ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន៖​ សណ្ឋាគារ​និង​កាស៊ីណូ​ចិន​៥​រំលោភ​ដី​ឆ្នេរ​សមុទ្រ​កំពង់សោម


ទិដ្ឋភាពសណ្ឋាគារ ​Novotel Holiday Palace Hotel ចម្ងាយ​​១៦ម៉ែត្រពីកម្រិតទឹកជោរ នៅខេត្តព្រះសីហនុ។ (រូបភាពដោយចលនាមាតាធម្មជាតិ)
ទិដ្ឋភាពសណ្ឋាគារ ​Novotel Holiday Palace Hotel ចម្ងាយ​​១៦ម៉ែត្រពីកម្រិតទឹកជោរ នៅខេត្តព្រះសីហនុ។ (រូបភាពដោយចលនាមាតាធម្មជាតិ)

សណ្ឋាគារ និង​កាស៊ីណូ ចំនួន​៥​របស់​អ្នកវិនិយោគទុនចិនដែល​ខ្លះ​កំពុង​សាងសង់​និង​ខ្លះ​កំពុង​តែ​ធ្វើ​ប្រតិការលើ​ឆ្នេរក្នុង​ក្រុង​ព្រះសីហនុ ត្រូវបាន​ក្រុម​អ្នក​បរិស្ថាន​ចោទថាបានសាង​សង់​ឡើង​ដោយ​រំលោភ​ច្បាប់​និង​បំពុល​បរិស្ថាន​តំបន់​សមុទ្រ​កម្ពុជា​ ដែល​អាច​ប៉ះពាល់​ដល់​ទេសចរណ៍​ផងដែរ។​

ក្រុម​សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​បាន​រកឃើញ​ថា​ អគារ​ទាំង៥​ស្ថិត​នៅលើ​ឆ្នេរ​សមុទ្រ​ឯករាជ្យ​នៃ​ក្រុងព្រះសីហនុ​គឺ​បាន​សាងសង់​ឡើង​ដោយ​ខុស​នឹង​ច្បាប់​ភូមិបាល​និង​សារាចរណ៍​ណែនាំ​ដែល​មិន​ឱ្យ​សាងសង់​សំណង់​នានា​នៅចម្ងាយ​តិច​ជាង​១០០ម៉ែត្រ​នៃ​ចំណុច​ទឹកជោរ​នៃ​ទឹក​សមុទ្រ​ឡើយ។​

តាម​រយៈ​ឃ្លីប​វីដេអូ​ខ្លីមួយ​សកម្មជន​បរិស្ថាន​គឺ​លោក ​លី ចាន់ដារ៉ាវុធ ​បាន​រៀបរាប់​ថា អគារ​ចំនួន​៥​កំពុង​សាងសង់មានដូច​ជាសណ្ឋាគារ​និង​កាស៊ីណូ​Xinhaohui Palace Casino & Hotelដែល​មាន​ចម្ងាយ​ពី​ឆ្នេរសមុទ្រ​ ឬ​ពាក្យ​បច្ចេកទេស​ហៅថា​កម្រិត​ទឹកជោរ​ត្រឹម​១៩ម៉ែត្រ អគារ​ឈ្មោះ​ Blue Bay មាន​ចម្ងាយ​តែ​៥៥ម៉ែត្រ សណ្ឋាគារ​និង​កាស៊ីណូ​Sunshine Bay Casino & Hotel ​ចម្ងាយ​៤៥​ម៉ែត្រ​សណ្ឋាគារ ​Novotel Holiday Palace Hotel ចម្ងាយ១៦ម៉ែត្រ និង​អគារ​កាស៊ីណូ Holiday Palace ចម្ងាយ​ត្រឹម​តែ​១៨​ម៉ែត្រ​តែប៉ុណ្ណោះ‍។​

លោក​លី ចាន់ដារ៉ាវុធ​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា ការ​សាងសង់​រំលោភ​ច្បាប់នេះ​មាននៅ​ច្រើន​កន្លែង​ប៉ុន្តែ​ក្រុម​អ្នកបរិស្ថាន​គ្រាន់តែ​លើក​យក​ឧទាហរណ៍​ខ្លះ​នៃ​ឆ្នេរ​មួយ​កន្លែង​តែប៉ុណ្ណោះ។

