តុលាការកំពូល នាថ្ងៃចន្ទ ទី១៦ ខែធ្នូ បានបើកសវនាការលើករណីប្តឹងទាស់ដោយអតីតសកម្មជនគណបក្សសង្រ្គោះជាតិមួយរូប គឺលោក វឿង សំណាង ដែលត្រូវបានចាប់បញ្ជូនពីប្រទេសថៃមកកម្ពុជាវិញ កាលពី ៣ ឆ្នាំមុន។
លោក វឿង សំណាង ត្រូវបានតុលាការថ្នាក់ក្រោមផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៦ ឆ្នាំ និងពិន័យជាទឹកប្រាក់ ៤ លានរៀល ពីបទ«រួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែលប្រព្រឹត្តនៅកម្ពុជា កាលពីថ្ងៃទី ៥ និងទី ៦ ខែតុលា ឆ្នាំ ២០២១ និងពេលបន្តបន្ទាប់។ នេះបើតាមចៅក្រមជំនុំជម្រះនៃតុលាការកំពូល។
នៅក្នុងសវនាការ លោក តាំង ស៊ុនឡាយ ចៅក្រមជំនុំជម្រះនៃតុលាការកំពូល បានសួរលោក វឿង សំណាង ថា «តើលោកទទួលស្គាល់ហ្វេសប៊ុកមួយណា? តើគណនីផ្សេងទៀតដែលបង្ហោះសារញុះញង់ដែលសមត្ថកិច្ចយកចេញពីទូរស័ព្ទចំនួន ២ គ្រឿងដែលរឹបអូសបានកាលពីកន្លងមក តើលោកបញ្ជាក់បែបណា?»
លោក វឿង សំណាង ប្រាប់ចៅក្រមថា លោកមានហ្វេសប៊ុកផ្លូវការតែមួយប៉ុណ្ណោះ ខណៈលោកបានបដិសេធមិនទទួលស្គាល់គណនីហ្វេសប៊ុកផ្សេងទៀតដែលប្រើប្រាស់ឈ្មោះរបស់លោកដោយបង្ហោះសាររិះគន់ថ្នាក់ដឹកនាំនិងរដ្ឋាភិបាលកម្ពុជាឡើយ។
លោក វឿង សំណាង លើកឡើងក្នុងអង្គសវនាការនោះថា៖ «ខ្ញុំបានបកស្រាយតាំងពីក្រោមមក ខ្ញុំពុំទទួលស្គាល់គណនីឈ្មោះ វឿង សំណាង ដូចឈ្មោះខ្ញុំនោះទេ។ [...]ខ្ញុំមានគណនីហ្វេសប៊ុកឈ្មោះ វឿង សំណាង ជាភាសាអង់គ្លេសតែមួយគត់»។
លោក វឿង សំណាង បានស្នើសុំឲ្យតុលាការកំពូលទម្លាក់ចោលបទចោទប្រកាន់លើរូបលោក។
លោក អែម ចន្ថា សហមេធាវីការពារក្តីលោក វឿង សំណាង ស្នើសុំឲ្យចៅក្រមជំនុំជម្រះពិនិត្យលើអង្គហេតុ និងអង្គច្បាប់ដែលតុលាការជាន់ទាបបានសម្រេច និងស្នើឲ្យដោះលែងលោក វឿង សំណាង ឲ្យមានសេរីភាពដោយលោកបានការពារថា ការ យកគណនីហ្វេសប៊ុកផ្សេងមកដាក់បន្ទុកកូនក្តីរបស់លោក គឺជាការសន្មតដែលមិនមានអង្គហេតុត្រឹមត្រូវ។ លោកបញ្ជាក់ទៀតថា ការសំអាងរបស់សាលាឧទ្ធរណ៍ ត្ង់ចំណុចដែលថា កូនក្តីរបស់លោករឹងរូស គឺមិនអាចទទួលយកបានទេ ហើយមិនពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ។
