មន្ត្រីសហព័ន្ធរុស្ស៊ីបានស្នើមិនឲ្យអ្នកយកព័ត៌មានកម្ពុជាចូលរួមយកព័ត៌មានទេក្នុងកម្មវិធីខ្លះនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីរុស្ស៊ីមកកាន់ប្រទេសកម្ពុជា។ មន្ត្រីរុស្ស៊ីបានលើកសំណើនេះមកក្រសួងការបរទេសកម្ពុជា។
ក្រុមអ្នកយកព័ត៌មានកម្ពុជាត្រូវគេហាមមិនឲ្យចូលរួមយកព័ត៌មានក្នុងកម្មវិធីមួយចំនួននៃដំណើរទស្សនកិច្ចរបស់លោក Dmitry Medvedev នាយករដ្ឋមន្ត្រីរុស្ស៊ីក្នុងពេលលោកទស្សនាប្រាសាទអង្គរវត្ត និងចូលគាល់ព្រះមហាក្សត្រនរោត្តម សីហមុនី ក្នុងព្រះបរមរាជវាំងនោះទេ។
លោក Dmitry Medvedev នាយករដ្ឋមន្ត្រីរុស្ស៊ីកំពុងបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជាចំនួន៣ថ្ងៃចាប់ពីថ្ងៃ២២ដល់ថ្ងៃ២៤ ខែវិច្ឆិកា ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីរុស្ស៊ី Dmitry Medvedev គ្រោងនឹងជួបពិភាក្សាការងារជាមួយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃស្អែក ហើយគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនរាប់ទាំងការលាងលុយកខ្វក់ និងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មផងដែរ។
លិខិតរបស់លោក ឡុង វិសាលោ រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេសកម្ពុជាផ្ញើរជូនរដ្ឋមន្ត្រីក្រសួងព័ត៌មានបានសរសេរថា ភាគីរុស្ស៊ីបានស្នើសុំកុំឲ្យមានអ្នកយកព័ត៌មានក្នុងស្រុកចូលរួមយកព័ត៌មាននៅក្នុងកម្មវិធីទស្សនាកម្សាន្ត នៅសៀមរាប និងនៅក្នុងព្រះបរមរាជវាំង ព្រោះកម្មវិធីនេះជាកម្មវិធីមានលក្ខណៈឯកជន។ ចំពោះទស្សនកិច្ចនៅសៀមរាប ភាគីរុស្ស៊ី បានស្នើសុំឲ្យមានតែអ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជា និងទីភ្នាក់ងារព័ត៌មាន AKP ម្នាក់តែប៉ុណ្ណោះ។
លោក មឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកព័ត៌មាន បានថ្លែងថា ការរឹតត្បិតសេរីភាពព័ត៌មានពីប្រទេសមហាអំណាចដូចជារុស្ស៊ីនេះ វាជារឿងគួរឲ្យងឿងឆ្ងល់ ហើយអាចធ្វើឲ្យប៉ះពាល់ដល់ប្រទេសកម្ពុជា និងប្រទេសមួយចំនួនទៀត ដែលមិនដឹងថា តើយកប្រទេសណាជាគម្រូក្នុងការគោរពសេរីភាពព័ត៌មាន។
«ហើយប្រសិនជាប្រទេសរុស្ស៊ីដែលជាមហាអំណាចមួយ គាត់ប្រកាន់ជំហររឹតត្បិតសេរីភាពសារព័ត៌មានបែបនេះ ខ្ញុំគិតថា ប្រទេសយើងងាយនឹងបត់ តាមប្រទេសរុស្ស៊ី ហើយប្រទេសដទៃទៀតដែលមានគោលជំហរមិនទាន់ច្បាស់លាស់ចំពោះលទ្ធិប្រជាធិបតេយ្យ ឬប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យថ្មីៗប្រហែលជាដើរតាមហើយ»។
លោក ណារិទ្ធ បានបន្ថែមថា លោកមានការព្រួយបារម្ភខ្លាចថា រឿងនេះវាប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ និងធ្វើឲ្យសេរីភាពសារព័ត៌មានកាន់តែ ត្រូវរឹតត្បិត។
មន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា ក្នុងដំណើររបស់លោកនាយករដ្ឋមន្ត្រីរស្ស៊ីពីទីក្រុងសៀមរាបមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅល្ងាចនេះ មានឲ្យតែអ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជា និងភ្នាក់ងារសារព័ត៌មាន AKP ម្នាក់តែប៉ុណ្ណោះត្រូវបានការអនុញ្ញាតឲ្យចូលយកព័ត៌មាន។
ក្រុមមន្ត្រីសន្តិសុខបាននិយាយថា មានការដាក់ពង្រាយកងកម្លាំងការពារសន្តិសុខជាច្រើនតាមដងផ្លូវ និងមានការបិទផ្លូវសាធារណៈមួយចំនួនពីព្រលានយន្តហោះអន្តរជាតិភ្នំពេញឆ្ពោះមកកាន់រាជធានីភ្នំពេញ៕