន​ឥទ្ធិពល​ដល់​ពួកគេ​ផងដែរ។​ដូច​គ្រួសារ​ខ្មែរ​អាមេរិកាំង​ភាគច្រើន​ដែរ​កញ្ញា​រ៉ា ប៉ិល​បាន​ដឹង​តួចតួច​ពី​ការលំបាក​ដែល​ឪពុក​ម្តាយ​បាន​ឆ្លងកាត់​ក្នុង​របប​ខ្មែរ​ក្រហម​ដោយ​សារ​តែ​មាន​កិច្ចការ​ខ្លះ​ធ្វើ​ឲ្យ​ពួកគាត់​ពិបាក​និយាយ​ដែល​នាំ​ឲ្យ​មាន​ការឈឺចាប់។

ក្រោយពី​ម្តាយ​បាន​ស្លាប់​ក្នុង​ឆ្នាំ​២០០៣​និង​ឪពុក​ស្លាប់​ក្នុង​ឆ្នាំ​២០០៦​កញ្ញា​រ៉ា ប៉ិលបាន​វិល​ត្រឡប់​មក​រស់នៅ​ក្នុង​រដ្ឋGeorgia​វិញ​ក្នុង​ឆ្នាំ​២០១០​ជាមួយ​នឹង​បងស្រី​ដែល​បាន​រៀបការ​រួចហើយ។ នៅទីនោះ​គឺ​ត្រូវ​សម្រប​ខ្លួន​នឹង​សង្គម​ថ្មី​ដែល​មិនមាន​លក្ខណៈ​ចម្រុះ​ជាតិសាសន៍​ដូច​នៅ​រដ្ឋកាលីហ្វញ៉ា។

សហគមន៍​ខ្មែរ​អាមេរិកាំង​ក្នុង​រដ្ឋGeorgia​នៅ​តូច​នៅឡើយដែល​មាន​ពលរដ្ឋ​ជាង​១០.០០០​នាក់។ នៅ​ទីនេះ​ពលរដ្ឋ​ខ្មែរ​ធ្វើការ​លើ​ផ្នែក​តូចតាច​ដូចជា​បើក​អាជីវកម្ម​ហាង​លាបក្រចកហាងនំ​ដូណាត់ ​បើក​យានដ្ឋាន​ជួសជុល​រថយន្តសេវា​រថយន្ត​ដឹកទំនិញ​និង​សេវា​មើល​ថែ​មនុស្ស​ចាស់។

បច្ចុប្បន្ន​កញ្ញា​រ៉ា ប៉ិលធ្វើការ​នៅ​ផ្នែក​ទំនាក់​ទំនង​តាម​អនឡាញ​នៃ​ហាង​លក់​គ្រឿង​សំណង់​Home Depot​និងបាន​ស្ម័គ្រចិត្ត​ក្នុង​ការងារ​សហគមន៍​ខ្មែរ​ដើម្បី​ជួយ​ដល់​ក្រុមគ្រួសារ​ដទៃទៀត​តាំងពី​ឆ្នាំ​២០១១។ កញ្ញាបាន​ក្លាយ​ជា​ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​នៅ​រដ្ឋ​Georgia​តាំងពី​ឆ្នាំ​២០១៦​មក។

សមាគម​ខ្មែរ​អាមេរិកាំង​នៅ​រដ្ឋGeorgiaជួយសមាជិក​សហគមន៍​លើ​ផ្នែក​សិក្សា​ភាសា​ខ្មែរ​ស្វែងរក​អាហារូបករណ៍​សម្រាប់​និស្សិត​រក្សា​វប្បធម៌ការអុំទូកង​និង​ការអប់រំ​សហគមន៍​ជាដើម។ នៅ​ក្នុង​ពេលជំរឿន​ឆ្នាំ​២០២០​សមាគម​ក៏​បាន​សហការ​ជាមួយ​នឹង​អង្គការ​អាស៊ី​ដទៃ​ទៀត​ចូលរួម​បំផុស​ពលរដ្ឋ​ឲ្យ​បំពេញ​ជំរឿន​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ថ្នាក់​ជាតិ​និង​ថ្នាក់​រដ្ឋ​បែងចែក​ថវិកា​សមាមាត្រ​ទៅ​នឹង​ចំនួន​ពលរដ្ឋ។

សមាគម​លើក​ទឹកចិត្ត​ពលរដ្ឋ​ជំនះ​បទពិសោធ​អតីតកាល​ដោយ​មិន​ឲ្យ​វា​ទាញ​ទម្លាក់​ពួកគេ​ទេ​ដោយ​ជំរុញ​ពួកគេត្រូវ​វិនិយោគ​លើ​អនាគត​ដើម្បី​ជំរុញ​ពួកគេ​និង​កូនចៅ​ឲ្យ​ឈាន​ឡើង។ នេះ​បើ​តាម​ការលើកឡើង​របស់​លោក​បូរ៉ា ឡាំ​ដែល​ជា​ប្រធាន​ស្ថាបនិក​សមាគម​ដែល​បាន​ផ្សាយ​លើ​គេហទំព័រ​របស់​សមាគម។​

កញ្ញា​រ៉ា ប៉ិល​ក៏​បាន​បន្ថែម​ដែរ​ថា៖ «ខ្មែរ​យើង​ប្រហែល​មាន​ការពិបាក​ដើម្បី​អនាគត​ល្អ​ប៉ុន្តែ​ខ្មែរមាន​គំរូ​ខ្លះ​ដែល​គាត់​មក​មាន​ពិសោធន៍​ពី​របប​ខ្មែរ​ក្រហម​ហើយ​គាត់​មាន​ការពិបាក​តាំង​ពី​តូច​ប៉ុន្តែ​គាត់​មក​ស្រុក​អាមេរិក​ហើយ​គាត់​ប្រឹង​ដែរ​គាត់​ធ្វើ​បាន​ល្អ។ គាត់​ជា​គំរូ​ល្អ​សម្រាប់​ខ្មែរ​ជំនាន់​ក្រោយ​ថា​បើ​យើង​ខំ​ប្រឹង​គឺ​យើង​អាច​ធ្វើ​បានដូច​គាត់​ដែរ»។

យ៉ាង​ណា​ក៏ដោយ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​កើត​នៅ​សហរដ្ឋ​អាមេរិកបាន​សិក្សា​រហូតដល់​ថ្នាក់​បរិញ្ញាបត្រ​គឺ​មាន​ចំនួន​២១​%​ដែល​ច្រើន​ជាង​អត្រា​ពលរដ្ឋ​អាមេរិកាំង​ទាំងអស់​ដែល​មានតែ​២០%​ប៉ុណ្ណោះ។ រីឯអ្នកដែលបានសិក្សា​ដល់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​គឺមាន​៧%​ដែល​ទាប​ជាង​ថ្នាក់​ជាតិ​បន្តិច​ដែល​មាន​ដល់​១៣%៕

XS
SM
MD
LG