ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សព​ទាហាន​មួក​ខៀវ​កម្ពុជា​បួន​នាក់​ បាន​មក​ដល់​កម្ពុជា​ជាមួយ​ការ​សោកសៅ


លោក​ ស៊ាង​ សែន​ ឪពុក​ លោក​ ស៊ាង​ នរិន្ទ​ បង្ហាញ​ការ​សោកស្តាយ​ចំពោះការ​ស្លាប់​កូន​ប្រុស​របស់​លោក។ ការ​បូជា​សពកូនប្រុស​លោក​ ធ្វើឡើង​នៅថ្ងៃ​ទី​២២​ ខែ​ឧសភា​ ឆ្នាំ​២០១៧​ នៅ​រាជធានី​ភ្នំពេញ​។ (ហ៊ុល រស្មី/VOA)
លោក​ ស៊ាង​ សែន​ ឪពុក​ លោក​ ស៊ាង​ នរិន្ទ​ បង្ហាញ​ការ​សោកស្តាយ​ចំពោះការ​ស្លាប់​កូន​ប្រុស​របស់​លោក។ ការ​បូជា​សពកូនប្រុស​លោក​ ធ្វើឡើង​នៅថ្ងៃ​ទី​២២​ ខែ​ឧសភា​ ឆ្នាំ​២០១៧​ នៅ​រាជធានី​ភ្នំពេញ​។ (ហ៊ុល រស្មី/VOA)

សព​កងទ័ព​មួក​ខៀវ​កម្ពុជា​៤នាក់ ដែល​ត្រូវ​បាន​តម្កល់​ទុក​នៅ​រដ្ឋធានីបង់ហ្គី ​(Bangui) ​នៃ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​ (Central African Republic) បាន​មក​ដល់​ប្រទេស​កម្ពុជា​ ​ជាមួយ​ការ​សំដែង​ក្ដី​សោកស្ដាយ​ពី​ក្រុម​គ្រួសារ​សាច់ញាតិ​នៃ​សព។

សព​ទាហាន​មួក​ខៀវ​កម្ពុជា​ចំនួន​បួន​រូប​ ​ដែល​បាន​ពលី​ជីវិត​ក្នុង​បេសកកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ​ (អ.ស.ប.) ​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​ បាន​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ ​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​សាច់​ញាតិ​ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ខ្មែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​គ្រួសារ​សាច់ញាតិ​នៃ​សព។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ​បាន​ធ្វើ​ជា​អធិបតី​ក្នុង​ការ​ទទួល​សព​ទាហាន​ទាំងបួន​រូប​នោះ​នា​យប់​ថ្ងៃ​អាទិត្យ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ដោយ​មានការ​ចូលរួម​ពី​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ ​សាច់​ញាតិ​ និង​បងប្អូន​នៃ​គ្រួសារ​សព។

យុទ្ធជន​ពលី​ទាំង​បួន​រូប​ រួមមាន​លោក​ ​អ៊ឹម សំ លោក​ ស៊ាង​ នរិន្ទ ​លោក​ មុំ តុលា​ និង​លោក ម៉ៅ អេង។​ ពួកគេ​បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយ​ការ​វាយ​ប្រហារ​ពី​ពួក​ឧទ្ទាម​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​កាល​ពី​ខែ​ដើម​ខែ​ឧសភា។

​លោក​ ស៊ាង សែន​ វ័យ​៧៥​ ឆ្នាំ​ ឪពុក​បង្កើត​របស់​អនុសេនីយ៍ទោ​ ស៊ាង​ នរិន្ទ​ សំដែង​ក្ដី​សោកស្ដាយ​ចំពោះ​ការ​បាត់​បង់​កូន​ប្រុស​របស់​លោក ​ដែល​ជា​កូន​ទី​ប្រាំ​ក្នុង​ចំណោម​កូន​៧នាក់។

«រឿង​បាត់​បង់​ជីវិត​ក្នុង​ក្រុម​គ្រួសារ​របស់​យើង​ ឬ មួយ​បាត់​បង់​ជីវិត​អ្នកណា​ម្នាក់​ក៏ដោយ​ចុះ​ កុំ​ថា​តែ​ជាតិ​ខ្លួន​ឯង ​ឲ្យ​តែ​ជីវិត​មនុស្ស​បាត់​បង់​ អ្នក​ណាមួយ​ដែល​ថា​ មិន​សោកស្ដាយ​ ហើយ​ចុះ​ទម្រាំ​ដល់​កូន​របស់​ខ្លួនឯង​ផ្ទាល់​ តើ​អ្នកណា​មួយ​ដែល​ថា​ មិន​សោកស្ដាយ? ជីវិត​របស់​កូន​ អ្នក​ណា​ក៏​សោកស្ដាយ​ដែរ»។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ លោក ម៉ម ប៊ុនហេង​ គោរព​សព​លោក​ ស៊ាង​ នរិន្ទ​ កាលពីថ្ងៃ​ទី​២២​ ខែ​ឧសភា ឆ្នាំ​២០១៧។​ (ហ៊ុល រស្មី/VOA)
រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ លោក ម៉ម ប៊ុនហេង​ គោរព​សព​លោក​ ស៊ាង​ នរិន្ទ​ កាលពីថ្ងៃ​ទី​២២​ ខែ​ឧសភា ឆ្នាំ​២០១៧។​ (ហ៊ុល រស្មី/VOA)

សព​លោក​ ស៊ាង​ នរិន្ទ​ ត្រូវ​បាន​បូជា​នា​រសៀល​ថ្ងៃ​ចន្ទ​នេះ​ នៅ​ក្នុង​វត្ត​ក្រាំងធ្នុង ក្នុង​សង្កាត់​ក្រាំងធ្នុង​ ខ័ណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ដោយ​មាន​ការ​ចូលរួម​ពី​ក្រុម​មន្ត្រី​យោធា​ថ្នាក់​ឧត្ដមសេនីយ៍​ និង​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា។

លោក​ ស៊ាង សែន​ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ ក្នុង​ពិធី​បូជា​សព​នោះ​ថា​ ​កូនប្រុស​របស់​លោក​មិន​បាន​ទៅ​ច្បាំង ​ដើម្បី​កសាង​សន្តិភាព​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​នោះ​ទេ​ តែ​ជា​យុទ្ធជន​ធ្វើការ​ពាក់​ព័ន្ធ​នឹង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​ទី​នោះ។

ទោះ​ជា​លោក​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ការ​ស្លាប់​របស់​កូន​ប្រុស​លោក​ក្តី លោក​បាន​កោត​សរសើរ​ដល់​ការ​យកចិត្ត​ទុកដាក់​របស់​រដ្ឋាភិបាល​ និង​កាកបាទ​ក្រហម​កម្ពុជា​ ដែល​ជួយ​ជ្រោមជ្រែង​ដល់​ការ​រៀបចំ​ពិធីបុណ្យ​សព​កូន​ប្រុស​របស់​លោក។

«កូន​ខ្ញុំ​ប៉ុណ្ណឹង​ និយាយ​ពី​តួនាទី​ខ្ញុំ​ក្នុង​សង្គម​ប៉ុណ្ណឹង​ កូន​ខ្ញុំ​ស្លាប់​រដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​ប៉ុណ្ណឹង​ មិនមែន​ត្រឹម​តែ​រដ្ឋាភិបាល​ទេ​ សូម្បី​តែ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ក៏​យក​ចិត្ត​ទុកដាក់​ដែរ​ ដូច​ជា​កាក​បាទ​ក្រហម​អី​ លឿន​បំផុត​ គ្រាន់​តែ​ខ្ញុំ​ធ្វើ​បុណ្យ​ភ្លាម​ មក​ដល់​ភ្លាម។ អញ្ចឹង​ខ្ញុំ​អត់​មាន​តូច​ចិត្ត​នឹង​គេ​ជួយ​ទេ​ គេ​មក​ជួយ​សព​កូន​ខ្ញុំ​ទេ»។

​ជា​អ្នក​អាន​វិយោគកថា​នៅ​មុន​ការ​បូជាសព​ លោក​ ស៊ាង នរិន្ទ​ ឧត្ដមសេនីយ៍​ទោ​ ឈួន​ សំអាត​ នាយក​រង​ទីចាត់ការ​ឃោសនា​ព័ត៌មាន​នៃ​អគ្គបញ្ជាការដ្ឋាន​កង​យុទ្ធពល​ខេមរភូមិន្ទ ​បាន​លើក​ឡើង​អំពី​ប្រវត្តិ​របស់​លោក​ ស៊ាង​ នរិន្ទ វ័យ​៣៧ ឆ្នាំ​ ដែល​បាន​ចូល​បម្រើ​កងទ័ព​នៅ​ឆ្នាំ​ ២០០៨​ និង​បាន​ចេញ​ទៅ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ចាប់​ពី​ឆ្នាំ២០១០​ រហូតដល់​ពេល​លោក​ទទួល​មរណភាព។

