ខណៈពេលដែលទំនាក់ទំនងមិត្តភាពរវាងកម្ពុជានិងចិនត្រូវគេមើលឃើញថា កាន់តែកើនឡើងនោះ នៅក្នុងខែតុលានេះ លោក ស៊ី ជិនពីង (Xi Jinping) នឹងមកបំពេញទស្សនកិច្ចជាលើកដំបូងនៅកម្ពុជាក្នុងនាមជាប្រធានាធិបតីប្រទេសចិន។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា។
អគ្គស្នងការនគរបាលជាតិលោក នេត សាវឿន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៨ ខែកញ្ញាថា លោកបានជួបពិភាក្សាការងារជាមួយលោក វ៉ាង សៀហុង (Wang Xiaohong) អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ និងជាស្នងការនគរបាលទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន។
លោក នេត សាវឿន សរសេរបន្តថា៖
«ឯកឧត្តម វ៉ាង សៀហុង បានបញ្ជាក់ពីគោលបំណងថា ការណ៍ដែលឯកឧត្តមមកកម្ពុជានាពេលនេះគឺដើម្បីពិភាក្សាជាមួយនឹងស្ថាប័នពាក់ព័ន្ធកម្ពុជាដើម្បីរៀបចំទទួលដំណើរទស្សនកិច្ចឯកឧត្តមប្រធានាធិបតីចិន ដែលនឹងអញ្ជើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នៅខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ និងគោលបំណងមួយទៀតគឺ មកជំរុញពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ»។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ប្រាប់ VOA នៅថ្ងៃច័ន្ទថា លោក ស៊ី ជិនពីង នឹងមកទស្សនកិច្ចចំនួន២ថ្ងៃក្នុងរាជធានីភ្នំពេញ ប៉ុន្តែភាគីចិននៅមិនទាន់ប្រាប់ពីកាលបរិច្ឆេទជាក់លាក់ និងព័ត៌មានលម្អិតពីគម្រោងសកម្មភាពនៃដំណើរទស្សនកិច្ចនេះនៅឡើយទេ។ លោកបន្តថា សមត្ថកិច្ចកម្ពុជាបានត្រៀមរៀបចំកិច្ចការពារសុវត្ថិភាពសម្រាប់ដំណើរទស្សនកិច្ចនេះរួចរាល់ហើយ។
លោកមានប្រសាសន៍៖
«ខ្ញុំអត់ប្រាកដដែរហ្នឹង ទាល់តែសួរអ្នកនាំពាក្យរាជរដ្ឋាភិបាល ព្រោះកម្រិតខ្ពស់ពេក។ ខ្ញុំដឹងតែថាមានការទស្សនកិច្ច និងរៀបចំការងារការពារសុវត្ថិភាពអីប៉ុណ្ណឹង»។
លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាប្រាប់ VOA ថា លោកទទួលបានព័ត៌មាននៃដំណើរទស្សនកិច្ចនេះ តែលោកនៅពុំទាន់ទទួលបានដំណឹងផ្លូវការ និងព័ត៌មានលម្អិតនៅឡើយទេ។
អ្នកនាំពាក្យរូបនេះបន្ថែមថា៖
«ខាងខ្ញុំអត់ទាន់មានព័ត៌មានរឿងហ្នឹងទេណា៎! កំពុងទាក់ទងដើម្បីប្រមូលព័ត៌មានរៀបចំធ្វើ Press Release (សេចក្ដីប្រកាសព័ត៌មាន) ហើយអត់ទាន់បានទទួល Schedule (កាលវិភាគ) នៃទស្សនកិច្ចហ្នឹងទេបាទ»។
ដំណើរទស្សនកិច្ចរបស់លោក Xi ធ្វើឡើងស្របពេលកម្ពុជាកំពុងរងការរិះគន់ពីបណ្ដាបស្ចិមប្រទេសពាក់ព័ន្ធនឹងអ្វីដែលគេយល់ថា ជាការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីធ្វើទុក្ខបុកម្នេញទៅលើគណបក្សប្រឆាំង សកម្មជនការពារសិទ្ធិមនុស្ស និងអ្នករិះគន់រដ្ឋាភិបាល។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតដែលជាមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយក្នុងស្រុកយល់ថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ពិភពលោក មានសារៈសំខាន់ខ្លាំងសម្រាប់កម្ពុជា។ លោកថា តាមរយៈដំណើរទស្សនកិច្ចនេះ ចិនចង់បង្ហាញថា ខ្លួនចង់ចាប់ដៃគូយូរអង្វែងជាមួយកម្ពុជា ក៏ដូចជាចង់ផ្ញើសារទៅប្រទេសផ្សេងទៀតជាសមាជិកអាស៊ានដែលមិនមានទំនាស់ជាមួយចិនក្នុងជម្លោះសមុទ្រចិនខាងត្បូង ពីចេតនារបស់ខ្លួនក្នុងការបង្កើនទំនាក់ទំនងក្នុងតំបន់។
លោក អ៊ូ វីរៈ បន្ថែមថា ការកើនឡើងនៃចំណងទំនាក់ទំនងជាមួយចិនបាននាំឱ្យកម្ពុជាកាត់បន្ថយការពឹងផ្អែកជំនួយពីប្រទេសលោកខាងលិច ហើយងាកទៅពឹងផ្អែកលើជំនួយពីចិនច្រើនជាងដែលមិនមានកំណត់លក្ខខណ្ឌពីការគោរពសិទ្ធិមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យ។ លោកបន្តថា ការពឹងផ្អែកខ្លាំងលើប្រទេសចិននឹងអាចនាំឱ្យមានផលវិបាកដល់កម្ពុជានាពេលអនាគត។
លោកពន្យល់ថា៖
«ការពឹងផ្អែកលើប្រទេសចិនភាគច្រើននេះ គឺធ្វើឱ្យសេដ្ឋកិច្ចរបស់យើងនេះអត់ឯករាជ្យពីចិនទេ។ ហើយពេលណាដែលសេដ្ឋកិច្ចអត់ឯករាជ្យ នយោបាយក៏អត់អាចឯករាជ្យបានដែរ ហើយខ្ញុំមើលទៅ ដោយសារអ៊ីចឹងហើយ រឿងប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជានឹងប្រឈមកាន់តែខ្លាំងទៅអនាគត។ ១០ឆ្នាំខាងមុខនេះ ខ្ញុំមើលទៅប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជានឹងកាន់តែប្រឈមកាន់តែខ្លាំងជាងមុនបាទ»។
ប្រទេសចិនបានផ្ដល់ជំនួយ និងកម្ចីមិនមានលក្ខខណ្ឌតឹងតែងក្នុងទឹកប្រាក់ប្រមាណ ១៥ពាន់លានដុល្លារអាមេរិកមកឱ្យប្រទេសកម្ពុជាក្នុងរយៈពេល២ទសវត្សចុងក្រោយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនក៏បានផ្ដល់ជំនួយឲ្យមានលក្ខណៈស៊ីមេទ្រីគ្នាជាមួយនឹងជំនួយរបស់បណ្ដាប្រទេសលោកខាងលិច ក្នុងរង្វង់ទឹកប្រាក់ប្រហាក់ប្រហែលគ្នាផងដែរ។ ចំណែកក្នុងឆ្នាំ២០១៦នេះ ប្រទេសចិនបានផ្ដល់ជំនួយដល់កម្ពុជាយ៉ាងហោចណាស់៦០០លានដុល្លារ ធ្វើឱ្យចិនក្លាយជាប្រទេសដែលផ្ដល់ជំនួយច្រើនបំផុតដល់កម្ពុជា។
ទស្សនកិច្ចលើកចុងក្រោយរបស់លោក ស៊ី ជិនពីង មកកាន់កម្ពុជា គឺធ្វើឡើងកាលពីឆ្នាំ២០០៩ ដែលពេលនោះលោកគឺជាអនុប្រធានាធិបតីចិន៕