លោក​បាន​បន្ថែម​ថា៖

«អគារ​ដែល​ខុសច្បាប់​មិនមែន​មានតែ​នៅ​ឆ្នេរឯករាជ្យ​ចំនួន​៥​ហ្នឹងទេ​ វា​មាន​នៅឆ្នេរ​ច្រើនទៀត​ដែល​គេ​បាន​សង់​អគារ​ទៅលើ​ដីឆ្នេរ​ហ្នឹង ហើយ​វា​ផ្ទុយ​អំពី​សារាចរណ៍​ណែនាំ​ស្តី​អំពី​ការ​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​ផង​ ខុស​ពី​ច្បាប់​ភូមិបាល​ផង​ដែល​បញ្ជាក់​ថា​ដីឆ្នេរ​សមុទ្រ​ជា​ដីសាធារណៈ ​ហើយ​មិនត្រឹម​តែប៉ុណ្ណឹង​មាន​អគារ​ខ្លះ​វាសង់​ហើយ​ អគារ​ខ្លះ​មិន​ទាន់​សង់​វា​បង្ហូរទឹកលូ​ចូល​ក្នុង​សមុទ្រ ដែល​ប៉ះពាល់​ដល់​បរិស្ថាន‍»។

ការ​សាងសង់​សំណង់​អគារ​នៅលើ​ដីឆ្នេរសមុទ្រដែល​ជា​ដី​សាធារណៈ​គឺ​ផ្ទុយ​ទៅនឹង​ច្បាប់​ភូមិបាល​ ហើយ​ត្រូវ​ផ្តន្ទាទោស​ដោយ​ពិន័យ​ជា​ទឹកប្រាក់​រហូតដល់​៥០លានរៀល និង​ត្រូវ​ជាប់ពន្ធនាគារ​រហូត​ដល់​ទៅ​៥ឆ្នាំ។ នេះ​បើ​តាម​មាត្រា​២៥៩នៃ​ច្បាប់​ភូមិបាល​ដែល​ដាក់​ឱ្យ​ប្រើ​ប្រាស់​ក្នុង​ឆ្នាំ​២០០១។ សកម្មជន​បរិស្ថាន​ លី ចាន់​ដារ៉ាវុធ​ ដែល​ជា​អ្នកដឹកនាំ​ការស្រាវជ្រាវ​នេះ​បាន​ចោទ​សួរទៅ​ក្រសួង​គ្រប់គ្រង​ដែនដី​និង​នគរូបនីយកម្ម​របស់​លោក​ជា សុផារ៉ា តាម​រយៈ​ឃ្លីប​វីដេ​អូ​ថា៖

«ឯកឧត្តមជា សុផារ៉ា ខណៈ​ដែល​ឯកឧត្តម​ធ្លាប់​មាន​ភាព​ស្វាហាប់​ក្នុងការ​បណ្តេញ​ប្រជាជន​ចេញ​ពី​តំបន់​ឆ្នេរ​ចាប់តាំង​ពី​ឆ្នាំ​២០១៦​មក​ដោយ​ចោទ​ប្រកាន់​ថា ​ពួកគាត់​បាន​រំលោភ​យក​ដីឆ្នេរ​ខុសច្បាប់​ដូច្នេះ​ខ្ញុំ​មាន​សំណួរ​សួរ​មក​កាន់​ឯកឧត្តម​ថា​ តើមូលហេតុអ្វី​បាន​ជា​អនុញ្ញាត​ឱ្យ​មាន​ការ​សាងសង់​អគារ​ទាំងនេះ​ជា​បន្តបន្ទាប់​នៅលើ​ដី​សាធារណៈ​របស់​យើង​ទាំងអស់​គ្នា?​ប្រហែល​នេះ​គឺជា​ការ​អសមត្ថភាព​របស់​ឯកឧត្តម​នៅក្នុង​ការគ្រប់គ្រង ​ឬ​ក៏ជា​ការ​ឃុបឃិត​គ្នា​ក្នុង​ការ​លក់​ឆ្នេរសមុទ្រ​របស់​យើង‍?»

វីដេអូខ្លី​ដែល​បង្ហាញ​ពី​សំណង់​ទាំង​៥ មាន​រយៈពេល​២នាទីនិង៣៩វិនាទី​ ត្រូវ​បាន​ចលនា​មាតា​ធម្មជាតិ​បង្ហោះ​តាំង​ពីថ្ងៃ​ទី​២៦ ខែ​មិថុនានិង​ត្រូវបាន​ចែករំលែក​បន្ត​ជាង​២៦.០០០ដង គិតត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ ទី​៤ ខែ​កក្កដា​ ប៉ុន្តែ​នៅ​មិន​មាន​ការ​ឆ្លើយតប​ជា​ផ្លូវការ​ណាមួយ​ពី​ក្រសួង​ ឬ​មន្ត្រី​ពាក់​ព័ន្ធ​នៅ​ឡើយទេ។​

