នៅព្រឹកថ្ងៃពុធនេះ តុលាការកំពូលបានសម្រេចឲ្យលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បង់សំណងជំងឺចិត្តទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនចំនួន១លានដុលា្លរអាមេរិកពីបទបរិហារកេរ្តិ៍។ នេះបើតាមការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់តុលាការកំពូល។
កាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០១៨ លោក ហ៊ុន សែនបានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងលោក សម រង្ស៊ីពីបទបរិហារកេរ្តិ៍ជាសាធារណៈ ក្រោយពីលោក សម រង្ស៊ី អតីតប្រធានបក្សជំទាស់ ដែលកំពុងរស់នៅនីរទេសឯក្រៅប្រទេស បានថ្លែងតាមបណ្តាញអ៊ីនធឺណិត ទៅកាន់សកម្មជនរបស់លោក ដោយនិយាយថា លោក ហ៊ុន សែនសូកប៉ាន់កញ្ញា ធី សុវណ្ណថា សកម្មជននយោបាយម្នាក់ចំនួន១លានដុល្លារ ជាថ្នូរនឹងការវាយប្រហារគណបក្សប្រឆាំង បន្ទាប់ពីនាងឈប់គាំទ្រគណបក្សសង្គ្រោះជាតិ ហើយងាកមកស្និទ្ធនឹងលោកហ៊ុន សែន។
ក្រោយការប្តឹងនោះ ទាំងសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍បានសម្រេចឲ្យលោកសម រង្ស៊ីចាញ់ក្តីជាបន្តបន្ទាប់ ដោយតម្រូវឲ្យលោកសម រង្ស៊ីបង់សំណងចូលរដ្ឋចំនួន១០លានរៀល និងបង់សំណងជំងឺចិត្តដល់លោកហ៊ុន សែនចំនួន៤ពាន់លានរៀល ឬស្មើនឹង១លានដុលា្លរសហរដ្ឋអាមេរិក។
លោកអ៊ុក គឹមសិទ្ធិ អ្នកនាំពាក្យតុលាការកំពូលប្រាប់ VOA នារសៀលថ្ងៃពុធនេះថា ការសម្រេចរបស់តុលាការកំពូលដែលតម្រូវឲ្យលោកសម រង្ស៊ីបង់សំណងជំងឺចិត្តដល់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនចំនួន១លានដុល្លារនេះគឺជាការសម្រេចបិទផ្លូវតវ៉ា។ លោកបន្ថែមថា ភាគី ដែលជាដើមបណ្តឹង អាចប្តឹងទៅសាលាដំបូងដើម្បីឲ្យចុងចោទបង់សំណងនោះ។
លោកមានប្រសាសន៍ថា៖
«ជាគោលការណ៍ សាលដីកាចូលជាស្ថាពរហើយ ឯការអនុវត្តគឺភាគីដែលទទួលបានការសម្រេចរបស់តុលាការកំពូល គាត់អាចប្តឹងសុំឲ្យអនុវត្តសាលដីកានេះបាន។ អាហ្នឹងអាស្រ័យលើការប្តឹងសុំរបស់មេធាវីភាគីឈ្នះក្តី។ លោកប្តឹងទៅតុលាការ ព្រះរាជអាជ្ញានៃតុលាការជាន់ទាបដើម្បីអនុវត្តប្តឹងចំពោះសាលដីកាតុលាការកំពូល»។
VOA បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយពីលោក សម រង្ស៊ី និងមេធាវីការពារក្តីរបស់លោកគឺលោកសំ សុគង់ តែរហូតមកដល់ល្ងាចថ្ងៃពុធនេះមិនទាន់មានការឆ្លើយតបនៅឡើយ។
កាលពីថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០១៨ ចៅក្រមសាលាដំបូងរាជធានីលោករស់ ពិសិដ្ឋ បានចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ននូវទ្រព្យសម្បត្តិជាដី និងអគារ មានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញដើម្បីទាមទារឲ្យលោកសម រង្ស៊ី ដែលជាម្ចាស់ដី និងអគារ បង់សំណងជំងឺចិត្តជាង១លានដុល្លារពាក់ព័ន្ធនឹងបណ្តឹងបរិហារកេរ្តិ៍នាពេលកន្លងមក។ ចៅក្រមអះអាងថា ការសម្រេចនោះធ្វើឡើងដោយយោងលើពាក្យសុំដីកាសម្រេចរក្សាការពាររបស់អ្នកតំណាងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលជាម្ចាស់បំណុល ដោយថា ពួកគេព្រួយបារម្ភខ្លាចមិនអាចទទួលបានការសងជំងឺចិត្ត។
VOA បានទាក់ទងសុំការអត្ថាធិប្បាយពីលោកគី តិច មេធាវីការពារក្តីឲ្យលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ប៉ុន្តែលោកប្រាប់ថា កំពុងជាប់រវល់ចូលរួមមហាសន្និបាតគណបក្សប្រជាជនកម្ពុជា។
ក្រៅពីការកាត់ទោសពាក់ព័ន្ធនឹងការប្តឹងបរិហារកេរ្តិ៍លោក ហ៊ុន សែន លោក សម រង្ស៊ីក៏ត្រូវបានតុលាការកំពូលបញ្ជាឲ្យបង់សំណងជំងឺចិត្តដល់លោកហេង សំរិន ប្រធានរដ្ឋសភា ចំនួន១៥០លានរៀល ឬស្មើនឹងជិត៤ម៉ឺនដុល្លារពីបទបរិហារកេរ្តិ៍តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ទាក់ទងនឹងការថ្លែងថា របបដែលដឹកនាំដោយលោកហេង សំរិនបានឲ្យតុលាការកាត់ទោសប្រហារជីវិតសម្ដេចនរោត្តមសីហនុ ដោយចោទប្រកាន់ថា ជាជនក្បត់ជាតិ។
លោកសម រង្ស៊ីក៏រងនូវការចោទប្រកាន់ពីបទល្មើសផ្សេងៗមួយចំនួនទៀត ដូចជាបណ្ដឹងបរិហារកេរ្តិ៍លោកហោ ណាំហុង អតីតរដ្ឋមន្រ្តីការបរទេស បណ្ដឹងបរិហារកេរ្តិ៍ពាក់ព័ន្ធនឹងការចោទលោកហ៊ុន សែនថា បានទិញចំនួនចូលចិត្ត (Like)លើទំព័រ Facebook បណ្ដឹងបរិហារកេរ្តិ៍ដែលថា រដ្ឋាភិបាលកម្ពុជាជាអ្នកនៅពីក្រោយឃាតកម្មលើលោកបណ្ឌិតកែម ឡី និងបណ្ដឹងរបស់មេទ័ពកម្ពុជាពីបទចោទថា លោក សម រង្ស៊ីញុះញង់កងទ័ពមិនឲ្យស្ដាប់បញ្ជាមេកើយជាដើម៕