ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាក្សី​បញ្ជាក់​ថា​ខ្មែរ​ក្រហម​ដាក់​គោលការណ៍​ប្រឆាំង​ជនជាតិ​ចាម​និង​វៀតណាម


ផ្នូរ​​នៅ​ទី​ក្រុង​ Lang Son ភាគ​ខាង​ជើង​ប្រទេស​វៀតណាម​​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ ២០០៨។ ទាំង​នេះ​ជា​ផ្នូរ​នៃ​ទាហាន​វៀតណាម​ដែល​បាន​ស្លាប់​នៅ​ក្នុង​សង្គ្រាម​ជាមួយ​ប្រទេស​ចិន​កាល​​ពី​ខែ​កុម្ភៈ​ឆ្នាំ​១៩៧៩។ ប្រទេស​ចិន​បាន​ចូល​ឈ្លានពាន​ប្រទេស​វៀតណាម ដើម្បី​ជា​ការ​ទាក់​ទណ្ឌកម្ម​ចំពោះ​ការណ៍​ដែល​វៀតណាម​ចូល​​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម​កាល​ពី​ខែ​មករា​ឆ្នាំ​១៩៧៩។
ផ្នូរ​​នៅ​ទី​ក្រុង​ Lang Son ភាគ​ខាង​ជើង​ប្រទេស​វៀតណាម​​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ ២០០៨។ ទាំង​នេះ​ជា​ផ្នូរ​នៃ​ទាហាន​វៀតណាម​ដែល​បាន​ស្លាប់​នៅ​ក្នុង​សង្គ្រាម​ជាមួយ​ប្រទេស​ចិន​កាល​​ពី​ខែ​កុម្ភៈ​ឆ្នាំ​១៩៧៩។ ប្រទេស​ចិន​បាន​ចូល​ឈ្លានពាន​ប្រទេស​វៀតណាម ដើម្បី​ជា​ការ​ទាក់​ទណ្ឌកម្ម​ចំពោះ​ការណ៍​ដែល​វៀតណាម​ចូល​​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម​កាល​ពី​ខែ​មករា​ឆ្នាំ​១៩៧៩។

ក្រុម​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​បាន​ដាក់​គោលការណ៍​ប្រឆាំង​នឹង​ជនជាតិ​វៀតណាម​ក្រោមរបបគ្រប់​គ្រង​របស់ពួកគេ។​ នេះ​បើ​តាម​សាក្សី​ដែល​ផ្តល់​សក្ខីកម្ម​នៅ​ថ្ងៃ​ពុធ​នេះ។

លោក ​ផាន់​ ឆេន ​អាយុ​៨៣​ឆ្នាំ ​អតីត​មេឃុំ​ម្នាក់​នៃ​ស្រុក​ត្រាំ​កក់​ ខេត្ត​តាកែវ ​បាន​ផ្តល់​សក្ខី​កម្ម​ក្នុង​សំណុំ​រឿង​០០២​ វគ្គ​ទី២នៅ​ថ្ងៃនេះ​ថាក្រុម​កម្មាភិបាល​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​បាន​ប្រជុំ​ដាក់​ផែន​ការ​ប្រឆាំង​នឹង​ជនជាតិ​វៀតណាម។​

«ការ​ផ្សាយ​គឺ​ការផ្សាយ​ឲ្យ​អ្នក​ខាង​ក្រោម​អនុវត្ត​តាម។ ការ​ផ្តោត​ចំ​បុគ្គល​ជា​ជនជាតិ​វៀតណាម​ឬ​ជា​កងទ័ព​ឬ​យ៉ាង​ណា​អត់​ច្បាស់។ ​តែច្បាស់​ថា​ឲ្យ​ប្រឆាំង​ឲ្យ​ទំនាស់»។

សាក្សី​រូប​នេះ​បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​សហមេធាវី​កម្ពុជា​របស់ ​ខៀវ សំផន ​គឺ​លោក​គង់ ​សំអុន។

