ចាប់តាំងពីដើមខែមិថុនាមក មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកនិងបណ្ដាប្រទេសជាសម្ព័ន្ធមិត្តបានរៀបចំដំណើរទស្សនកិច្ចដោយផ្ទាល់ និងជំនួបទេ្វភាគីតាមប្រព័ន្ធទូរគមនាគមន៍ជាបន្តបន្ទាប់ជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
បណ្ដាអ្នកតាមដានបានសាកល្បងវាយតម្លៃថាការទាក់ទងកម្រិតខ្ពស់ដោយផ្ទាល់ជាញឹកញាប់នេះទោះរាល់ការទាក់ទងនីមួយៗត្រូវបានបង្ហាញនូវរបៀបវារៈផ្សេងៗគ្នា តែបានបង្ហាញនូវយុទ្ធសាស្ត្រជាសណ្ឋានមួយនិងមានការរៀបចំច្បាស់លាស់ពីលោកខាងលិច។
អ្នកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានមកបំពេញទស្សនកិច្ចនៅភ្នំពេញកាលពីថ្ងៃទី១ខែមិថុនា ទីដែលអ្នកស្រីបានជជែកជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រឿងឥទ្ធិពលចិននៅកម្ពុជានិងការធ្លាក់ចុះការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យកម្ពុជា។
ចំណែកលោក Dominic Raab រដ្ឋមន្ត្រីការបរទេសអង់គ្លេសបានធ្វើទស្សនកិច្ចនៅរាជធានីភ្នំពេញកាលពីថ្ងៃទី២៣ ខែមិថុនាហើយបានផ្ដោតលើទំនាក់ទំនងរវាងអាស៊ាននិងអង់គ្លេសដែលទើបដើរចេញពីសហភាពអឺរ៉ុបហើយក៏និយាយរឿងបរិស្ថាននិងការប្រែប្រួលអាកាសធាតុផងដែរ។
លោករដ្ឋមន្ត្រីការពារជាតិជប៉ុន Nubuo Kishi បានជជែកតាមប្រព័ន្ធវីដេអូទូរគមនាគមន៍ជាមួយសមភាគីកម្ពុជាគឺលោក ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិកម្ពុជាអំពីបញ្ហាសន្ដិសុខក្នុងតំបន់ ជាពិសេសជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូងនិងសមុទ្រចិនខាងកើតដែលមានពាក់ព័ន្ធនឹងចិនផងដែរ។
អ្នកស្រី Marise Payne រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ក៏បានជួបលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាតាមប្រព័ន្ធវីដេអូទូរគមនាគមន៍កាលពីថ្ងៃទី៧ ខែកក្កដាហើយបានជជែកអំពីទំនាក់ទំនងអាស៊ាន-អូស្ត្រាលី និងក៏ដូចជាវិបត្តិក្រោយរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ាផងដែរ។
លោក ឯម សុវណ្ណារ៉ា អ្នកតាមដាននយោបាយកម្ពុជាបានលើកឡើងថាជំនួបផ្ទួនៗរវាងមន្ត្រីកម្ពុជានិងមន្ត្រីសម្ព័ន្ធមិត្តបស្ចិមលោក «មិនមែនជាការចៃដន្យ»នោះទេ។ អ្នកវិភាគរូបនេះបន្ថែមថានេះជាការព្យាយាមរបស់លោកខាងលិចក្នុងការតម្រែតម្រង់ទុកពីចម្ងាយត្រៀមសម្រាប់ការគូសវាសរបៀបវារៈនិងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំ២០២២។
