ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាស៊ាន​អនុម័ត​សេចក្តី​ព្រាង​សេចក្តី​ថ្លែងការណ៍​​សិទ្ធិ​មនុស្ស​របស់​ខ្លួន​


មេ​ដឹកនាំ​ប្រទេស​អាស៊ាន​១០​ដែល​កំពុង​ជួប​ប្រជុំគ្នា​ក្នុង​ប្រទេស​កម្ពុជា​
មេ​ដឹកនាំ​ប្រទេស​អាស៊ាន​១០​ដែល​កំពុង​ជួប​ប្រជុំគ្នា​ក្នុង​ប្រទេស​កម្ពុជា​
វ៉ាស៊ីនតោន​៖⁣ សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​បាន​អនុម័ត​សេចក្តី​ព្រាង​សេចក្តីថ្លែងការណ៍​សិទ្ធិ​មនុស្ស​ដ៏​ចម្រូង​ចម្រាស់​ហើយ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ បើ​ទោះបី​ជា​មាន​ការ​រិះគន់​ថា ​សេចក្តីថ្លែងការណ៍​នេះ​មិន​ស្រប​នឹង​បទដ្ឋាន​អន្តរជាតិ​ក្តី។​
មេ​ដឹកនាំ​ប្រទេស​អាស៊ាន​១០​ដែល​កំពុង​ជួប​ប្រជុំគ្នា​ក្នុង​ប្រទេស​កម្ពុជា​បាន​អនុម័ត​និង​ចុះ​ហត្ថលេខា​លើសេចក្តីថ្លែងការណ៍​សិទ្ធិ​មនុស្ស​ដ៏​ចម្រូង​ចម្រាស់​ហើយ​នៅ​ថ្ងៃ​នេះ ​ដោយ​និយាយ​ថា ​ជា​សេចក្តីថ្លែងការណ៍ដ៏​សំខាន់​សម្រាប់​ការពារ​សិទ្ធិ​មនុស្ស ​ការគោរព​សិទ្ធិ​មនុស្ស​នៃ​ប្រជាជន​៦០០​លាន​នាក់​ក្នុង​តំបន់។​ នេះ​ជា​ការ​អះអាង​របស់​ក្រុម​មន្ត្រី​ជាន់ខ្ពស់​អាស៊ាន។​

ថ្លែង​ប្រាប់​ក្រុមអ្នក​យក​ព័ត៌មាន​បន្ទាប់ពី​ការ​អនុម័ត​សេចក្តីថ្លែងការណ៍​សិទ្ធិ​មនុស្ស ​អាស៊ាន​ លោក​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី​ម៉ាទី ​ណាតាលេហ្គាវ៉ា​ បាន​ថ្លែង​ថា៖ ​
«ខ្ញុំ​គិត​ថា​ យើង​ត្រូវតែ​ទទួល​ស្គាល់​ថា​នេះ​គឺជា​សេចក្តីថ្លែងការណ៍​ដ៏​សំខាន់​ដែល​ស្រប​ទៅ​នឹង​សេចក្តី​ថ្លែង​ការណ៍​សិទ្ធិមនុស្ស​អន្តរជាតិ ​ក៏ដូច​ជា​សេចក្តី​ថ្លែង​ការណ៍​សិទ្ធិ​មនុស្ស​ក្រុង​វីយែន។​ នេះ​ជាអ្វី​ដែល​អាស៊ាន​មាន​លើអ្វី​ដែល​មិន​ធ្លាប់​មាន។ ​ដូច្នេះ​សេចក្តី​ថ្លែង​ការណ៍​សិទ្ធិ​មនុស្សនេះ​ជា​លក្ខខណ្ឌ​សំខាន់​ណាស់​សម្រាប់​អាស៊ាន​ក្នុង​ការ​រក្សា​បាន​នូវសុចរិត​ភាព​នៃ​កាតព្វកិច្ច​សិទ្ធិ​មនុស្ស»។
ទោះជា​យ៉ាងណា​ក៏ដោយ​ ក្រុមអង្គការ​សង្គម​ស៊ីវិល​ក្នុង​តំបន់​ផង​និង​អន្តរជាតិ​ផង​បាន​និយាយ​រួមគ្នា​ថា​ សេចក្តី​ថ្លែង​ការណ៍​សិទ្ធិ​មនុស្ស​អាស៊ាន​នោះ​មាន​ការ​រិតត្បិត​សេរីភាព​និង​អាច​បង្ក​ជា​លេស​សម្រាប់​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស។​

ការ​អះអាង​ទាំង​នោះ​គឺ​យោង​ទៅ​ដល់​ការ​ចែង​មិន​ច្បាស់លាស់​ ទាក់ទង​នឹង​បញ្ហា​សមភាព​រវាង​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​ និង​ការ​ទទួល​ខុស​ត្រូវ​ បញ្ហា​ទាក់ទង​នឹង​សន្តិសុខ​ជាតិ​ បញ្ហា​ទាក់​ទង​នឹង​សីលធម៌​សាធារណៈ​ ការ​អនុវត្ត​សិទ្ធិ​មនុស្ស​ទៅ​តាម​លក្ខណ​ខុសៗ​គ្នា​របស់​ប្រទេស​នីមួយៗ​ ជាដើម។​
លោក​ អ៊ូ វីរៈ​ នាយក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​អះអាង​ថា​ ការ​អនុម័ត សេចក្តី​ថ្លែង​ការណ៍​សិទ្ធិ​មនុស្ស​អាស៊ាន​នេះ​ជា​ឱកាស​គោរព​សិទ្ធិមនុស្ស​ក្នុង​តំបន់​ផង​និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ផង​ បើយោង​ទៅ​តាម​ខ្លឹមសារ​មួយ​ចំនួន។​

«ហើយ​បើសិន​យើង​មើល​ពីប្រវត្តិសាស្ត្រ ហើយ​នយោបាយ​ខុសៗ​គ្នា​ បាន​ន័យ​ថា​ប្រទេស​វៀតណាម​នៅតែ​មិន​ការពារ​សិទ្ធិ​នយោបាយ​ប្រជា​ពលរដ្ឋ​ដដែល។​ ហើយ​ប្រទេស​មួយ​ចំនួន​នឹង​មិន​ការពារ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ទេ។ ​អញ្ចឹង​ទៅ​ នេះ​ជា​លេស​ច្រើន​មែន​ទែន។​ អញ្ចឹង​វា​អាច​ជា​ឯកសារ​មួយ​ជា​លេស»។​

លោក​ហ៊្វីល រ៉បប៊ឺតសុន​ នាយក​រង​នៃ​អង្គការ​សិទ្ធិ​អាមេរិក ​Human Rights Watch​ ប្រចាំ​តំបន់​អាស៊ី​ បាន​ថ្លែង​ថា​ សេចក្តី​ថ្លែង​ការណ៍​សិទ្ធិ​មនុស្ស​នេះ​មិន​ស្រប​តាមច្បាប់​អន្តរ​ជាតិ​ស្តីពី​សិទ្ធិ​មនុស្សទេ​ ​ហើយ​អាចឲ្យ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ប្រើប្រាស់​ដើម្បី​រំលោភ​សិទ្ធិ​ពលរដ្ឋ។​

«ការ​ភ័យខ្លាច​ដ៏​អាក្រក់​បំផុត​របស់​យើង​នៅក្នុង​ដំណើរការ​នៃ​សេចក្តី​ថ្លែង​ការណ៍​នេះ​ត្រូវ​បាន​អនុម័ត​ហើយ។​ បន្ថែម​លើ​ការ​មិន​ស្របតាម​បទដ្ឋាន​អន្តរជាតិ​ផង​នោះ​ សេចក្តី​ថ្លែង​ការណ៍​នេះ​មាន​កម្រិត​ទាប​ ហើយ​បង្កើត​ចន្លោះ​ប្រហោង​ថ្មីៗ​ទៀត​ផង​ និង​អាច​បកស្រាយ​តាម​លេស​សមរម្យ​ផង​ ដែល​ប្រទេស​សមាជិក​អាស៊ាន​អាច​ប្រើប្រាស់​ដើម្បី​រំលោភ​សិទ្ធិ​ពលរដ្ឋ​ពួកគេ»។​

សេចក្តី​ថ្លែង​ការណ៍​សិទ្ធិ​មនុស្ស​ត្រូវ​គេ​ចាត់​ទុក​ថា​ ពុំ​បាន​អនុញ្ញាត​ឲ្យ​ក្រុម​អង្គការ​ សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​បាន​ចូលរួម​ពិភាក្សា​ទូលំទូលាយ​ទេ​ ទោះបី​ជាមាន​ការ​ទទូច​ជាច្រើនខែ​ ច្រើនឆ្នាំ​ពីក្រុម​អង្គការ​ទាំង​នោះ​ មុន​ពេល​អនុម័ត​ក្តី។​

លោក ​ស៊ូរិន ពិត​សុវណ្ណ​ អគ្គលេខាធិការ​អាស៊ាន​ដែល​ត្រូវផុត​អាណត្តិ​ពេលនេះ ​បាន​អះអាង​ថា​ ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​មាន​ការ​ប្តេជ្ញាចិត្ត​ខ្ពស់​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ជាមួយ​នឹង​ការ​អនុម័ត​ និង​ចុះ​ហត្ថលេខា​នៅ​ថ្ងៃនេះ​លើ​សេចក្តី​ថ្លែង​ការណ៍​សិទ្ធិ​មនុស្ស​អាស៊ាន​នេះ។​

«សេចក្តី​ថ្លែង​ការណ៍​សិទ្ធិ​មនុស្ស​អាស៊ាន​នេះ​ពិត​ជា​អាច​ប្រើប្រាស់​ដើម្បី​ឃ្លាំមើល​ការ​អនុវត្ត​ ការការពារ​ ការលើក​កម្ពស់សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​អាស៊ាន»។​

ប្រទេស​អាស៊ាន​ត្រូវក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ចាត់​ទុក​ថា​ មានការ​រំលោភ​បំពាន​ សិទ្ធិ​មនុស្ស​ សិទ្ធិ​ពលរដ្ឋ​របស់​គេ​តាម​ទម្រង់​ដូចគ្នា​ផង និង​ផ្សេង​គ្នា​ផង។​ ក្រុមមន្ត្រី​សិទ្ធិ​មនុស្ស​ថ្លែង​ដូច្នេះ​ ដោយ​យោង​លើ​បញ្ហា​រំលោភ​បំពាន​ដីធ្លី​ ការ​បិទ​សិទ្ធិ​ធ្វើ​បាតុកម្ម​ សេរីភាព​បញ្ចេញ​មតិ​ សេរីភាព​សាសនា​ ការ​សម្លាប់​ក្រៅ​ច្បាប់​ ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​បំបិត​សិទ្ធិ​សេរីភាព​ក្រុម​ជំទាស់​ជាដើម៕​
XS
SM
MD
LG