«នៅសម័យ៣ឆ្នាំ ៨ខែ២០ថ្ងៃ អ្នកបួសពុទ្ធសាសនា គ្មានអង្គណាម្នាក់អាចលាក់ខ្លួនពួនអាត្មាជាអ្នកបួសទេ។ នៅទូទាំងប្រទេសកម្ពុជាគឺត្រូវតែចាកសិក្ខាបទ» នេះជាសង្ឃដីការបស់ព្រះតេជព្រះគុណឯម ភឿងក្នុងពេលផ្តល់សក្ខីកម្មនៅសាលាក្តីខ្មែរក្រហម។
ព្រះអង្គជាព្រះសង្ឃគង់នៅខេត្តកំពតបានចំណាយពេលពេញមួយព្រះជន្មព្រះអង្គជាអ្នកបួស។
ព្រះតេជព្រះគុណឯម ភឿង អនុគុណខេត្តកំពតមានសង្ឃដីកាក្នុងសវនាការសំណុំរឿង០០២ វគ្គទី២នៅថ្ងៃច័ន្ទនេះ ដោយមានជនជាប់ចោទនួន ជា និងខៀវ សំផនកំពុងស្ថិតក្រោមការកាត់ទោស។ ជនជាប់ចោទទាំងពីរគឺជាមេដឹកនាំកំពូលតែពីរនាក់គត់ដែលស្ថិតក្រោមការកាត់ទោស។
ព្រះតេជព្រះគុណ ឯម ភឿង ព្រះជន្ម៧៧ព្រះវស្សា បានស្ថិតក្នុងព្រះជន្មជាបព្វជិត ឬជាអ្នកបួសពេញមួយព្រះជន្មរបស់ព្រះអង្គ លើកលែងតែក្នុងសម័យកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមតែប៉ុណ្ណោះ។ ពួកខ្មែរក្រហមបានគ្រប់គ្រងអំណាចនៅខែមេសាឆ្នាំ១៩៧៥រយៈពេល៣ឆ្នាំ៨ខែនិង២០ថ្ងៃ។ ក្នុងរយៈពេលនោះមានប្រជាពលរដ្ឋកម្ពុជាយ៉ាងតិច១,៧លាននាក់ត្រូវបានសម្លាប់ និងបានស្លាប់។
ពួកខ្មែរក្រហមបង្ខំឲ្យព្រះអង្គលាចាកភ្នួស ខណៈដែលព្រះសង្ឃមួយចំនួនទៀត ដែលព្រះអង្គស្គាល់ ហើយដែលមិនព្រមសឹក ត្រូវពួកខ្មែរក្រហមយកទៅធ្វើគុតយ៉ាងស្ងាត់កំបាំង។ ហើយពួកខ្មែរក្រហមបានបង្ខំឲ្យព្រះអង្គរៀបការជាមួយនារីម្នាក់នៅសម័យនោះ ប៉ុន្តែព្រះអង្គបានបដិសេធបានសម្រេច។
ក្រោយពីរបបខ្មែរក្រហមបានដួលរលំ ព្រះតេជព្រះគុណបានសាងភ្នួសឡើងវិញនៅទសវត្សឆ្នាំ១៩៨០។
ព្រះតេជព្រះគុណឯម ភឿងមានសង្ឃដីកាបន្ថែមថា ព្រះសង្ឃគ្រប់អង្គដែលត្រូវផ្សឹក ត្រូវទៅធ្វើពលកម្មតាមសហករណ៍ និងការដ្ឋានការងារ ដូចពលរដ្ឋដទៃដែរ។ បន្ថែមពីនោះទៀត ពួកខ្មែរក្រហមបានដាក់គោលការណ៍លុបបំបាត់រាល់ទម្រង់សាសនា និងកម្ទេចវត្តអារ៉ាម។
«គោលការណ៍របស់ពួកគេគឺព្រះពុទ្ធសាសនាអស់មានហើយ (ត្រូវបំបាត់ចោល) នៅកម្ពុជា ពីព្រោះពួកគេថា សាសនាអត់រីកចម្រើនទេ។ (ព្រះសង្ឃ) ដេកស្ងៀម ឲ្យគេចិញ្ចឹម។ ដូច្នេះវប្បធម៌នេះអត់មានទេ»។
ព្រះតេជព្រះគុណឯម ភឿងគឺជាសាក្សីដែលជាបព្វជិតព្រះពុទ្ធសាសានាលើកដំបូង ដែលបានផ្តល់សក្ខីកម្មពីបទពិសោធន៍ផ្ទាល់របស់ព្រះអង្គ។
ព្រះតេជព្រះគុណត្រូវជម្លៀសទៅកាន់ស្រុកត្រាំកក់ ខេត្តតាកែវ។ ព្រះតេជព្រះគុណមានសង្ឃដីកាថា ទីវត្តអារ៉ាមភាគច្រើនត្រូវប្រែក្លាយជាគុក។ ប៉ុន្តែព្រះអង្គមិនដឹងពីអ្វីដែលបានកើតឡើងនៅមន្ទីរសន្តិសុខក្រាំងតាចាន់ ឬគុកក្រាំងតាចាន់នោះទេ។
«ភាគច្រើន(នៃវត្ត)ត្រូវធ្វើជាគុកសម្រាប់ដាក់អ្នកទោស។ ព្រះវិហារ(គេយក)ធ្វើគុក ដោយចោះជញ្ជាំងសងខាង ដាក់ដែកចាក់សោរច្រវ៉ាក់ជើង។ មាន(វត្ត)តិចទេ ដែលធ្វើទ្រុងជ្រូក»។
ព្រះតេជព្រះគុណឯម ភឿងមានសង្ឃដីកាបញ្ជាក់ថា ព្រះអង្គបានលួចសូត្រធម៌បន្តិចបន្តួចជាប្រចាំ មុនចូលសិងក្នុងរបបខ្មែរក្រហម។ ហើយពួកខ្មែរក្រហមបានឲ្យព្រះអង្គសូត្រធម៌សម្រាប់សាកសព និងសម្រាប់ការរៀបការជាហ្វូង បានម្តងក្នុងអំឡុងឆ្នាំ១៩៧៨៕