លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងលោក សម រង្ស៊ី បង្ហាញការយល់ឃើញខុសគ្នាអំពីការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ដោយលោក ហ៊ុន សែន អះអាងថាកម្ពុជារងគ្រោះដោយសារការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន ខណៈលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងនិរទេសខ្លួននៅក្រៅប្រទេសបានចោទរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ថា«ចូលដៃ»ជាមួយចិន។
លោក ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងសារលិខិតអបអរទិវាសន្តិភាពអន្តរជាតិ២១ ខែកញ្ញា ឆ្នាំ២០២១ ដែលសារ៤ទំព័រនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ។
លោក ហ៊ុន សែន បានអះអាងថាការប្រកួតប្រជែងរវាងមហាអំណាចដើម្បីការពារផលប្រយោជន៍និងរក្សាឥទ្ធិពល ទាំងនយោបាយ យោធា និងសេដ្ឋកិច្ចរបស់ខ្លួន «បាននិងកំពុងគំរាមកំហែងដល់សុខសន្តិភាព និងស្ថិរភាពទាំងនៅក្នុងតំបន់ និងអន្តរជាតិ»។
លោកបន្ថែមថាប្រទេសកម្ពុជាមិនអាចគេចផុតពីការទទួលរងឥទ្ធិពលនៃជម្លោះភូមិសាស្រ្តនយោបាយរវាងមហាអំណាចទាំងនោះទេ។ ទោះជាយ៉ាងណា លោក ហ៊ុន សែន មិនបានបញ្ចេញឈ្មោះប្រទេសមហាអំណាចដែលលោកលើកឡើងឡើយ។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ប្រទេសមហាអំណាចខ្លះ និងសម្ព័ន្ធមិត្តនៅបន្តប្រើប្រាស់គ្រប់ល្បិចកល គំរាមកំហែង ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា តាមរយៈការអនុវត្តស្តង់ដាពីរអំពីការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស»។
បើតាមលោក ហ៊ុន សែន ប្រទេសកម្ពុជាបានឆ្លងកាត់បទពិសោធន៍ ដែលមហាអំណាចខ្លះ និងសម្ព័ន្ធមិត្តទាំងអស់នោះ បានបង្ខំមកលើកម្ពុជា។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «យើងក៏មិនបានឲ្យប្រទេសទាំងអស់នោះសងបំណុលសីលធម៌ដែលពួកគេជំពាក់ចំពោះប្រជាជនកម្ពុជាទេ តែយើងគ្រាន់តែប្រើប្រាស់សិទ្ធិអធិបតេយ្យរបស់ខ្លួន ជាម្ចាស់ទឹក ម្ចាស់ដី ការពារការរស់រានមានជីវិតឡើងវិញរបស់ប្រជាជនកម្ពុជា ការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិតែប៉ុណ្ណោះ»។
លោកនាយករដ្ឋមន្រ្តីបន្ថែមថាកម្ពុជាបាន«ប្រកាន់យកយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយអព្យាក្រឹតមិនចូលបក្សសម្ព័ន្ធ សន្តិសហវិជ្ជមាន មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា និងការគោពគ្នា និងមានផលប្រយោជន៍ទៅវិញទៅមកជាមួយបណ្តាប្រទេសទាំងអស់នៅក្នុងពិភពលោក»។
លោក សុខ ឥសាន អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជាមិនអាចបញ្ជាក់បន្ថែមលើសាររបស់នាយករដ្ឋមន្រ្តី ដែលមិនបានបង្ហាញឈ្មោះប្រទេសមហាអំណាច ដែលលោកចោទថាបានលូកដៃក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
លោកប្រាប់វីអូអេនៅថ្ងៃអង្គារថា៖ «សម្តេចលោកសរសេរ លោកអត់មានបញ្ចេញឈ្មោះ យើងទៅថាជំនួសគាត់ម៉េចកើត។ អាហ្នឹងវាគ្រាន់តែដឹងថាកម្ពុជាវាជាភូមិសាស្រ្តនយោបាយដែលមានការប្រកួតប្រជែងរវាងមហាអំណាចនៅលើពិភពលោកដែលប្រជែងគ្នា»។
