ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​កម្ពុជា​​អនុម័ត​សេចក្តីព្រាង​ច្បាប់​ផលិត​ប្រេងកាត


រូបឯកសារ៖ ការបោះឆ្នោតអនុម័តលើសេចក្តីព្រាងច្បាប់មួយដោយសមាជិកព្រឹទ្ធសភា នៅ​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។ (រូបថតផ្តល់ដោយ៖ ព្រឹទ្ធសភា)
រូបឯកសារ៖ ការបោះឆ្នោតអនុម័តលើសេចក្តីព្រាងច្បាប់មួយដោយសមាជិកព្រឹទ្ធសភា នៅ​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។ (រូបថតផ្តល់ដោយ៖ ព្រឹទ្ធសភា)

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ប្រេងកាត​ ​និង​ផលិតផល​ប្រេងកាត​ដែល​មាន៩​ជំពូក​ និង​៧២​មាត្រា​នេះ ​ត្រូវ​បាន​រៀបចំ​ឡើងតាំង​ពី​ឆ្នាំ​២០១៧។​

ព្រឹទ្ធសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ ​បាន​បោះឆ្នោតទទួល​យក​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​«ការ​គ្រប់គ្រង​ប្រេង​កាត​ និង​ផលិត​ផល​ប្រេងកាត»និង​សេចក្តី​ស្នើ​ច្បាប់​វិនិយោគ​ជាច្រើន​ទៀត។​ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ព្រឹទ្ធសភា​កម្ពុជា​នៅ​ថ្ងៃអង្គារ។​

លោក​ ​អ៊ុំ សារិទ្ធ​ អគ្គលេខាធិការ​ និង​ជាអ្នក​នាំពាក្យ​របស់​ព្រឹទ្ធសភាប្រាប់​ ​VOA ​ក្រោយ​ការ​អនុម័ត​របស់​ព្រឹទ្ធ​សភា​ថា​សមាជិក​ព្រឹទ្ធសភា​ចំនួន​៥៣រូប​ ​បាន​បោះឆ្នោតទទួល​យក​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​ប្រេង​កាត​ និង​ផលិតផល​ប្រេងកាត។​

លោក​អ៊ុំ សារិទ្ធ​បាន​បន្ថែម​ថា៖ «៥៣រូប​ គាត់​បាន​ចូលរួម​ប្រជុំ​ ហើយ​បោះ​ឆ្នោត​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​ហ្នឹង»។​

VOA ​មិន​ទាន់​អាច​សុំការ​អធិប្បាយ​ពីលោក ​ជៀប សួរ​ អគ្គនាយក​នៃអគ្គនាយក​ដ្ឋាន​ប្រេង​កាត​ និង​ជា​អ្នកនាំពាក្យ​ក្រសួងរ៉ែ​ និង​ថាម​ពលបាន​ទេ​ ដោយ​សារ​ទូរសព្ទលោក​រោទិ៍​តែ​គ្មាន​អ្នក​ទទួល។​

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ប្រេងកាត​ ​និង​ផលិតផល​ប្រេងកាត​ដែល​មាន៩​ជំពូក​ និង​៧២​មាត្រា​នេះ ​ត្រូវ​បាន​រៀបចំ​ឡើងតាំង​ពី​ឆ្នាំ​២០១៧​ បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​ និង​ក្រុមហ៊ុន​ KrisEnergy ​បាន​ចុះកិច្ច​ព្រមព្រៀង​ជាមួយ​គ្នា​សម្រាប់​ការអភិវឌ្ឍ​អណ្តូង​ប្រេង​កាត​នៅ​ក្នុង​ប្លុក​Aនៃ​ដែន​សមុទ្រ​កម្ពុជា។​

កិច្ចព្រម​ព្រៀង​នេះ​ធ្វើ​ឡើង​បន្ទា​ប់ពី​ក្រុមហ៊ុន​ ​Chevron Overseas Petroleum​ (Cambodia) Ltd ​ដែល​បាន​ធ្វើ​ការ​រុក​រក​ប្រេង​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​១២​ឆ្នាំ​មក​ហើយ​ ​បាន​សម្រេច​ដក​ការ​បណ្តាក់​ទុន​នៅ​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៤​ ​ហើយ​បាន​លក់​ភាគ​ហ៊ុន​របស់​ខ្លួន​ទាំង​មូល​ ​សរុប​ចំនួន​៣០​ភាគរយ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ដៃ​គូ​គឺ​ ​KrisEnergy Ltd ​របស់​ប្រទេស​សិង្ហបុរី។​

