នៅថ្ងៃសុក្រនេះ កម្ពុជានឹងបញ្ជូនទាហានមួកខៀវចំនួន២១៦នាក់បន្ថែមទៀត ទៅចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមស្លាកអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិដែល VOA ទទួលបាន។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ចេញនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ បញ្ជាក់ថា កងវិស្វកម្មលេខ៥៩៤ ចំនួន២១៦នាក់ ដែលមាននារីចំនួន១០នាក់ នឹងត្រូវបញ្ជូនឲ្យទៅចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមស្លាកអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ ក្នុងពិធីជូនដំណើរកងវិស្វកកម្មទាំងជាង២០០នាក់ នឹងត្រូវធ្វើឡើងនាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ។
ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនទ័ពមួកខៀវចំនួនជាង៥ពាន់នាក់ ចូលរួមបេសកកម្មនៅប្រទេសចំនួន៨ រួមមាន លីបង់ ម៉ាលី សាធារណរដ្ឋអាហ្វ្រិកកណ្តាល ស៊ូដង់ ស៊ូដង់ខាងត្បូង និងប្រទេសឆាតជាដើម។ កងទ័ពមួកខៀវដែលបញ្ជូនពីកម្ពុជា មានភារកិច្ចផ្តោតលើការដោះមីន និងគ្រាប់មិនទាន់ផ្ទុះ ការសាងសង់ព្រលានយន្តហោះ ការធ្វើផ្លូវគមនាគមន៍ និងការធ្វើការងារមនុស្សធម៌ជាដើម។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិប្រាប់ VOA នៅព្រឹកថ្ងៃពុធនេះថា កម្ពុជាជាប្រទេសដែលរងគ្រោះដោយសារសង្គ្រាម និងរងគ្រោះដោយគ្រាប់មិនទាន់ផ្ទុះជាដើម ដូច្នេះការបញ្ជូនកងទ័ពមួកខៀវពីកម្ពុជាទៅចូលរួមបេសកកម្មសន្តិភាពនៅបណ្តាប្រទេសទាំងនោះ បាននិងកំពុងធ្វើឲ្យកម្ពុជាមានមោទនភាព ក្នុងការបង្ហាញពីការស្រឡាញ់សន្តិភាពលើពិភពលោក។
លោកបញ្ជាក់ថា៖
«នេះជាមោទនភាពរបស់យើងក្នុងការកសាងខ្លួនយើងជាប្រទេសដែលទន់ខ្សោយ ទៅជាប្រទេសមួយដែលមានសុវត្ថិភាព ដើរធ្វើសកម្មភាពមនុស្សធម៌ នេះជាចំណុចទី១ដែលយើងមានមោទនភាព។ ហើយទី២យើងបង្ហាញនូវសុឆន្ទៈរបស់យើងក្នុងការស្រលាញ់សន្តិភាព ក្នុងការស្រឡាញ់មនុស្សធម៌អន្តរជាតិ។ ហើយទី៣យើងនឹងបង្ហាញនូវការរីកចម្រើនធំធាត់របស់កងខេមរភូមិន្ទរបស់យើង ដើម្បីមានតួនាទីដែលគេសរសើរជាអន្តរជាតិ ទាំងនារី ទាំងអីហ្នឹង មានគេសរសើរ ហើយប្រទេសជាច្រើនគេបានរៀនសូត្រពីយើងដែរ»។
ក្រៅពីរៀបចំពិធីជូនដំណើរកងវិស្វកម្មលេខ៥៩៤ កម្ពុជាក៏នឹងរៀបចំកម្មវិធីមាតុភូមិនិវត្តន៍កងវិស្វកម្មលេខ៩៥៤ ចំនួន២១៦នាក់ដែលត្រូវបញ្ចប់បេសកកម្មពីសាធាណរដ្ឋអាហ្វ្រិកកណ្តាល និងកងរាជអាវុធហត្ថលេខ៦១៨ចំនួន៧៣នាក់ ពីសាធាណរដ្ឋស៊ូដង់ខាងត្បូង នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះផងដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃពុធនេះប្រកាសថា ថ្មីៗនេះ កងទ័ពមួកខៀវដែលកំពុងបំពេញបេសកកម្មនៅប្រទេសម៉ាលី បានរងការវាយប្រហារធ្ងន់ធ្ងរពីសំណាក់ក្រុមឧទ្ទាម បណ្តាលឲ្យកងទ័ពមួកខៀវដែលបញ្ជូនពីប្រទេសផ្សេង ត្រូវបាត់បង់ជីវិតចំនួន២នាក់ និងរងរបួសចំនួន៥នាក់ ប៉ុន្តែលោកថា សម្រាប់កងទ័ពមួកខៀវកម្ពុជាដែលស្ថិតក្នុងហេតុការណ៍នោះដែរ មិនមានរងគ្រោះថ្នាក់ណាមួយនោះទេ។
ក្នុងចំណោមកងទ័ពមួកខៀវកម្ពុជាជាង៥ពាន់នាក់ ដែលត្រូវបានបញ្ជូនទៅចូលរួមរក្សាសន្តិសុខអន្តរជាតិចាប់តាំងពីឆ្នាំ២០០៦មក មានកងទ័ពកម្ពុជាចំនួន ៥នាក់ បានបាត់បង់ជីវិតក្នុងបេសកកម្មនោះ។ ក្នុងនោះ មានម្នាក់បាត់បង់ជីវិតដោយសារជំងឺគ្រុនចាញ់ និងបួននាក់ទៀតបានបាត់បង់ជីវិតក្នុងហេតុការណ៍បាញ់ប្រហារអំឡុងពេលបំពេញបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
សម្រាប់កងទ័ពដែលបាត់បង់ជីវិតដោយសារការបាញ់ប្រហារក្នុងបេសកកម្មនោះ អង្គការសហប្រជាជាតិបានផ្តល់សំណងទៅឲ្យគ្រួសាររបស់ជនរងគ្រោះ ក្នុងមួយគ្រួសារចំនួន៧ម៉ឺនដុល្លារ៕