លោក​សេង ឡូត អ្នក​នាំពាក្យ​ក្រសួង​គ្រប់គ្រង​ដែនដី​ និង​នគរូបនីយកម្ម មិន​បាន​ឆ្លើយ​តប​អ្វីទេ​នៅ​ពេល​ដែល​វីអូអេ​បាន​ព្យាយាម​សួរ​លោក​តាម​ទូរស័ព្ទ​ជាច្រើន​សារ​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ។ រីឯ​មន្ត្រី​ជំនាញ​ដទៃ​ទៀត​នៅ​ក្នុង​ក្រសួង​នេះ​មិន​បាន​លើកទូរស័ព្ទ​ ដែលវីអូអេ​តាម​ទាក់ទង​ជា​បន្តបន្ទាប់។

ក្តី​បារម្ភ​ពី​សុវត្ថិភាព​អគារ​ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​របស់​ចិន​កើត​មាន​ឡើង​ជា​សាធារណៈក្រោយពី​មាន​ក្រោយ​ហេតុការណ៍​បាក់​រលំ​អគារ​កម្ពស់​៧ជាន់​ក្នុង​ខេត្ត​ព្រះសីហនុដែល​បាន​សម្លាប់​មនុស្ស​២៨​នាក់ កាលពី​ខែ​មិថុនា​កន្លង​ទៅ​នេះ ហើយ​រដ្ឋាភិបាលកម្ពុជា​បាន​បង្កើត​គណៈកម្មការ​ពិសេស​មួយដើម្បី​ពិនិត្យ​មើល​សំណង់​ដែល​កំពុង​សាងសង់និង​អគារ​ដែលត្រូវ​បាន​សាងសង់​រួច​ក្នុង​ខេត្ត​ព្រះសីហនុដើម្បី​វាយ​តម្លៃ​ថា សំណង់​ទាំង​នោះ ត្រូវ​បាន​សាងសង់​ដោយ​មាន​ច្បាប់និង​មាន​គុណភាព​ឬ​យ៉ាងណា។

លោក​ឃាង ភារម្យ អ្នក​នាំពាក្យ​សាលា​ខេត្ត​ព្រះសីហនុ មិនអាច​ធ្វើ​អត្ថាធិប្បាយ​លើ​សំណង់​ទាំង​ប្រាំ​ដែល​ក្រុម​សកម្មជន​បាន​បង្ហាញ​ទេ ដោយ​លោក​បញ្ជាក់​ថា​ទំហំ​សំណង់​នេះ​គឺ​ហួស​ពី​ការអនុញ្ញាតរបស់​អាជ្ញាធរខេត្ត។

លោក​បាន​ពន្យល់​ថា៖

«...ចាប់ពី​៣០០០ម៉ែត្រការ៉េ​ទៅដល់​កម្រិត​ក្រសួង កម្រិត​ថ្នាក់​ជាតិ​ អីចឹង​ក្នុង​ករណីនេះ​ ក៏​ខ្ញុំ​ពិបាក​ក្នុងការ​បកស្រាយ​ដែរ​គ្រាន់តែ​ថា​សំណង់​ជាទូទៅ​ធំៗ​ទាំង៥​ដែល​គាត់​បង្ហោះ​ហ្នឹង​ គឺ​កម្រិត​ថ្នាក់​ជាតិ​ហើយ​មិន​មែន​កម្រិត​ថ្នាក់​ខេត្ត​ទេ​សម្រាប់​ការ​ចេញ​ច្បាប់​អនុញ្ញាត​សាងសង់‍»។​

លោក​ឃាង ភារម្យ​ បាន​បន្ថែម​ថា​ អាជ្ញាធរ​ខេត្ត​មិន​អាច​ជំទាស់​នឹង​ការ​សម្រេច​របស់​ថ្នាក់​ជាតិ​បាន​ឡើយ​ បើ​ទោះបីជា​សំណង់​ខ្លះ​សម្រេច​ដោយ​ខុស​ច្បាប់​ក៏ដោយ៖

«យើង​អាច​ត្រឹមតែបាន​លើក​យោបល់​ ប៉ុន្តែ​ជាក់ស្តែង​ជាទូទៅ​កាលណា​ថ្នាក់​លើ​សម្រេច​ហើយ​ជា ច្បាប់​ហើយ​ គឺ​មានន័យ​ថា​គោរព​តាម‍»។​

អាជ្ញាធរ​ខេត្ត​បាន​បញ្ជាក់​ថា​ ពួកគេ​រង់ចាំ​ការ​វាយតម្លៃ​របស់​គណៈកម្មការ​ពិសេស​ដែលទើប​បង្កើត​ឡើង​នេះ​ដើម្បី​ចាត់ការ​បន្ត​ទៀត៕

XS
SM
MD
LG