កាលពីខែ​សីហា​ ឆ្នាំ​២០១៧លោក ​ស៊ុយ សែម​ ​រដ្ឋមន្ត្រី​ក្រសួងរ៉ែ​ និង​ថាមពល​ ក្នុង​ពេលចុះ​ហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ KrisEnergy​ Group បាន​លើក​ឡើង​ថា​អាជីវកម្ម​ធនធាន​ប្រេង​កាត​នេះ​នឹង​ក្លាយ​ជា​កម្លាំង​ចលករ​ថ្មី​មួយ​ដល់​កិច្ច​អភិវឌ្ឍ​សង្គម​ ធនធាន​មនុស្ស​ និង​ការ​កសាង​សមត្ថភាព​ប្រកួត​ប្រជែងរបស់​កម្ពុជា​ ​ការ​លូតលាស់​ខ្សែ​សង្វាក់​ផលិត​កម្ម​ទំនិញ​ និង​សេវា​កម្ម​ក្នុង​ស្រុក​ និង​ការ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​ឧស្សាហ​កម្ម។​

លោក​បាន​បន្ថែមថា​ផលិតកម្ម​ប្រេងឆៅ​ដំបូង​នៅ​កម្ពុជា​នឹង​លេចចេញ​ជា​រួបរាង​នៅ​ក្នុង​ទឹកដី​កម្ពុជា​ ហើយ​ថា​ ប្រេង​ក្នុង​ប្លុក​ 1A ​ និង​ ប្លុក​ 1B ​ត្រូវ​បាន​ប៉ាន់ស្មាន​ថា​ ​អាច​មាន​លើស​ពី​៣០លាន​បារ៉ែល​ ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម។​ លោក​ថា​ ការ​អភិវឌ្ឍ​អណ្តូង​ប្រេង​ជំហាន​ដំបូង​នេះ​នឹង​រួម​ចំណែក​ដល់​ការ​សិក្សា​ស្វែង​រក​ថែមទៀត​លើ​ប្លុក​ប្រេង​ដែល​នៅ​ទំនេរ​ចំនួន​ប្រាំ​ ​នៅ​ដែន​សមុទ្រ​ និង​១៨​ប្លុក​ទៀត​នៅ​លើ​ដែន​គោក។​

តាម​ការ​ប​ញ្ជាក់​របស់​លោក​ ​Kelvin Tang​ ​នាយ​កប្រ​តិបត្តិ​ ​និង​ជា​ប្រធាន​ក្រុម​ហ៊ុន​Kris​Energy​ក្រោយ​ការ​ចុះ​ហត្ថលេខា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នោះ​ការ​បូម​ប្រេង​អាច​កើត​មាន​ឡើង​នៅ​ចុង​ឆ្នាំ​២០១៩​នេះ។​

អ្នកស្រីTanya Pang​ អនុប្រធាន​ផ្នែក​ទំនាក់​ទំនង​សារជីវកម្ម​ ​របស់​ក្រុម​ហ៊ុន​ ​Kris​Energy​ ​មិន​ទាន់​ឆ្លើយតប​ទៅនឹង​សំណួរ​របស់ VOA ​ដែល​បាន​ផ្ញើ​តាម​សារ​អេឡិចត្រូនិក​ ឬ​អ៊ីម៉ែល​នៅថ្ងៃ​អង្គារ​នេះ។​

ក្រុម​អ្នក​តាមដាន​ ​វិស័យឧស្សាហកម្ម​និស្សា​រណកម្ម​ លើក​ឡើង​ថា​ការ​រុក​រក​ប្រេង​នៅ​កម្ពុជា​អាច​នឹង​បង្ក​ឲ្យ​មាន​ហានិភ័យ​ផ្នែក​បរិស្ថាន​នៅ​ក្នុង​ដែន​សមុទ្រ​ ​ប្រសិន​បើ​មិន​មានការ​សិក្សា​លម្អិត​ពីផល​ប៉ះពា​ល់​ខាងបរិស្ថាន។​

យ៉ាងណា​ក៏ដោយ​ ក្រសួង​រ៉ែ ​និង​ថាមពល​បានបង្កើត​ឲ្យ​មានយន្ត​ការ​វេទិកា​អភិបាល​កិច្ច​វិស័យ​ឧស្សាហកម្ម​ និស្សារណកម្ម​ ដើម្បី​បើក​ឱកាស​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ឃ្លាំមើល​ដំណើរ​ការ​អាជីវកម្ម​ប្រេង​ ដែល​អាចជួយ​ដល់​វិស័យ​អាទិភាព​ជា​ច្រើន​ ​ដែល​រួមមាន​វិស័យ​សុខាភិបាល​ ​និង​អប់រំ​ និង​ការ​គាំទ្រ​សហគមន៍​នៅ​មូលដ្ឋាន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG