ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​​បើក​សវនាការ​បណ្តឹង​លោក ហ៊ុន សែន​ប្រឆាំង​នឹង​លោក​សម រង្ស៊ី


លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី (ស្តាំ) អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ (Reuters/Leng Len/VOA Khmer)
លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី (ស្តាំ) អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ (Reuters/Leng Len/VOA Khmer)

នៅព្រឹក​ថ្ងៃ​សុក្រ​នេះ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​បណ្តឹង​ដែល​ប្តឹង​ដោយ​មេធាវី​តំណាង​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ដែល​បាន​ប្តឹង​លោក សម រង្ស៊ី ​ពីបទ​បរិហារ​កេរ្តិ៍​​ជា​​សា​ធារណៈ​និង​ញុះញង់​បង្ក​ឲ្យ​មាន​ចលាចល​​ក្នុង​សង្គម​។

មេធាវី​ការពារក្តី​ឲ្យ​លោក សម រង្ស៊ី​លើក​ឡើង​ថា​ ការ​ដែល​តុលាការ​មិន​អនុញ្ញាត​ពន្យារ​ពេល​សវនាការ​ក្នុងសំណុំ​រឿង​ដែល​លោក សម រង្ស៊ី ​អតីត​ប្រធាន​គណបក្សសង្គ្រោះ​ជាតិចោទ​រដ្ឋាភិបាល​ថា ជា​អ្នក​នៅ​ពី​ក្រោយឃាត​កម្ម​លោក​ កែម ឡី ​ទៅ​តាម​ការ​ស្នើ​សុំ​របស់​មេធាវី ​គឺជា​ការ​រំលោភ​សិទ្ធិ​ជនជាប់​ចោទ ​និង​មិនអាច​ផ្តល់​យុត្តិធម៌​ដល់​កូន​ក្តី​របស់​លោក។​

នៅព្រឹក​ថ្ងៃ​សុក្រ​នេះ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​បណ្តឹង​ដែល​ប្តឹង​ដោយ​មេធាវី​តំណាង​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ដែល​បាន​ប្តឹង​លោក សម រង្ស៊ី ​ពីបទ​បរិហារ​កេរ្តិ៍ជាសា​ធារណៈ​និង​ញុះញង់​បង្ក​ឲ្យ​មាន​ចលាចលក្នុង​សង្គម​។ ក្រោយ​បញ្ចប់​សវនាការ​ដែល​មាន​រយៈ​ពេល២ម៉ោង​កន្លះ ​ចៅក្រម​ជំនុំជម្រះ​ គឺ​លោក អ៊ី​ ថាវរៈ ​បាន​លើក​ពេល​ប្រកាស​សាលក្រម​ ទៅ​ថ្ងៃទី​៣០ ​ខែមីនា ខាងមុខ។

កាល​ពី​ដើម​ខែ​សីហា ​ឆ្នាំ២០១៦ ​មេធាវី​តំណាងឲ្យលោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ គឺ​លោក គី តិច បាន​ដាក់ពាក្យ​ប្តឹង​ លោក សម រង្ស៊ី។ បណ្តឹង​នេះ​ធ្វើ​ឡើងបន្ទាប់​ពី​លោក​ សម រង្ស៊ី ​ដែល​ពេល​នោះ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ថ្លែង​ជា​សាធារណៈ​តាម​បណ្តាញ​សង្គម ​និង​សារព័ត៌មាន​ក្រោយ​ពេល​លោក កែម ឡី ​ត្រូវ​បានបាញ់​សម្លាប់​តែ​ប៉ុន្មាន​ថ្ងៃថា ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ជា​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​លើ​លោក កែម ឡី ​និង​ឃាតកម្ម​លើ​បុគ្គល​ល្បីៗ​មួយ​ចំនួន​ទៀត​នៅ​កម្ពុជា។

ថ្លែង​ក្នុង​សាល​សវនាការ ​លោក សំ សុគង់ ​មេធាវី​ការពារក្តី​ឲ្យ​លោក សម រង្ស៊ី ​បាន​ស្នើ​ឲ្យតុលាការ​ពន្យារ​ពេល​សវនាការ ​ដោយ​អះអាង​ថា ​កូន​ក្តី​របស់​លោក​ទទួល​បាន​ដីកា​កោះ​ក្នុង​រយៈ​ពេលខ្លី​ពេក ហើយ​ថា លោក​មិនមាន​ពេល​គ្រប់គ្រាន់​ដើម្បី​ស្វែង​រក​ភស្តុតាង​យក​មក​ការពារ​កូនក្តី។​ ទោះ​ជា​យ៉ាង​ណា សំណើ​របស់​លោក សំ សុគង់ ​ត្រូវ​បាន​តុលាការ​ច្រាន​ចោល។

លោក​ សំ សុគង់ ​ប្រាប់ VOA ​ក្រោយ​បញ្ចប់​សវនាការ​ថា ​តុលាការ​គួរ​តែ​ទុក​ពេល​វេលា​សម​ស្រប​សម្រាប់​មេធាវី​ការពារ​ជនជាប់​ចោទ​ដើម្បីស្វែង​រក​ភស្តុតាង​ឲ្យ​បានគ្រប់គ្រាន់​និង​រង់ចាំ​ឲ្យ​សំណុំ​រឿង​ឃាតកម្ម​លើ​លោក កែម ឡី ​បាន​បញ្ចប់​ឲ្យ​បានពេញ​លេញ​ជាមុន​សិន។​

លោក​បញ្ជាក់​ថា៖ ​

«មេធាវី​យល់​ឃើញ​ថា​បើ​កាលណា​យើង​កាត់​ក្តី​ដោយ​មិន​ផ្តល់​ពេល​វេលា​គ្រប់​គ្រាន់​ចំពោះ​ជនត្រូវ​ចោទ​ ឬ​ជន​សង្ស័យ​ហ្នឹង​ គឺជា​ការ​រំលោភ​សិទ្ធិ​មួយ​ដល់​ជន​ជាប់​ចោទ​ ជាពិសេស​គឺ​សិទ្ធិទទួល​បាន​សវនាការ​មួយ​ល្អ​ត្រឹមត្រូវ​ និង​សវនាការ​មួយ​ដែល​អាច​ទទួល​យក​បានទៅ​តាម​គោល​ការណ៍​ច្បាប់​អន្តរជាតិ​ហ្នឹង»។

ក្នុង​សវនាការ​សាលា​ដំបូង​នៅព្រឹក​ថ្ងៃ​សុក្រនេះ​ លោក លី សុផាណា​ ជា​តំណាង​អយ្យការក្នុង​សវនាការ​នោះ និង​លោក គី តិច ​មេធាវី​តំណាង​របស់​លោក ហ៊ុន សែន ​បានលើកឡើង​ពី​ផល​ប៉ះពាល់​ដល់​សន្តិ​សុខ​ក្នុង​សង្គម​ ដោយ​សារ​ការ​និយាយ​ជា​សាធារណៈ​របស់​លោក​ សម រង្ស៊ី។

លោក លី សុផាណា លើក​ឡើង​ក្នុង​សវនាការ​ថា ​តុលាការ​ធ្វើ​តាម​នីតិវិធី​ច្បាប់​ដូច្នេះ​គ្មាន​ហេតុផល​ណា​ដែល​ត្រូវ​ពន្យារ​ពេល​សវនាការ​នោះ​ទេ។​

លោក​មេធាវី គី តិច ​បាន​ការពារ​បណ្តឹងរបស់​លោក ហ៊ុន សែន ​ដោយ​លើក​ឡើង​ក្នុង​សវនាការ​នោះ​ថា ​លោក​ សម​ រង្ស៊ី​ បាន​សរសេរ​នៅលើ​ទំព័រហ្វេសប៊ុកផ្លូវ​ការ​របស់​លោក​ សម រង្ស៊ី ​និង​ផ្តល់​សម្ភាសន៍​ទៅ​សារព័ត៌មាន​មួយ​ចំនួន​ថា ​ ការ​បាញ់​សម្លាប់​លោក​ កែម​ ឡី ជា​អំពើ​ភេរវកម្ម​មួយ​ទៀត​រៀបចំ​ឡើង​ដោយ​រដ្ឋ​អំ​ណាច។ លោក គី តិច ​បន្ថែម​ថា​ ការ​លើកឡើង​របស់​លោក សម រង្ស៊ី ដោយ​ចោ​ទ​ប្រកាន់​ដដែលៗ​ លើ​រដ្ឋាភិបាល​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​ចង​កំហឹង​ និង​ថ្កោលទោស​មក​លើ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ហើយ​លោក​ក៏​បាន​សំណូម​ពរ​តុលាការ​ឲ្យ​ដាក់​ទោស​លោក សម រង្ស៊ី ​តាម​ផ្លូវ​ច្បាប់​ និង​បង់​សំណង​ជំងឺ​ចិត្ត​ទៅ​លោក ហ៊ុន សែន ​ចំនួន​១០០​រៀល។

ក្រោយ​បញ្ចប់​សវនាការ ​លោក គី តិច ​ប្រាប់​អ្នកសារព័ត៌មាន​ថា ​លោក​ចង់​ឲ្យ​តុលាការ​ដាក់ទោស​លោក សម រង្ស៊ី ​ឲ្យ​ដូច​ទៅ​នឹង​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង​ម្នាក់​ដែល​បាន​ចោទ​លោក ហ៊ុន សែន ថា​ជា​អ្នក​សម្លាប់​លោក កែម ឡី ​កាលពី​ប៉ុន្មាន​ខែ​មុន។​

លោក​បញ្ជាក់​ថា៖

«​តាម​ការ​តាមដាន​នៅក្នុង​សវនាការ​នេះ ​ខ្ញុំគិត​ថា​រឿង​នេះ​ប្រហែល​ជាអាចនឹង​មានការ​ផ្តន្ទាទោស​ដូចជំទាវ​ ថាក់ឡានី ​ដែរ។ ជាដើម​បណ្តឹង​គឺ​សុំ​ឲ្យ​មាន​ការ​ផ្តន្ទាទោស​ ដោយសារ​ការ​និយាយ​នេះ​គឺជា​ការបំភ្លៃ​បំផ្លើស​ការពិត​ ទម្លាក់​កំហុស​ទៅ​លើ​រដ្ឋាភិបាល​ដូចគ្នា»។

ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ឃាតកម្ម​លើ​លោក កែម ឡី ​នេះ ​លោក ហ៊ុន សែន ​ក៏​បាន​ប្តឹង​លោកស្រី​ ថាក់ ឡានី ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម​ រង្ស៊ី ​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ​និង​ញុះញង់​បង្ក​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម​ បន្ទាប់ពី​លោកស្រី​ថ្លែង​ថា ​លោក ហ៊ុន សែន ​ជាអ្នក​សម្លាប់​លោក កែម ឡី។ តុលាការ​បាន​កាត់​ទោស​លោកស្រី​ឲ្យ​ជាប់ពន្ធនាគារ​១ឆ្នាំ​៦ខែ​ និង​ពិន័យ​ជា​ប្រាក់​៨លាន​រៀល​ ព្រម​ទាំង​បង្គាប់​ឲ្យ​សង​សំណង​ជំងឺ​ចិត្ត​ទៅ​លោក ហ៊ុន សែន ​ចំនួន​១០០រៀល​ ព្រម​ទាំង​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោកស្រី ថាក់ ឡានី ​ដែល​កំពុង​នីរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​យក​មក​ផ្តន្ទា​ទោស​ផង​ដែរ។

លោក​ កែម ឡី​ គឺ​ជា​អ្នក​វិភាគ​នយោបាយ​ដ៏​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា។​ លោក​ត្រូវ​បាន​ខ្មាន់​កាំ​ភ្លើង​បាញ់​សម្លាប់តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​លោក​បាន​ផ្តល់​ការ​អធិប្បាយ​លើ​របាយ​ការណ៍​របស់​អង្គការ​ Global Witness​ ដែល​បាន​ទម្លាយ​ឲ្យ​ដឹង​ពី​ទ្រព្យ​សម្បតិ្ត​ដ៏ច្រើន​សន្ធឹក​សន្ធាប់​របស់​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។

របាយ​ការណ៍​អង្គការ​ Global Witness ​មាន​ចំណង​ជើង​ថា​«ការ​គ្រប់គ្រង​ដ៏​ប្រទូស្ត​រ៉ាយ៖​ អាណា​ចក្រ​សាជីវកម្ម​របស់​គ្រួសារ​អ្នក​ដឹកនាំ​កម្ពុជា»​ ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​កាលពី​ដើម​ខែ​កក្កដា ឆ្នាំ​២០១៦ ​បាន​បង្ហាញ​ថា​ គ្រួសារ​របស់​លោក​ ហ៊ុន សែន​ មាន​ភាគហ៊ុន​ចុះ​បញ្ជី​នៅ​ក្នុង​ក្រុម​ហ៊ុន​ឯកជន​ក្នុង​ស្រុក​ចំនួន​ ១១៤​ ដែល​មាន​ដើមទុន​ចុះបញ្ជី​សរុប​ចំនួន​ជាង​២០០លាន​ដុល្លារ​អាមេរិក៕

XS
SM
MD
LG