ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទំនាក់​ទំនង​កម្ពុជា​-រុស្ស៊ី​ក្រោយ​សង្គ្រាម​ត្រជាក់


រូបឯកសារ៖ រូប​សត្វ​តន្ទ្រី​ក្បាល​ពីរ​ដែល​ជា​សញ្ញាណ​នៃ​ប្រទេស​រុស្ស៊ី នៅ​ចំពី​មុខ​ទង់ជាតិ​រុស្ស៊ី​នៅ​ពី​លើ​ដំបូល​សារមន្ទីរ​ជាតិ Hermitage នៅ​ទីក្រុង St. Petersburg កាល​ពី​ថ្ងៃទី១ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (REUTERS/Peter Kovalev)
រូបឯកសារ៖ រូប​សត្វ​តន្ទ្រី​ក្បាល​ពីរ​ដែល​ជា​សញ្ញាណ​នៃ​ប្រទេស​រុស្ស៊ី នៅ​ចំពី​មុខ​ទង់ជាតិ​រុស្ស៊ី​នៅ​ពី​លើ​ដំបូល​សារមន្ទីរ​ជាតិ Hermitage នៅ​ទីក្រុង St. Petersburg កាល​ពី​ថ្ងៃទី១ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (REUTERS/Peter Kovalev)

រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ និង​ទីក្រុង​ម៉ូស្គូ​ត្រូវ​បាន​អ្នក​តាម​ដាន​ការ​វិវឌ្ឍន៍​នយោបាយ​មួយ​ចំនួន​មើល​ឃើញ​ថា ​ហាក់​មាន​គម្លាត​ឆ្ងាយ​មិន​សូវ​ជា​ជិត​ដិត​គ្នា​ដូច​ជំនាន់​សង្គ្រាម​ត្រជាក់​ឡើយ។

ដំណើរ​ទស្សន​កិច្ច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) ​មក​ទីក្រុង​ភ្នំពេញ​កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ ​ធ្វើ​ឱ្យ​លោក​ក្លាយ​ជា​មេដឹកនាំ​រុស្ស៊ី​ដំបូង​គេ ​ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ​ស្រប​ពេល​ដែល​កម្ពុជា និងរុស្ស៊ី​គ្រោង​នឹង​ឆ្លង​ខួប​គម្រប់​៦០ឆ្នាំ​នៃ​ការ​ភ្ជាប់​ទំនាក់​ទំនង​ការ​ទូត​នៅ​ឆ្នាំ​ក្រោយ។​

​កិច្ច​ព្រម​ព្រៀង​ទ្វេ​ភាគី​ជា​ច្រើន​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​អំឡុង​ទស្សន​កិច្ច​នេះ រួម​មាន​ការ​ភ្ជាប់​កិច្ច​សហ​ប្រតិបត្តិ​ការ​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​លាង​លុយ​កខ្វក់​ ​ការ​សាង​ចំណង​មេត្រី​រវាង​ទី​ភ្នាក់​ងារព័ត៌មាន​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​ ក៏​ដូច​ជា​ការ​លើក​កម្ពស់​វិស័យ​វិនិយោគ​ និង​សេដ្ឋកិច្ចផង​ដែរ។

​យ៉ាង​ណា​ក៏ដោយ​ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ និង​ទីក្រុង​ម៉ូស្គូ​ត្រូវ​បាន​អ្នក​តាម​ដាន​ការ​វិវឌ្ឍន៍​នយោបាយ​មួយ​ចំនួន​មើល​ឃើញ​ថា ​ហាក់​មាន​គម្លាត​ឆ្ងាយ​មិន​សូវ​ជា​ជិត​ដិត​គ្នា​ដូច​ជំនាន់​សង្គ្រាម​ត្រជាក់​ឡើយ។​

​លោក​បណ្ឌិត​ ដេត សុខឧត្ដម​ អ្នក​ស្រាវ​ជ្រាវ​ផ្នែក​ប្រវត្តិ​ទំនាក់​ទំនង​អន្តរជាតិ​បាន​អង្កេត​ឃើញ​ថា​ ការ​ឃ្លាតឆ្ងាយ​គ្នា​នេះ​បណ្ដាល​មក​ពី​ការ​ប្រែ​ប្រួល​នយោបាយ​សកល​លោក​ ក៏​ដូច​ជា​កំណែ​ទម្រង់​ផ្នែក​សេដ្ឋកិច្ច​ និង​នយោបាយ​ការ​បរទេស​ក្រោយ​សង្គ្រាម​ត្រជាក់​របស់​ប្រទេស​រុស្ស៊ី។​

«រុស្ស៊ី​មាន​ការ​ចុះ​ថម​ថយ​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​ទំនាក់​ទំនង​ជា​មួយកម្ពុជា​ ​តែ​មិន​មែន​តែ​ជាមួយ​កម្ពុជា​ទេ​ដែល​រុស្ស៊ី​មិន​សូវ​ជា​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ ព្រោះ​រុស្ស៊ី​ធ្វើ​ដូច​គ្នា​ទៅ​លើ​តំប​ន់​ទាំង​មូល​តែ​ម្ដង ... នេះ​មិនមែន​ថា​ រុស្ស៊ី​ចង់​នោះ​ទេ ​តែ​រុស្ស៊ី​ត្រូវ​តែ​ធ្វើ​អីចឹង»។​

ក៏​ប៉ុន្តែ​អ្នក​នាំ​ពាក្យ​របស់​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​កម្ពុជា លោក​ ផៃ ស៊ីផាន​ ​យល់​ឃើញ​ផ្សេង​ពី​នេះ។​ លោក​ថា​ ទំនាក់​ទំនង​កម្ពុជា​រុស្ស៊ី​ ​មាន​ភាព​ល្អ​ប្រសើរ​ជា​លំដាប់​ក្នុង​បរិបថ​នៃ​នយោបាយ​ការ​បរទេស​កម្ពុជា​ ​ដែល​ប្រកាន់​គោល​ការណ៍​«ឯករាជ្យ​ អព្យាក្រឹត្យ ​និង​មិន​ចូល​បក្ស​សម្ព័ន្ធ»។​

«យើង​អាច​ឃើញ​ហើយ​ថា ដំណើរ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​មក​កាន់​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី គឺ​ជា​ភស្ដុតាង​ដែល​បញ្ជាក់​ពី​ទំនាក់​ទំនង​ ​និង​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​រវាង​រុស្ស៊ី​ ​និង​កម្ពុជា»។​

រុស្ស៊ី​ និង​កម្ពុជា​បាន​ភ្ជាប់​ទំនាក់​ទំនង​គ្នា​ដំបូង​បង្អស់​ក្នុង​ឆ្នាំ​១៩៥៦ និង​បាន​បន្ត​ជា​ប្រក្រតី​ក្នុង​របប​សង្គម​រាស្ត្រ​និយម និង​សាធារណរដ្ឋ​ខ្មែរ មុន​នឹង​ត្រូវ​បាន​កាត់​ផ្ដាច់​ទាំង​ស្រុង នៅ​ពេល​ពួក​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៧៥។​

លោក Dmitry Medvedev នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី​ស្តាប់លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​អំឡុង​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញកាល​ពី​ថ្ងៃទី២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (Dmitry Astakhov/Sputnik, Government Pool Photo via AP)
លោក Dmitry Medvedev នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី​ស្តាប់លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុង​អំឡុង​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញកាល​ពី​ថ្ងៃទី២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (Dmitry Astakhov/Sputnik, Government Pool Photo via AP)

ក៏​ប៉ុន្តែ​អតីត​សហ​ភាព​សូវៀត​បាន​គាំទ្រ​វៀត​ណាម​ក្នុង​ការ​ឈ្លាន​ពាន​ចូល​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ១៩៧៩​ ​ដើម្បី​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម ហើយ​បាន​នៅ​ពី​ក្រោយ​ការ​បង្កើត​អតីត​របប​សាធារ​ណរដ្ឋ​ប្រជា​មានិត​កម្ពុជា។​

​ក្នុង​អំឡុង​ទសវត្សរ៍​១៩៨០​ ​អតីត​សហភាព​សូវៀត​បាន​ផ្គត់​ផ្គង់​ជំនួយ​សព្វ​បែប​យ៉ាង​ ​ដើម្បី​ចិញ្ចឹម​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​រដ្ឋ​ ​និង​ដំណើរ​ការ​ទាំង​ស្រុង​របស់​អតីត​សាធារណ​រដ្ឋ​ប្រជា​មានិត​កម្ពុជា​ និង​ប្រជាជន​កម្ពុជា​ដែល​នៅ​សេស​សល់​ពី​ការ​កាប់​សម្លាប់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។​

​ក្នុង​ពេល​នោះ​ដែរ​ ​អតីត​សហភាព​សូវៀត​បាន​ជួយ​របប​ក្រុង​ភ្នំពេញ​ប្រយុទ្ធ​នឹង​ចលនា​តស៊ូ​បី​ផ្សេង​ទៀត​នៅ​ជាយ​ដែន​ថៃ​ ​ដែល​ត្រូវ​បាន​ទំនុក​បម្រុង​ដោយ​ចិន ​សហរដ្ឋ​អាមេរិក​ ​និង​ប្រ​ទេស​អាស៊ាន។​