លោក អែម ចន្ថា ប្រាប់អ្នកសារព័ត៌មានថា៖ «ជារបាយការណ៍ពីខាងកោសល្យវិច័យគេថាមាន Account ហ្វេសប៊ុកជាច្រើន ដែលដកចេញពីទូរស័ព្ទគាត់។ នៅក្នុងនេះ ខ្ញុំបាទ ក៏បានបញ្ជាក់ថា Account ទាំងអស់នេះ កូនក្តីខ្ញុំមិនបានទទួលស្គាល់ ហើយយើងមិនដឹងថា ក្រោយពេលដែលសមត្ថកិច្ចយកទូរស័ព្ទពីកូនក្តីយើងទៅ ថាតើ Account ហ្នឹងវាកើតឡើងនៅពេលណា? ដូច្នេះមិនមានអ្នកណាអាចដឹង មិនមានអ្នកណាជាសាក្សី នៅក្នុងការដឹងឮទេ មានតែសមត្ថកិច្ចដែលគាត់កាន់ទូរស័ព្ទ»។
អ្នកស្រី ទៀង ចិន្តា អាយុ ៣៥ឆ្នាំ ភរិយារបស់លោក វឿង សំណាង ក៏ស្នើសុំឲ្យតុលាការកំពូលទម្លាក់ចោលបទចោទប្រកាន់លើស្វាមី ដែលជាប់ពន្ធនាគារជាង ៣ ឆ្នាំមកហើយ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំសង្ឃឹមថា តុលាការនឹងផ្តល់យុត្តិធម៌ដល់គ្រួសាររបស់ខ្ញុំ ដោយសារឯកសារវាអត់មានអីច្បាស់លាស់ គ្រាន់តែជាឯកសារដែលយកចេញពីទូរស័ព្ទ ដែលពួកគាត់បានយកទៅទុក ហើយបញ្ចេញជាឯកសារមកថា មានឯកសារនេះ នោះ នេះ នោះ ដោយអត់ច្បាស់លាស់។ អ៊ីចឹងសូមតុលាការផ្តល់ជាយុត្តិធម៌ដល់គ្រួសារ ដល់ប្តីរបស់ខ្ញុំឡើងវិញ»។
លោក វឿង សំណាង ជាសកម្មជននយោបាយម្នាក់ក្នុងចំណោមសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញជាបន្តបន្ទាប់ អំឡុងខែវិច្ឆិកា ឆ្នាំ ២០២១ ពាក់ព័ន្ធនឹងបទការប្រកាន់ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និង «រួមគំនិតក្បត់» ដែលជាបទចោទពេញនិយមលើអ្នករិះគន់រដ្ឋាភិបាលកម្ពុជា។ បទចោទប្រកាន់ទាំងអស់នោះក៏ត្រូវបានតុលាការយកមកចាត់ការលើសកម្មជន ឬអ្នកគាំទ្របក្សជំទាស់ ក្រោយព្រឹត្តិការណ៍មាតុភូមិនិវត្តន៍មិនជោគជ័យរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ផងដែរ។
ក្នុងសវនាការជំនុំជម្រះ លោក ប៉ែន សារ៉ាត តំណាងមហាអយ្យការនៃតុលាការកំពូល បានស្នើឲ្យចៅក្រមពិនិត្យនិងសម្រេចផ្តន្ទាទោសលោក វឿង សំណាង ដូចការសម្រេចរបស់តុលាការជាន់ទាបដែលកាត់ទោសលោកដាក់ពន្ធនាគារ ៦ ឆ្នាំ។
ក្រោយការសាកសួរ ចៅក្រមជំនុំជម្រះ លោក តាំង ស៊ុនឡាយ បានឲ្យដឹងថា តុលាការកំពូលនឹងប្រកាសសាលដីកាលើលោក វឿង សំណាង នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤៕
វេទិកាបញ្ចេញមតិ