ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​កម្ពុជា-ថៃ​ព្រមព្រៀង​គ្នា​បង្ក្រាប​ល្បែង​ស៊ីសង​ ​និង​ការ​ឆបោក​ឆ្លងដែន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត


រូប​ឯកសារ៖ អ្នក​រត់​ម៉ូតូ​ឌុប​រង់ចាំ​ភ្ញៀវ​នៅ​ខាង​ក្រៅ​កាស៊ីណូ Genting Crown ក្នុង​ក្រុង​ប៉ោយប៉ែត ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១២។ ការ​ភ្នាល់​បាល់​គឺ​ជាល្បែង​ស៊ីសង​ខុស​ច្បាប់​នៅ​កម្ពុជា ប៉ុន្តែ​ភ្ញៀវ​ដែល​មក​លេង​នៅ​កាស៊ីណូ​នេះ មិន​បាន​ដឹង​នោះ​ទេ។ (AP)
រូប​ឯកសារ៖ អ្នក​រត់​ម៉ូតូ​ឌុប​រង់ចាំ​ភ្ញៀវ​នៅ​ខាង​ក្រៅ​កាស៊ីណូ Genting Crown ក្នុង​ក្រុង​ប៉ោយប៉ែត ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១២។ ការ​ភ្នាល់​បាល់​គឺ​ជាល្បែង​ស៊ីសង​ខុស​ច្បាប់​នៅ​កម្ពុជា ប៉ុន្តែ​ភ្ញៀវ​ដែល​មក​លេង​នៅ​កាស៊ីណូ​នេះ មិន​បាន​ដឹង​នោះ​ទេ។ (AP)

រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បាន​ព្រមព្រៀង​ជាមួយ​នឹង​អាជ្ញាធរ​ទីក្រុង​បាងកក​ប្រទេស​ថៃ​ដើម្បី​សហការ​ទប់ស្កាត់​និង​បង្ក្រាប​ការ​លេង​ល្បែង​ និង​ការ​ឆបោក​ប្រាក់​ឆ្លង​ដែន​តាម​ប្រព័ន្ធ​អ៊ីនធើណិត​ ​តាម​រយៈ​វិធាន​ការ​មួយ​ចំនួន​ និង​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​(MoUs)​ដើម្បី​បញ្ចៀស​ការ​ខាត​បង់​សេដ្ឋ​កិច្ច​គ្រួសារ​របស់​ប្រជាជន​នៃ​ប្រទេស​ដែល​មាន​ភូមិ​ផង​របង​ជា​មួយ​គ្នា​នេះ។ ​

បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​កាសែត​បាងកក​ប៉ុស្តិ៍​ (Bangkok Post) ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​៣១ ​ខែ​មករា​ឆ្នាំ​២០២២​នេះ ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ បាន​ឯក​ភាព​គ្នា​លើ​វិធាន​ការ​ចំនួន​បួន​ ​ដែល​រួម​មាន ​ការ​បង្កើត​បណ្តាញ​ទំនាក់​ទំនង​គោល​សម្រាប់​អាជ្ញាធរ​ប្រទេស​ទាំង​ពីរ​តាម​ដាន​ជន​សង្ស័យ​ ​ ការ​ចែក​រំលែក​ព័ត៌មាន​ពាក់​ព័ន្ធ​ សំឡេង​ឆ្លើយឆ្លង​គ្នា​តាម​បណ្តាញ​អ៊ីនធឺណិត​(VOIP)​ អាសយដ្ឋាន​អ៊ីនធឺណិត​ IP ​ និង​កំណត់​ត្រា​ទំនាក់​ទំនង​របស់​ជន​សង្ស័យ​ ការ​បង្កើត​ក្រុម​បង្ក្រាប​ក្នុង​ប្រទេស​ទាំង​ពីរ ​និង​ ការ​ដាក់​ចេញ​អនុស្សរណៈ​យោគ​យល់គ្នា​(MoUs)។​

ការ​ដាក់​ចេញ​វិធាន​ការ​ស្នូល​បួន​ខាង​លើ​កើត​មាន​ឡើង​បន្ទាប់​ពី​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ឌីជីថល​និង​សង្គម​របស់​ប្រទេស​ថៃ ​គឺ​លោក ​Chaiwut Thanakamanusorn​ និង​រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​កម្ពុជា ​លោក ​ជា ​វ៉ាន់ដេត ​តាម​រយៈ​វីដេអូ​អនឡាញ។

លោក​ Chaiwut ​ ត្រូវ​បាន​កាសែត​បាងកក​ប៉ុស្តិ៍​ដកស្រង់​សម្តី​ថា៖ ​«ទីតាំង​ប្រតិបត្តិ​ការ​ផ្ទេរ​ប្រាក់​ត្រូវ​បាន​គេ​តាម​ដាន​ឃើញ​ថា កើត​មាន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​និង​ក្រុង​ព្រះ​សីហនុ​របស់​ប្រទេស​កម្ពុជា​ ដែល​ជា​កន្លែង​លាង​លុយ ដោយ​ផ្លាស់​ប្តូរ​ទៅ​ជា​រូបិយ​បណ្ណ​រូប​វន្ត ​និង​ឌីជីថល»។​

លោក ​Chaiwut ​អះអាង​ថា ​ជន​រងគ្រោះ​នៅ​ប្រទេស​ថៃ​បាន​ខាត​បង់​លុយ​រាប់​រយ​លាន​បាត​ក្នុង​ទម្រង់​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ ការ​វិនិយោគ ​និង​ការ​លេង​ល្បែង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។​

អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ លោក​នាយ​ឧត្តម​សេនីយ៍​ ខៀវ​ សុភ័គ​ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​ថាកម្ពុជា​តែង​តែ​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​ល្អ​ ទាំង​ពហុ​ និង​ទ្វេភាគី​ជា​មួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ និង​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​ និង​ជា​មួយ​ប្រទេស​ជិត​ខាង​ជា​និច្ច​ ដើម្បី​បង្ក្រាប​បទ​ល្មើស​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន ​ដែល​កើត​មាន​នៅ​ក្នុង​ប្រទេស​នីមួយៗ។​

លោក​បាន​មាន​ប្រសាសន៍​ថា៖ ​«ជា​ការណ៍​ពិត​ណាស់​ រាល់​បទ​ល្មើស​ឆ្លង​ដែន​ មិន​អាច​មាន​ប្រទេស​ណាមួយ​ ថា​ គ្មាន​នោះ​ទេ​...​ជា​ពិសេស​បទ​ល្មើស​លាង​លុយ​បច្ចេក​វិទ្យា ​ឬ​លាង​លុយ​អី​ផ្សេងៗ​ស្ថិត​ក្នុង​បទ​ល្មើស​ឆ្លង​ដែន​នេះ ​ដែល​ហៅ​ថា transnational crime [ឧក្រិដ្ឋកម្ម​ឆ្លងដែន]។ ​ប៉ុន្តែ​ការ​អនុវត្ត ​ការ​បង្ក្រាប​ ការ​ស៊ើប​អង្កេត​បទ​ល្មើស​នេះ ​គឺ​យើង​មាន​យន្តការ​ទ្វេ​ភាគី​ រវាង​ប្រទេស​និង​ប្រទេសទាំង​ពហុ​ភាគី ​ក្នុង​តំបន់​ ឧទាហរណ៍​នៅ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន»។​

វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​មន្ត្រី​នាំ​ពាក្យ​ពីរ​រូបនៃ​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរ​គមនា គមន៍​គឺ​លោក​ មាស ប៉ូ ​និង​លោក ​សូ វិសុទ្ធី ​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។​

អភិបាល​រង​រាជធានី​ភ្នំពេញ​លោក​ កើត​ ឆែ​ បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ ដោយ​បាន​បង្វែរ​សំណួរ​ទៅ​ស្ថាប័ន​ជំនាញ​វិញ។​ ដោយ​ឡែក​ អ្នក​នាំ​ពាក្យ​ទូរ​គមនាគមន៍​កម្ពុជា​ លោក​ អូក​ ដូរ៉ានី ​មិន​ទាន់ឆ្លើយ​តប​សំណួរ​របស់​សំឡេង​សហ​រដ្ឋ​អាមេរិក​ទេ​គិតត្រឹម​រសៀល​ថ្ងៃ​ពុធ​នេះ។

ចំណែក​អ្នក​នាំ​ពាក្យ​រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ​ លោក​ ឃាង ភារម្យ​ បាន​ប្រាប់​វីអូអេ​ថា រដ្ឋបាល​ខេត្ត​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​ករណី​លាង​លុយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នោះ​ទេ។ ​ ប៉ុន្តែ​លោក​ថា ប្រសិន​បើ​ការ​ប្រព្រឹត្ត​បទ​ល្មើស​បច្ចេក​វិទ្យា​ណា​មួយ​ត្រូវ​បាន​រក​ឃើញ​នោះ​ ​នោះ​មន្ត្រី​ជំនាញ​ខេត្ត​នឹង​ចាត់​ការ​តាម​វិធាន​ការ​ច្បាប់។​

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ​លោក ​ប៉ិច ពិសី ​ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​បង្ក្រាប​ល្បែង​ស៊ីសង​និង​ការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ឲ្យ​មាន​ប្រសិទ្ធ​ភាព ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ និង​ប្រជាជន​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់។​

លោក​បាន​ប្រាប់​វីអូអេ​បន្ត​ថា ការ​បង្ក្រាប​បទល្មើស​បច្ចេក​វិទ្យា​ឆ្លងដែន​នេះ​ អាច​ទទួល​បាន​ជោគជ័យ​ ប្រសិន​បើ​រដ្ឋាភិបាល​ខ្មែរ​មាន​ឆន្ទៈ​ពិតប្រាកដ​ រួមគ្នា​ជាមួយ​អាជ្ញាធរ​ថៃ​ដើម្បី​កំណត់​មុខ​សញ្ញា​ជន​សង្ស័យ​ក្នុង​ប្រទេស​ជិត​ខាង​ទាំង​ពីរ​នោះ។ ​

លោក​និយាយ​ថា៖​ «អ៊ីចឹង​ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ការ​ទាំង​ប៉ុន្មាន​ឲ្យ​បាន​ផល​ទៅ​ ខ្ញុំ​គិត​ថា​ យើង​អាច​កាត់​បន្ថយ​បញ្ហា​នេះ​បាន​ហើយ»។​

លោក​បន្ថែម​ថា៖ ​«ជា​កាតព្វ​កិច្ច​កម្ពុជា​ក្នុង​ការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធ​ភាព។ ​ ហើយ​បើ​យើង​ថា​ មាន​ច្បាប់​កំណត់​ថា​ បិទ​ល្បែង​ យើង​ត្រូវ​តែ​បិទ​ មិន​គួរ​ឲ្យ​មាន​កើត​ឡើង​នៅ​ក្នុង​ដែន​ដី​កម្ពុជា ​ដែល​យើង​បាន​កំណត់​ថា​ យើង​បាន​បិទ​ល្បែង​[អន​ឡាញ]។ អ៊ីចឹង​គួរតែ​បិទ។ ហើយ​ការ​ស្រាវជ្រាវ​ដូច​មិន​ពិបាក​ទេ។​ ប្រតិបត្តិ​ការ​ល្បែង​ ភាគ​ច្រើន​យើង​ឃើញ​ធ្វើ​ដោយ​ជនជាតិ​ចិន​នៅ​កាឡុក​កាលៀត។ ​កន្លែង​គាត់​រស់​នៅ​ច្រើន​ ឃើញ​មាន​បញ្ហា​ច្រើន។ ​ អ៊ីចឹង​ទាម​ទារ​ឲ្យ​អាជ្ញាធរ​ធ្វើការ​ឲ្យ​មាន​ប្រសិទ្ធភាព​យើង​អាច​បង្ក្រាប​បញ្ហា​នេះ​[បាន]»។​

គួរ​រំឭក​ផង​ដែរ​ថា ​ កាលពី​ខែ​សីហា​ឆ្នាំ​២០១៩​ រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ បាន​ចេញ​សារាចរ​មួយ​ក្នុង​ការ​ពង្រឹង​ការ​គ្រប់​គ្រង ​និង​បញ្ឈប់​ការ​ផ្តល់​អាជ្ញា​បណ្ណ​ឲ្យ​ប្រកប​អាជីវកម្ម​ល្បែង​ភ្នាល់​តាម​ម៉ាស៊ីន​អេឡិច​ត្រូនិច ​តាម​រយៈ​បណ្តាញ​អ៊ីនធឺណិត​ក្នុង​ និង​ក្រៅ​ប្រទេស។​

ការណ៍​នេះ​បណ្តាល​ឲ្យ​ជន​ជាតិ​ចិន​ជា​ច្រើន​ដែល​រក​ស៊ី​តាម​ប្រព័ន្ធ​អនឡាញ​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​របស់​ខ្លួនវិញ ​ជា​ពិសេស​ពី​ខេត្ត​ជាប់មាត់​សមុទ្រ​គឺ​ខេត្ត​ព្រះ​សីហនុ​ ដែល​សម្បូរ​ទៅ​ដោយ​បន​ល្បែង​ស៊ីសង ​ឬ​កាស៊ីណូ។​

លោក​ហ៊ុន សែន ​បាន​ចាត់​ទុក​ថា​ល្បែង​អនឡាញ​«បង្ក​ផល​ប៉ះ​ពាល់​ដល់​សន្តិសុខ​សណ្ដាប់ ​ធ្នាប់​សាធារណៈ​ និង​របៀប​រៀប​រយ​សង្គម»​ ហើយ​បាន​ដាក់​បទ​បញ្ជា​ឲ្យ​អាជ្ញាធរ​បិទ​ល្បែង​អនឡាញ​នេះ​ឲ្យ​បាន​«ម៉ឺង​ម៉ាត់» ​និង​មាន​«ប្រសិទ្ធ​ភាព​ខ្ពស់»៕

XS
SM
MD
LG