ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​សហរដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​របស់​ហ៊្វុនស៊ីនប៉ិច​ ជាប់​ឆ្នោត​ជា​ អនុ​ប្រធាន​សភា


លោក​ យូ ហុក​គ្រី ​​តំណាងរាស្ត្រ​មណ្ឌល​កំពង់​ចាម​នៃ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ីនប៉ិច ដែលត្រូវ​បាន​តំណាងរាស្រ្ត ១១២ រូប​បោះឆ្នោត​គាំទ្រ​ជា ​អនុប្រធាន​ទី​មួយ​នៃ​រដ្ឋសភា។ (រូបថតទាញចេញពីទំព័រ​ហ្វេសប៊ុក Rin Ratanak)
លោក​ យូ ហុក​គ្រី ​​តំណាងរាស្ត្រ​មណ្ឌល​កំពង់​ចាម​នៃ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ីនប៉ិច ដែលត្រូវ​បាន​តំណាងរាស្រ្ត ១១២ រូប​បោះឆ្នោត​គាំទ្រ​ជា ​អនុប្រធាន​ទី​មួយ​នៃ​រដ្ឋសភា។ (រូបថតទាញចេញពីទំព័រ​ហ្វេសប៊ុក Rin Ratanak)

ការ​បោះឆ្នោត​ជ្រើសរើស​លោក ​យូ ហុកគ្រី​ អតីត​សហ​រដ្ឋ​មន្ត្រី​​ក្រសួង​មហាផ្ទៃ​មក​ពី​កូតា​គណបក្ស​ហ៊្វុនស៊ីនប៉ិច​នេះ​បាន​​ធ្វើឡើង​ បន្ទាប់​ពី​តំណែង​អនុប្រធាន​ទី​មួយ​នៃ​រដ្ឋ​សភា​នេះ​ បាន​នៅ​ទំនេរ​ចោល​អស់​រយៈ​ពេល​ជាង​​ពីរ​ឆ្នាំ។​

លោក​ យូ ហុក​គ្រី តំណាងរាស្ត្រ​មណ្ឌល​កំពង់​ចាម​នៃ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ីនប៉ិច​ ទទួល​បានការ​ផ្ដល់​សេចក្ដីទុកចិត្ត​ពី​តំណាងរាស្ត្រ​ចំនួន​ ១១២រូប​ ឲ្យ​ធ្វើ​ជា ​អនុប្រធាន​ទី​មួយ​នៃ​រដ្ឋសភា​ នៅ​ពេល​ដែល​រដ្ឋសភា បាន​រៀប​ចំ​រចនា​សម្ព័ន្ធ​របស់​ខ្លួន​ឡើងវិញ ​បន្ទាប់​ពី​តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​មាន​អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​ ៥៥​រូប។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​ ដែល​ VOA ​ទទួល​នៅ​រសៀល​ថ្ងៃ​សុក្រនេះ ។

ការ​បោះឆ្នោត​ជ្រើសរើស​លោក ​យូ ហុកគ្រី​ អតីត​សហ​រដ្ឋ​មន្ត្រីក្រសួង​មហាផ្ទៃ​មក​ពី​កូតា​គណបក្ស​ហ៊្វុនស៊ីនប៉ិច​នេះ​បានធ្វើឡើង​ បន្ទាប់​ពី​តំណែង​អនុប្រធាន​ទី​មួយ​នៃ​រដ្ឋ​សភា​នេះ​ បាន​នៅ​ទំនេរ​ចោល​អស់​រយៈ​ពេល​ជាងពីរ​ឆ្នាំ។​

អតីត​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​ កឹម សុខា ​ ត្រូវ​បាន​ក្រុម​តំណាង​រាស្ត្រ​នៃ​គណបក្ស​កាន់​អំណាច​ចំនួន​ ៦៨​រូប​ បោះឆ្នោត​ទម្លាក់​ចេញ​ពី​តំណែង​ជាអនុ​ប្រធាន​ទី​មួយ​នៃ​រដ្ឋ​សភា​នេះ​ កាល​ពី​ខែ​តុលា​ ឆ្នាំ​ ២០១៥ ដោយសារ​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ​ មិន​បង្អង់​ដៃ​ក្នុង​ការ​រិះគន់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន។

ក្រុម​អតីត​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ មិនព្រម​តែងតាំង​តំណាងរាស្ត្រ​ផ្សេង​ទៀត​ក្នុងគណបក្ស​របស់ពួក​គេ​ ឲ្យ​ទទួល​យក​តំណែង​នេះ​ជំនួស​លោក​ កឹម សុខា​ ដែល​បច្ចុប្បន្ន​នេះ​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ឃុំ​ឃាំង​ ក្រោម​បទ​ចោទ​ពី​រដ្ឋាភិបាល​ថា​ បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សភាជាតិ​ចុះ​ថ្ងៃ​ទី​៨​ ខែ​ធ្នូ ឆ្នាំ​ ២០១៧ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ​លោក​ យូ ហុកគ្រី​ បាន​ជាប់ជា​អនុ​ប្រធាន​ទី​មួយ​នៃ​រដ្ឋសភា​ ហើយ​សភា​ក៏បាន​បោះឆ្នោត​ជ្រើសតាំង​បន្ថែម​សមាជិក​គណៈកម្មការ​នានា​នៃ​រដ្ឋសភា​ផង​ដែរ។

លោក​ មាស​ នី​ អ្នក​សិក្សា​ស្រាវ​កិច្ច​អភិវឌ្ឍ​សង្គម​ យល់​ថា​ វត្តមាន​របស់​លោក​ យូ ហុកគ្រី​ និង​តំណាង​រាស្ត្រ​នៃ​គណបក្ស​រាជា​និយម​៤០រូប​ផ្សេង​ទៀតនៅ​រដ្ឋសភា នឹង​មិន​ហុច​ប្រយោជន៍​អ្វី​ជា​ដុំ​កំភួន​សម្រាប់​បម្រើ​ដល់​កិច្ច​ការ​បង្កើត​ច្បាប់​ ឬ​ក៏​ការ​សួរដេញដោល​ពី​ចំណុច​អវិជ្ជមាន​របស់​មន្ត្រី​រដ្ឋាភិបាល​នោះ​ឡើយ។

លោក​មាន​ប្រសាសន៍ថា​ ក្រុម​តំណាងរាស្ត្រ​របស់​គណបក្ស​ហ៊្វុន​ស៊ីនប៉ិច​ គ្រាន់​តែ​ជា​ការ​បំពេញ​ចន្លោះប្រហោង​របស់​សភា​ ពោល​គឺ​ ធ្វើ​យ៉ាង​ណា​ឲ្យ​សភា​មើល​ទៅ​ឃើញថា​ជា ​សភា​ពហុបក្ស​តែប៉ុណ្ណោះ។

លោក​បាន​បន្ត​ថា​ ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​រាជា​និយម​មួយ​នេះ​ ក៏​នឹង​បាន​ត្រឹម​តែ​សម្ដែង​ការ​ដឹង​គុណ​ ​ហើយ​រក្សា​ឥរិយាបថ​ទន់ភ្លន់​ចំពោះ​គណបក្ស​កាន់​អំណាច។​

លោក មាស នី បាន​ប្រាប់​ VOA ​យ៉ាង​ដូច្នេះ​ថា៖

«សម្ដេច​ក្រុម​ព្រះ​ ក៏​លោក​បាន​ និយាយ​ហើយ​ដែរ​ថា​ មិន​មាន​រឿង​អី​ដែល​ត្រូវ​គណបក្ស​ហ៊្វុនស៊ីន​ប៉ិច​ ធ្វើ​ការ​រិះគន់​រដ្ឋាភិបាល​ទេ​បាទ។ អីចឹង​ការ​ជ្រើស​រើស​លោក​ យូ ហុកគ្រី​ ឲ្យ​ធ្វើ​ជា​អនុប្រធាន​សភា​នេះ​ វា​ជា​ផ្នែក​មួយ​នៃ​ការ​បង្គ្រប់​យន្តការ​ ដើម្បី​ឲ្យ​មើល​ទៅ​ឃើញ​ថា​ សភា​នេះ​ គឺ​ជា​ សភា​ដែល​មាន​គណបក្ស​ចម្រុះ​ចូលរួម»។

ការ​បោះឆ្នោត​ជ្រើសតាំង​អនុប្រធាន​សភា​ និង​សមាជិក​ថ្មី​នៃគណៈកម្មការ​ទាំង​នេះ​ កើត​មាន​ឡើង​ ក្រោយ​ឈ្មោះ​របស់ក្រុម​តំណាង​រាស្ត្រ​ ៥៥​រូប​នៃ​គណបក្ស​ប្រឆាំង​ត្រូវ​បាន​លុបចេញ​ពី​បញ្ជី​សមាជិក​សភា​តាម​អំណាច​សាលដីកា​របស់​តុលាការ​កំពូលចុះ​ថ្ងៃ​ទី១៦ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។

ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​ បាន​រួស​រាន់​បែងចែក​អាសនៈ​ ដែល​នៅ​ទំនេរ​របស់​គណបក្ស​នេះ​ ទៅ​ឲ្យ​គណបក្ស​កាន់​អំណាច​របស់​លោក ​ហ៊ុន សែន​ និង​គណបក្ស​តូចៗ​មួយ​ចំនួន​ដែល​បាន​ចូលរួម​ការ​បោះ​ឆ្នោត​សាកល​កាល​ពី​ឆ្នាំ​២០១៣។

គណបក្ស​ហ៊្វុនស៊ីនប៉ិច​ធ្លាប់ទទួល​បាន​ការ​គាំទ្រ​ភ្លូក​ទឹក​ភ្លូក​ដី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដែល​រៀបចំ​ដោយ​អង្គ​ការ​សហប្រជាជាតិ​កាល​ពី​ឆ្នាំ​ ១៩៩៣ ដោយ​ទទួល​បាន​អាសនៈ​ចំនួន​៥៨ នៅ​គ្រា​នោះ។​ អាសនៈ​របស់​គណបក្ស​នយោបាយ​រាជា​និយម​មួយ​នេះ ​បាន​ថយ​ចុះ​ជា​បន្តបន្ទាប់​រហូត​ដល់​សូន្យ​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ឆ្នាំ​២០១៣​ ដោយ​សារ​គណបក្ស​នេះ​បាន​បែកបាក់​ផ្ទៃ​ក្នុង​យ៉ាង​ធ្ងន់ធ្ងរ។

អ្នក​វិភាគ មិន​អាច​ទាយ​ទុកជាមុន​បាន​ទេ​ថា​ គណបក្ស​រាជា​និយម​ដែល​ធ្លាប់​ជា​គូ​បដិបក្ខ​ប្រឆាំង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ហ៊ុន សែន​ នេះ​ ​នឹង​អាច​ទទួល​បាន​អាសនៈ​សភា​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ ឆ្នាំ​២០១៨​ បាន​ដែរ​ ឬ​យ៉ាង​នោះ​ឡើយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG