ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​សហជីព​សង្ឃឹម​ថា​ច្បាប់​សហជីព​ត្រូវ​បន្ធូរបន្ថយ​ក្រោយ​ទស្សនកិច្ច​លោក​ឃែរី​


រូប​ឯសារ៖ សន្និសីទ​សារព័ត៌មាន​គណៈ​កម្មការ​សហព័ន្ធ​សហជីព​ស្តីពី​ការ​ស្នើសុំ​ឲ្យ​មាន​ការ​ពន្យារ​ពេល​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​សហជីព​ក្នុង​រាជធានីភ្នំពេញ កាលពី​ថ្ងៃ​ទី២០ ខែមករា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/ VOA)
រូប​ឯសារ៖ សន្និសីទ​សារព័ត៌មាន​គណៈ​កម្មការ​សហព័ន្ធ​សហជីព​ស្តីពី​ការ​ស្នើសុំ​ឲ្យ​មាន​ការ​ពន្យារ​ពេល​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​សហជីព​ក្នុង​រាជធានីភ្នំពេញ កាលពី​ថ្ងៃ​ទី២០ ខែមករា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/ VOA)

ប្រធាន​សហជីព​មួយ​រូប​​ថ្លែង​ប្រាប់​ VOA​ ថា​ ដំណើរ​ទស្សនកិច្ច​របស់​លោក​ ចន​ ឃែរី​ នេះ​ នឹង​មាន​សម្ពាធ​ខ្លះ​ដល់​​រដ្ឋាភិបាល​ និង​សភា​ជាតិ​ លើ​​ការ​កែសម្រួល​សេចក្តី​ព្រាង​ច្បាប់​សហជីព​ ដែល​​មិន​ទាន់​ស្រប​ទៅ​តាម​ស្តង់ដារ​អន្តរជាតិ​​ និង​ច្បាប់​ចូល​ជា​ធរមាន​ក្នុង​ប្រទេស​កម្ពុជា។

មេដឹកនាំ​សហជីព​ ក្នុង​ប្រទេស​កម្ពុជា​ រំពឹង​ថា​ ដំណើរ​ទស្សនកិច្ច​រយៈពេល​២​ ថ្ងៃ​របស់​ លោក​ ចន​ ឃែរី​ (John Kerry) រដ្ឋមន្ត្រី​ការ​បរទេសសហរដ្ឋ​អាមេរិក​ នឹង​ធ្វើ​ឲ្យ​បរិយាកាស​នៃ​សិទ្ធិ​សេរី​ភាព​កម្មករ​ក្នុង​ការ​ចង​ក្រង​សហជីព​ មាន​ភាព​កាន់​តែ​ល្អ​ប្រសើ​ឡើង​ ខណៈ​ដែល​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សហជីព​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​រដ្ឋ​សភានៅឡើយ។​

លោក​ ចន​ ឃែរី​ បាន​មក​ដល់​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ​ ហើយ​នៅ​ថ្ងៃ​អង្គារ​នេះ​គឺ​ជា​ថ្ងៃ​បញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ហើយ​លោក​បាន​លើកឡើង​ពី​ការ​រំលោភសិទ្ធិមនុស្ស​ និងសិទ្ធិ​នយោបាយ​ នៅ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​ អាត់ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា ​ថ្លែង​ប្រាប់​ VOA​ ថា​ ដំណើរ​ទស្សនកិច្ច​របស់​លោក​ ចន​ ឃែរី​ នេះ​ នឹង​មាន​សម្ពាធ​ខ្លះ​ដល់​ រដ្ឋាភិបាល​ និង​សភា​ជាតិ​ លើការ​កែសម្រួល​សេចក្តី​ព្រាង​ច្បាប់​សហជីព​ ដែលមិន​ទាន់​ស្រប​ទៅ​តាម​ស្តង់ដារ​អន្តរជាតិ និង​ច្បាប់​ចូល​ជា​ធរមាន​ក្នុង​ប្រទេស​កម្ពុជា។

«ខ្ញុំ​គិត​ថា​ ក្រសួង​ការបរទេស​មាន​ឥទ្ធិពល​ខ្លាំង ហើយ​ជា​ពិសេស​គឺ​មកដល់​ប្រទេស​កម្ពុជា​ហ្នឹង​ ចំណែក​អ្នក​នយោបាយ​គឺ​បាន​ស្នើ​ ដោះ​ស្រាយ​បញ្ហា​នយោបាយ​ ហើយ​ខាង​សិទ្ធិ​មនុស្ស​ហ្នឹង​ គេ​ដោះ​ស្រាយ​បញ្ហា​ជំនួយ​ ចំណែក​សហជីព​យើង​ ក៏​យើង​បាន​ស្នើ​ឲ្យ​ លោក​ ជួយ​ពិនិត្យ​មើល​ សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សហជីព​ហ្នឹង​ ធ្វើ​យ៉ាង​ណា​ពិភាក្សា​ជាមួយ​នឹង​រដ្ឋាភិបាល​ ហើយ​នឹង​សភា​ជាតិ​ហ្នឹង​ឲ្យ​រៀបចំ​ច្បាប់​ហ្នឹង​ដូច​ថា​ ឲ្យ​មាន​លក្ខណៈ​ប្រសើរ​ ស្រប​តាម​ស្តង់​ដារ​អន្តរជាតិ​ និង​ច្បាប់​ស្រុក​ខ្មែរ​យើង​ហ្នឹង»។​