ដោយ​ឡែក​លោក​ផាន់ ឆេន ​បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​លោក​ចៅ​ក្រម​ និល ​ណុន ​ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ថារបប​ខ្មែរ​ក្រហម​បាន​ដាក់គោល​នយោបាយ​ប្រឆាំង​នឹង​ជនជាតិ​ចាម​ផង​ដែរ​ជា​ពិសេស​ការដាក់​ផែន​ការ​នេះ​លោក​បាន​ដឹង​នៅ​ក្នុង​អំឡុង​មុន​និង​នៅ​ឆ្នាំ​១៩៧៥។

​សាក្សី​បញ្ជាក់​បន្ថែម​ថា​ពួក​ខ្មែរ​ក្រហម​បាន​កំណត់ខ្មាំង​របស់​អង្គការ​ពួក​គេ​រួច​ជា​ស្រេច​ចាប់​តាំង​ពី​មុនការ​ឡើង​កាន់​អំណាច​របស់​ពួក​គេ​ជា​ពិសេស​ក្រុម​ជន​ទាំង​ឡាយ​ណា​ដែល​ត្រូវ​កំណត់​ថា​ជា​ខ្មាំង​របស់​អង្គការ​នោះ​គឺជា​ខ្មែរស​ ឬ​ហៅថា​ជាជន​ជាតិ​វៀតណាម​ ក្រុម​ជន​ដែល​សង្ស័យ​ស្ថិត​ក្នុង​បណ្តាញ​ចារកម្ម​របស់​អាមេរិក​ CIA ​ឬ ​KGB ​ជាដើម។

«ឯកសារ​ចែង​មក​បាន​ប្រាប់​ពន្យល់​ដូច្នេះ។ ​គឺ​ថ្នាក់​លើ​ ខាង​អង្គការ​គេ​ពន្យល់​ដូច្នេះ»។

​ការ​កាត់​ក្តី​ក្នុង​សំណុំ​រឿង០០២​វគ្គ​ទី​២​ផ្តោត​ជា​សំខាន់​នៅ​ពេល​ចាប់​ផ្តើម​លើ​ឧក្រិដ្ឋកម្ម​នៅ​គុក​ក្រាំងតាចាន់ ​និង​មន្ទីរ​សន្តិ​សុខ​នានា​ រួម​ទាំង​ឧក្រិដ្ឋកម្ម​នៅ​តាម​ការដ្ឋាន​ការងារ​និង​សហករណ៍។​ ក្រៅ​ពី​នោះ​ការ​កាត់​ក្តីវគ្គ​ទី​២​នេះ​ផ្តោត​លើ​បទ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​លើ​ជនជាតិ​ចាម​ជនជាតិ​វៀតណាម​និង​អំពើ​ហិង្សា​ផ្លូវ​ភេទ​និង​ការ​រៀប​ការ​ដោយ​បង្ខំ។

​លោក​ ផាន់ ឆេន ​បានអះអាង​ថា ​មិន​មាន​ការ​រៀបការ​ដោយ​បង្ខំ​នោះ​ទេ​ គឺ​ការ​រៀប​ការ​ស្ថិត​ក្រោម​គោលការណ៍​ស្ម័គ្រចិត្ត។​ ដោយឡែក​ទោះ​បី​ជា​មាន​គោលនយោបាយ​ស្អប់​ជនជាតិ​វៀតណាម​ក៏​រូប​លោក​បាន​ចិញ្ចឹម​កូន​ចិញ្ចឹម​វៀតណាម​ម្នាក់​បាន​សម្រេច​ដែរ។

​យ៉ាង​ណា​ក៏​ដោយ​សាក្សីផ្សេង​ទៀត​ធ្លាប់​បានបង្ហាញ​ថា​មាន​អំពើ​ហិង្សា​ផ្លូវ​ភេទ​ការ​បង្ខំឲ្យ​រៀបការ​និងការ​សម្លាប់លើ​ជនជាតិ​វៀតណាម​និង​ចាម៕

XS
SM
MD
LG