សពអនុសេនីយ៍ទោ ស៊ាង​ នរិន្ទ តម្កល់​ដើម្បី​បូជា​ក្នុងវត្ត​ក្រាំងធ្នុង​ ក្នុងខ័ណ្ឌ​សែន​ សុខ​ រាជធានី​ភ្នំពេញ​ កាលពីថ្ងៃ​ទី២២ ខែ​ឧសភា ឆ្នាំ​២០១៧។ (ហ៊ុល រស្មី/VOA)
សពអនុសេនីយ៍ទោ ស៊ាង​ នរិន្ទ តម្កល់​ដើម្បី​បូជា​ក្នុងវត្ត​ក្រាំងធ្នុង​ ក្នុងខ័ណ្ឌ​សែន​ សុខ​ រាជធានី​ភ្នំពេញ​ កាលពីថ្ងៃ​ទី២២ ខែ​ឧសភា ឆ្នាំ​២០១៧។ (ហ៊ុល រស្មី/VOA)

លោក​ ​ស៊ាង​ នរិន្ទ​ បាន​ទៅ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​លីបង់​ ម៉ាលី​ និង​ចុង​ក្រោយ​នេះ​ គឺ​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល។

ឧត្ដមសេនីយ៍ទោ​ ឈួន​ សំអាត​ មាន​ប្រសាសន៍​ថា៖

«ប៉ុន្តែ​គួរ​ឲ្យ​អនិច្ចា​ណាស់​ និង​សោកស្ដាយ​បំផុត​នោះ​ គឺ​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ​ លោក​អនុសេនីយ៍​ទោ​ ស៊ាង​ នរិន្ទ រួម​ជាមួយ​យុទ្ធ​មិត្ត ត្រូវ​បាន​ពួក​ឧទ្ទាម​ ជា​ឧក្រិដ្ឋ​ជន​សង្គ្រាម​ បាន​លប​ពួន​ស្ទាក់​វាយប្រហារ​សម្លាប់​ ផ្ដាច់​យក​អាយុ​សង្ខារ​របស់​លោក​ និង​យុទ្ធមិត្ត​ដទៃ​ទៀត​ យ៉ាង​ឃោរឃៅ​ព្រៃផ្សៃ​បំផុត​ ដែល​ធ្វើ​ឲ្យ​យុទ្ធមិត្ត​ មានការ​តក់​ស្លុត​ និង​ស្រណោះ​ស្រណោក​សោកស្ដាយ​ជា​ពន់​ពេក»។​

សម្រាប់​សព​ទាហាន​មួយ​ខៀវ​បី​នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ទៅ​ធ្វើ​បុណ្យ​ក្នុង​ខេត្ត​ស្វាយរៀង ខេត្ត​ពោធិ៍សាត់​ ​និង​ខេត្ត​សៀមរាប។

ដោយឡែក​ លោក​នាយ​ឧត្ដមសេនីយ៍ ​សែម សុវណ្ណនី ​អគ្គនាយក​នៃ​មជ្ឈមណ្ឌល​កងកម្លាំង​រក្សា​សន្តិភាព ​បោះ​សម្អាត​មីន​ ​និង​គ្រាប់​មិន​ទាន់​ផ្ទុះ ​បាន​ថ្លែង​ឲ្យ​ដឹង​កាល​ពី​ពេល​កន្លងមក​ថា​ ជា​ធម្មតា​គ្រួសារ​សព​ត្រូវ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រមាណ​៧០.០០០​(ប្រាំពីរ​ម៉ឺន)​ដុល្លារ​ សម្រាប់​សព​ម្នាក់ៗ​ពី​អង្គការ​សហ​ប្រជាជាតិ។

លោក​ ស៊ាង សែន ឲ្យដឹង​ទៀត​ថា​ ការ​ទទួល​បាន​សំណង​ ឬ​យ៉ាង​ណា ​គឺ​អាស្រ័យ​លើ​រដ្ឋាភិបាល​ ហើយ​លោក​ក៏​មិន​ទាមទារ​ឲ្យ​មាន​ការ​ផ្ដល់​សំណង​ឲ្យបាន​ឆាប់​ដល់​ការ​ស្លាប់​របស់​កូនប្រុស​លោក​ដែរ៕

XS
SM
MD
LG