វ៉ាស៊ីនតោន — ចំនួនពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកបានកើនឡើងជាងពាក់កណ្តាលក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ប៉ុន្តែស្ថានភាពជីវភាពរបស់ពួកគេស្ថិតនៅក្នុងកម្រិតទាបនៅឡើយ បើប្រៀបធៀបនឹងសហគមន៍អាស៊ីអាមេរិកាំងទាំងមូល។
លទ្ធផលវិភាគរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew ដែលបានចេញផ្សាយកាលពីចុងខែមេសា បង្ហាញថា ពលរដ្ឋខ្មែរអាមេរិកាំងរហូតដល់ ៤២% នៅតែរស់នៅជុំគ្នាក្នុងផ្ទះតែមួយ ដែលមានសមាជិកក្រុមគ្រួសារច្រើនជំនាន់ដែលមានដូចជាជីដូនជីតានិងបងប្អូនពូមីង។
ដោយឡែក ជនជាតិដទៃទៀតដែលមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដែរ គឺមិនសូវរស់នៅកកកុញទេ។ ឧទាហរណ៍វៀតណាមនិងហ្វីលីពីន មាន ៣៤% ភូមា ២៤% និងឥណ្ឌូនេស៊ី ២០% ជាដើម។ ស្ថានភាពផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរអាមេរិកាំងនេះស្ទើរតែនៅបាតក្រោមគេ ដែលខ្ពស់ជាងជនជាតិប៊ូតង់អាមេរិកាំងបន្តិចដែលមានចំនួន ៥៦%។
ដោយឡែកប្រាក់ចំណូលប្រចាំឆ្នាំវិញ គឺពលរដ្ឋខ្មែរអាមេរិកាំងមានក្នុង ១ គ្រួសារចំនួន ៦៧.០០០ ដុល្លារ ដែលទាបជាងចំណូលមធ្យមរបស់ពលរដ្ឋអាស៊ីអាមេរិកាំង ដែលមានជិត ៨៦.០០០ ដុល្លារ។
ស្ថិតិជំរឿនរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២០ បង្ហាញថា ពលរដ្ឋអាស៊ីអាមេរិកាំងទាំងអស់មានចំនួនសរុប ២៣,២ លាននាក់ ដោយក្រុមជនជាតិចំនួន ៦ គឺ ចិន ឥណ្ឌា ហ្វីលីពីន វៀតណាម ជប៉ុន និងកូរ៉េ បានគ្របដណ្តប់អស់ ៨៥%។
ដោយឡែកសមាជិកសហគមន៍ខ្មែរអាមេរិកាំង មានចំនួន ៣៣៩.០០០ នាក់ ក្នុងនោះអ្នកដែលបានកើតនៅប្រទេសកម្ពុជាមានរហូតដល់ ៥៦%។ ពលរដ្ឋខ្មែរអាមេរិកាំងបានកើនឡើងចំនួន ៦៤% បើប្រៀបធៀបនឹងឆ្នាំ ២០០០ ដែលមានតែចំនួន ២០៦.០០០ នាក់។
មជ្ឈមណ្ឌលស្រាវជ្រាវ Pew បានបន្តថា ពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី គឺជាក្រុមដែលជោគជ័យលើផ្នែកការងារ ការសិក្សាអប់រំ និងការរកប្រាក់ចំណូល និងជាក្រុមដែលរីកលូតលាស់លឿនជាងគេបំផុត បើប្រៀបធៀបនឹងសាសន៍ដទៃ។ បច្ចុប្បន្ន ពលរដ្ឋអាស៊ីអាមេរិកាំងមានចំនួន ៧% នៃពលរដ្ឋទាំងអស់នៅសហរដ្ឋអាមេរិក និងត្រូវបានគេវាយតម្លៃថា នឹងកើនឡើងដល់ច្រើនជាង ៤៦ លាននាក់នៅឆ្នាំ ២០៦០។
ប៉ុន្តែ ការស្រាវជ្រាវក៏បានទទួលស្គាល់ដែរថា របាយនៃជោគជ័យនេះក៏មិនបានស្មើគ្នាទេ ជាពិសេសនៅសហគមន៍តូចៗ ដូចជាសហគមន៍ខ្មែរអាមេរិកាំងជាដើម។
លោក Neil G. Ruiz នាយករងផ្នែកស្រាវជ្រាវជាតិពន្ធុនៃមជ្ឈមណ្ឌលស្រាវជ្រាវ Pew ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន បានថ្លែងនៅក្នុងពេលបង្ហាញរបាយការណ៍ថា៖
«លើការខុសគ្នាផ្នែកសេដ្ឋកិច្ច គឺគេគ្រប់គ្នាមើលមកពលរដ្ឋអាស៊ីអាមេរិកាំងជាក្រុមធំ ឃើញថាចំណូលមធ្យមក្នុង ១ គ្រួសារ គឺប្រហែល ៨៦.០០០ ដុល្លារ ហើយគេគិតថា យើងសម្រេចបានល្អ។ ប៉ុន្តែបើយើងបំបែកជាក្រុមតូច យើងឃើញថា ពលរដ្ឋឥណ្ឌាអាមេរិកាំងមានចំណូលមធ្យមខ្ពស់ ក្នុងចំនួនប្រហែល ១១៩.០០០ ដុល្លារ ប៉ុន្តែភូមាអាមេរិកាំងមានចំណូលទាបជាង»។
លោក Neil G. Ruiz បន្ថែមថា ឋានៈដែលពួកគេត្រូវជ្រើសរើសឲ្យមកនៅសហរដ្ឋអាមេរិក គឺកំណត់ជោគជ័យរបស់ពួកគេផងដែរ៖ «ឥណ្ឌាអាមេរិកាំងត្រូវជ្រើសរើសតាមទិដ្ឋាការ H1B ដែលមានកម្រិតសិក្សាពីថ្នាក់វិទ្យាល័យឡើង។ ខណៈពេលដែលពលរដ្ឋភូមាចូលមកភាគច្រើនជាជនភៀសខ្លួន»។
«យើងជាជនជាតិអាមេរិកដើមកំណើតអាស៊ី ក៏ពិតមែន ក៏ប៉ុន្តែប្រាក់ខែប្រាក់ចំណូលរបស់យើង នៅតិចណាស់។ ចំណែកលើផ្នែកសុខភាពផ្នែកការសិក្សាអប់រំក៏តិច ។ល។ និង។ល។ រឿងទាំងអស់នេះ យើងកម្រលើកមកដោះស្រាយ និងនិយាយណាស់»
ពលរដ្ឋខ្មែរអាមេរិកាំងភាគច្រើន គឺជាជនភៀសខ្លួនដែលបានមកនៅសហរដ្ឋអាមេរិក ក្រោយពីការដួលរលំនៃរបបខ្មែរក្រហម នៅខែមករា ឆ្នាំ ១៩៧៩។ ពួកគេរស់នៅតាមរដ្ឋនានា ដែលមានពលរដ្ឋអាស៊ីរស់នៅច្រើនដែលមានដូចជារដ្ឋកាលីហ្វញ៉ា (California) ម៉ាស្សាឈូសិត (Massachusetts) ផឹនស៊ីលវេនៀ (Pennsylvania) ចរចា (Georgia) វ៉ាស៊ីនតោន (Washignton State) មីនីសូតា (Minnesota) និងរដ្ឋរ៉ូដអាយឡឹន (Rhode Island)។
មេដឹកនាំសហគមន៍ខ្មែរបានក្រើនរំលឹកឲ្យប្រយ័ត្នប្រយែងក្នុងការបញ្ចូលសហគមន៍តូចតាច ដូចជាសហគមន៍ខ្មែរអាមេរិកាំង ទៅក្នុងចង្កោមនៃក្រុមដែលទទួលបានជោគជ័យ ដែលមានដូចជាឥណ្ឌា ចិន ជប៉ុន និងកូរ៉េ។
លោក វាសនា នួន សមាជិកក្រុមប្រឹក្សាទីក្រុងឡូវែលរដ្ឋម៉ាស្សាឈូសិត បានថ្លែងថា ការប្រើពាក្យអាស៊ីអាមេរិកាំងនេះ គឺក្នុងន័យនយោបាយ ដើម្បីទាមទារផលប្រយោជន៍រួម ដែលមានដូចជាការប្រឆាំងនឹងអំពើហិង្សានិងការរើសអើង។ ប៉ុន្តែបើបំបែកជាក្រុមតូចៗដោយឈរលើកត្តាសេដ្ឋកិច្ច គឺពលរដ្ឋខ្មែរដែលមកនៅសហរដ្ឋអាមេរិកតាំងពីក្រោយការដួលរលំនៃរបបខ្មែរក្រហម គឺក្នុងនាមជាជនភៀសខ្លួន និងមិនបានយកទ្រព្យសម្បត្តិអ្វីមកជាមួយទេ។
លោក វាសនា នួន បានបញ្ជាក់ប្រាប់វីអូអេថា៖ «យើងជាជនជាតិអាមេរិកដើមកំណើតអាស៊ី ក៏ពិតមែន ក៏ប៉ុន្តែប្រាក់ខែប្រាក់ចំណូលរបស់យើង នៅតិចណាស់។ ចំណែកលើផ្នែកសុខភាពផ្នែកការសិក្សាអប់រំក៏តិច ។ល។ និង។ល។ រឿងទាំងអស់នេះ យើងកម្រលើកមកដោះស្រាយ និងនិយាយណាស់»។
មជ្ឈមណ្ឌលស្រាវជ្រាវ Pew រកឃើញថា ពលរដ្ឋខ្មែរអាមេរិកាំងរកប្រាក់ចំណូលមធ្យមប្រចាំឆ្នាំក្នុងម្នាក់ៗបានតែជាង ៣ ម៉ឺនដុល្លារប៉ុណ្ណោះ។ ខណៈអត្រាមធ្យមក្នុងម្នាក់របស់ពលរដ្ឋអាស៊ីអាមេរិកាំងមានចំនួន ៤០.០០០ ដុល្លារ និងសម្រាប់អ្នកធ្វើការពេញម៉ោងគឺមានរហូតដល់ ៦០.០០០ ដុល្លារ។
ទីក្រុងឡូវែល (Lowell) រដ្ឋម៉ាស្សាឈូសិត មានពលរដ្ឋខ្មែររស់នៅប្រហែលជាង ៣ ម៉ឺននាក់ ហើយពួកគេប្រហែល ៨០% គឺជាអ្នកធ្វើការដោយប្រើកម្លាំងកាយ។ នេះបើតាមការបញ្ជាក់របស់លោក វាសនា នួន។
