ភ្នំពេញ៖ បេសកជនអង្គការសហប្រជាជាតិបានបង្ហាញក្តីកង្វល់ជាខ្លាំងអំពីនិទណ្ឌភាពឬភាពគ្មានទោសពៃរ៍និងអំពីសេរីភាពបញ្ចេញមតិក្នុងប្រទេសកម្ពុជាដោយបានហៅបញ្ហាទាំងពីរថានឹងនាំឲ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌ក្នុងប្រទេស។
លោកសូរិយា ស៊ូបែឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា បានថ្លែងក្នុងសន្និសីទកាសែតនៅរសៀលថ្ងៃសុក្រនេះក្នុងទីក្រុងភ្នំពេញក្នុងឱកាសបញ្ចប់បេសកកម្មរបស់ខ្លួនថាមានអំពើឧក្រិដ្ឋជាច្រើនបានកើតឡើងប៉ុន្តែអ្នកទទួលខុសត្រូវមិនត្រូវបាននាំខ្លួនយកមកកាត់ទោសនោះទេ។
«ខ្ញុំនៅតែមានការព្រួយបារម្ភពីវប្បធម៌គ្មានទោសពៃរ៍នៅក្នុងប្រទេសកម្ពុជា។ ខ្ញុំក៏មានការបារម្ភយ៉ាងជ្រាលជ្រៅអំពីស្ថានភាពសេរីភាពបញ្ចេញមតិនៅក្នុងប្រទេសនិងអំពីករណីនៃការសម្លុតគំរាមកំហែងនិងការយាយីលើពលរដ្ឋដែលធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងក្នុងផ្នែកតស៊ូមតិដើម្បីសិទ្ធិមនុស្ស»។
លោកស៊ូបែឌី បានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃអាទិត្យសម្រាប់បេសកកម្មរយៈពេលប្រាំថ្ងៃក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជាជាលើកទីប្រាំបីនេះ។
លោកចាត់ទុកថានិទណ្ឌភាពគឺជាជំងឺស៊ីរូងក្នុងប្រទេសកម្ពុជា។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃនេះដែរលោកបានរំលឹកពីការព្រួយបារម្ភរបស់លោកអំពីសំណុំរឿងលោកម៉ម សុណង់ដូ នាយកស្ថានីយ៍វិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ហើយលោកបញ្ជាក់ថាលោកនឹងតាមដានបញ្ហានេះបន្តទៀត។
មន្ដ្រីជាន់ខ្ពស់អង្គការសហប្រជាជាតិក៏បានលើកផងដែរពីការជំរុញដល់ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌និងដោយសន្តិភាព។ មួយវិញទៀតទំនាស់ដីធ្លីនៅតែជាបញ្ហាដ៏ធំសម្រាប់ប្រទេសកម្ពុជា។ នេះបើតាមការកត់សម្គាល់របស់លោកស៊ូបែឌី។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ដ្រីឆ្លើយតបទៅនឹងលោកសូរិយា ស៊ូបែឌី វិញថាកង្វល់និងការលើកឡើងរបស់លោកមិនបានប្រមូលផ្តុំគ្រប់ទិដ្ឋភាពនោះទេ។
«ជាការលើកឡើងមួយមិនចំទិសដៅដោយសារគាត់ទទួលព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយ។ គួរឲ្យសោកស្តាយហ្នឹងគឺលោកមិនបានដឹងគ្រប់ជ្រុងជ្រោយនៃអ្វីដែលកំពុងវិវត្តន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលរាជរដ្ឋាភិបាលកំពុងប្រឹងប្រែង»។
មន្ដ្រីរដ្ឋាភិបាលនិងលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន បានបដិសេធជំនួបជាមួយលោកស៊ូបែឌីក្នុងដំណើរបេសកកម្មរបស់លោក។
លោកហ៊ុន សែន បានឆ្លៀតរិះគន់ដល់មន្ដ្រីអង្គការសហប្រជាជាតិរូបនេះជាសាធារណៈកាលពីថ្ងៃព្រហស្បតិ៍ហើយបានរំលឹកថាលោកស៊ូបែឌី គួរតែរៀនគោរពអធិបតេយ្យភាពរបស់ប្រទេសមួយ។
ក្នុងសន្និសីទកាសែតលោកស៊ូបែឌី ហាក់ដូចជាឆ្លើយតបទៅវិញដោយប្រយោលថាលោកបានគោរពពេញទីអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាហើយលោកគ្រាន់តែបំពេញការងាររបស់លោកតែប៉ុណ្ណោះហើយលោកក៏មិនយល់ដែរហេតុអ្វីបានជាជំនួបរបស់លោកត្រូវបានបដិសេធនោះ។
ក្នុងឱកាសនៃសន្និសីទកាសែតនេះដែរប្រជាពលរដ្ឋសហគមន៍បឹងកក់និងសហគមន៍ដែលរងគ្រោះពីការបណ្តេញចេញពីលំនៅដ្ឋានដោយបង្ខំបានជួបជុំគ្នានៅមុខការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជាដើម្បីជួបជាមួយលោកស៊ូរិយា ស៊ូបែឌី៕