ភ្នំពេញ៖ បុគ្គលិកអ្នកបកប្រែភាសាបរទេសនៅក្នុងសាលាក្តីខ្មែរក្រហម នៅថ្ងៃច័ន្ទនេះបានសម្រេចចូលធ្វើការងារនៅក្នុងសាលាក្តីវិញហើយ បន្ទាប់ពីបានធ្វើកូដកម្មមិនចូលបំពេញការងារអស់រយៈពេលជាងពីរសប្តាហ៍។
កាលពីថ្ងៃទី៤ខែមីនានេះបុគ្គលិកអ្នកបកប្រែភាសាបរទេសនៅក្នុងសាលាក្តីខ្មែរក្រហមចំនួនប្រមាណ៣០នាក់បានធ្វើពហិការមិនធ្វើការងារដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅក្នុងពេលបើកសវនាការក្នុងខណៈពេលដែលសាលាក្តីកំពុងដំណើរការលើសំណុំរឿង០០២។
នៅក្នុងលិខិតចំហររបស់ក្រុមអ្នកបកប្រែដែលវីអូអេសំឡេងសហរដ្ឋអាមេរិក ទទួលបាន ក្រុមអ្នកបកប្រែភាសាបានទាមទារឲ្យមានការដោះស្រាយប្រាក់ខែរបស់ ពួកគេជាបន្ទាន់។ ក្នុងលិខិតដដែលនោះក្រុមអ្នកបកប្រែភាសាបានលើកឡើងថា មានការចរចាអំពីស្ថានភាពប្រាក់ខែ ប៉ុន្តែមិនមានការសន្យាជាក់លាក់។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេទទួលរងការគំរាមដកហូតការងាររបស់ពួកគេទៀតផង។
ប្រភពពីក្រុមអ្នកបកប្រែដែលស្នើសុំមិនបញ្ចេញអត្តសញ្ញាណបានឲ្យដឹង ថា ភ្លាមៗក្រោយពីផ្ទុះការធ្វើពហិការ ក្រុមរដ្ឋបាលសាលាក្តីខ្មែរក្រហមបានគំរាមជ្រើសរើសបុគ្គលិកអ្នកបកប្រែពី ខាងភាគីអន្តរជាតិជំនួសវិញនិងបានគំរាមពីគ្រោះថ្នាក់បាត់បង់ ការងារធ្វើដល់ក្រុមអ្នកតវ៉ា។
លោកនេត្រ ភត្រ្តា មន្ត្រីអ្នកនាំពាក្យរបស់សាលាក្តីខ្មែរក្រហមបាននិយាយថាបុគ្គលិកអ្នកបកប្រែភាសាបរទេសទាំងនោះបានសម្រេចចូលធ្វើការវិញហើយក្រោយពីមានការសន្យាពីការិយាល័យរដ្ឋបាលរបស់សាលាក្តីថានិងបើកប្រាក់បៀវត្សរ៍សម្រាប់ខែធ្នូដល់ពួកគេ។
លោកបាននិយាយថាការសន្យាបើកប្រាក់បៀវត្សរ៍គឺធ្វើឡើងនៅក្នុងអំឡុងរយះពេលមួយសប្តាហ៍តែប៉ុណ្ណោះក៏ប៉ុន្តែលោកមិនទាន់បានដឹងពិតប្រាកដថានិងបើកនៅពេលណាទេ។
លោកមានប្រសាសន៍ថាប្រសិនបើការសន្យាបើកប្រាក់បៀវត្សរ៍រហូតដល់ថ្ងៃទី៣១មិនបានបើកពួកគេនឹងបន្តធ្វើកូដកម្មមិនចូលធ្វើការជាថ្មីម្តងទៀត។
«ពីពេលនេះរហូតដល់ចុងខែហ្នឹងកិច្ចសន្យារបស់ពួកគាត់មិនត្រូវបានពន្យាពេលទេនោះគឺពួកគាត់នឹងចាប់ផ្តើមធ្វើកូដកម្មឡើងវិញគឺនៅថ្ងៃទី១ខែមេសាឆ្នាំ២០១៣»។
សាលាក្តីខ្មែរក្រហមប្រើប្រាស់ភាសាផ្លូវការចំនួនបីគឺភាសាខ្មែរ អង់គ្លេសនិងបារាំង។
លោកឡាត់ គី អ្នកសម្របសម្រួលកម្មវិធីខ្មែរក្រហមរបស់សមាគមសិទ្ធិមនុស្សអាដហុកបាននិយាយថាការវិលត្រឡប់ចូលបំពេញការងារវិញរបស់បុគ្គលិកអ្នកបកប្រែអាចនឹងជួយឱ្យដំណើរការសាលាក្តីខ្មែរក្រហមបន្តនីតិវិធីរបស់ខ្លួននៅសប្តាហ៍ខាងមុខនេះ។
លោកបាននិយាយថាការអាក់ខានកន្លងមកអាចនឹងធ្វើឱ្យប៉ះពាល់ដល់ភាគីដើមបណ្តឹងរដ្ឋប្បវេណីដែលបានតាមដានសាលាក្តី។ គាត់ចង់បានយុត្តិធម៌តាមបទដ្ឋានអន្តរជាតិដែលជាសេចក្តីប្រថ្នាមួយយូរអង្វែងសម្រាប់ប៉ះប៉ូវនូវភាពរងគ្រោះរបស់ពួកគេ។
«ស្ថានភាពដែលមានការប្រែប្រួលចុងក្រោយនេះយើងឃើញថាជនរងគ្រោះជាដើមបណ្តឹងរដ្ឋប្ប
វេណីគាត់មានការពិបាកចិត្តយ៉ាងច្រើនទាក់ទឹននឹងបញ្ហានេះ»។
ការវិលចូលបម្រើការងាររបស់អ្នកបកប្រែភាសាបរទេសបានធ្វើឡើងបន្ទាប់ពីលោកអៀង សារីអតីតរដ្ឋមន្ត្រីក្រសួងការបរទេសនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យបានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
សពរបស់លោកអៀង សារីបានតម្កល់ទុករយៈពេលមួយសប្តាហ៍នៅស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យសម្រាប់ធ្វើបុណ្យតាមប្រពៃណី៕