ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ជំទាស់​ពីរ​ខ្វែង​គំនិត​គ្នា​លើ​ការ​បែងចែក​មណ្ឌល​គ្នា​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ព្រឹទ្ធសភា


រូបឯកសារ៖ ព្រះសង្ឃមួយអង្គនិមន្តដើរកាត់​អគារ​រដ្ឋសភាជាតិ​នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។
រូបឯកសារ៖ ព្រះសង្ឃមួយអង្គនិមន្តដើរកាត់​អគារ​រដ្ឋសភាជាតិ​នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។

គណបក្ស​ភ្លើង​ទៀន​ និង​គណបក្ស​កម្លាំង​ជាតិ​ដែល​ជា​គណបក្ស​ជំទាស់​ ​បន្តខ្វែង​គំនិត​គ្នា​ ក្រោយ​បរាជ័យ​ក្នុង​ជំនួប​ចរចាមួយ​ដើម្បី​បែក​ចែក​ភូមិភាគ​ដល់​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា ​នាថ្ងៃទី ​២៥​ ខែ​កុម្ភៈ។ ​

គណ​បក្ស​ភ្លើងទៀន ​ដែល​មាន​អង្គ​បោះឆ្នោត​ជាង​ពីរពាន់​នោះ​ បាន​លើក​ឡើងថា ​ការ​ចរចា​បែកចែក​ភូមិភាគ ​ដែល​មាន​ចំនួន​សរុប​ប្រាំបី​នេះ​ គឺ​ហួស​ពេល ​ឬ​យឺត​យ៉ាវ។ ​ចំណែកគណ​បក្ស​កម្លាំង​ជាតិ​ ដែល​ជា​គណបក្ស​ថ្មី​ថ្មោង​ ចាត់​ទុក​ថា​ មេដឹក​នាំគណ​បក្ស​ភ្លើង​ទៀនគ្មាន​ឧត្តម​គតិ។ ​

ភាព​ប្រទាញ​ប្រទង់គ្នា​រវាង​គណបក្ស​នៅ​ក្រៅ​រដ្ឋាភិបាល​ទាំង​ពីរនេះ​កើត​ឡើង​ បន្ទាប់​ពី​គណបក្ស​ភ្លើង​ទៀន​ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ធំ​ក្នុង​ប្រទេស​មួយ​នេះ ​នៅតែ​ខកខាន​មិន​អាច​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា ​អាណត្តិ​ទី​ ៥​ នាថ្ងៃទី ​២៥ ​ខែ​កុម្ភៈ​ខាងមុខ​នេះ​បាន ព្រោះគណបក្ស​មិន​មាន​ឯកសារ​គ្រប់គ្រាន់​ក្នុង​ការ​ចុះ​ឈ្មោះ​គណបក្ស​ និង​បញ្ជី​ឈ្មោះ​បេក្ខជន​នៅ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)។

គណបក្ស​ភ្លើងទៀន​បាន​ចេញ​លិខិត​មួយ​កាល​ពីថ្ងៃទី​ ១២ ​ខែកុម្ភៈ ​ដោយបង្ហាញ​លទ្ធ​ផល​នៃជំនួប​ជាមួយគណបក្ស​កម្លាំង​ជាតិ​នោះ​ថា​ ការ​សម្រេច​ចិត្ត​របស់​គណបក្ស​កម្លាំង​ជាតិ​មក​ពិភាក្សា​ជាមួយ​គណបក្ស​ភ្លើងទៀន​ អំពី​ការ​បែង​ចែក​មណ្ឌល​ភូមិភាគ ​គឺ​ហួស​ពេល​ទៅ​ហើយ។ ​ទោះជាយ៉ាងណា​ លិខិត​របស់​គណបក្ស​ភ្លើងទៀន​នេះ​ទើប​យកមក​ផ្សព្វ​ផ្សាយលើ​គណនី​ហ្វេសប៊ុក​របស់​គណបក្ស​ កាល​ពី​ថ្ងៃទី​ ១៨​ ខែ​កុម្ភៈ។​

អគ្គលេខា​ធិការ​គណបក្ស​ភ្លើង​ទៀន ​លោក ​លី សុធារ៉ាយុត្តិ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃចន្ទ​នេះ​ថា ​គណបក្ស​ភ្លើងទៀន ​បង្ហាញ​លទ្ធផល​នៃ​ការ​ចរចា​ដែល​ធ្វើ​ឡើង​កាល​ពីថ្ងៃទី​ ៩​ ខែ​កុម្ភៈ​នោះ ​គឺដើម្បី​បញ្ចៀស​ការ​ភាន់​ច្រឡំ​របស់​សាធារណ​មតិ​ពាក់​ព័ន្ធ​នឹង​ការ​បែង​ចែក​ភូមិភាគ​រវាង​គណបក្ស​ទាំង​ពីរ។​

រូបឯកសារ៖ សកម្មជន និងអ្នកគាំទ្រកំពុងចូលរួមសមាជវិសាមញ្ញគណបក្សភ្លើងទៀន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ សកម្មជន និងអ្នកគាំទ្រកំពុងចូលរួមសមាជវិសាមញ្ញគណបក្សភ្លើងទៀន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ (កាន់ វិច្ឆិកា/វីអូអេ)

មន្ត្រីជាន់​ខ្ពស់​គណបក្ស​ជំទាស់​រូប​នេះ​ បន្ថែម​ថា ​ការ​ពិភាក្សា​បែង​ចែក​ភូមិ​ភាគ​តាម​ការ​ស្នើ​របស់​គណបក្ស​កម្លាំង​ជាតិ ​មិន​អាច​ទៅរួច ​ដោយសារ​តែ​គណ​បក្ស​ភ្លើង​ទៀន​បាន​សម្រេច​ជាផ្លូវការ​រួច​ហើយ ​ក្នុងការ​ជ្រើស​រើស​យក​គណបក្ស​ឆន្ទៈ​ខ្មែរ ​ចុះ​បញ្ជី ​និង​ដាក់​បញ្ជី​បេក្ខជន​សម្រាប់​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា។​

លោកថ្លែង​ថា៖ ​«គណបក្ស​ភ្លើងទៀន​យល់​ឃើញ​ថា ​ការ​សម្រេច​ចិត្ត​មក​ពិភាក្សា​ជា​មួយ​គណបក្ស​ភ្លើង​ទៀន ​អំពី​ការ​បែកចែក​មណ្ឌល​ភូមិភាគ​ គឺមាន​ភាព​យឺត​យ៉ាវ​មែន​ទែន​ បន្ទាប់​ពី​គណបក្ស​ភ្លើងទៀន​បាន​សម្រេច​ជា​ស្ថាពរ​រួច​ហើយ​ថា ជ្រើស​រើស​យក​គណបក្ស​ក្នុង​សម្ព័ន្ធ​ភាព​ឆ្ពោះ​ទៅ​អនាគត​ គឺ​គណបក្ស​ឆន្ទៈខ្មែរ​នេះ​ហើយ»។​

ឆ្លើយ​តប​ទៅ​នឹងមតិមួយ​ចំនួន​ដែល​លើក​ឡើង​ថា ការមិន​បែង​ចែកភូមិ​ភាគ​រវាង​គណបក្ស​ទាំង​ពីរ​អាច​ប៉ះពាល់​លទ្ធផល​បោះឆ្នោត​របស់​គណបក្ស​ជំទាស់​នា​ពេល​ខាង​មុខ​នោះ ​លោក ​លី សុធារ៉ាយុត្តិ ​អះអាង​ថា អង្គ​បោះឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន​ទាំង ​២.១៩៨ ​រូប ​ដែល​ជា​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាប់ឆ្នោត​ឆ្នាំ ​២០២២​ គឺ​ជា​អ្នក​មាន​ភក្តីភាព​ជាមួយ​គណបក្ស​ភ្លើងទៀន ​ដូច្នេះ​សំឡេង​គាំទ្រ​របស់​គណបក្ស​ឆន្ទៈ​ខ្មែរនឹង​មាន​សន្ទុះ​ខ្លាំង​នៅ​ពេល​បោះ​ឆ្នោត។

លោក​ប្រាប់វីអូអេ​ថា៖ «អង្គបោះ​ឆ្នោត​របស់​យើង​បាន​ស្គាល់​បេក្ខជន​របស់​យើង​អស់​ហើយ។​ ហើយ​ថែម​ទាំង​បាន​ស្គាល់​ពី​គណបក្ស​ឆន្ទៈខ្មែរ​ ហើយ​ពួក​គាត់​បាន​យល់​អំពី​គណបក្ស​ឆន្ទៈខ្មែរ​ ហើយ​នៅតែ​បន្ត​ការ​គាំទ្រ​គណ​បក្ស​ឆន្ទៈខ្មែរ​ ហើយ​បេក្ខជន​របស់​គណបក្ស​ឆន្ទៈខ្មែរ។ ​ហើយ​ដឹង​ថា​ បេក្ខជន​គណបក្ស​ឆន្ទៈខ្មែរ​គឺជា​អតីត​ឥស្សរជន​កំពូល​របស់​គណបក្ស​ភ្លើងទៀន»។​

