អស់រយៈពេល ៦ ឆ្នាំមកហើយដែលព្រឹទ្ធសភាកម្ពុជាត្រូវបានដឹកនាំដោយគណបក្សតែមួយ គឺគណបក្សប្រជាជនកម្ពុជា។ ការបោះឆ្នោតព្រឹទ្ធសភាកាលពីឆ្នាំ ២០១៨ មិនមានវត្តមានគណបក្សជំទាស់ គឺអតីតគណបក្សសង្រ្គោះជាតិ ហើយតំណែងសមាជិកក្រុមប្រឹក្សារបស់គណបក្សជំទាស់ដ៏ចម្បងមួយនេះ ក៏ត្រូវបានបែងចែកទៅឱ្យគណបក្សកាន់អំណាច ក្រោយគណបក្សសង្រ្គោះជាតិត្រូវបានរំលាយចោល។
នៅថ្ងៃទី ២៥ ខែកុម្ភៈខាងមុខនេះ កម្ពុជានឹងរៀបចំការបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី ៥ ដែលជាការបោះឆ្នោតអសកលមួយ ក្នុងការជ្រើសរើសសមាជិកព្រឹទ្ធសភាចំនួន ៥៨ រូប។ គណបក្សប្រជាជនកម្ពុជាត្រូវបានមើលឃើញថា នឹងឈ្នះអាសនៈភាគច្រើន បើទោះមានគណបក្សជំទាស់មួយចំនួនចូលរួមប្រកួតប្រជែងក៏ដោយ។
អតីតអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភិរិទ្ធ ដែលលាលែងពីគណបក្សភ្លើងទៀនទៅឈរឈ្មោះចូលរួមជាមួយគណបក្សឆន្ទៈខ្មែរនៅក្នុងការបោះឆ្នោតព្រឹទ្ធសភានាពេលខាងមុខ យល់ឃើញថា ការបោះឆ្នោតព្រឹទ្ធសភានេះ គឺមានតែគណបក្សនយោបាយពីរប៉ុណ្ណោះដែលអាចទទួលបានអាសនៈ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សឆន្ទៈខ្មែរ ដែលជាបក្សសម័្ពន្ធរបស់គណបក្សភ្លើងទៀន។ លោកបន្តថា មានការបញ្ចុះបញ្ចូល ឬគំរាមកំហែងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សភ្លើងទៀន នៅមុនការបោះឆ្នោតមួយនេះ។
លោកថ្លែងថា៖ «សម្រាប់ការបោះឆ្នោតព្រឹទ្ធសភានេះ គឺនៅតែមានការប្រឈមអ៊ីចឹង គឺកន្លងទៅនេះ ដោយសារមានអាជ្ញាធរខេត្តមួយចំនួន គឺមិនបានអនុវត្តខ្ជាប់ខ្ជួនជាអាជ្ញាធរដែលមានលក្ខណៈអព្យាក្រឹតទេ គឺលម្អៀងទៅគណបក្សនយោបាយដែលគាត់បានហៅសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលជាប់ឆ្នោតពីគណបក្សផ្សេងហ្នឹងទៅបញ្ចុះបញ្ចូលផង ទៅប្រើប្រាស់ពាក្យសម្តីគំរាមកំហែងផ្នែកផ្លូវចិត្តផ្លូវអារម្មណ៍ផង។ អ៊ីចឹងធ្វើឱ្យការបោះឆ្នោតហ្នឹងមានលក្ខណៈមិនសេរីឱ្យវាត្រឹមត្រូវទេ ដោយសារតែមានសកម្មភាពរបស់អាជ្ញាធរខេត្តមួយចំនួន ដែលប្រព្រឹត្តពីអ្វីដែលមានចែងនៅក្នុងច្បាប់បោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាហ្នឹង»។
លោក គីមសួរ ភីរិទ្ធ មើលឃើញពីវត្តមានរបស់សមាជិកព្រឹទ្ធសភារបស់គណបក្សជំទាស់ ដើម្បីតស៊ូមតិនឹងគណបក្សកាន់អំណាច បើទោះបីជាព្រឹទ្ធសភាមិនសូវមានឥទ្ធិពលដូចទៅនឹងរដ្ឋសភាក៏ដោយ។
លោកថ្លែងថា៖ «អ៊ីចឹងទេ វាអាចនឹងទោះបីជាព្រឹទ្ធសភាមិនមានឥទ្ធិពលខ្លាំងដូចសភាយ៉ាងណាក៏ដោយ ក៏វាជាស្ថាប័ននីតិបញ្ញត្តិមួយដែលអាចធ្វើឱ្យគណបក្សប្រឆាំងហ្នឹងមានសំឡេងនៅក្នុងថ្នាក់ជាតិ ដែលអាចនឹងជួយចូលរួមចំណែកជូនព័ត៌មានពីភាពអសកម្ម ភាពជាចំណុចខ្វះខាតលើវិស័យផ្សេងៗទៅរាជរដ្ឋាភិបាលដែលកំពុងដឹកនាំបច្ចុប្បន្នសំដៅធ្វើយ៉ាងណាឱ្យមានការដឹកនាំប្រទេសហ្នឹងមានការអភិវឌ្ឍល្អប្រសើរជូនប្រទេសជាតិ និងប្រជាពលរដ្ឋ»។
អង្គបោះឆ្នោតព្រឹទ្ធសភាភាគច្រើនជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោត ដែលមានជាង ១ ម៉ឺននាក់ បូករួមនឹងសមាជិករដ្ឋសភាទាំង ១២៥ រូប។ គណបក្សនយោបាយចំនួន ៤ ចូលរួមប្រកួតប្រជែង រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ។ ប៉ុន្តែការបោះឆ្នោតនេះមិនសូវមានការចាប់អារម្មណ៍ប៉ុន្មានឡើយពីសំណាក់សាធារណជន។
លោក ស្រេង លីតិច អាយុ ៣៦ ឆ្នាំ អ្នករត់ Passapp ក្នុងទីក្រុងភ្នំពេញប្រាប់វីអូអេថា ការបោះឆ្នោតព្រឹទ្ធសភាគឺប្រជាពលរដ្ឋបានផ្តល់សិទ្ធិទៅក្រុមប្រឹក្សាឃុំអស់ទៅហើយ ដូច្នេះប្រជាពលរដ្ឋមិនសូវចាប់អារម្មណ៍ចំពោះការបោះឆ្នោតនេះឡើយ។ លោកថាការបោះឆ្នោតភាគច្រើនត្រូវបានអ្នកនយោបាយរៀបចំមុនទៅហើយ។
លោកថ្លែងថា៖ «ការជ្រើសតាំង ឬមួយការជ្រើសរើសគឺសំខាន់លើក្រុមប្រឹក្សាឃុំសង្កាត់គាត់អ្នកជ្រើសរើសខ្លួនគាត់»។
យ៉ាងណាមិញ លោកចង់ឃើញមានការបើកទូលំទូលាយសិទ្ធិសេរីភាព និងលំហនយោបាយឱ្យល្អប្រសើរជាងនេះ។
លោកថ្លែងថា៖ «ភាគច្រើនចង់ឱ្យរាជរដ្ឋាភិបាល ឬក៏តំណាងឱ្យគាត់បើកទូលំទូលាយសិទ្ធិសេរីភាព ឬអង្គការសហប្រជាជាតិ ឬអង្គការសង្គមស៊ីវិល ចង់ឱ្យគាត់បើកសិទ្ធិឱ្យទូលំទូលាយដូចមុន កុំឱ្យគាត់រឹតបន្តឹង ឬការគាបសង្កត់បែបឃុំសង្កាត់ ឬមួយអង្គការសង្គមស៊ីវិលចង់ឱ្យគាត់បើកទូលំទូលាយដូចមុនបន្តិច ព្រោះយើងគិតមើលបច្ចុប្បន្នមើលទៅដូចជាសិទ្ធិមនុស្សរាងដើរថយក្រោយបន្តិច»។
កញ្ញា អ៊ីង ម៉ីម៉ី និស្សិតជំនាញទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យមួយក្នុងទីក្រុងភ្នំពេញ លើកឡើងថា ការលើកកម្ពស់តម្លាភាពនៅក្នុងការបោះឆ្នោតព្រឹទ្ធសភាខាងមុខជារឿងដែលសំខាន់មួយ ដើម្បីបង្កើតបានជាការបោះឆ្នោតមួយដោយយុត្តិធម៌ និងផ្តល់ឱកាសស្មើភាពគ្នាដល់គណបក្សនយោបាយដទៃទៀត។ កញ្ញាបន្តថា គណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជាបានជួបប្រទះនឹងបញ្ហាផ្លូវច្បាប់ ការរឹតបន្តឹងផ្នែកនយោបាយ ការរឹតបន្តឹងលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងការជួបជុំគ្នាជាសាធារណៈ។
កញ្ញាប្រាប់វីអូអេថា៖ «ដើម្បីធានាឱ្យមានតម្លាភាពក្នុងការបោះឆ្នោតព្រឹទ្ធសភា ចាំបាច់ត្រូវដោះស្រាយឧបសគ្គទាំងនេះ និងបង្កើតបរិយាកាសដែលអាចឱ្យគណបក្សប្រឆាំងចូលរួមដោយសេរី និងយុត្តិធម៌។ នេះរួមបញ្ចូលទាំងការផ្តល់សិទ្ធិចូលដំណើរការស្មើៗគ្នាទៅកាន់វេទិកាប្រព័ន្ធផ្សព្វផ្សាយ ការការពារសេរីភាពនៃការបញ្ចេញមតិ និងការជួបប្រជុំ និងការបង្កើតគណៈកម្មការរៀបចំការបោះឆ្នោតឯករាជ្យ និងមិនលម្អៀងដែលមានសមត្ថភាពដោះស្រាយបណ្តឹងតវ៉ា និងវិវាទនានាក្នុងលក្ខណៈត្រឹមត្រូវ និងទាន់ពេលវេលា»។
មន្ត្រីសម្របសម្រួលជាន់ខ្ពស់នៃអង្គការខុមហ្វ្រែលដែលតាមដានការបោះឆ្នោតនៅកម្ពុជា លោក កន សាវាង្ស ប្រាប់វីអូអេថា អង្គការខុមហ្វ្រែលមិនធ្វើការអង្កេតលើការបោះឆ្នោតព្រឹទ្ធសភានេះឡើយ។ លោកថា ការដែលប្រជាពលរដ្ឋមិនសូវចាប់អារម្មណ៍មកលើការបោះឆ្នោតព្រឹទ្ធសភា ដោយសារតែការបោះឆ្នោតនេះជាការបោះឆ្នោតអសកលដែលមិនមានការចូលរួមពីប្រជាពលរដ្ឋឡើយ ក្រៅពីក្រុមប្រឹក្សាឃុំសង្កាត់ និងតំណាងរាស្ត្រទាំង ១២៥ រូប។
លោកថ្លែងថា៖ «អ៊ីចឹងកន្លែងនេះ គឺថាប្រជាពលរដ្ឋអាចថា មិនសូវចាប់អារម្មណ៍ក៏ថាបានដែរ ដោយសារតែគាត់មិនមែនជាអង្គបោះឆ្នោត ហើយការឃោសនាបោះឆ្នោតហ្នឹងក៏មិនបានទូលំទូលាយដូចការបោះឆ្នោតថ្នាក់ជាតិ ឬថ្នាក់ឃុំសង្កាត់ដែលមានទៅដល់ការឃោសនាអីច្រើនហូរហែរសម្រាប់ទាក់ទាញប្រជាពលរដ្ឋជាទូទៅផងដែរ។ អ៊ីចឹងវាមានទម្រង់លក្ខណៈខុសគ្នាអញ្ចឹង»។
លោកយល់ថា ដោយសារមានការចូលរួមការចូលរួមពីគណបក្សនយោបាយផ្សេងទៀតដែលមានសំឡេងគាំទ្រកាលពីការបោះឆ្នោតឃុំសង្កាត់ និងតំណាងរាស្ត្រក្នុងរដ្ឋសភា ដូច្នេះព្រឹទ្ធសភានឹងមានសំឡេងជំទាស់ មិនដូចពីអាណត្តិមុន ដែលគ្រប់គ្រងទាំងស្រុងដោយគណបក្សប្រជាជនកម្ពុជា។
លោក កន សាវាង្ស បញ្ជាក់ថា៖ «ការជ្រើសរើសសមាជិកព្រឹទ្ធសភានឹងអាចមានការផ្លាស់ប្តូរសមាសភាពដែរ គឺផ្លាស់ប្តូរយ៉ាងម៉េចផ្លាស់ប្តូរត្រង់ថាអាចថាលទ្ធភាពនៃសមាជិកព្រឹទ្ធសភាអាចនឹងមានសមាសភាពមកពីគណបក្សនយោបាយលើសពី ២»។
កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង ក៏លើកឡើងដែរថា បើទោះបីជាព្រឹទ្ធសភាមានតួនាទីក្នុងការពិនិត្យមើលលើការអនុវត្តច្បាប់ក្តី ប៉ុន្តែស្ថាប័នកំពូលមួយនេះមិនបានបង្ហាញពីសកម្មភាពណាមួយ ដែលធ្វើឱ្យពលរដ្ឋចាប់អារម្មណ៍ឡើយ។
កញ្ញាថ្លែងថា៖ «កន្លងមកតួនាទីព្រឹទ្ធសភាហ្នឹងក៏មិនសូវមានជាចំណុចគួរឱ្យចាប់អារម្មណ៍ ឬក៏ជាចំណុចដែលបង្ហាញអំពីភាពសកម្មណាមួយដែលធ្វើឱ្យពលរដ្ឋចាប់អារម្មណ៍ទេ អ៊ីចឹងហើយបានទាក់ទងជាមួយសមាជិក ឬសមាសភាពរបស់ព្រឹទ្ធសភាហ្នឹងពលរដ្ឋហាក់ដូចមិនសូវយកចិត្តទុកដាក់ប៉ុន្មានទេ»។
សម្រាប់កញ្ញា លី ស្រីស្រស់ កញ្ញាមើលឃើញគណបក្សកាន់អំណាចនៅតែបន្តទទួលបានអាសនៈច្រើនជាងគេនៅក្នុងការបោះឆ្នោតព្រឹទ្ធសភានីតិកាលទី ៥ នេះ បើទោះបីជាមានការចូលរួមប្រកួតប្រជែងពីគណបក្សជំទាស់ក៏ដោយ។
គណបក្សភ្លើងទៀនដែលមានសមាជិកក្រុមប្រឹក្សាសរុបប្រមាណ ២.២០០ នាក់ បានជ្រើសរើសគណបក្សឆន្ទៈខ្មែរដែលជាសម្ព័ន្ធរបស់ខ្លួន ដើម្បីចូលរួមការបោះឆ្នោតព្រឹទ្ធសភានេះ ក្រោយគណបក្សភ្លើងទៀនមិនអាចចុះឈ្មោះចូលរួមប្រកួតប្រជែងបាន ដោយសារបញ្ហាបាត់ឯកសារចុះបញ្ជីដើមរបស់គណបក្ស។ សមាសភាពបេក្ខជនទាំង ៨ ភូមិភាគដែលខ្លួនបានដាក់ រួមមានលោក ចេប គឹមអ៊ាង លោក សុក ហាច លោក ចាន់ ចេង លោក សេង ម៉ារឌី លោក ហុង សុខហួរ លោក គង់ មុនីកា លោក គីមសួរ ភីរិទ្ធ និងលោក សុន ឆ័យ។
គណបក្សឆន្ទៈខ្មែររំពឹងថានឹងទទួលបានប្រមាណ ៩ អាសនៈ នៅក្នុងបោះឆ្នោតព្រឹទ្ធសភាខាងមុខ បើតាមអង្គបោះឆ្នោតដែលជាក្រុមប្រឹក្សាជាប់ឆ្នោតដែលខ្លួនមាន។
លោក ប៉ាល កែប ចៅសង្កាត់រងទី ២ ឃុំស្ទឹងវែង ខេត្តកោះកុង និងជាសមាជិករបស់គណបក្សភ្លើងទៀនខេត្តកោះកុង ប្រាប់វីអូអេថា មានភាពមិនប្រក្រតីមួយចំនួនកើតឡើងនៅមុនការបោះឆ្នោត ដូចជាការលួងលោមទិញទឹកចិត្តពីគណបក្សមួយចំនួនជាដើម។
លោកថ្លែងថា៖ «ព្រោះបោះឆ្នោតនេះគេបោះឆ្នោតអសកល យកក្រុមប្រឹក្សាឃុំសង្កាត់ ហើយនិងតំណាងរាស្ត្រនៅក្នុងតួនាទីទៅបោះឆ្នោតឱ្យបេក្ខជនក្នុងគណបក្សរបស់ខ្លួន ដោយមានការអូសទាញពីគណបក្សដទៃ មានការលួងលោម មានការទិញដូរអីមួយចំនួនដែលតែងកើតមានរាល់អាណត្តិ ដែលជាទង្វើមិនគួរគប្បី»។
លោករំពឹងថា គណបក្សឆន្ទៈខ្មែរដែលជាគណបក្សសម្ព័ន្ធមិត្តរបស់គណបក្សភ្លើងទៀនអាចនឹងទទួលបានទាំង៩អាសនៈនៅក្នុងព្រឹទ្ធសភា ទៅតាមចំនួនក្រុមប្រឹក្សាដែលខ្លួនមាន។
លោកថ្លែងថា៖ «ខ្ញុំរំពឹងខ្ពស់ថា ទាំង ៩ ហ្នឹងយើងនៅទទួលបាន និងសង្ឈឹមថា អង្គបោះឆ្នោតទាំងអស់ស្មោះត្រង់ដូចគ្នាទាំងអស់បោះឆ្នោតតាមការសម្រេចរបស់គណបក្សភ្លើងទៀន»។
លោក ម៉ម ប៊ុននាង សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យ ប្រាប់វីអូអេថា ព្រឹទ្ធសភាដើរតួនាទីជាអង្គនីតិបញ្ញតិ្តក្នុងការត្រួតពិនិត្យ និងឱ្យយោបល់ទៅលើច្បាប់នៅពេលដែលរដ្ឋសភាដាក់ស្នើមក។ លោកបន្តថា ព្រឹទ្ធសភាក៏បានដើរតួនាទីក្នុងការពិនិត្យមើលថាតើច្បាប់ដែលបានដាក់ចេញនោះត្រឹមត្រូវសមស្របនឹងតម្រូវការរបស់ប្រជាពលរដ្ឋឬយ៉ាងណា។
ពាក់ព័ន្ធនឹងការបោះឆ្នោតព្រឹទ្ធសភាដែលមិនមានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ លោក ម៉ម ប៊ុននាង លើកឡើងថា បើទោះបីជាការបោះឆ្នោតព្រឹទ្ធសភាមានការចូលរួមពីក្រុមប្រឹក្សាឃុំសង្កាត់ក្តី ប៉ុន្តែសមាជិកព្រឹទ្ធសភាដែលជាប់ឆ្នោតទាំងអស់គឺតំណាងដល់ប្រជាពលរដ្ឋទូទាំងប្រទេស និងធានាថា ច្បាប់ដែលដាក់ចេញនឹងផ្សព្វផ្សាយពេញលេញដល់ប្រជាពលរដ្ឋផងដែរ។
លោកថ្លែងថា៖ «យើងកន្លងមកនេះ នៅពេលប្រជុំពេញអង្គម្តងៗ យើងដាក់ទៅតាមផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ ហ្នឹងហើយទូរទស្សន៍ជាតិ ដើម្បីឱ្យប្រជាពលរដ្ឋលោកជ្រាបថាច្បាប់អីធ្វើអី ហើយស្របនឹងអ្វីដាក់ឱ្យដើម្បីឱ្យប្រជាពលរដ្ឋយល់។ ការបោះឆ្នោតជាអសកលពិតមែនហើយ ប៉ុន្តែយើងមិនមែនតំណាងតែក្រុមប្រឹក្សាឃុំសង្កាត់ទេ សមាជិកព្រឹទ្ធសភាតំណាងឱ្យប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីយើងពិនិត្យដូចខ្ញុំបញ្ជាក់ពីខាងដើមអំបាញ់មិញអ៊ីចឹង គឺយើងយកច្បាប់ទាំងអស់ហ្នឹងទៅផ្សព្វផ្សាយ ហើយនិងជម្រាបជូនគាត់»។
កាលពីកន្លង លោក ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថា លោកនឹងក្លាយជាប្រធានព្រឹទ្ធសភា បន្ទាប់ពីការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាដែលនឹងធ្វើឡើងនៅថ្ងៃទី ២៥ ខែកុម្ភៈខាងមុខនេះ៕
វេទិកាបញ្ចេញមតិ