មន្ត្រីក្រសួងការពារជាតិកម្ពុជានិងមន្រ្តីការទូតមួយចំនួននៅថ្ងៃព្រឹកសុក្រនេះបានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធសពទាហានមួកខៀវកម្ពុជា ដែលបានពលីជីវិតក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិ (អ.ស.ប.)នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
មជ្ឈមណ្ឌលកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងគ្រាន់មិនទាន់ផ្ទុះ ក្រុមគ្រួសារ និងអ្នកតំណាងអង្គទូតមួយចំនួន នៅព្រឹកថ្ងៃសុក្រនេះ បានធ្វើពិធីគោរពវិញ្ញាណក្ខន្ធទាហានមួកខៀវកម្ពុជាទាំង៤រូប ដែលបានស្លាប់បាត់បង់ជីវិតដោយការវាយប្រហារពីពួកឧទ្ទាមនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
លោកឧត្តសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលកងកម្លាំងរក្សាសន្តិភាព បោះសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ បានថ្លែងឲ្យដឹងថា ជាធម្មតាគ្រួសារសពត្រូវទទួលបានប្រាក់ឧបត្ថម្ភប្រមាណ៧០.០០០(ប្រាំពីរម៉ឺន)ដុល្លារ សម្រាប់សពម្នាក់ៗពីអង្គការសហប្រជាជាតិ។
លោក សែម សុវណ្ណនី ថ្លែងអំពីសោកនាដកម្មនេះថា៖
«យើងក៏សូមថ្កោលទោសយ៉ាងពេញទំហឹងនូវអំពើដ៏សាហាវយង់ឃ្នងនេះ ជាអំពើឧក្រិដ្ឋកម្មសង្គ្រាម វាយប្រហារមកលើកងទ័ពមួកខៀវកម្ពុជានិងកងទ័ពមួកខៀវរបស់ម៉ារ៉ុក»។
ក្នុងពិធីដែលធ្វើឡើងនៅមជ្ឈមណ្ឌលកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងគ្រាន់មិនទាន់ផ្ទុះ លោក សែម សុវណ្ណនី បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា សពកងទ័ពមួកខៀវកម្ពុជា៤នាក់ ត្រូវបានតម្កល់ទុកនៅរដ្ឋធានីបង់ហ្គី (Bangui) នៃសាធារណរដ្ឋអាហ្រ្វិកកណ្តាល (Central African Republic) ដើម្បីឲ្យថ្នាក់ដឹកនាំ និងមន្រ្តីបរទេសចូលគោរពវិញ្ញាណក្ខន្ធ។
លោកនាយឧត្តសេនីយ៍ សែម សុវណ្ណនី ឲ្យដឹងទៀតថា កន្លងមកសពទាហានមួកខៀវកម្ពុជាបញ្ជូនពីបេសកកម្មអង្គការសហប្រជាជាតិនៅក្រៅប្រទេសច្រើនមកដល់ប្រទេសកម្ពុជារវាងពីមួយទៅពីរសប្តាហ៍ ក្រោយពីបានទទួលមរណភាព។
លោកឲ្យដឹងថា ទាហានម៉ារ៉ុកដែលបាត់ខ្លួនម្នាក់នោះក៏ត្រូវបានបញ្ជាក់ថា បានបាត់បង់ជីវិតហើយដែរ៖
«ទន្នឹមនឹងនោះ ក៏សុំឲ្យដួងវិញ្ញាណក្ខន្ធរបស់អ្នកទាំងបួន ទាំងប្រាំនៅទីនោះ ទាំងកម្ពុជាទាំងម៉ារ៉ុកនេះទៅកាន់សុគតិភព»។
លោក សែម សុវណ្ណនី និយាយថា ក្រសួងនឹងរៀបចំពិធីបុណ្យសពតាមប្រពៃណីរៀងៗខ្លួននៅរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប តាមសំណើរបស់គ្រួសារសព។ យុទ្ធជនពលីទាំងបួនរូបមានលោក អ៊ឹម សំ លោក ស៊ាន នរិន្ទ លោក មុំ តុលា និងលោក ម៉ៅ អេង។ លោកបានឲ្យដឹងថា ការងាររបស់កងទ័ពមួកខៀវកម្ពុជានៅបេសកកម្មអ.ស.ប.មិនមែនជាកម្លាំងប្រយុទ្ធទេ គឺជាកងវិស្វកម្ម ជីកអណ្តូង និងដោះមីនជាដើម។ លោកសង្កត់ធ្ងន់ថា កងកម្លាំងសន្តិភាពមិនគួររងការវាយប្រហារនោះទេ៕