បើតាម​លោក ​លី សុធារ៉ាយុត្តិ ​គណបក្ស​ភ្លើងទៀន ​ក៏​ធ្លាប់​ជជែក​អំពីការ​ចង​សម្ព័ន្ធ​ភាព​ឆ្ពោះទៅ​អនាគត​ជា​មួយ​គណបក្ស​កម្លាំងជាតិ​ផង​ដែរ ​ប៉ុន្តែ​មិន​ទទួល​បាន​ជោគជ័យ​ដូច​គ្នា។​

រូបឯកសារ៖ លោក ស៊ុន ចន្ធី ប្រធានគណបក្ស​កម្លាំង​ជាតិ​ ថ្លែង​នៅ​ក្នុង​ទីស្នាក់ការ​បក្ស រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។ (Facebook/Nation Power Party)
រូបឯកសារ៖ លោក ស៊ុន ចន្ធី ប្រធានគណបក្ស​កម្លាំង​ជាតិ​ ថ្លែង​នៅ​ក្នុង​ទីស្នាក់ការ​បក្ស រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។ (Facebook/Nation Power Party)

ដោយឡែក ​កាលពី​សប្តាហ៍​មុន ​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​ ដែល​កំពុង​និរទេសនៅ​ប្រទេស​បារាំង​ លោក​ សម រង្ស៊ី ​បានថ្លែង​ក្នុងបទ​សម្ភាសន៍​មួយ​ជាមួយ​វិទ្យុ​អាស៊ី​សេរី​ថា បើ​គណបក្ស​ជំទាស់​ក្នុង​ស្រុក​ទាំងពីរ ​មិន​ស្រុះ​ស្រួល​គ្នា ឬ​ធ្វើ​ឱ្យ​មាន​ការ​បែក​បាក់សំឡេង​គ្នា​ ​នោះ​គណបក្ស​តំណាង​ឱ្យ​កម្លាំង​ប្រជា​ធិបតេយ្យ​នឹង​ចាញ់​ការ​បោះឆ្នោត។​

លោក​ថា៖ ​«ឥឡូវ​នេះ ​គេ​ត្រូវ​រ៉ូវគ្នា ​គណ​បក្ស​ទាំង​ពីរ ​គេត្រូវរ៉ូវ​គ្នា ​ពីភូមិ​ភាគ ១ ​ដល់​ភូមិ​ភាគ ៦ ​គឺ​បេក្ខជន​មកពី​គណ​បក្ស​ភ្លើង​ទៀន ​សូម​អង្គ​បោះឆ្នោត​ ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ដែល​មក​ពីគណបក្ស​ភ្លើងទៀន​បោះឆ្នោត​ឱ្យគណបក្ស​ឆន្ទៈខ្មែរ ​ពីព្រោះ​គណបក្ស​ភ្លើងទៀន​មិន​អាច​ឈរ​ឈ្មោះ​បាន គឺ​បេក្ខជន​ឈរ​ក្រោម​ស្លាក​គណបក្ស​ឆន្ទៈ​ខ្មែរ។ ​ហ្នឹង​គឺ​ប្រមូល​សំឡេង​ ​កុំបែក​សំឡេង​ ​តែ​យើង​បែក​សំឡេង​គឺ​យើង​ចាញ់​ ចាញ់​ទាំងអស់។​ គណបក្ស​តំណាង​ឱ្យកម្លាំង​ប្រជា​ធិបតេយ្យ​ចាញ់ទាំង​អស់»។​

ក្រោយ​បរាជ័យ​ក្នុង​ការ​ជជែក​បែង​ចែក​មណ្ឌល​ភូមិ​ភាគសម្រាប់​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា ​ប្រធាន​គណបក្ស​កម្លាំង​ជាតិ ​លោក ​ស៊ុន ចន្ធី ​បាន​ចោទ​មេដឹក​នាំគណ​បក្ស​ភ្លើង​ទៀន​ថា ​គ្មាន​ឧត្តម​គតិ​ ព្រោះ​មិន​មាន​ការ​បែង​ចែក​មណ្ឌល​ឈរ​ឈ្មោះ​ខ្លះ​ឱ្យ​គណបក្ស​របស់​លោក។ ​

លោកថ្លែង​ថា៖ ​«ខ្លឹមសារ​លិខិត​របស់​គណបក្ស​ភ្លើងទៀន​ឆ្លុះ​បញ្ចាំង​ថា ​មេដឹក​នាំ​គណបក្ស​ភ្លើង​ទៀន​គ្មាន​ឧត្តម​គតិ​ពិត​ប្រាកដ​ គ្មាន​មនសិការពិត​ប្រាកដ ​នៅ​ក្នុង​ការ​បង្រួប​បង្រួម​កម្លាំង​អ្នក​ប្រជា​ធិបតេយ្យ​ គ្មាន​ឧត្តម​គតិ​ គ្មាន​មនសិការ​ពិត​ប្រាកដ​ជ្រោង​ទង់​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​នោះ​ទេ»។ ​