លោកបញ្ជាក់ថា៖ «ការមកជជែកជាមួយកម្ពុជានៅក្នុងក្របខណ្ឌមួយ ដើម្បីឱ្យកម្ពុជារក្សាជំហរធ្វើដូចម្ដេចឱ្យបានលក្ខណៈអព្យាក្រឹតប្រសើរជាងទុកកម្ពុជាឱ្យជជែក ឬក៏ហៅថាងាកបោះដៃទៅចិន ដូចកាលពីកម្ពុជាធ្វើជាប្រធានអាស៊ានលើកទីពីរកាលពីឆ្នាំ២០១២នោះ វាជាការយឺតពេល។ ដូច្នេះជាយន្តការមួយដែលលោកខាងលិច នាំសម្ព័ន្ធមិត្តរៀបយុទ្ធសាស្ត្រមកជួបកម្ពុជាដើម្បីកម្ពុជារក្សាគោលនយោបាយការបរទេសរបស់ខ្លួនអាចទទួលយកបានពីលោកខាងលិច»។
លោក ឯម សុវណ្ណារ៉ា ឲ្យដឹងទៀតថានេះជាផ្នែកមួយនៃការអនុវត្ត«យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហ»របស់សហរដ្ឋអាមេរិកក្រោមអាណត្តិរបស់ប្រធានាធិបតី Joe Biden បបួលសម្ព័ន្ធមិត្តទប់ទល់នឹងចិនរបបកុម្មុយនីស្តនិងរបបផ្ដាច់ការ។
នយោបាយការបរទេសរបស់កម្ពុជា ក៏ត្រូវបានអនុរដ្ឋមន្រ្តីការបរទេសដែលមកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញក៏បានគូសបញ្ជាក់នៅចំពោះមុខលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយជំរុញឲ្យការដឹកនាំរបស់កម្ពុជា«ត្រូវរក្សានូវគោលនយោបាយការបរទេសដែលមានតុល្យភាពនិងឯករាជ្យមួយដើម្បីជាប្រយោជន៍ដ៏ល្អបំផុតសម្រាប់ប្រជាជនកម្ពុជា»។
លោក Derek Grossman អ្នកវិភាគជំនាញការពារជាតិនៅ «សាជីវកម្ម RAND» ដែលជាគ្រឹះស្ថានស្រាវជ្រាវមានមូលដ្ឋាននៅរដ្ឋ California សហរដ្ឋអាមេរិកបានលើកឡើងថា កម្ពុជាបានបិទទ្វារក្នុងការកែលម្អទំនាក់ទំនងផ្នែកសន្ដិសុខជាមួយសហរដ្ឋអាមេរិក។
ក្នុងបទសម្ភាសនន៍តាមទូរស័ព្ទជាមួយវីអូអេ អ្នកជំនាញរូបនេះមិនសង្ឃឹមច្រើនទេថាទំនាក់ទំនងទាំងផ្នែកយោធា និងទំនាក់ទំនងទ្វេភាគីជាទូទៅកម្ពុជា-សហរដ្ឋអាមេរិកនឹងល្អប្រសើរ។
អ្នកវិភាគរូបនេះបញ្ជាក់ថា៖ «ក្នុងរដ្ឋសម័យនៃរដ្ឋការលោក Joe Biden ខ្ញុំយល់ថាទំនាក់ទំនងជាមួយប្រទេសកម្ពុជា បើមិនស្ថិតក្នុងស្ថានភាពបច្ចុប្បន្នទេ ក៏នឹងកាន់តែធ្លាក់អាក្រក់ជាងនេះទៅទៀត»។
លោក Grossman បន្ថែមថាការភ្ជាប់ការសន្ទនាជាមួយកម្ពុជាជាញឹកញាប់នៅពេលថ្មីៗនេះ បើមិនបណ្ដាលមកពីការចង់ស្វែងយល់គម្រោងដឹកនាំជាប្រធានអាស៊ាននៅឆ្នាំក្រោយរបស់កម្ពុជាទេក៏អាចជាការទប់ទល់ឥទ្ធិពលចិននៅកម្ពុជាផងនិងព្យាយាមដោះស្រាយវិបត្តិរដ្ឋប្រហារនៅមីយ៉ាន់ម៉ាផង។
កម្ពុជាធ្លាប់រងការរិះគន់អំឡុងធ្វើប្រធានអាស៊ាននៅឆ្នាំ២០១២ដែលការដឹកនាំរបស់ភ្នំពេញនាពេលនោះនាំឱ្យកើតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលអាស៊ានមិនអាចចេញសេចក្ដីថ្លែងការណ៍រួមបាននាគ្រានោះលើបញ្ហាសមុទ្រចិនខាងត្បូងដែលប៉ះពាល់ប្រទេសចិន។
ក្រៅតែពីដំណើរទស្សនកិច្ចរបស់អ្នកស្រី Wendy Sherman ដែលអ្នកស្រីបានលើកអំពីបញ្ហាសិទ្ធិមនុស្សជាមួយលោកហ៊ុន សែន ហើយឆ្លៀតជួបជាមួយលោកកឹម សុខា មេដឹកនាំបក្សជំទាស់ដែលកំពុងរងបណ្ដឹង«ក្បត់ជាតិ»គេមិនបានឃើញមានការបង្ហាញជាសាធារណៈណាមួយអំពីជំនួបដទៃទៀតធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់អង់គ្លេសអូស្ត្រាលី និងជប៉ុន ថាបានលើកដែរឬទេ អំពីបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដែលអ្នកឃ្លាំមើលថាកំពុងធ្លាក់ចុះ។
លោក Phil Robertson នាយករងផ្នែកតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិHuman Rights Watch បានលើកឡើងថា ទោះបីមិនមានការបង្ហាញជាសាធារណៈពីជប៉ុនអូស្រ្តាលី និងអង់គ្លេស ក៏កម្ពុជាអាចនឹងរងសម្ពាធខ្លាំងនៅពេលខាងមុខរឿងសិទ្ធិមនុស្ស។
អ្នកតស៊ូមតិអន្តរជាតិរូបនេះបានប្រាប់វីអូអេតាមទូរស័ព្ទថា៖ «ចំពោះមតិដែលថាមានមនុស្សសំខាន់ៗពីរបីនាក់ទៅទស្សនកិច្ចនៅកម្ពុជានឹងនាំឱ្យសំណុំរឿងសិទ្ធិមនុស្សធ្លាក់ចេញពីតុចរចានោះ ខ្ញុំយល់ថាយើងមិនអាចទាញសេចក្ដីសន្និដ្ឋានបែបនោះឡើយ។ ខ្ញុំយល់ថាវាហាក់ដូចជាជ្រុល។ ខ្ញុំយល់ថាកម្ពុជានឹងបន្តពើបប្រទះនឹងសម្ពាធបន្ថែមទៀតលើបញ្ហាសិទ្ធិមនុស្ស»។
លោក Phil Robertson បានបន្ថែមថា សហរដ្ឋអាមេរិក ជប៉ុនអូស្ត្រាលី និងអង់គ្លេស ត្រូវរួមគ្នាបន្ថែមទៀតក្នុងការប្រាស្រ័យទាក់ទងជាមួយកម្ពុជាដោយគិតគូរពីបញ្ហាសិទ្ធិមនុស្សជាពិសេសអំឡុងពេលដែលឆ្នាំបោះឆ្នោតនាពេលខាងមុខកំពុងរំកិលមកដល់។ លោកថាការរួមគ្នាបោះដៃរកសម្ព័ន្ធមិត្តដោយរដ្ឋការរបស់លោកJoe Biden នឹងបង្កើនសម្ពាធផ្នែកលទ្ធិប្រជាធិបតេយ្យ។
លោក Phil Robertson ថ្លែងថា៖ «ខ្ញុំគិតថាវានឹងងាយស្រួលជាងមុនក្នុងការធ្វើវា។ រដ្ឋការ Bidenដឹងថាកម្ពុជានៅទីណា ... ហើយយើងកំពុងតែឃើញសហរដ្ឋអាមេរិកមួយដែលត្រឡប់ទៅរកការដឹកនាំរដ្ឋតាមក្បួនប្រកបដោយវិជ្ជាជីវៈជាងមុននិងមានការផ្សារភ្ជាប់ជាងមុន»។
លោក Derek Grossman អ្នកវិភាគជំនាញការពារជាតិនៅសហរដ្ឋអាមេរិកនិយាយថា ការណ៍នេះជាបញ្ហាប្រឈមរារាំងដល់ការភ្ជាប់ទំនាក់ទំនងប្រសើររវាងសហរដ្ឋអាមេរិកជាមួយកម្ពុជានាពេលខាងមុខ។
លោកថ្លែងថា៖ «ខ្ញុំពិតជាគិតថារដ្ឋការលោក Joe Biden មុខជានឹងផ្ដល់អាទិភាពដល់គុណតម្លៃរួមជាជាងផលប្រយោជន៍រួម[លើបញ្ហានយោបាយការបរទេស] ហើយការណ៍នេះនាំមកនូវភាពស្មុគស្មាញ... ព្រោះ[របបដឹកនាំ]កម្ពុជានិងសហរដ្ឋអាមេរិកមិនមានតម្លៃរួមគ្នាលើចំណុចណាឡើយ»។
ចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាបក្សជំទាស់រដ្ឋាភិបាលធំជាងគេនៅឆ្នាំ២០១៧មកកម្ពុជារងការរិះគន់ផ្ទួនៗថាបានបង្ក្រាបសំឡេងជំទាស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងរឹតត្បិតលម្ហអនុវត្តការងារសម្រាប់សង្គមស៊ីវិលនិងសកម្មជនបរិស្ថាន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាដែលបានក្ដាប់អំណាចជាមួយនឹងឥទ្ធិពលធំធេងលើគ្រប់ស្ថាប័នរដ្ឋទាំងថ្នាក់ជាតិទាំងថ្នាក់ក្រោមជាតិមិនបានលាក់លៀមអំពីការពេញចិត្តប្រទេសចិនចំពោះជំនួយឥតដាច់ និងការទំនុកបម្រុងកម្ពុជានោះទេ។