ការលើកឡើងរបស់រដ្ឋាភិបាលកម្ពុជាអំពីការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ជាទូទៅត្រូវបានមើលឃើញថាសំដៅទៅសហរដ្ឋអាមេរិក។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា លោក Chad Roedemeier ប្រាប់វីអូអេតាមសារអ៊ីមែលនៅថ្ងៃអង្គារថាទិវាសន្តិភាពអន្តរជាតិ គឺជាឱកាសដែលមានអត្ថន័យមួយ ដើម្បីឆ្លុះបញ្ចាំងទៅលើកេរដំណែលយូរអង្វែងនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលចុះហត្ថលេខាកាលពី៣០ឆ្នាំមុន ក្នុងការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។ លោកបន្ថែមថាសហរដ្ឋអាមេរិកនៅតែប្តេជ្ញាសម្រាប់ប្រជាជនកម្ពុជា និងការចង់បានរបស់ពួកគេសម្រាប់សន្តិភាព វិបុលសុខ និងប្រជាធិបតេយ្យ។
ក្នុងការថ្លែងទៅកាន់អ្នកគាំទ្រនៅទីក្រុង Montreal (ម៉ុងរ៉េអាល់) ប្រទេសកាណាដា កាលពីថ្ងៃទី២០ ខែកញ្ញា លោក សម រង្ស៊ី បានអះអាងថាការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ នឹងជួយឲ្យមានការស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលលោកបានចោទរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ថា«ចូលដៃ»ជាមួយចិន ហើយដូច្នេះប្រទេសផ្សេងៗត្រូវផ្តោតលើកម្ពុជា ដើម្បីធានាថាកម្ពុជាមិនចូលដៃជាមួយប្រទេសចិន។ លោកបន្ថែមថាលោក ហ៊ុន សែន ត្រូវការបរទេសមកជួយការពារអំណាចរបស់លោក ដោយលោកប្រៀបធៀបដូចនឹងរបបប៉ុល ពត ត្រូវការប្រទេសចិន ហើយប្រទេសនោះមិនខ្វល់ខ្វាយពីការកាប់សម្លាប់ក្នុងប្រទេសកម្ពុជាកាលសម័យនោះទេ។
លោកថ្លែងថា៖ «ប្រទេសកម្ពុជាដឹកនាំដោយហ៊ុន សែន ទៅចូលដៃជាមួយចិន ពីព្រោះហ៊ុន សែន អត់មានជម្រើសក្រៅពីឲ្យចិនហៅទៅមកការពារអំណាចរបស់គាត់ ដោយសារគាត់ជាជនផ្តាច់ការ»។
លោកបន្ថែមថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មានទាក់ទងនឹងសន្តិសុខក្នុងតំបន់ ដែលប្រទេសមហាអំណាចកំពុងយកចិត្តទុកដាក់ ក្នុងបរិបទនៃការផ្តោតរបស់អាមេរិកមកក្នុងតំបន់ក្បែរប្រទេសកម្ពុជា។
លោក សម រង្ស៊ី បញ្ជាក់ថា៖ «ហើយសហរដ្ឋអាមេរិកនៅពីក្រោយ អ្នកដែលភ័យខ្លាចចំពោះចិន ហើយអ្នកដែលមានបំណងរៀបចំកម្លាំងទប់ទល់នឹងការឈ្លានពានរបស់ចិន អញ្ចឹងប្រទេសទាំងអស់គេមានផលប្រយោជន៍ ដកហ៊ុន សែន ចេញ ពីព្រោះ ហ៊ុន សែន ចូលដៃជាមួយចិន។ ចូលដៃជាមួយចិន គ្រោះថ្នាក់សម្រាប់គេ»។
លោកបន្ថែមថាចិនក៏ត្រូវការកម្ពុជា ដើម្បីយកកម្ពុជា«ធ្វើជាឈ្នាន់នៃនយោបាយវាតទីនិយមរបស់ចិន»។
វីអូអេមិនទាន់អាចសុំការឆ្លើយតបពីស្ថានទូតចិនប្រចាំនៅកម្ពុជាបាននៅឡើយទេ។
លោក សុខ ឥសាន អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា បានថ្លែងថាចិនមិនចាំបាច់ពឹងកម្ពុជាទេ ព្រោះចិនជាប្រទេសមហាអំណាច ដែលមានប្រជាជនច្រើន។ លោកបញ្ជាក់ថាការថ្លែងរបស់មេដឹកនាំបក្សប្រឆាំង ផ្ទុយពីការពិតជាក់ស្តែង។
លោក សុខ ឥសាន ក៏ច្រានចោលថាកម្ពុជាមិនបានចូលដៃជាមួយប្រទេសណានោះទេ។
លោកប្រាប់វីអូអេថា៖ «កម្ពុជាមិនដែលចូលដៃជាមួយអ្នកណាទេ តែវាមានសហការគ្នាល្អ ដែលគោរពគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍ទៅវិញទៅមក។ អាហ្នឹងមាន អាហ្នឹងជាការអនុវត្តនយោបាយការបរទេសរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ»។
កាលពីថ្ងៃចន្ទ មេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ក៏បានថ្លែងថាកម្ពុជាមិនមានសន្តិភាពនោះទេ ដោយសារប្រជាពលរដ្ឋមិនមានសេរីភាព និងយុត្តិធម៌ ហើយមានការចាប់ប្រជាពលរដ្ឋដាក់ពន្ធនាគារ ពលរដ្ឋមិនមានការងារធ្វើ និងបង្ខំចិត្តចំណាកស្រុកជាដើម។ មេដឹកនាំបក្សប្រឆាំងរូបនេះ ចាត់ទុកសន្តិភាពនៅកម្ពុជាជា«សន្តិភាពក្នុងក្តីអស់សង្ឃឹម និងភាពវេទនា»៕