ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ទ្វីប​អាស៊ី​អបអរសាទរ​ការ​ជាប់​ឆ្នោត​អាណត្តិ​ទី​២​របស់​លោក​អូបាម៉ា


ចិន មាន​ច្ឆន្ទៈធ្វើ​ការ​ជាមួយ​សហរដ្ឋ​អាមេរិក​ មើល​អនាគត​ហើយ​នឹង​បន្ត​ជំរុញ​ឲ្យ​ជឿនលឿន​ដល់​កិច្ច​សហប្រតិបត្តិ​ការដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ប្រទេសទាំង​ពីរ​និង​ពិភពលោក​ឲ្យ​ប្រសើរឡើង។
ចិន មាន​ច្ឆន្ទៈធ្វើ​ការ​ជាមួយ​សហរដ្ឋ​អាមេរិក​ មើល​អនាគត​ហើយ​នឹង​បន្ត​ជំរុញ​ឲ្យ​ជឿនលឿន​ដល់​កិច្ច​សហប្រតិបត្តិ​ការដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ប្រទេសទាំង​ពីរ​និង​ពិភពលោក​ឲ្យ​ប្រសើរឡើង។
William Ide
សរសេរ​សម្រួល​ដោយ​ជឹង ប៉ូជីន
ប៉េកាំង៖ ប្រទេស​នានា​ទូទាំង​ទ្វីប​អាស៊ី​កំពុង​អបអរសាទរ​លោក​បារ៉ាក់​ អូបាម៉ា​ ដែល​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតីម្តង​ទៀត ហើយបាន​ឆ្លើយ​តប​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោតដោយ​បង្ហាញ​ការ​ប្រាថ្នា​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ចំណង​ទាក់​ទង​ឲ្យ​បាន​ប្រសើរ​ឡើង​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន។ ប៉ុន្តែ ​លោក William Ide ​អ្នកឆ្លើយ​ឆ្លង​ព័ត៌មាន​របស់​វីអូអេ​រាយការណ៍​ពីទីក្រុង​ប៉េកាំងថា មាន​ទំនាក់​ទំនង​មួយ​ក្នុង​តំបន់​ដែល​ប្រទេស​ជាច្រើន​មាន​អារម្មណ៍​ថា​ជា​គន្លឹះ​សម្រាប់​លោក​អូបាម៉ា​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ក្នុង​ការ​កាន់ណាច​របស់​លោកក្នុង​អាណត្តិ​ទី២​ហើយ​នេះ​ជា​ចំណង​ទាក់​ទង​របស់​រដ្ឋាភិបាលទីក្រុង​វ៉ាស៊ីនតោន​ជាមួយ​ចិន។
វា​ជា​ការ​ឆ្លើយ​តប​ជាផ្លូវ​ការយ៉ាង​ច្បាស់និង​ជា​លើក​ដំបូង​របស់​ចិន​ដល់​លទ្ធផល​ដែល​ខ្លួន​ចង់​ឲ្យចំណង​ទាក់​ទង​រវាង​ប្រទេសទាំង​២​កាន់​តែ​ប្រសើ​រឡើង​ហើយ​ខ្លួន​ដឹង​អំពី​វិសាលភាព​នៃ​ផល​ប៉ះពាល់​ដែល​កើត​ចេញ​ពី​ទំនាក់​ទំនង​នេះ។

លោក ហុង ឡេ (Hong Lei) អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន។
លោក ហុង និយាយ​ថា​ចិន មាន​ច្ឆន្ទៈធ្វើ​ការ​ជាមួយ​សហរដ្ឋ​អាមេរិក​ មើល​អនាគត​ហើយ​នឹង​បន្ត​ជំរុញ​ឲ្យ​ជឿនលឿន​ដល់​កិច្ច​សហប្រតិបត្តិ​ការដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ប្រទេសទាំង​ពីរ​និង​ពិភពលោក​ឲ្យ​ប្រសើរឡើង។

នៅ​ពេល​ដែល​ឥទ្ធិពល​ចិន​ក្នុង​ទ្វីប​អាស៊ី​កំពុង​កើន​ឡើង ប្រទេស​នេះ​កាន់​តែ​ពង្រឹង​ការ​ទាម​ទារ​ទឹក​ដី​របស់​ខ្លួន។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មាន​ជម្លោះជាមួយ​ប្រទេស​ជិតខាង​របស់​ខ្លួន​និង​សហរដ្ឋ​អាមេរិក។

នៅ​ពេល​ជា​មួយ​គ្នា​នោះ​ដែរ​ សហរដ្ឋ​អាមេរិក​បាន​ចាប់​ផ្តើម​នយោបាយថ្មី​មួយ​នៅ​ក្នុង​ទ្វីប​អាស៊ីនៅ​ដើម​ឆ្នាំ​នេះ​ដែល​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ឡើង​វិញ​លើ​ទ្វីប​អាស៊ី​ដែល​ហៅ​ថា​ការសំខាន់​ផ្តោត​លើអាស៊ី។ ការ​ផ្លាស់​ប្តូរ​នេះ​ត្រូវ​បាន​ស្វាគមន៍ដោយ​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់។

លោក ធិទីណាន ពង់សុធីរ៉ាក់ (Thitinan Pongsudhirak) ជា​នាយក​នៃ​វិទ្យាស្ថាន​ការសិក្សា​សន្តិសុខ​និង​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​ ជូឡាឡុងកន (Chulalongkorn) ប្រទេស​ថៃ។
«រដ្ឋបាល​របស់​ប្រធានាធិបតី​អូបាម៉ា​បាន​ចាត់​ទុក​អាស៊ីអាគ្នេយ៍​ជា​តំបន់​មួយ​មិន​គ្រាន់​តែ​ជាប្រព័ន្ធ​សុំចត​ដែល​មាន​នៅ​ក្នុង​នយោ​បាយការបរទេស​របស់​សហរដ្ឋ​អាមេ​រិក​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ វា​ជាតំបន់​មួយ​ជឿនលឿន។ លើស​ពីនេះ​តំបន់​នេះ​ក៏​ធ្វើ​ឲ្យ​មាន​តុល្យភាព​ជាមួយ​ចិន​ដែរ»។
ជប៉ុន​ដែល​បាន​ឃើញ​ថា​ខ្លួន​កំពុង​តែ​មាន​ការ​ច្របូក​ច្របល់​ក្នុង​ជម្លោះជាមួយ​ចិន​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​លើ​ប្រជុំ​កោះក្នុង​សមុទ្រ​ចិន​ខាង​កើត​ ក៏​បាន​ស្វាគមន៍​ការ​ជាប់​ឆ្នោត​ម្តង​ទៀត​របស់លោក​ប្រធានាធិបតី និង​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​លោក​ដែល​ផ្តោត​កាន់​តែ​ខ្លាំង​ឡើង​លើ​ទ្វីប​អាស៊ី។

លោក អូសាមុ ហ៊្វុជិមូរ៉ា (Osamu Fujimura) នាយ​ខុទ្ទកាល័យ​ជប៉ុន។
លោក ហ៊្វុជិមូរ៉ា មានប្រសាសន៍​ថា​ដោយសា​តែ​បរិយាកាស​សន្តិសុខ​ក្នុង​តំបន់​អាស៊ី​ខាង​កើត​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ សារៈសំខាន់​នៃ​សម្ព័ន្ធភាព​រវាងជប៉ុន​និង​សហរដ្ឋ​អាមេរិក​កំពុង​កើន​ឡើង។ លោក មាន​ប្រសាសន៍​បន្ត​ទៀត​ថា ជប៉ុន​សង្ឃឹម​ថា ប្រធានាធិបតី​ អូបាម៉ា​នឹង​បន្ត​អភិវឌ្ឍ​សម្ព័ន្ធភាព​នេះ។

កូរ៉េ​ខាង​ត្បូង​ក៏​បាន​ស្វាគមន៍​ការ​ជាប់​ឆ្នោត​ម្តង​ទៀត​របស់​លោកអូបាម៉ា​ដែរ។ អ្នក​នាំ​ពាក្យ​និយាយ​ថា​ប្រធានាធិបតី​ លី ម្យុងបាក (Lee Myung-bak) បាន​ផ្ញើ​លិខិត​អបអរសាទរ​ដែល​បាន​សរសើរ​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ថា​មាន​ភាព​កាន់​តែ​ជិត​ស្និទ្ធ​ឡើង​នៅ​ក្រោម​ការដឹក​នាំ​របស់​លោក​អូបាម៉ា។

នៅ​ប្រទេស​ភូមា ជាទីកន្លែង​ដែលសហរដ្ឋ​អាមេរិក​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ចំណងទាក់​ទង​ខាង​ពាណិជ្ជកម្ម និង​នយោបាយបន្ទាប់​ពី​កំណែ​ទម្រង់​ខាងនយោបាយ​របស់​ប្រទេស​នោះ អាជ្ញាធរ​និយាយ​ថា ជ័យ​ជម្នះ​របស់​លោក​អូបាម៉ា​ នាំ​ឲ្យ​គេ​មាន​លទ្ធភាព​បង្កើត​ទំនាក់​ទំនង​ដែល​មាន​ស្រាប់​ជា​ជាង​ចាប់​ផ្តើមថ្មី​ជាមួយ​រដ្ឋបាល​ថ្មីនៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ មីត្ត រ៉មនី។

លោក​ សាវ តាយ (Zaw Htay) ជា​នាយ​ការិយាល័យប្រធានាធិបតី​ ថេន សេន (Thein Shein) នៃ​ប្រទេស​ភូមា។

លោក​និយាយ​ថា​លោក​ជឿ​ជាក់​ថាទំនាក់​ទំនង​របស់​ប្រទេសទាំង​ពីរ​អាច​រឹង​មាំ​ជាង​មុន។ លោក​និយាយ​ទៀត​ថា​ គោលនយោបាយ​ការបរទេសរបស់​លោក​អូ​បាម៉ា​ស្តីពី​ប្រទេស​ភូមា​ត្រូវ​បានគាំទ្រ​ដោយ​សភា​តំណាង​រាស្រ្ត​និង​ព្រឹទ្ធ​សភា។

នៅ​តាម​ផ្លូវ​ក្នុង​ទីក្រុង​ប៉េកាំង​ មនុស្ស​ភាគ​ច្រើន​សប្បាយ​រីករាយ​ដោយ​បាន​ឮ​ថា​ប្រធានាធិបតី​អូបាម៉ា​បាន​ជាប់​ឆ្នោត​ម្តង​ទៀត​ ប៉ុន្តែ ​វា​ក៏​ច្បាស់ណាស់​ថា​អ្នក​ខ្លះ គិត​ថា ប្រទេស​ទាំង​ពីរ ​ចាំ​បាច់​ត្រូវ​ធ្វើ​ទំនាក់​ទំនង​ដែល​មាន​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។

លោក ហ្គ័ន (Guan) អាយុ​២៨​ឆ្នាំជា​ពាណិជ្ជករ។
លោក​ ហ្គ័ន និយាយ​ថា​ទោះ​បី​លោកគិត​ថា​គ្មាន​បញ្ហា​ធំរវាង​ចិន​និង​សហរដ្ឋ​អាមេរិក​ក៏​ដោយ ក៏​មាន​បញ្ហា​ស្មុគ្រ​ស្មាញ​ខ្លះ​ដូចជា​ប្រជុំ​កោះ​ ដៅយូ (Diaoyu) ​ដែល​មាន​ការ​ខ្វែង​គំនិត​គ្នា​ខ្លះ។ លោក​បន្ថែម​ទៀត​ថា​ ជា​ឧទាហរណ៍ប្រហែល​មាន​បញ្ហា​ខ្លះ​ពាក់​ព័ន្ធ​នឹង​ពាណិជ្ជ​កម្ម​ដែល​ក្នុង​នោះ​សហរដ្ឋ​អាមេរិក ប្រហែល​ជ្រៀត​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​ច្រើន​ពេក។

អ្នក​ទីក្រុង​ប៉េកាំង​ផ្សេង​ទៀត​គិតថា​ប្រទេស​ទាំងពីរ​កំពុង​រងគ្រោះ​ដោយ​គ្មាន​ទំនាក់​ទំនង​វប្បធម៌ដែល​នាំ​ឲ្យ​ពួកគេ​មិន​អាច​យល់គ្នា​ទៅ​វិញ​ទៅមក។ ប៉ុន្តែ ពួកគេ​និយាយ​ថា ការដែល​លោក​អូបាម៉ា​បាន​ជាប់​ឆ្នោត​ម្តងទៀត​នឹងផ្តល់​ពេល​វេលាកាន់​តែ​ច្រើន​ឡើង​ដល់​ប្រទេស​ទាំង​ពីរ​ដើម្បី​ធ្វើ​ឲ្យ​ទំនាក់​ទំនង​កាន់​តែ​ប្រសើរ​ឡើង៕​
XS
SM
MD
LG