ពួកគេងាយរងគ្រោះក្នុងគ្រាដែលមានវិបត្តិកើតឡើង។ ជាឧទាហរណ៍ក្នុងអំឡុងពេលមានជំងឺឆ្លងរាតត្បាតបង្កឡើងដោយជំងឺកូវីដ១៩ នេះ គឺមានផលប៉ះពាល់ខ្លាំង ព្រោះពួកគាត់មួយចំនួនរស់នៅក្នុងផ្ទះដែលចង្អៀត ហើយមិនអាចរក្សាគម្លាតពីគ្នាបាន។ ក្មេងៗរៀនតាមអនឡាញក៏ជួបការលំបាក ដោយសារឪពុកម្តាយមួយចំនួនមិនបានយល់ដឹង ហើយក្មេងៗមិនបានចូលរៀន ដែលនាំឲ្យគ្រូត្រូវរាយការណ៍ដល់មន្ទីរអប់រំអំពីកង្វះខាតនេះ។
លោក វាសនា នួន ទទួលស្គាល់ថា ក្រុមគ្រួសារខ្មែរខ្លះដែលជោគជ័យ គឺដោយសារការតស៊ូរបស់ឪពុកម្តាយមួយចំនួន ដែលសុខចិត្តលះបង់ដើម្បីឲ្យកូនៗ បានរៀនសូត្រ ក្នុងពេលដែលគ្រួសារខ្លះមិនបានវិនិយោគលើផ្នែកនេះទេ។ លោកបន្ថែមថា ពលរដ្ឋខ្មែរដែលមកដល់នៅពេលក្រោយៗនេះ ក្នុងឋានៈជាជនអន្តោប្រវេសន៍ មានការរៀនសូត្របានខ្លះ ធ្វើឲ្យពួកគេមានភាពរហ័សរហួនក្នុងការងារនិងការសិក្សា។
មជ្ឈមណ្ឌលស្រាវជ្រាវ Pew បានបង្ហាញថា ពលរដ្ឋខ្មែរអាមេរិកាំងដែលទទួលបានសញ្ញាបត្របរិញ្ញាប័ត្រមានតែ ១៦% ប៉ុណ្ណោះ បើប្រៀបធៀបនឹងអាស៊ីអាមេរិកាំង ដែលមានចំនួន ៣០%។ ចំនួន ៥៥% នៃខ្មែរអាមេរិកាំង បានរៀនចប់ត្រឹមថ្នាក់វិទ្យាល័យ ឬទាបជាងនោះ។
ទីក្រុងឡូសអាន់ជឺឡេស (Los Angeles) នៃរដ្ឋកាលីហ្វញ៉ា ដែលគ្របដណ្តប់លើទីក្រុងឡុងប៊ិច (Long Beach) មានពលរដ្ឋខ្មែររស់នៅច្រើនជាងគេបំផុតនៅសហរដ្ឋអាមេរិក ដែលមានចំនួនជាង ៤១.០០០ នាក់។ នៅទីនេះ ខ្មែរអាមេរិកាំងនៅតែងាយរងគ្រោះ នៅពេលដែលមានវិបត្តិកើតឡើង ដោយសារតែមិនទាន់មានមូលដ្ឋានរឹងមាំនៅឡើយ។ ពួកគេប្រឈមនឹងបញ្ហាជាច្រើនលើផ្នែកសេដ្ឋកិច្ច ការងារ សុខាភិបាល និងការសិក្សា។ នេះបើតាមការលើកឡើងរបស់ថ្នាក់ដឹកនាំមូលដ្ឋាន។
លោកស្រី ស៊ូលី សារ៉ូ សមាជិកក្រុមប្រឹក្សាទីក្រុងឡុងប៊ិចនិងជាចៅសង្កាត់លេខ ៦ បានថ្លែងប្រាប់វីអូអេថា វិបត្តិសុខភាពបង្កឡើងដោយជំងឺកូវីដ១៩ បានប៉ះពាល់ដល់សហគមន៍ខ្មែរជាខ្លាំង។
«សេដ្ឋកិច្ចគឺយើងត្រូវដោះស្រាយ ដោយសារមនុស្សគ្រប់គ្នាអត់មានការងារធ្វើ អ្នករកស៊ីក៏ពិបាកបើកទ្វា។ ឥឡូវយើងខំនិយាយជួយមនុស្ស ដើម្បីមានការងារ ជួយអ្នករកស៊ី ជួយអ្នកគ្មានលុយកាក់ដោះស្រាយបញ្ហាពេលត្រូវបិទទ្វារ»។
លោកស្រី ស៊ូលី យល់ថា គេមិនអាចយកសហគមន៍ខ្មែរទៅប្រៀបធៀបនឹងសហគមន៍ចិនបានទេ ព្រោះពួកគេមករស់នៅយូរហើយ។ អ្នកខ្លះកើតនៅទីនេះជាច្រើនជំនាន់ ដែលប្រៀបដូចជាប្រទេសកំណើតរបស់ពួកគេ។ ប៉ុន្តែលោកស្រីទទួលស្គាល់ថា មានសមាជិកសហគមន៍ខ្មែរខ្លះ ក៏បោះជំហានទៅមុខលើការប្រកបអាជីវកម្មខ្លះដែរ។
ខ្មែរអាមេរិកាំងចំនួន ១៣% រស់នៅក្នុងស្ថានភាពក្រីក្រ គឺខ្ពស់ជាងអត្រានៃភាពក្រីក្រក្នុងចំណោមពលរដ្ឋអាស៊ីអាមេរិកាំង ដែលមានចំនួន ១០% និងស្មើនឹងអត្រាភាពក្រីក្រជាមធ្យមថ្នាក់ជាតិ ដែលមានរហូតដល់ ១៣%។
នៅរដ្ឋចរចា មានសហគមន៍ខ្មែរអាមេរិកាំងតូចមួយ ដែលមានពលរដ្ឋជាង ១០.០០០ នាក់ ប៉ុន្តែកំពុងតែកើនឡើងជាលំដាប់។ នៅទីនេះ ពលរដ្ឋខ្មែរធ្វើការលើផ្នែកតូចតាចនៅឡើយ ដូចជាបើកអាជីវកម្មហាងលាបក្រចក ហាងនំដូណាត់ បើកយានដ្ឋានជួសជុលរថយន្ត និងបើករថយន្តដឹកទំនិញជាដើម។
លោក រែនឌី មុត គឺជានាយកប្រតិបត្តិមជ្ឈមណ្ឌលធនធានអង្គរ (Angkor Resource Center) ដែលជាអង្គការមិនយកកម្រៃជួយពលរដ្ឋក្នុងសហគមន៍។ លោកយល់ថា ឪពុកម្តាយមួយចំនួនមិនបានយល់ពីសារៈសំខាន់នៃការសិក្សាអប់រំរបស់កូនៗទេ ដោយសារពួកគាត់មិនសូវមានចំណេះដឹង ពេលមុនមកនៅសហរដ្ឋអាមេរិក ក្នុងនាមជាជនភៀសខ្លួន។
ការណ៍នេះធ្វើឲ្យពួកគេស្ថិតនៅក្នុងវដ្តនៃភាពក្រីក្រ ដោយពិបាកចេញរួច។ លោកសង្កេតឃើញថា បញ្ហាអតីតកាលនៅតែដិតដាមជាប់លើពលរដ្ឋខ្មែរដែលបានមករស់នៅសហរដ្ឋអាមេរិកនៅអំឡុងទសវត្សរ៍ ១៩៨០ ដោយពួកគាត់តែងតែបាក់ទឹកចិត្ត។
ការវាយតម្លៃថា សហគមន៍អាស៊ីកំពុងឈានឡើងដោយមិនគិតបែងចែកឲ្យច្បាស់ពីសហគមន៍តូចតាចដូចកម្ពុជា គឺមានផលប៉ះពាល់ដល់សកម្មជនថ្នាក់មូលដ្ឋាន ដូចលោក។ មជ្ឈមណ្ឌលធនធានអង្គរបានដំណើរការជាង ១០ ឆ្នាំហើយ នៅតែមិនមានមូលនិធិគ្រប់គ្រាន់ ដើម្បីជួយសង្គមខ្មែរតាមដែលចង់បានទេ។ រាល់ពេលដាក់សំណើទៅថ្នាក់ក្រុង ឬមូលនិធិនានា គឺតែងតែត្រូវបដិសេធដោយលើកហេតុផលថា សហគមន៍បានល្អប្រសើរហើយ និងមិនស្ថិតនៅក្នុងក្រុមអាទិភាពទេ។