លោក​បណ្ឌិត​ ដេត សុខ ឧត្តម​ ព្រឹទ្ធ​បុរស​នៃ​សាកល​វិទ្យាល័យ​ហ្សាម៉ាន់​បាន​ប្រាប់​VOA ថា​ ​ការណ៍​ដែល​អតីត​សហភាព​សូវៀត​គាំទ្រ​របប​ក្រុង​ភ្នំពេញ​របស់​លោក​ ហេង សំរិន​ ​ឱ្យ​វាយ​នឹង​ចលនា​តស៊ូ​នៅ​ព្រំដែន​ ​និង​ទាញ​កម្ពុជា​ចូល​ប្លុក​ខាង​កើត​នៃ​សង្គ្រាម​ត្រជាក់​ ​ដោយ​សារ​តែ​រដ្ឋការ​ក្រុង​ម៉ូស្គូ​ចង់​ទប់ស្កាត់​ឥទ្ធិពល​ចិន ​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​ខ្មែរ​ក្រហម​ ដែល​អាច​រីក​សាយ​ភាយ​នៅ​ក្នុង​តំបន់​អាស៊ី​អា​គ្នេយ៍។​

«​វា​មិន​គ្រាន់​តែ​ជា​សង្គ្រាម​ស៊ីវិល​រវាង​គូភាគី​ទំនាស់​ផ្ទៃ​ក្នុង​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​សង្គ្រាម​រវាង​វៀតណាម​នឹង​អង្គការ​អាស៊ាន ​និង​ជា​សង្គ្រាម​រវាង​សហរដ្ឋ​អាមេរិក​ និង​សូវៀត​ផង​ដែរ»។​

លោក​បណ្ឌិត ដេត សុខ ឧត្តម​ ​បាន​និយាយ​ថា ក្រោយ​មក​ ការ​ចាប់​ផ្ដើម​ចុះ​អន់​ថយ​របស់​សូវៀត​នៅ​ចុង​ទសវត្សរ៍​១៩៨០​មាន​ឥទ្ធិពល​ដល់​ការ​ដក​កង​ទ័ព​វៀតណាម​ដែល​ប្រយុទ្ធ​នៅ​កម្ពុជា​ ​និង​ឈាន​ទៅ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​ឆ្នាំ​១៩៩១។​

ក៏​ប៉ុ​ន្តែ​ មក​ទល់​នឹង​ការ​រលត់​នៃ​ជំនួយ​សូវៀត​ ​កម្ពុជា​បាន​ក្លាយ​ជា​កូន​បំណុល​សម័យ​សង្គ្រាម​របស់​រុស្ស៊ី។ សរុប​ជំនួយ​ទាំង​ឡាយ​លើ​គ្រប់​វិស័យ​បាន​នាំ​ឱ្យ​កម្ពុជា​ជំពាក់​បំណុល​រុស្ស៊ី​ប្រមាណ១,៥ពាន់​លាន​ដុល្លារ​អាមេរិក។​

លោក​ អ៊ូ វីរៈ នាយក​វេទិកា​អនាគត​ដែល​ជា​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​គោល​នយោបាយ​ក្នុងស្រុក​មួយ បាន​និយាយ​ថា​ លោក​ជឿ​ជាក់​ថា​ កម្ពុជា​នឹង​លើក​យក​រឿង​បំណុល​មក​ជជែក​ពិភាក្សា​ជាមួយ​លោក​ ឌីមីទ្រី ម៉េដវេដេវ​ ​ដើម្បី​ធ្វើការ​លុប​ចោល​អ្វី​ដែល​លោក​ហៅ​ថា​ជា​«បំណុល​ឈាម ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​ការ​បង្ហូរ​ឈាម​រវាង​ខ្មែរ​នឹង​ខ្មែរ»។​

«រុស្ស៊ី​នឹង​មិន​ធ្វើការ​បោះ​បង់​ចោល​បំណុល​នោះ​ដោយ​មិន​មាន​ថ្នូរ​នោះ​ទេ។ ខ្ញុំ​យល់​ថា​ថ្នូរ​ដែល​រុស្ស៊ី​ចង់​បាន​ពី​កម្ពុជា​នោះ​គឺ​ចង់​ឱ្យ​កម្ពុជា​ស្និទ្ធ​នឹង​ក្រុង​ម៉ូស្គូ​ ហើយ​ស្ថិត​នៅ​ឱ្យ​ឆ្ងាយ​ពី​សហរដ្ឋ​អាមេរិក​ ​និង​លោក​ខាង​លិច»។​