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​នេះ​ លោក​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ ចន ឃែរី​ បាន​ជួប​ តំណាង​អង្គការ​សង្គម​ស៊ីវិល​ និង​មន្ត្រី​នៃ​គណបក្ស​ប្រឆាំង​ ដើម្បី​ពិភាក្សា​ពី​បញ្ហា​សិទ្ធិ​មនុស្ស សិទ្ធិ​ដី​ធ្លី​ និង​លំនៅដ្ឋាន​ ផង​ដែរ​ក្រៅ​ពី​សិទ្ធិ​នយោបាយ។​

លោក​អាត់​ ធន់​ ឲ្យ​ដឹង​បន្ថែម​ទៀតថា​ សិទ្ធិ​កម្មករ​ ដែល​ជារឿយៗ​ ត្រូវ​ក្រុម​សហជីព​ឯករាជ្យ​មើលឃើញ​ថា​ បាន​រង​ការ​បំពាន​ពី​ភាគី​និយោជក​នោះ​ ក៏​នឹង​ត្រូវ​ធ្វើ​ឲ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាងមុន​ផង​ដែរ តាម​រយៈ​ការ​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​ក្នុង​ប្រទេស​កម្ពុជា ដោយលោក​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យមួយ​នេះ។​ ​ លោក​ថា​ រដ្ឋាភិបាល​កម្ពុជា​ អាច​នឹង​យក​ឱកាស​នេះ​ ដើម្បី​មើល​ឡើង​វិញ​លើ​សិទ្ធិមនុស្ស​ ក៏​ដូច​ជា​សិទ្ធិ​របស់​កម្មករ។​ ​លោក​បញ្ជាក់​ថា៖​

«វា​អាច​ផ្ទុយ​នឹង​ប្រទេស​មួយ​ចំនួន​ ដែល​ភាគច្រើន​គឺ​គេ​អត់​សូវ​គិត​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ និង​ការងារ​នយោបាយ​លក្ខណៈ​ប្រជាធិបតេយ្យ​ហ្នឹង​ អញ្ចឹង​ខ្ញុំ​គិត​ថា​ វា​ជា​ឱកាស​ល្អ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា»។

អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​មាន​អាសនៈ​ក្នុង​សភា​ បាន​ព្រមព្រៀង​គ្នា​ស្នើ​ឲ្យ​មាន​ការ​កែ​សម្រួល​មាត្រា​មួយ​ចំនួន​នៅ​ក្នុង​ជំពូក​ចំនួន​ពីរ​ដែល​និយាយ​ដល់​វិសាលភាព​នៃ​សេចក្តី​ព្រាង​ច្បាប់​សហជីព​ ​ការ​ចុះ​បញ្ជី​របស់​សហជីព ​និង​របាយ​ការណ៍​ហិរញ្ញវត្ថុ​របស់​សហជីព​ជាដើម។​ ក៏​ប៉ុន្តែ​ចំណុច​និយាយ​ពី​ការ​កំណត់​ចំនួន​សម្រាប់​ការ​សម្រេច​ធ្វើ​កូដកម្ម​របស់​កម្មករ​មិន​ទាន់​ត្រូវ​បាន​ព្រម​ព្រៀង​គ្នា​រវាង​ក្រុម​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​ទាំងពីរ​ដែល​កំពុង​ពិនិត្យ​ និង​សិក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ទេ។​ ចំណុច​ទាំង​អស់​នេះ​ ជា​ចំណុច​ដែល​ស្ថិត​ក្នុង​ការ​ពិភាក្សា​គ្នា​នៃ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ទាំង​នៅ​ឡើយ។​

នៅ​ក្នុង​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ចុងក្រោយ​ លោក​ ចន ឃែរី​ បាន​មាន​ប្រសាសន៍​ថា​ បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គួរ​ត្រូវ​បាន​ពង្រឹង​ ពីព្រោះ​សហរដ្ឋ​អាមេរិកបាន​យក​ចិត្ត​ទុក​ដាក់ជា​ខ្លាំង​ពី​សិទ្ធិ​មនុស្ស។

«យើង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ អំពីសិទ្ធិមនុស្ស​ ដែល​ជា​សេរី​ភាព​ជា​សាកល​ ហើយ​អភិបាល​កិច្ច​ល្អ។​ ការ​ជឿន​លឿន​លើ​វិស័យ​ទាំង​នេះ​ គឺ​ជា​កត្តា​សំខាន់​ សម្រាប់​ទំនាក់​ទំនង​ល្អ​រវាង​ប្រទេស​យើង​ទំាង​ពីរ ​ហើយ​វា​ក៏​ជា​បំណង​ប្រាថ្នា​របស់​ប្រជាជន​កម្ពុជា​ដែរ»។

ដំណើរ​មក​ដល់​ក្នុង​ទីក្រុង​ភ្នំពេញ​របស់​លោក​ ចន ឃែរី​ គឺ​ស្ថិត​ក្នុង​ដំណើរ​ទស្សនកិច្ច​ការទូត​មួយ​ដ៏​សំខាន់​ក្នុង​តំបន់​អាស៊ី ​ដើម្បី​ពិភាក្សា​ពី​ការ​រៀបចំ​ជា​មុន​ សម្រាប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-អាមេរិក ​នៅ​កន្លែង​លំហែ​កាយ​ Sunnylands ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​ ដែល​នៅ​ទីនោះ​ លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ ​អូបាម៉ា ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ទទួល​ស្វាគមន៍​មេដឹកនាំ​អាស៊ាន​ទាំង​១០​ប្រទេស។​ នៅ​ថ្ងៃ​បញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ក្នុង​ប្រទេស​កម្ពុជា​ លោក​រដ្ឋមន្ត្រី​ការ​បរទេស​ បានចូល​ជួប​ពិភាក្សា​ជាមួយ​ លោក​ ហោ​ ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា និង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន៕

XS
SM
MD
LG