ក្នុងវេទិកាអន្តរជាតិមួយកាលពីថ្ងៃចន្ទលោក ហ៊ុន សែន បានអរគុណប្រទេសចិនដែលបានផ្ដល់ជំនួយមកកម្ពុជាដែលលោកថា នាំឱ្យប្រទេសរបស់លោកសម្រេចបាននូវ«ឯករាជ្យភាពផ្នែកនយោបាយ»ចាកឆ្ងាយពីការបង្គាប់បញ្ជាដែលលោកហាក់ចង់សំដៅដល់ការរិះគន់របស់ប្រទេសបស្ចិមលោក។
ចិនជាប្រភពវិនិយោគនិងជំនួយធំជាងគេនៅកម្ពុជា។ ការវិនិយោគនិងជំនួយយោធារបស់ចិននៅតំបន់ឆ្នេរប្រទេសកម្ពុជា នាំឱ្យបណ្ដាប្រទេសបស្ចិមលោកបារម្ភថាកំណើនសកម្មភាពចិននៅទីនោះអាចនឹងបើកផ្លូវឱ្យមានវត្តមានយោធាចិននៅទីនោះ។ នេះជាការលើកឡើងដែលរងការបដិសេធជាច្រើនលើកច្រើនសាពីសំណាក់កម្ពុជា និងយូរៗម្ដងពីសំណាក់ចិន។
វីអូអេមិនទាន់អាចទាក់ទងលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបាននៅឡើយគិតត្រឹមរសៀលថ្ងៃសុក្រនេះ។
ទាំងអ្នកវិភាគនិងមន្ត្រីរដ្ឋាភិបាលកម្ពុជាសុទ្ធតែបានគូសបញ្ជាក់ ទាញភ្ជាប់ការសន្ទនាជាញឹកញយមិនធ្លាប់មាននេះជាមួយព្រឹត្តិការណ៍នៃជំនួបកំពូលប្រទេសទាំង៧ (G7) រួមមានបារាំង អង់គ្លេស អាមេរិក កាណាដាជប៉ុន អ៊ីតាលី និងអាល្លឺម៉ង់ កាលពីខែមិថុនាកន្លងទៅ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ថាការធ្វើទស្សនកិច្ចនិងសន្ទនាញឹកញាប់រវាងមន្ត្រីជាន់ខ្ពស់បណ្ដាប្រទេសបស្ចិមលោក ជាមួយកម្ពុជា បណ្ដាលមកពីការដើរតួនាទីថ្នាក់តំបន់ ជាប្រធានអាស៊ាននៅពេលខាងមុខនិងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប(ASEM)។
មន្ត្រីនាំពាក្យរដ្ឋាភិបាលកម្ពុជារូបនេះបានប្រាប់វីអូអេតាមខ្សែទូរស័ព្ទថា៖ «ប្រទេសបស្ចិមប្រទេសក្នុងជំនួប G7 បានប្រកាសពីការធ្វើរណសិរ្សដើម្បីប្រឆាំងជាមួយនឹងចិនផ្នែកសេដ្ឋកិច្ច និងផ្នែកឥទ្ធិពលដទៃទៀត។ ដូច្នេះហើយបានជាយើងឃើញបស្ចិមប្រទេសដែលជាសម្ព័ន្ធមិត្តបានស្រ៊ូសស្រមកជួបជាមួយកម្ពុជាដើម្បីរៀបចំផែនការឬស្នើនូវអ្វីៗដែលកម្ពុជានឹងក្លាយជាប្រធានប្ដូរវេននេះឯង។ នេះមិនមែនជារឿងការអាក្រក់នោះទេ តែជាការឱ្យតម្លៃមួយមកឱ្យកម្ពុជា ដែលកម្ពុជាធ្វើប្រធានប្ដូរវេនអាស៊ាននេះឯង»។
តបនឹងសំណើរបស់អនុរដ្ឋមន្ត្រីការបរទេសអាមេរិកអ្នកស្រី Wendy Sherman ឱ្យរដ្ឋាភិបាលកម្ពុជារក្សាតុល្យភាពនយោបាយការបរទេសលោក ផៃ ស៊ីផាន បញ្ជាក់ថាកម្ពុជាបានអនុវត្តជាយូរមកហើយនូវអព្យាក្រឹតភាពហើយក៏នៅរក្សាការតាំងចិត្តជាមួយលទ្ធិប្រជាធិបតេយ្យដែរ៕