«​វា​ជា​ថ្នូរ​មួយ​គ្រោះ​ថ្នាក់​បំផុត​ ​ដែល​ខ្ញុំ​យល់​ថា យើង​គួរ​តែ​ធ្វើការ​តស៊ូ​មតិ​ជា​អន្តរ​ជាតិ​ដើម្បី​លុប​ចោល​មិន​ត្រឹម​តែ​បំណុល​ឈាម​ ​ដែល​ជំពាក់​រុស្ស៊ី​នោះ​ទេ​ ​តែ​ត្រូវ​លុប​ចោល​បំណុល​ឈាម​នឹង​អាមេរិក​ផង​ដែរ»។​

លោក អ៊ូ វីរៈ ថា ​រដ្ឋាភិបាល​ក្រុងម៉ូស្គូ​កំពុង​តែ​ពង្រឹង​តួនាទី​ជា​មហា​អំណាច​របស់​ខ្លួន​អំឡុង​សង្គ្រាម​ត្រជាក់​ឡើង​វិញ ដើម្បី​ចាប់​ផ្ដើម​កៀង​គរ​ឡើង​វិញ​អតីត​សម្ព័ន្ធ​មិត្ត​ក្នុង​ប្លុក​ខាង​កើត​របស់​ខ្លួន​នៅ​ទូទាំង​ពិភព​លោក។​

អង្គ​នីតិ​ប្បញ្ញត្តិ​ទាំង​ពីរ​ស្ថាប័ន​របស់​កម្ពុជា​ក្នុង​ខែ​នេះ​ ​បាន​ផ្ដល់​សច្ចាប័ន​ដល់​ច្បាប់​ដើម្បី​ការពារ​ការ​វិនិយោគ​នៃ​ប្រទេស​កម្ពុជា​ជាមួយ​រុស្ស៊ី​ ​ស្រប​ពេល​ដែល​លំហូរ​នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ ​និង​ទេសចរណ៍​ពី​ប្រទេស​នេះ​មក​កម្ពុជា​កំពុង​មាន​កំណើន​យ៉ាង​ឆាប់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ។​

ទាំង​លោក​បណ្ឌិត ដេត សុខឧត្តម​ ​និង​លោក​ អ៊ូ វីរៈ​ យល់​ស្រប​គ្នា​ថា​ កម្ពុជា​គួរ​តែ​ផ្ដោត​ចក្ខុ​វិស័យ​របស់​ខ្លួន​លើ​ការ​ភ្ជាប់​ទំនាក់​ទំនង​នឹង​រុស្ស៊ី​លើ​វិស័យ​ប្រេង​ និង​ឧស្ម័ន​ ​ក៏​ដូច​ជា​វិស័យ​ទេសចរណ៍​ជា​ដើម។

ក៏​ប៉ុន្តែ​ លោក​ អ៊ូ វីរៈ ព្រមាន​ថា៖​«ក្រៅ​ពី​វិស័យ​សេដ្ឋកិច្ច ​ខ្ញុំ​យល់​ថា​ កម្ពុជា​យើង​មិន​គួរ​ពង្រឹង​ទំនាក់​ទំនង​លើ​វិស័យ​យោធា ​និង​សន្តិសុខ​ជាមួយ​រុស្ស៊ី​ឡើយ ​ព្រោះ​ថា​រុស្ស៊ី​កំពុង​លេង​ល្បែង​នយោ​បាយ​សម័យ​សង្គ្រាម​ត្រជាក់​ឡើង​វិញ ដើម្បី​ចាប់​ដៃ​ជាមួយ​នឹង​ចិន​ប្រជែង​នឹង​សហរដ្ឋ​អាមេរិក​នៅ​លើ​ឆាក​អន្តរជាតិ​ ដែល​នេះ​ជា​រឿង​គ្រោះ​ថ្នាក់​ដ៏​ធំ​ធេង​សម្រាប់​ប្រទេស​តូចៗ​ដូច​ជា​កម្ពុជា»។

ដំណើរ​ទស្សន​កិច្ច​របស់​នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី ​ឌីមីទ្រី ម៉េដ​វេ​ដេវ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ត្រូវ​បញ្ចប់​នា​ថ្ងៃ​ពុធ ​បន្ទាប់ពី​លោក​បាន​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​ និង​ធ្វើដំណើរ​ទស្សនកិច្ច​នា​ទីក្រុង​ភ្នំពេញ​ និង​ជំនួប​រវាង​លោក​និង​ថ្នាក់​ដឹក​នាំ​កំពូលៗ​របស់​ប្រទេស​កម្ពុជា​រួម​ទាំង​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ផង​ដែរ៕

XS
SM
MD
LG