អ្នកជំនាញអាមេរិកក្នុងសង្គ្រាមនៅកម្ពុជាលោកស្រី អេលីហ្សាបេត បេកឃើ (Elizabeth Becker) បាននិយាយនៅថ្ងៃពុធនេះថា រដ្ឋាភិបាលសហរដ្ឋអាមេរិកមានការទទួលខុសត្រូវចំពោះសោកនាដកម្មនៃការទម្លាក់គ្រាប់បែកនៅកម្ពុជាក្នុងទសវត្សរ៍១៩៧០ ក្នុងអំឡុងសង្គ្រាមត្រជាក់។
អតីតអ្នកឆ្លើយឆ្លងព័ត៌មានសម្រាប់កាសែត The Washington Post និងជាអ្នកនិពន្ធសៀវភៅអំពីខ្មែរក្រហមក្រោមចំណងជើងថា When the War was Over ឬនៅពេលដែលសង្គ្រាមបានបញ្ចប់បានឆ្លើយទៅនឹងការចោទសួររបស់នួន ជា ដែលជាជនជាប់ចោទម្នាក់ក្នុងចំណោមជនជាប់ចោទពីរនាក់ដែលកំពុងស្ថិតក្រោមការកាត់ទោសក្នុងសំណុំរឿង០០២វគ្គទី២។
«តើសហរដ្ឋអាមេរិកមានការទទួលខុសត្រូវចំពោះសោកនាដកម្មនិងការបំផ្លាញសម្ភារៈនិងមនុស្សដែលត្រូវបានសម្លាប់ក្នុងអំឡុងពេលទម្លាក់គ្រាប់បែកទេ? ពិតហើយអាមេរិកមានចំណែកទទួលខុសត្រូវ»។
លោកស្រីបញ្ជាក់ថា តាមច្បាប់អន្តរជាតិសហរដ្ឋអាមេរិកមិនអាចធ្វើការឈ្លានពានលើប្រទេសតូចតាចដូចជាប្រទេសកម្ពុជានោះទេ។
កាលពីថ្ងៃអង្គារម្សិលមិញនេះអ្នកជំនាញអាមេរិកដដែលនិយាយថាទីក្រុងវ៉ាស៊ីនតោន បានគាំទ្រប្រទេសចិនដើម្បីឲ្យចិនគាំទ្រខ្មែរក្រហមដើម្បីប្រឆាំងទៅនឹងប្រទេសវៀតណាមនិងសហភាពសូវៀតក្នុងយុគសង្គ្រាមត្រជាក់ក្រោយឆ្នាំ១៩៧៩។
នួន ជា ដែលនឹងឈានដល់អាយុ៨៩ឆ្នាំនៅប៉ុន្មានខែទៀតខាងមុខ បានលើកក្នុងសំណួររបស់ខ្លួនថាសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែករាប់លានតោនមកលើកម្ពុជាអស់រយៈពេល«២០០ថ្ងៃ២០០យប់»ចន្លោះពីឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៣។ ហើយប្រជាពលរដ្ឋកម្ពុជាជាច្រើនត្រូវសម្លាប់ ភូមិ ដីស្រែនិងវត្តអារ៉ាមជាច្រើនត្រូវបំផ្លាញ។
ជនជាប់ចោទបានចោទសួរអំពីចេតនារបស់សហរដ្ឋអាមេរិកក្នុងការទម្លាក់គ្រាប់បែកនេះ។
ឆ្លើយទៅនឹងសំណួរនេះលោកស្រីអេលីហ្សាបេត បេកឃើ បញ្ជាក់ថានេះជាការគាំទ្រដល់រដ្ឋការនៃរបបលោកសេនាប្រមុខលន់ នល់។
«ហេតុផលដែលសហរដ្ឋអាមេរិកផ្តល់ឲ្យសម្រាប់ការទម្លាក់គ្រាប់បែកនេះគឺជាទូទៅដើម្បីគាំទ្រដល់របបសាធារណរដ្ឋខ្មែរ»។
លោកស្រីបេកឃើបញ្ជាក់បន្ថែមថាការទម្លាក់គ្រាប់បែកនេះដើម្បីបង្ខំឲ្យកងទ័ពតស៊ូក្នុងព្រៃរបស់ខ្មែរក្រហមដែលប្រឆាំងនឹងរបបលោកសេនាប្រមុខលន់ នល់ ចូលតុចរចា។ ប៉ុន្តែសហរដ្ឋអាមេរិកបរាជ័យក្នុងគម្រោងការនេះ៕