លោក​បន្ថែម​ថា៖ ​«ការ​លើក​ឡើង ​គេ​យក​ហេតុផល​ថា ​ហួស​ពេល ​មិន​អាចធ្វើ​កិច្ច​ការ​ងារ​ហ្នឹង​បាន​ទេ។ ​ដូច្នេះ​ការ​លើក​ឡើង​បែប​នេះ​ វាមិន​ត្រឹមត្រូវ​ទេ។​ គ្មានអ្វី​ដែល​អ្នក​នយោបាយ​កែ​ប្រែ​មិន​បាន​ទេ​ បាទ។​ មានតែ​ព្រះ​គុម្ពី ​ធម៌​ទេ ​ដែល​អ្នក​នយោបាយ​មិន​អាច​កែ​ប្រែ​បាន។ ​សូម្បី​តែ​ច្បាប់​ សូម្បីតែ​រដ្ឋធម្មនុញ្ញ​ក៏​អ្នក​នយោបាយ​អាច​កែប្រែ​បាន​ដែរ​ ឱ្យ​តែ​អ្នក​នយោបាយ​មាន​ឧត្តម​គតិ​ក្នុង​ការ​ធ្វើ​កិច្ចការ​ងារ​ហ្នឹង​ពិត​ប្រាកដ»។​

ប្រធាន​គណបក្ស​ដែល​ទើប​បង្កើត​ឡើង​ថ្មី​មួយ​នេះ​ក៏សម្តែង​ការ​សោក​ស្តាយ​ចំពោះ​លទ្ធផល​នៃ​ការ​ជំនួប​នា​ពេល​នេះ ​ប៉ុន្តែ​លោក​សង្ឃឹម​ថា ​គណបក្ស​កម្លាំងជាតិ ​និង​គណបក្ស​ភ្លើងទៀន​នឹង​អាច​មាន​ជំនួប​ជា​បន្ត​បន្ទាប់​ទៀត ​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា ​និង​បន្ទាប់​ពី​គណបក្ស​ភ្លើងទៀន​ប្រឈម​នឹងបរាជ័យ​ជា​លើក​ទី ២។ ​

បើ​តាម​លោក​ ស៊ុន ចន្ធី ​គណបក្ស​កម្លាំង​ជាតិ​នៅ​តែ​រក្សា​ជំហរ​ ធ្វើ​សកម្ម​ភាព​រក​សំឡេង​គាំទ្រ​ពី​អង្គ​បោះឆ្នោត​ទាំង​អស់​ សម្រាប់​ភូមិ​ភាគ ​៧ ​និង​ភូមិ​ភាគ ​៨​ ដោយ​មិន​ផ្តេក​ផ្តួល​ទាំង​ស្រុង​លើអង្គ​បោះឆ្នោត​របស់​គណបក្ស​ភ្លើងទៀន។ ​

ថ្ងៃទី ​២៥​ ខែ​កុម្ភៈ​ខាមុខ ​គឺ​ជា​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​ ដោយអង្គ​បោះ​ឆ្នោត​សរុប​ចំនួន ​១១.៧៤៧​នាក់ ​ដែល​ជា​តំណាង​រាស្ត្រ​ក្នុង​តំណែង​ និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ទាំង​អស់​ក្នុង​តំណែង​ នឹង​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធ​សភា​ចំនួន​សរុប ​៦២ ​នាក់។ ​

ការ​ខក​ខាន​មិន​បាន​ចូល​រួម​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០២៣ ​របស់​គណបក្ស​ភ្លើង​ទៀន​បាន​ធ្វើ​ឱ្យ​គណបក្ស​កាន់​អំណាច​ដណ្តើម​បាន​អាសនៈ​ចំនួន​ ១២០ ​នៅ​រដ្ឋសភា។​ គណ​បក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច​ទទួល​បាន ​៥ ​អាសនៈ​ពី​ការ​បោះឆ្នោត​ដែល​ត្រូវ​ប្រទេសលោក​សេរី​មួយ​ចំនួន​រិះគន់​ថា​ មិន​មាន​លក្ខណៈ​យុត្តិធម៌​សម្រាប់​រាល់​គណបក្ស​នយោបាយ​ នៅ​ពេល​គណបក្ស​ប្រឆំាង​ធំ​មួយ ​គឺ​គណបក្ស​ភ្លើងទៀន​ត្រូវបាន​គេ​ផាត់​ចេញ​ពី​បញ្ជី​ឈរ​បោះ​ឆ្នោត៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG