កម្ពុជានឹងមិនផ្ដល់អាជ្ញាបណ្ណថ្មីផ្សេងទៀតនោះទេ ដល់គម្រោងអភិវឌ្ឍរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម។ នេះបើតាមលោក ស៊ុយ សែម រដ្ឋមន្ត្រីរ៉ែនិងថាមពល។
លោករដ្ឋមន្ត្រីបានថ្លែងដូច្នេះអំឡុងជំនួបកាលពីសប្ដាហ៍មុនជាមួយ អ្នកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាចំពេលដែលអង់គ្លេសទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទី២៦ ស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ។
យ៉ាងណាក៏ដោយ លោក ស៊ុយ សែម លើកឡើងថា គម្រោងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មដែលទទួលបានអាជ្ញាបណ្ណរួចហើយនៅត្រឹមឆ្នាំ២០១៩ នឹងនៅបន្តដំណើរការធម្មតា។
កម្ពុជាមានគម្រោងអភិវឌ្ឍរោងចក្រអគ្គិសនីដើរដោយចំហេះធ្យូងថ្មចំនួនបីទីតាំងដែលកំពុងសាងសង់ និងកំពុងដំណើរការ ដូចជានៅខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តឧត្ដរមានជ័យនិងមានអានុភាពផលិតអគ្គិសនីសរុបប្រមាណ ១.២១៥ មេកាវ៉ាត់។
ការប្រកាសរបស់លោករដ្ឋមន្ត្រីថាមពលរបស់កម្ពុជាកើតមាននៅក្រោយពីមានការប្ដេជ្ញារបស់ប្រទេសចិន តាមរយៈការថ្លែងទៅកាន់អង្គមហាសន្និបាត អ.ស.ប. របស់ប្រធានរដ្ឋចិន លោក Xi Jinping ក្នុងការបញ្ឈប់ការផ្ដល់ហិរញ្ញប្បទានថ្មីដល់គម្រោងអគ្គិសនីដើរដោយធ្យូងថ្មនៅក្រៅប្រទេសចិន។
គម្រោងរោងចក្រអគ្គិសនីដើរដោយចំហេះធ្យូងថ្មទាំងបីទីតាំងខាងលើសុទ្ធសឹងតែមានទំនាក់ទំនងវិនិយោគនិងហិរញ្ញប្បទានពីប្រទេសចិនប្រជាមានិត។
ការប្រើប្រាស់ធ្យូងថ្មដែលជាធនធានកម្រកកើតឡើងវិញជាប្រធានបទស្នូលនៃការជជែកអំពីការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដ្បិតចំហេះធ្យូងថ្មដែលប្រើដោយឧស្សាហកម្មនិងរោងចក្រអគ្គិសនីត្រូវបានបន្ទោសថាជាដើមចមចម្បងមួយដែលនាំឱ្យភពផែនដីកើនឡើងកម្ដៅ។
កាលពីឆ្នាំ២០២០ ក្រុមហ៊ុនបញ្ជាទិញផលិតផលវាយនភ័ណ្ឌធំៗពីកម្ពុជាបានព្រមានអំពីការសើរើការទទួលទំនិញពីកម្ពុជាដែលបណ្ដោយឱ្យមានការវិនិយោគលើថាមពលដើរដោយធ្យូងថ្មទាំងអម្បាលមាណខាងលើ៕