លោក រែនឌី មុត បានបន្ថែមថា៖ «អីចឹងបានន័យថា ខាងខ្ញុំនេះមិនអាចធ្វើអ្វីពេញលេញចំពោះសង្គមខ្មែរយើងមកពីខ្វះថវិកា ដើម្បីជួលបុគ្គលិកដែលមានជំនាញសម្រាប់បម្រើសង្គមយើងដិតដល់»។
«ចំណែករឿងនយោបាយ រឿងចេញទៅបោះឆ្នោតគឺយើងនៅខ្ចីណាស់ប៉ុន្តែយើងមានភាពជោគជ័យច្រើនទោះបីជាយើងនៅខ្ចីក៏ដោយ។ យើងមក៣០ឆ្នាំហើយ។ អ្នកមកមុនគេបង្អស់គឺជាង៣០ឆ្នាំហើយប៉ុន្តែបើយើងមើលទៅសាសន៍ដទៃដែលមកមុនយើងគឺជោគជ័យរបស់គេអត់បានប្រហែលយើងទេ»។
មជ្ឈមណ្ឌលធនធានអង្គរបានជួយពលរដ្ឋខ្មែរប្រហែលជាមធ្យម ១.៥០០ នាក់ ក្នុងមួយឆ្នាំ ទាំងអ្នកនៅក្រៅរដ្ឋចរចា ជាពិសេសអ្នកដែលនៅសង្កាត់ដាច់ស្រយ៉ាល។
ប៉ុន្តែអ្វីដែលជាសញ្ញាវិជ្ជមាន គឺពលរដ្ឋខ្មែរដែលទើបតែមកថ្មីជាជនអន្តោប្រវេសន៍ តាមរយៈអាពាហ៍ពិពាហ៍ ឬការធានារបស់បងប្អូន គឺពួកគេមិនជួបបញ្ហាដូចអ្នកមុនទេ។ ពួកគេទទួលបានក្រដាសស្នាមហើយក៏ប្រញ៉ាប់ប្រញ៉ាល់សុំចូលសញ្ជាតិ ដែលខុសពីអ្នកចាស់ដោយអ្នកខ្លះមិនទាំងចង់ចូលសញ្ជាតិអាមេរិកាំងផង និងចូលចិត្តពឹងលើជំនួយពីរដ្ឋ។
លោក រែនឌី មុត បានបន្ថែមថា៖ «ពួកអ្នកមកថ្មីខិតខំរៀនអង់គ្លេសបន្ថែម។ អ្នកខ្លះខិតខំពង្រឹងជំនាញដើម្បីប្រកបរបរដោយខ្លួនឯង។
ដោយឡែក សហគមន៍ខ្មែរកម្ពុជាក្រោមហាក់មានជីវភាពគ្រាន់បើច្រើន បើប្រៀបធៀបនឹងស្ថានភាពរបស់ពួកគេនៅដែនដីកម្ពុជាក្រោម ដែលស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាម។ អ្នកខ្លះប្រឹងប្រែងរៀនសូត្ររហូតដល់យ៉ាងហោចណាស់បានចប់វិទ្យាល័យ និងអ្នកខ្លះបានចប់បរិញ្ញាប័ត្រ។ រីឯអ្នកខ្លះសន្សំប្រាក់បានបើកអាជីវកម្មខ្នាតតូច ឬខិតខំធ្វើការតិចតួចនានា។ នេះបើតាមការលើកឡើងរបស់មេដឹកនាំសហគមន៍។
លោក ប្រាក់ សេរីវុឌ្ឍ ប្រធានសហព័ន្ធខ្មែរកម្ពុជា ក្រោមបានបញ្ជាក់ប្រាប់វីអូអេថា៖ «ជាទូទៅខ្មែរក្រោមមិនមានអ្នកដែលគ្មាន ទីលំនៅដេកតាមចិញ្ចើមថ្នល់សុំទានគេកាន់ស្លាកសុំទានគេ គឺអត់មានទេ។ ហើយបើធ្លាក់ខ្លួនបំផុតក៏ទៅសុំវត្តខ្មែរក្រោមស្នាក់នៅ។ វត្តនៅទូទាំងអាមេរិកគឺក្រៅពីថែរក្សាវប្បធម៌គឺថែរក្សាអ្នកក្រីក្រលំបាក»។
លោក ប្រាក់ សេរីវុឌ្ឍ យល់ថា ការតស៊ូលំបាកក្នុងសម័យវាលពិឃាតខ្មែរក្រហមបានបង្រៀនពលរដ្ឋខ្មែរឲ្យចេះតស៊ូលត់ដំ ហើយអាចប្រឈមនឹងការលំបាកនានា ក្នុងសហរដ្ឋអាមេរិក។ ដោយឡែកខ្មែរ កម្ពុជាក្រោម បើទោះបីជាមិនដែលឆ្លងកាត់របបខ្មែរក្រហម ក៏ប៉ុន្តែការប្រឹងប្រែងរស់ក្រោមការដឹកនាំរបស់របបកុម្មុយនីស្តវៀតណាម ក៏ជួយបង្រៀនពួកគេបានខ្លះដែរ។
លោក ប្រាក់ សេរីវុឌ្ឍ បានបន្ថែមថា៖ «ហើយបើនិយាយពីសង្គមខ្មែរក្រោមវិញ បើសិនជាប្រទេសវៀតណាមគេមិនគាបសង្កត់ មានសេរីភាពកាប់បំផ្លាញអ្នកចេះ យកដីស្រែចម្ការអស់ខ្មែរក្រោម ក៏មិនចាញ់វៀតណាមប៉ុន្មានដែរ ក្នុងការកសាងជីវភាពរស់នៅ ក៏ប៉ុន្តែគេគាបយើងខ្លាំងពេកឡើង ក្រិនអស់ហើយរាប់សិបឆ្នាំ ដល់បានមកអាមេរិកតស៊ូយ៉ាងត្រឡាបត្រដួសបានប៉ុណ្ណឹងឃើញថា មានជីវភាពគ្រាន់បើ»។
យ៉ាងណាក៏ដោយ សហគមន៍ខ្មែរក៏ចាប់ផ្តើមទទួលបានជោគជ័យក្នុងផ្នែកនយោបាយមូលដ្ឋានផងដែរ។ ដូចជានៅទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសិត ត្រូវបានគេមើលឃើញថាមានជោគជ័យជាងសហគមន៍ខ្មែរនៅតាមរដ្ឋដទៃ និងអាចប្រសើរជាងសហគមន៍អាស៊ីមួយចំនួននៅទីនោះផងដែរ។ការណ៍នេះដោយសារតែខ្មែរមានអ្នកតំណាងរាស្ត្រថ្នាក់រដ្ឋចំនួន ២ នាក់ និងក្រុមប្រឹក្សាក្រុងចំនួន២នាក់។
លោក វាសនា នួន សមាជិកក្រុមប្រឹក្សាក្រុងបានបញ្ជាក់ថា៖ «ចំណែករឿងនយោបាយរឿងចេញទៅបោះឆ្នោត គឺយើងនៅខ្ចីណាស់ប៉ុន្តែយើងមានភាពជោគជ័យច្រើន ទោះបីជាយើងនៅខ្ចីក៏ដោយ។ យើងមក ៣០ ឆ្នាំហើយ។ អ្នកមកមុនគេបង្អស់គឺជាង ៣០ ឆ្នាំហើយ ប៉ុន្តែបើយើងមើលទៅសាសន៍ដទៃ ដែលមកមុនយើងគឺជោគជ័យរបស់គេអត់បានប្រហែលយើងទេ»។
រីឯនៅទីក្រុងឡុងប៊ិច គឺអ្នកបោះឆ្នោតទើបតែជ្រើសរើសបានជនជាតិអាមេរិកាំងដើមកំណើតខ្មែរដំបូងជាសមាជិកក្រុមប្រឹក្សាក្រុងផងដែរ៕